អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានជារដ្ឋាភិបាលចិនត្រឡប់ជួយស្រោចស្រង់វិស័យអចលនទ្រព្យដែលកំពុងជួបវិបត្តិ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ចិន រដ្ឋាភិបាល​បាន​លាតត្រដាង​នូវ​វិធានការ​មួយ​ចំនួន​ដើម្បី​ជួយ​ស្រោចស្រង់ និង​ផ្តល់​សន្ទុះ​លើ​វិស័យ​អចលនទ្រព្យ​ដែល​កំពុង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ។ គួរ​បញ្ជាក់​ថា ការ​រឹតបន្តឹង​លើ​លក្ខខណ្ឌ​នៃ​ការ​ផ្តល់​ប្រាក់កម្ចី និង​ការ​អូសបន្លាយ​នៃ​វិបត្តិ​កូវីដ១៩ បាន​រុញ​ក្រុមហ៊ុន​អចលនទ្រព្យ​ចិន​មួយ​ចំនួន​ទៅ​ក្បែរ​មាត់ជ្រោះ​នៃ​ភាព​ក្ស័យធន។ តើ​វិធានការ​របស់​រដ្ឋាភិបាល​មាន​អ្វី​ខ្លះ និង​ថា​ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​ត្រឡប់​ទៅ​ជួយ​ស្រោចស្រង់​វិបត្តិ​អចលនទ្រព្យ​នៅ​ពេល​នេះ?។

ហេតុអ្វីបានជារដ្ឋាភិបាលចិនត្រឡប់ជួយស្រោចស្រង់វិស័យអចលនទ្រព្យដែលកំពុងជួបវិបត្តិ?
ហេតុអ្វីបានជារដ្ឋាភិបាលចិនត្រឡប់ជួយស្រោចស្រង់វិស័យអចលនទ្រព្យដែលកំពុងជួបវិបត្តិ? AP - Andy Wong
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ប្រទេស​ណា​មិន​ដឹង​ទេ តែ​បើ​នៅ​ចិន អចលនទ្រព្យ​ជា​វិស័យ​គន្លឹះ​នៃ​សេដ្ឋកិច្ចជាតិ។ វិស័យ​មួយ​នេះ ពិសេស​វិស័យ​សំណង់​មាន​ទម្ងន់ ១ភាគ៤ នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ចិន និង​បាន​ផ្តល់​ការងារ​ឲ្យ​កម្មករ​ចិន​ជា​ច្រើន​លាន​នាក់​ដែល​មិន​សូវ​មាន​អាជីព។ តាម​ពិត​ទៅ មហាយក្ស​អាស៊ី​មួយ​បាន​ស្គាល់​សន្ទុះ​កំណើន​វិស័យ​អចលនទ្រព្យ​ខ្ពស់​ត្រដែត​តាំង​ពី​ចិន​ផ្តើម​ប្រកាន់​យក​នយោបាយ​ទីផ្សារ​សេរី​ក្នុង​ឆ្នាំ ១៩៩៨។ ជាមួយ​នឹង​លក្ខខណ្ឌ​ខ្ចីប្រាក់​មិន​តឹងតែង និង​ការ​ជួយ​សម្រួល​នៅ​ក្នុង​ការ​ផ្តល់​ប្រាក់កម្ចី ក្រុមហ៊ុន​អចលនទ្រព្យ​បាន​ធ្វើ​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​ល្បឿន​មួយ​លឿន​ខ្លាំង​ដែល​គ្មាន​នរណា​នឹក​ស្មាន​ដល់។ ក្រុមហ៊ុន​អចលនទ្រព្យ​បាន​ធ្វើ​ការ​សាងសង់​អគារ ខុនដូ និង​ផ្ទះសម្បែង​ដោយ​មិន​ទុក​ឲ្យ​ដី​នៅ​ទំនេរ​ឡើយ។

ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ឆ្នាំ ទីក្រុង​ធំ តូច​ត្រូវ​បាន​គ្របដណ្តប់​ដោយ​អគារ និង​ខុនដូ​ខ្ពស់​ត្រដែត រួម​ទាំង​ផ្ទះសម្បែង​ស្អេកស្កះ។ រូបភាព​នេះ​មិន​អាច​កំបាំង​ភ្នែក​អ្នក​ណា​បាន​ឡើយ សូម្បី​តែ​អ្នក​ទេសចរ​បរទេស។ ក៏​ប៉ុន្តែ​ក្នុង​ពេល​ជាមួយ​គ្នា ក្រុមហ៊ុន​អចលនទ្រព្យ​ក៏​កំពុង​មាន​បំណុល​កាន់​តែ​ច្រើន​ទៅៗ​សឹង​ហៅ​មិន​ឮ។ ប្រឈម​នឹង​ប្រាក់បំណុល​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​ប៉ោង​កាន់​តែ​ធំ​នេះ​បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ទប់​ស្កាត់​ចាប់​ពី​ឆ្នាំ ២០២០។ ផ្ទាំងស៊ីប​នៃ​វិធានការ​របស់​រដ្ឋាភិបាល​កាល​ណោះ គឺ​រឹតបន្តឹង​លើ​លក្ខខណ្ឌ​នៃ​ការ​ផ្តល់​ប្រាក់​កម្ចី​ឲ្យ​ក្រុមហ៊ុន​អចលនទ្រព្យ ឬ​និយាយ​ឲ្យ​ស្រួល​យល់ មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​ខ្ចីលុយ​ងាយៗ​ដូច​មុន​ទៀត​ឡើយ។

ជាមួយ​នឹង​វិធានការ​រឹតបន្តឹង​ក្នុង​ការ​ផ្តល់​ប្រាក់កម្ចី គួប​ផ្សំ​នឹង​តម្រូវការ​អចលនទ្រព្យ​ដាំក្បាល​ចុះ​យ៉ាង​គំហុក​ដោយសារ​តែ​សេដ្ឋកិច្ច​ធ្លាក់​ចុះ និង​ភាព​មិន​ទៀងទាត់​ទាក់ទង​នឹង​កូវីដ១៩ មាន​ក្រុមហ៊ុន​អចលនទ្រព្យ​ខ្លះ​បាន​ផ្តើម​ត្រដរ​ខ្យល់ និង​ខ្លះ​ទៀត​កំពុង​ព្យាយាម​ត្រដរ​រស់។ កុំ​ថា​ឡើយ​តែ​ក្រុមហ៊ុន​អចលនទ្រព្យ​តូចតាច សូម្បី​តែ​ក្រុមហ៊ុន​អចលនទ្រព្យ​គ្រាក់ៗ​ដូច​យ៉ាង Evergrande ក៏​កំពុង​រស់​យ៉ាង​លំបាកលំបិន​ដែរ។ ក្នុង​ឆ្នាំ ២០២១ Evergrande ជាប់បំណុល​គេ​ប្រមាណ​ជា ៣០០ ០០០លានដុល្លារ។ កង្វះ​សាច់ប្រាក់ និង​ការ​ជាប់បំណុល​គេ​វ័នក​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​ខ្លះ​ដួល​បះជើង និង​ខ្លះ​ទៀត​បង្ខំ​ចិត្ត​ផ្អាក​សកម្មភាព​សាងសង់​នៅ​ពាក់​កណ្តាលទី។

គឺ​រូបភាព​ថ្មី​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ពិបាក​បន្ត​យក​ភ្នែក​មើល និង​បាន​បោះ​មួយ​ជំហាន​ថយ​ក្រោយ​វិញ មាន​ន័យ​ថា បញ្ឈប់​ការ​អនុវត្តន៍​លើ​សេចក្តីសម្រេច​របស់​ខ្លួន​កាល​ពី​ឆ្នាំ ២០២០។ នៅ​ក្នុង​ការ​ណែនាំ​ថ្មី​ដែល​លាតត្រដាង​កាល​ពី​ថ្ងៃទី១១ វិច្ឆិកា រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​ចំនួន ១៦ចំណុច​ដើម្បី​ផ្តល់​សន្ទុះ​ឲ្យ​វិស័យ​អចលនទ្រព្យ​ឡើង​វិញ។ វិធានការ​ទាំង ១៦ចំណុច​រួម​មាន ការ​ពន្យារ​ពេល​សង​បំណុល​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ណា​ដែល​មិន​អាច​សងបំណុល​គេ​ទាន់​ពេល ការ​លើកទឹកចិត្ត​ឲ្យ​ធនាគារ​ផ្តល់​ប្រាក់កម្ចី​បន្ថែម ឬ​ធានា​ពី​ការ​ផ្តល់​សាច់ប្រាក់​ឲ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​ដើម្បី​ឲ្យ​ពួក​គេ​បញ្ចប់​ការ​សាងសង់​ដែល​បាន​ផ្អាក​នៅ​ពាក់​កណ្តាល​ទី។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​វិធានការ​ផ្តល់​ខ្យល់​អុកស៊ីសែន​ថ្មី​ឲ្យ​វិស័យ​អចលនាទ្រព្យ​របស់​រដ្ឋាភិបាល​ពេល​នេះ​នឹង​អាច​ជួយ​ឲ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​ខ្លះ​រួច​ផុត​ពី​ការ​ក្ស័យធន ឬ​អត់​ទេ។ អ្វី​ដែល​គេ​បាន​សំឡឹង​ឃើញ តម្លៃភាគហ៊ុន​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​ចំនួន​បាន​ហក់​ឡើង​នៅ​ទីផ្សារ​ភាគហ៊ុន​នៅ​ហុងកុង​ក្នុង​ថ្ងៃ​ចន្ទ ទី១៤ វិច្ឆិកា។ ជាក់ស្តែង ភាគហ៊ុន​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​ជាង​គេ​នៅ​ចិន​ឈ្មោះ Country Garden បាន​ស្ទុះ​ឡើង​ដល់​ទៅ ៤៥% ហើយ​ក្រុមហ៊ុន​អចលនទ្រព្យ​ឈ្មោះ Greenland បាន​ហក់​ឡើង​ជាង ៣៥%។ នេះ ស បញ្ជាក់​ឲ្យ​ឃើញ​ថា ទីផ្សារភាគហ៊ុន​មាន​ទំនុកចិត្ត​លើ​វិធានការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ស្រោចស្រង់​វិបត្តិ​អចលនទ្រព្យ​ដែល​ចិន​កំពុង​ជួប​ប្រទះ។

មួយ​វិញ​ទៀត​ក្នុង​ថ្ងៃ​សុក្រ ទី១១ វិច្ឆិកា​ដដែល រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​បាន​ប្រកាស​កាត់​បន្ថយ​រយៈពេល​នៃ​ការ​ធ្វើ​ចត្តាឡីស័ក​សម្រាប់​ជនបរទេស​ដែល​ចូល​ក្នុង​ប្រទេស​ចិន នោះ​បើ​ទោះ​បី​ជា​ចិន​បន្ត​អនុវត្ត​នយោបាយ​សូន្យ​កូវីដ​ក៏​ដោយ។ គួរ​បញ្ជាក់​ថា យុទ្ធសាស្រ្ត​សូន្យ​កូវីដ​បាន​តម្រូវ​ឲ្យ​មាន​ការ​បិទខ្ទប់​តំបន់ ឬ​ទីក្រុង​ទាំង​មូល ប្រសិន​បើ​រក​ឃើញ​ករណី​វិជ្ជមាន​កូវីដ សូម្បី​តែ​មួយ​ករណី។ យុទ្ធសាស្រ្ត​សូន្យ​កូវីដ នេះ​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ចិន​ជាប់គាំង ពិសេស​ជះ​ផលវិបាក​ខ្លាំង​ដល់​សង្វាក់​ផ្គត់ផ្គង់ និង​សង្វាក់​ឡូជីស្ទិក​សកល។ ដូច្នេះ វិធានការ​ទាំង​ពីរ​ចុង​ក្រោយ​នេះ​អាច​គ្រប់គ្រាន់​ដើម្បី​ឲ្យ​ចិន​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ។

តែ​អ្នកជំនាញ​សេដ្ឋកិច្ច​ចិន​លោក Andrew Batson ហាក់​មិន​បាន​មើល​ឃើញ​យ៉ាង​ដូច្នេះ​ទេ។ លោក Andrew Batson យល់​ថា វិធានការ​របស់​រដ្ឋាភិបាល​ជា​រឿង​វិជ្ជមាន តែ​មិនមែន​ជា​វិធានការ​ក្រឡប់​ចាក់​ដ៏​អស្ចារ្យ​ក្នុង​សំណុំរឿង​អចលនទ្រព្យ និង​ក្នុង​រឿង​កូវីដ​ទេ។ អ្វី​ដែល​លោក Andrew Batson ចង់​និយាយ​នៅ​ត្រង់​ចំណុច​នេះ​គឺ​ថា រដ្ឋអំណាច​ចិន​កំពុង​បន្ត​ព្យាយាម​ធ្វើ​ឱ្យ​គោលនយោបាយ​បច្ចុប្បន្ន​របស់​ខ្លួន​មាន​ដំណើរការ​ជាជាង​ប្តូរ​គោល​នយោបាយ​ថ្មី​ទាំង​ស្រុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ