អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើអឺរ៉ុបកាន់តែបែកបាក់ ឬរួបរួមក្រោយឆ្លងកាត់វិបត្តិរួមគ្នា អំឡុងពីរទសវត្សរ៍ចុងក្រោយនេះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

គិតត្រឹមពីរទសវត្សរ៍ចុងក្រោយនេះ បណ្ដាប្រទេសអឺរ៉ុបដែលភាគច្រើនជាសមាជិកសហភាពអឺរ៉ុបបានឆ្លងកាត់នូវវិបត្តិផ្សេងៗរួមគ្នា រាប់តាំងពីវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ២០០៨ វិបត្តិបំណុលក្នុងប្រទេសក្រិក វិបត្តិតំបន់ចាយប្រាក់អឺរ៉ូ វិបត្តិជំងឺកូវីដ១៩ និងចុងក្រោយ គឺវិបត្តិសង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ហើយនិងវិបត្តិថាមពល។ ម្ដងជាពីរដង វិបត្តិនានាបានធ្វើឱ្យអឺរ៉ុបបែកបាក់ខ្លះ ហើយក៏រួបរួមគ្នាខ្លះ។ ទោះជាយ៉ាងណា មកដល់ពេលនេះ អឺរ៉ុបនៅបន្ដធ្វើដំណើរទៅមុខជាមួយគ្នា។

ទង់ជាតិ​សមាជិក​សហភាព​អឺរ៉ុប​ទាំង​២៧ នៅ​សភា​អឺរ៉ុប
ទង់ជាតិ​សមាជិក​សហភាព​អឺរ៉ុប​ទាំង​២៧ នៅ​សភា​អឺរ៉ុប © Ronald Wittek / AFP
ផ្សាយពាណិជ្ជកម្ម

នៅពេលដែលគេនិយាយដល់បណ្ដាប្រទេសនៅអឺរ៉ុប ជាទូទៅគេសំដៅដល់ សភាពភាពអឺរ៉ុប។ សហភាពអឺរ៉ុបគឺជាសហភាពនយោបាយ និងសេដ្ឋកិច្ចដែលមានប្រទេសសមាជិកចំនួន២៧ និងមានទីតាំងនៅអឺរ៉ុប។ សហភាពនេះមានប្រជាជនសរុបប្រមាណ៤៤៧លាននាក់ និងត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣។

វិបត្តិជំងឺកូវីដ១៩ដែលបណ្តាលឱ្យមានអ្នកស្លាប់ជាច្រើនគឺជារឿងអាក្រក់មួយ។ ការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនក៏ជារឿងអាក្រក់មួយផ្សេងទៀតសម្រាប់អឺរ៉ុប។ គិតត្រឹមពីរទសវត្សរ៍ចុងក្រោយនេះ បណ្ដាប្រទេសអឺរ៉ុបដែលភាគច្រើនជាសមាជិកសហភាពអឺរ៉ុបបានឆ្លងកាត់នូវវិបត្តិផ្សេងៗរួមគ្នា រាប់តាំងពីវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ២០០៨ វិបត្តិបំណុលក្នុងប្រទេសក្រិក វិបត្តិតំបន់ចាយប្រាក់អឺរ៉ូ វិបត្តិជំងឺកូវីដ១៩ និងចុងក្រោយ គឺវិបត្តិសង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ហើយនិងវិបត្តិថាមពល។ ម្ដងជាពីរដង វិបត្តិនានាបានធ្វើឱ្យអឺរ៉ុបបែកបាក់ខ្លះ និងរួបរួមគ្នាខ្លះ។ ជាឧទាហរណ៍ សហភាពអឺរ៉ុបបានយល់ស្របគ្នាអំពីសង្រ្គាមអ៊ុយក្រែន ក៏ប៉ុន្តែមិនយល់ស្របទេ ចំពោះថវិកាជួយសង្គ្រោះអ៊ុយក្រែនរួមគ្នា។ ទោះជាយ៉ាងណា មកដល់ពេលនេះ អឺរ៉ុបនៅបន្ដធ្វើដំណើរទៅមុខជាមួយគ្នា។

ការប្រឈមទល់នឹងវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ និងវិបត្តិប្រាក់អឺរ៉ូឆ្នាំ២០១២

នៅក្នុងអំឡុងពេលនេះ កាលពី១០ឆ្នាំមុន អឺរ៉ុបត្រូវប្រឈមនឹងវិ​បត្តិក្នុងតំបន់ចាយប្រាក់អឺរ៉ូ។ វិបត្តិនេះបានកើតឡើងដោយសារតែវិបត្តិបំណុលក្នុងប្រទេសក្រិក។ ក្រិកគ្មានលុយសងបំណុលអន្ដរជាតិ។​ ក្រោយមកវិបត្តិនេះក៏បានរីករាលដាលទៅកាន់ប្រទេសផ្សេងៗដែលមានវិបត្តិបំណុលខ្ពស់ ហើយមានសេដ្ឋកិច្ចទន់ខ្សោយនៅឡើយ ក្រោយពីពិភពលោកត្រូវប្រឈមនឹងវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីឆ្នាំ២០០៨។

នៅអំឡុងពេលនោះហើយ ដែលលោក Mario Draghi (ពេលនោះគាត់ជាប្រធានធនាគារកណ្តាលអឺរ៉ុប) បានសន្យាថានឹងធ្វើ "អ្វីគ្រប់យ៉ាង" ដើម្បីសង្គ្រោះប្រាក់អឺរ៉ូ។ ការសន្យានេះហាក់មានប្រសិទ្ធភាព​នៅរយៈពេលចុងក្រោយនេះ។ តំបន់ចាយប្រាក់អឺរ៉ូត្រូវបានសង្គ្រោះរហូតមកដល់ពេលបច្ចុប្បន្ន និងមិនទាន់មានវិបត្តិនៅឡើយទេ។

នៅពេលនោះ អឺរ៉ុបបានរួបរួមគ្នាផ្ដល់ថវិកាសង្គ្រោះសេដ្ឋកិច្ចទៅដល់ប្រទេសក្រិក និងប្រទេសរងវិបត្តិផ្សេងទៀតៗ តួយ៉ាង អ៊ីតាលី ព័រទុយហ្គាល់ អៀរឡង់ និងអេស្ប៉ាញ ក៏ប៉ុន្តែអឺរ៉ុបក៏បានបែកបាក់គ្នាខ្លាំងដែរ លើនយោបាយចំណាយតិច ការសន្សំសំចៃច្រើន ហើយនិងការកម្រិតលើឱនភាពថវិកាជាតិ និងកម្រិតបំណុលសាធារណៈរបស់ប្រទេសសមាជិក។

ការប្រឈមទល់នឹងវិបត្តិកូវីដ១៩

នៅពេលប្រឈមទល់នឹងវិបត្តិកូវីដ១៩ សហភាពអឺរ៉ុបត្រូវគេមើលឃើញថាបានសម្រេចរឿងរួមគ្នាយ៉ាងច្រើន មិនថាការសម្រេចបាននយោបាយថវិកាសង្គ្រោះសេដ្ឋកិច្ច និងនយោបាយចាក់វ៉ាក់សាំង។ ការទិញវ៉ាក់សាំងរួមគ្នាដោយបណ្តុំប្រទេសចំនួន២៧ ទទួលបានការចាប់អារម្មណ៍ច្រើនបំផុត និងត្រូវបានចុះផ្សាយ នៅទំព័រដើមរបស់សារព័ត៌មានជាច្រើន។

អ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះទៅទៀតនោះគឺការបង្កើតមូលនិធិចំនួន​ ៧៥០ពាន់លានអឺរ៉ូនៅក្នុងខែកក្កដា ឆ្នាំ២០២០ ឬដែលគេស្គាល់ថាជា គម្រោងសហភាពអឺរ៉ុបជំនាន់ក្រោយ (Next Generation EU)។ គម្រោងនេះគឺធ្វើឡើងដើម្បីផ្ទេរប្រាក់យ៉ាងច្រើនពីប្រទេសអ្នកមានទៅកាន់ប្រទេសក្រីក្រនៅអឺរ៉ុប។

នាពេលកន្លងមក អឺរ៉ុបជារឿយៗត្រូវឈ្លោះប្រកែកគ្នាយ៉ាងតឹងរ៉ឹងលើការចំណាយរវាងបណ្ដាប្រទេសនៅអឺរ៉ុបភាគខាងជើងដែលមានការសន្សំសំចៃច្រើន និងបណ្ដាប្រទេសនៅអឺរ៉ុបភាគខាងត្បូងដែលមានការចំណាយខ្ជះខ្ជាយច្រើន។ ផ្ទុយទៅវិញ ថវិកាដែលប្រមូលដោយសភាពអឺរ៉ុប (និងរដ្ឋាភិបាលជាតិ) ក្នុងវិបត្តិកូវីដ១៩ ត្រូវបានបញ្ជូនទៅបណ្ដាប្រទេសដែលត្រូវការថវិកាខ្លាំងបំផុត។ ទោះបីជាថវិកានេះមានទំហំតិចតួចស្តួចស្តើងក៏ដោយ ក៏ប៉ុន្តែថវិកានេះពិតជាប្រភេទថវិកាចែកចាយឡើងវិញដោយសហព័ន្ធ និងការរួមគ្នាយ៉ាងល្អ។

វិបត្តិសង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន

តើអ្វីដែលអឺរ៉ុបបានរួបរួមគ្នាយ៉ាងល្អប្រឈមនឹងវិបត្តិកូវីដ១៩ត្រូវបានធ្វើឡើងម្ដងទៀតសម្រាប់ករណីសង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនដែរឬទេ?

ក្នុងករណីនេះ អឺរ៉ុបរួបរួមគ្នាច្រើន ក៏ប៉ុន្តែក៏ខ្វែងគំនិតគ្នាច្រើនផងដែរ ជាឧទាហរណ៍ រដ្ឋ​សមាជិក​ទាំង២៧ របស់​សហភាព​អឺរ៉ុប​បាន​ធ្វើសកម្មភាពដោយ​ស្អិតរមួតលើការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី។ ពួកគេបានយល់ព្រមជាឯកច្ឆ័ន្ទលើកញ្ចប់ទណ្ឌកម្មចំនួនប្រាំមួយប្រឆាំងនឹងរុស្ស៊ី ហើយបានបញ្ជូនអាវុធ និងថវិកាជាច្រើនទៅកាន់ប្រទេសអ៊ុយក្រែន។ អ៊ុយក្រែនត្រូវបានអនុម័តទទួលស្គាល់ដោយអឺរ៉ុបជាបេក្ខភាពចូលរួមជាមួយក្លឹបនេះនៅក្នុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំសហភាពអឺរ៉ុបកាលពីថ្ងៃទី២៣ ខែមិថុនា។

ប៉ុន្តែ អឺរ៉ុបក៏មិនសូវឯកភាពគ្នាទេលើថវិកាជួយសង្រ្គោះអ៊ុយក្រែន។ សំណើរបស់បារាំងដើម្បីជួយផ្នែកខ្លះដែលរងផលប៉ះពាល់ដោយសង្រ្គាមនៅអ៊ុយក្រែនតាមរយៈគម្រោង Next Generation EU 2.0 ត្រូវបានទម្លាក់ចោលតាំងតែពីគ្រាដំបូង។ បណ្ដាប្រទេសនៅអឺរ៉ុបភាគខាងជើងដែលដឹកនាំដោយជនជាតិហូឡង់ អះអាងថាមូលនិធិ Next Generation មានគោលដៅតែមួយគត់ ពោលវាគឺជាវិធានការហិរញ្ញវត្ថុពិសេសមួយសម្រាប់តែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩តែមួយគត់។​ ប្រទេសអ៊ីតាលីក៏មានការរារែកផងដែរ ព្រោះថាបន្ទុកបំណុលរបស់ប្រទេសនេះមានទំហំធំរួចស្រេចស្រាប់ ឬស្មើនឹងជិត ១៤០% នៃផលិតផលក្នុងស្រុកសរុប (GDP)។

សម្រាប់នយោបាយការបរទេសជាមួយរុស៊្សី ក៏អឺរ៉ុបមានការខ្វែងគំ​និតគ្នាច្រើនដែរ។ មេដឹកនាំនៃបណ្ដាប្រទេសនៅអឺរ៉ុបខាងកើតគិតថា មេដឹកនាំប្រទេសធំៗនៅអឺរ៉ុបទាំងលោក Emmanuel Macron របស់បារាំង និង លោក Olaf Scholz របស់អាល្លឺម៉ង់ ភាគច្រើនគឺមានភាពទន់ភ្លន់ពេកចំពោះលោក Vladimir Putin ដែលជាមេដឹកនាំរបស់រុស្ស៊ី។ ក្នុងប្រវត្តិសាស្រ្ដ បារាំងគឺជាប្រទេសដែលមានទំនាក់ទំនងការទូតជាមួយរុស្ស៊ីជាងគេនាពេលកន្លងមក រីឯ អាល្លឺម៉ង់មានទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងខ្លាំងជាមួយរុស្ស៊ី ជាពិសេស ការផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ី។

រហូតមកដល់ពេលបច្ចុប្បន្ននេះ បណ្ដាប្រទេសអឺរ៉ុបក៏ត្រូវប្រឈមនឹងបញ្ហាមួយផ្សេងទៀតនៃការកើនឡើងតម្លៃថាមពល និងការកើនកម្រិតអតិផរណាយ៉ាងខ្លាំង ជាពិសេស បញ្ហានៃការខ្វះខាតឧស្ម័នប្រើប្រាស់នៅរដូវរងាខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ