អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រែប្រួលអាកាសធាតុ៖ តើតុលាការអន្តរជាតិអាចជាដំណោះស្រាយ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេសវ៉ានូអាទូ ដែល​ជា​កូនកោះតូចមួយ នៅ​កណ្តាល​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយ​ដែល​ជា​ប្រទេស​កំពុង​ប្រឈម​ខ្លាំង​នឹង​ការ​ឡើងកម្តៅផែនដី បាន​ផ្តួចផ្តើម​គំនិត​យក​សំណុំរឿង​ប្រែប្រួល​អាកាសធាតុ ទៅ​កាន់តុលាការយុត្តិធម៌អន្តរជាតិ​ក្រុងឡាអេ។ ការផ្តួចផ្តើម​គំនិត ដែល​ត្រូវ​បាន​ធ្វើឡើង តាំងពី​ឆ្នាំ២០២១​កន្លងទៅ ហាក់កំពុងតែ​មាន​ពន្លឺ ក្រោយ​ពី​​​ទទួល​បាន​នូវ​ការគាំទ្រ​ពី​ប្រទេស​កាន់តែច្រើន។ តើ​បណ្តឹង​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នេះ ពិត​ជា​អាច​ជា​ដំណោះស្រាយ​ ជំរុញ​ឲ្យ​បង្កើន​វិធានការ​ប្រយុទ្ធប្រឆាំង​នឹង​ការឡើងកម្តៅផែនដី​បាន​មែន​ឬ​ក៏​យ៉ាងណា?

តុលាការ​យុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ
តុលាការ​យុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ AP - Peter Dejong
ផ្សាយពាណិជ្ជកម្ម

ដំណើរការ​នីតិវិធី នៅ​ចំពោះ​មុខ​តុលាការ​យុត្តិធម៌​អន្តរជាតិ អាច​ធ្វើឡើង នៅ​ក្នុង​ក្របខណ្ឌ​នៃ​យុត្តាធិការ​ចំនួន​ពីរ។ ទីមួយ ​ការជំនុំជម្រះ​ទៅលើ​វិវាទ​ រវាង​រដ្ឋ និង​រដ្ឋ និង​ទីពីរ ការផ្តល់​យោបល់​ផ្លូវច្បាប់។ បណ្តឹង​ក្នុង​ក្របខណ្ឌ​នៃ​នីតិវិធី​ទីពីរ​នេះហើយ ដែល​ប្រទេស​វ៉ានូអាទូ ផ្តួចផ្តើម​គំនិត ចង់​ដាក់​ជូន​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ដោយ​ចង់​ស្នើសុំ​ឲ្យ​តុលាការ​ផ្តល់​យោបល់​ផ្លូវច្បាប់ ទៅលើ​ចំណុច​ចម្បងៗ​ចំនួនពីរ។

ទីមួយ ចង់​ឲ្យ​តុលាការ​បំភ្លឺ​ ជុំវិញ​សិទ្ធិ និង​កាតព្វកិច្ច​របស់​រដ្ឋ នៅក្នុងក្របខណ្ឌ​នៃ​ច្បាប់​អន្តរជាតិ ទាក់ទង​ទៅនឹង​ផលប៉ះពាល់​អវិជ្ជមាន ដែល​បង្ក​ឡើង​ដោយ​ការឡើងកម្តៅផែនដី។

ទីពីរ ចង់​ឲ្យ​តុលាការ​បំភ្លឺ ជុំវិញ​ទំនាក់ទំនង រវាង​ផលប៉ះពោល​ដោយ​ការប្រែប្រួលអាកាសធាតុ និង​សិទ្ធិមនុស្ស​ជាមូលដ្ឋាន ក៏ដូចជា អំពី​ការទទួលខុសត្រូវរបស់​​បណ្តា​ប្រទេស​ដែល​ជា​មេក្លោង​ខាង​​​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ទាំង​កាល​ពីអតីតកាល បច្ចុប្បន្ន និង​ទៅថ្ងៃ​អនាគត។

ចំណុចទីពីរនេះហើយ ដែល​អាច​ជា​បញ្ហា​ខ្ទាស់ ដោយសារ​តែ​បណ្តា​ប្រទេស​អភិវឌ្ឍ​ជាច្រើន តែងតែ​បាន​នាំគ្នា​បង្ហាញ​នូវ​ជំហរ​ជំទាស់​ទៅ​នឹង​គោលការណ៍​ទទួលខុសត្រូវ​ជាប្រវត្តិសាស្រ្ត នៅ​ក្នុង​ការ​បញ្ចេញឧស្ម័ន​ដែល​នាំ​ឲ្យ​ឡើងកម្តៅភពផែនដី។

សំណួរសួរថា តើ​នៅ​ក្នុងលក្ខខណ្ឌ​បែបណា ដែល​បណ្តឹង​ទៅតាម​ការ​ផ្តួចផ្តើម​គំនិត​របស់​ប្រទេស​វ៉ានូអាទូ​នេះ អាច​ត្រូវ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទទួល​យកបាន?

ខុសពី​នីតិវិធី ជំនុំជម្រះលើ​វិវាទ រវាង​រដ្ឋ និង​រដ្ឋ ដែល​បណ្តឹង​ត្រូវ​ធ្វើឡើង​ដោយ​រដ្ឋ នីតិវិធី​ស្នើសុំ​យោបល់​ផ្លូវច្បាប់​វិញ បណ្តឹង​ចាំបាច់​ត្រូវតែ​ធ្វើឡើង ដោយ​ស្ថាប័ន​មួយ​ចំនួន ដែលបាន​កំណត់​រួចជាស្រេច នៅ​ក្នុង​លក្ខន្តិកៈ​របស់​តុលាការ។

នេះមានន័យថា ប្រទេស​វ៉ានូអាទូ​មិន​អាច​ដាក់ពាក្យបណ្តឹង​ ដោយខ្លួនឯង​បាន​នោះទេ គឺ​ចាំបាច់​ត្រូវតែ​មាន​សេចក្តីសម្រេច​ ពី​ស្ថាប័នណាមួយ ដែល​ស្ថិត​នៅ​ក្នុង​បញ្ជីឈ្មោះ​ស្ថាប័ន​មាន​សិទ្ធិ​ស្នើ​សុំ​យោបល់​ផ្លូវច្បាប់​ពីតុលាការ​យុត្តិធម៌​អន្តរជាតិ ដោយ​ក្នុង​ចំណោម​ស្ថាប័ន​នោះ គឺ​រួមមាន​ជាអាទិ៍ ក្រុមប្រឹក្សា​សន្តិសុខ និង​មហាសន្និបាត​អ.ស.ប.។

ច្រកចេញ តាមរយៈ​​​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប គឺជា​រឿង​ដែល​ពិបាក​នឹង​អាច​ទៅរួច ដោយសារ​​តែ​​មាន​សិទ្ធិវ៉េតូ ពី​ប្រទេស​សមាជិក​អចិន្រ្តៃយ៍​ទាំង ៥ ជាពិសេស មានប្រទេស​សមាជិិក​អចិន្រ្តៃយ៍ពីរ គឺ​សហរដ្ឋ​អាមេរិក និង​ចិន ដែល​សុទ្ធសឹង​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​ច្រើន​ជាងគេ​បំផុត​នៅលើ​ពិភពលោក។

ក៏ប៉ុន្តែ នៅ​ក្នុង​មហាសន្និបាត​អ.ស.ប.​វិញ គឺ​ខុសគ្នា ដោយសារតែ​​ប្រទេស​ជា​សមាជិក​នីមួយៗ​​សុទ្ធតែ​មាន​សំឡេងឆ្នោត​ស្មើៗគ្នា ដោយ​គ្មាន​ប្រទេស​ណាមួយ​មាន​​សិទ្ធិវ៉េតូនោះទេ។ តាមរយៈ​មហាសន្និបាត​អ​.ស.ប.​នេះហើយ ដែល​ការផ្តួចផ្តើម​គំនិត​របស់​ប្រទេស​វ៉ានូអាទូ ត្រូវ​បាន​ចាប់ផ្តើម​ជាផ្លូវការ កាល​ពី​ពីរសប្តាហ៍​មុន ដោយ​ការ​បោះឆ្នោត​ទៅលើ​ការ​ផ្តួចផ្តើម​គំនិត​នេះ ត្រូវ​គេគ្រោងធ្វើ នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ។

​សេចក្តីសម្រេច​ស្នើសុំ​យោបល់​ផ្លូវច្បាប់​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ​នេះ​ទាមទារ​ឲ្យ​មាន​ការអនុម័ត​ត្រឹមសំឡេង​ភាគច្រើន​ ពោលគឺ ត្រូវការ​សំឡេង​គាំទ្រ​ពី​ប្រទេស​​តែ ៩៧​ប៉ុណ្ណោះ ក្នុង​ចំណោម​ប្រទេស​​ទាំង ១៩៣​ជា​សមាជិក​អ.ស.ប. ហើយ​គិត​មក​ទល់​នឹង​ពេលនេះ មាន​ប្រទេស​ចំនួន ៨៥ ហើយ ដែល​បាន​បង្ហាញ​ជំហរ​គាំទ្រ​​ការផ្តួចផ្តើម​គំនិត​នេះ។ នេះ​បើ​យោងតាម​ការ​អះអាង​របស់​​ប្រធានាធិបតី​វ៉ានូអាទូ កាល​ពីថ្ងៃ​អង្គារ នៅ​​ក្នុង​អំឡុង​សន្និសីទ​អ.ស.ប. ​ស្តីពី​​អាកាសធាតុ នៅក្នុង​ប្រទេស​អេហ្ស៊ីប។

គួរបញ្ជាក់ថា ខុសពី​សាលដីកា នៅ​ក្នុង​នីតិវិធី​ ជំនុំជម្រះលើ​វិវាទ រវាង​រដ្ឋ យោបល់​ផ្លូវច្បាប់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ មិនមាន​អំណាច​តាមផ្លូវច្បាប់​​ចាប់បង្ខំ​ឲ្យ​ប្រទេស​សមាជិក​ត្រូវ​តែ​អនុវត្ត​តាម​នោះទេ។ ក៏ប៉ុន្តែ បើទោះជា​គ្មាន​អំណាច​តាមផ្លូវច្បាប់ តែ​វាអាច​ជា​សម្ពាធខាងផ្លូវ​នយោបាយ​ និង​ការទូត​ដ៏​ចម្បងមួយ ហើយ​បន្ថែម​ពីលើ​នេះ​ទៅទៀត យោបល់​របស់​តុលាការ​អន្តរជាតិ​នេះ ក៏​អាច​ជា​មូលដ្ឋាន​ដ៏​សំខាន់​មួយផងដែរ ដែល​អាច​ឲ្យ​​​ស្ថាប័ន​តុលាការ​ផ្សេងទៀត​យក​លំនាំតាម ជាពិសេស តុលាការ​ជាតិ​នៅ​ក្នុង​ប្រទេស​នីមួយៗ ដែលសេចក្តីសម្រេច​​មានសិទ្ធិអំណាច​ចាប់បង្ខំ​ឲ្យ​អនុវត្ត​ នៅ​ក្នុង​ក្របខណ្ឌ​ប្រទេស​របស់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ