អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

FAO៖ ប្រជាជនងាយរងគ្រោះបំផុតនៅលើពិភពលោកត្រូវចំណាយកាន់តែច្រើន សម្រាប់ស្បៀងអាហារកាន់តែតិច

ចុះផ្សាយ​នៅ​ថ្ងៃ៖

យោង​តាមរបាយការណ៍​របស់អង្គការ FAO ពិភពលោក​ត្រូវ​​គេ​រំពឹង​ថា​នឹង​ចំណាយ​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ក្នុង​ការ​នាំ​ចូល​ស្បៀងអាហារ​ ក្នុងទំហំទឹកប្រាក់ ១,៨ទ្រីលាន​ដុល្លារអាមេរិក​ នៅ​ក្នុង​ឆ្នាំ​នេះ។ នេះ​គឺ​ជា​កំណត់ត្រា​ពិភពលោក​ថ្មី​មួយ ហើយវាគឺជារឿងមួយដែល​គួរ​ឲ្យ​ព្រួយ​បារម្ភណាស់។ ប្រជាជនងាយរងគ្រោះបំផុតនៅលើពិភពលោកឥឡូវនេះចំណាយកាន់តែច្រើន សម្រាប់ស្បៀងអាហារកាន់តែតិច។

FAO៖ ប្រជាជនងាយរងគ្រោះបំផុតនៅលើពិភពលោកត្រូវចំណាយកាន់តែច្រើន សម្រាប់ស្បៀងអាហារកាន់តែតិច
FAO៖ ប្រជាជនងាយរងគ្រោះបំផុតនៅលើពិភពលោកត្រូវចំណាយកាន់តែច្រើន សម្រាប់ស្បៀងអាហារកាន់តែតិច © Reuters
ផ្សាយពាណិជ្ជកម្ម

ផ្អែកតាមទិន្នន័យផ្លូវការចុងក្រោយរបស់ អង្គការស្បៀងអាហារ និងកសិកម្ម (FAO) បណ្ដាប្រទេសយ៉ាងច្រើននៅលើពិភពលោក ត្រូវគេរំពឹងថានឹងត្រូវចំណាយប្រាក់ ១,៨ទ្រីលានដុល្លារអាមេរិក សម្រាប់ការនាំចូលស្បៀងអាហារដែលពួកគេត្រូវការ នៅក្នុងឆ្នាំនេះ។

ការចំណាយលើស្បៀងអាហារកើនឡើង និងមូលហេតុ

មូលហេតុចម្បងគឺដោយសារការឡើងថ្លៃតម្លៃស្បៀងអាហារសកល ហើយវាកាន់តែលំបាកសម្រាប់ប្រជាជនងាយរងគ្រោះបំផុត និងបណ្ដាប្រទេសក្រីក្រ។

ដោយសារថ្លៃវត្ថុធាតុដើមសម្រាប់ការធ្វើកសិកម្ម តួយ៉ាង ជី និងប្រេងឥន្ធនៈ កំពុងកើនឡើង នោះថ្លៃដើមផលិតកម្មក៏ហក់កាន់តែខ្ពស់ផងដែរ។ ជាលទ្ធផល តម្លៃស្បៀងអាហារ និងការនាំចូលស្បៀងអាហារសកលក៏កាន់តែមានកម្រិតធំជាងឆ្នាំមុននោះដែរ។

លោក Upali Galketi Aratchilage សេដ្ឋវិទូពីអង្គការ FAO បានលើកឡើងថា ការព្យាករណ៍ចុងក្រោយរបស់ FAO បង្ហាញអំពីការរឹតបន្តឹងទីផ្សារម្ហូបអាហារ និងការបង្កើនការចំណាយលើការនាំចូលអាហារឈានដល់កម្រិតខ្ពស់បំផុត។ នេះគឺព្រោះដោយគេមើលឃើញអំពីការកើនឡើងនៃតម្លៃវត្ថុធាតុដើម ក្តីបារម្ភអំពីការប្រែប្រួលអាកាសធាតុ ការបន្ដអូសបន្លាយនៃបញ្ហាជំងឺកូវីដ១៩ និងការកើនឡើងនូវភាពមិនច្បាស់លាស់នៃទីផ្សារសកលដែលកើតចេញពីសង្រ្គាមឈ្លានពានរបស់ប្រទេសរុស្ស៊ីលើប្រទេសអ៊ុយក្រែន។

របាយការណ៍របស់អង្គការ FAO ក៏បានចង្អុលបង្ហាញអំពីការធ្លាក់ចុះនៃផលិតកម្មធញ្ញជាតិពិភពលោក នៅក្នុងឆ្នាំ២០២២ ជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។

ប្រទេស និងប្រជាជនដែលងាយរងគ្រោះបំផុត

យោងតាម កម្មវិធីស្បៀងអាហារពិភពលោក (WFP) ពិភពលោកប្រឈមនឹងវិបត្តិភាពអត់ឃ្លានជាសកល ក្នុងកម្រិតមិនធ្លាប់មានពីមុនមក។ ក្នុងរយៈពេលត្រឹមតែពីរឆ្នាំប៉ុណ្ណោះ ចំនួនមនុស្សដែលប្រឈមមុខ ឬប្រឈមនឹងហានិភ័យនៃអសន្តិសុខស្បៀងធ្ងន់ធ្ងរ បានកើនឡើងពី១៣៥លាននាក់ នៅក្នុង៥៣ប្រទេស មុនការរាតត្បាតជំងឺកូវីដ១៩ ដល់៣៤៥លាននាក់ក្នុង ៨២ប្រទេសនាពេលបច្ចុប្បន្ននេះ។

អង្គការ FAO បានប៉ាន់ប្រមាណថា ក្នុងចំណោមបណ្ដាប្រទេសដែលងាយរងគ្រោះបំផុតគឺប្រទេសអភិវឌ្ឍន៍តិចតួច ឬប្រទេសដែលមានចំណូលទាប។ ប្រទេសទាំងនេះមានជម្រើសតិចតួច ប៉ុន្តែត្រូវចំណាយក្នុងការនាំចូលស្បៀងអាហារ ក្នុងបរិមាណតិចជាងមុន ៥ភាគរយ នៅក្នុងឆ្នាំនេះ។

រដ្ឋអនុតំបន់សាហារ៉ានៃទ្វីបអាហ្រ្វិក និងប្រទេសផ្សេងទៀតដែលទិញអាហារច្រើនជាងពួកគេនាំចេញ ក៏ទំនងជាប្រឈមនឹងការកើនឡើងថ្លៃដើមនៃផលិតកម្ម ហើយពួកគេនឹងទទួលបាននូវស្បៀងអាហារសំខាន់ៗតិចជាងមុន។

នៅក្នុងតំបន់មួយចំនួនដូចជា នៅអាហ្រ្វិកខាងកើត និងម៉ាដាហ្គាស្កា ពួកគេបានជួបប្រទះនឹងគ្រោះរាំងស្ងួត និងទុរ្ភិក្សរួចហើយ ហើយការកើនឡើងតម្លៃស្បៀងអាហារត្រូវគេរំពឹងថានឹងធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅៗ។

ទីភ្នាក់ងារអង្គការសហប្រជាជាតិបានផ្តល់អនុសាសន៍ឱ្យប្រទេសទាំងនោះត្រូវបង្កើតយន្តការថ្លឹងថ្លែងចំណូល និងចំណាយ ដើម្បីជួយទប់ស្កាត់អសន្តិសុខស្បៀងកាន់តែច្រើននៅថ្ងៃខាងមុខ។

ប្រភេទទំនិញឡើងថ្លៃបំផុត

ឆ្នាំ២០២២ បង្ហាញអំពីការកើនឡើងយ៉ាងឆាប់រហ័សនៃតម្លៃស្បៀងអាហារ និងកង្វះការផ្គត់ផ្គង់ស្បៀងអាហារនៅជុំវិញពិភពលោក។ វិបត្តិ​រួម​គ្នាផ្សេងៗ​គឺ​បណ្តាល​មក​ពី​វិបត្តិ​ភូមិសាស្ត្រ​នយោបាយ វិបត្តិសេដ្ឋកិច្ច វិបត្តិ​សន្តិសុខ​ស្បៀង និង​វិបត្តិជំងឺកូវីដ១៩។

បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីក្នុងឆ្នាំ២០២២មកលើអ៊ុយក្រែន តួលេខផ្លូវការបង្ហាញអំពីការកើនឡើងនូវតម្លៃស្បៀងអាហារសកល និងក្ដីបារម្ភអំពីអសន្ដិសុខស្បៀងអាហារ។ ក្តីបារម្ភភាគច្រើនគឺទាក់ទងទៅនឹងកង្វះការផ្គត់ផ្គង់ដំណាំទំនិញសំខាន់ៗ ដូចជាស្រូវសាលី ពោត និងគ្រាប់ប្រេងដែលកំពុងកើនឡើងតម្លៃ។ សង្គ្រាមនេះក៏ធ្វើឱ្យតម្លៃប្រេងឥន្ធនៈ និងជីកើនឡើង ហើយវារុញច្រានឱ្យមានការខ្វះខាតស្បៀងអាហារ និងការកើនឡើងតម្លៃជាទូទៅបន្ថែមទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ