អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើយន្តហោះអគ្គិសនីអាចជាមធ្យោបាយធ្វើដំណើរតាមផ្លូវអាកាសទៅថ្ងៃអនាគត?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់​ការ​ឡើងកម្តៅផែនដី ការស្វែងរក​ថាមពល​បៃតង​ជំនួស​ថាមពល​ផូស៊ីល គឺ​ជា​រឿងចាំបាច់។ នៅក្នុង​វិស័យដឹកជញ្ជូន រថយន្តអគ្គិសនី​កំពុងជា​វិស័យ​អាទិភាពមួយ ដោយ​បណ្តា​ប្រទេស​ជាច្រើន​ដាក់គោលដៅ បញ្ឈប់​ការ​ផលិត និង​លក់​រថយន្តប្រើ​ប្រេង​ នៅ​ក្នុងរយៈពេល​ប្រមាណ​ជា ១០​ឆ្នាំខាងមុខ។ ក៏ប៉ុន្តែ សំណួរចោទឡើង​ចំពោះ​វិស័យដឹកជញ្ជូន​តាមផ្លូវអាកាស។ តើ​យន្តហោះ​អគ្គិសនី​អាច​ក្លាយ​ជា​មធ្យោបាយ​ដឹកជញ្ជូន​មួយដែរឬទេ ទៅថ្ងៃអនាគត?

យន្តហោះអគ្គិសនី​ឈ្មោះ "Alice" របស់​ក្រុមហ៊ុន Eviation ពេល​ហោះសាកល្បង កាល​ពី​ថ្ងៃទី២៧ កញ្ញា ២០២២
យន្តហោះអគ្គិសនី​ឈ្មោះ "Alice" របស់​ក្រុមហ៊ុន Eviation ពេល​ហោះសាកល្បង កាល​ពី​ថ្ងៃទី២៧ កញ្ញា ២០២២ AP - Ellen M. Banner
ផ្សាយពាណិជ្ជកម្ម

ការដឹកជញ្ជូន​តាមផ្លូវអាកាស ជាប្រភព​ចម្បងមួយ នៃ​ការ​បញ្ចេញឧស្ម័ន​កាបូនិក ដោយ​បើ​គិត​ជា​មធ្យម មនុស្ស​តែម្នាក់​ធ្វើ​ដំណើរ​តាមយន្តហោះ​តែម្តង ​ក្នុង​ចម្ងាយ​ផ្លូវ​ត្រឹម រវាង​ទីក្រុង​ញូវយ៉ក ទៅ​ទីក្រុង​ឡុងដ៍ និង​ពី​ទីក្រុង​ឡុងដ៍ ត្រឡប់មក​ញូវយ៉កវិញ ត្រូវ​បញ្ចេញ​ឧស្ម័ន​កាបូនិក​​ស្មើ​នឹង​​​ការប្រើ​ម៉ាស៊ីន​កម្តៅ​នៅ​ក្នុង​ផ្ទះ សម្រាប់​គ្រួសារមួយទាំងមូល ​និង​ក្នុងរយៈពេល​ពេញមួយឆ្នាំ។

នៅក្នុងពេល​បច្ចុប្បន្ន​​នេះ គិត​ជា​សរុប​នៅ​ទូទាំង​ពិភពលោក​ទាំងមូល ឧស្ម័ន​កាបូនិក​ប្រមាណ​ជា ៣% មាន​ប្រភព​ពី​ការធ្វើ​ដំណើរ​តាមផ្លូវអាកាស។ ជាមួយ​នឹង​កំណើន​នៃ​ចំនួន​អ្នក​ធ្វើ​ដំណើរ ក្នុងអត្រា​មួយ​ខ្ពស់ ពីមួយឆ្នាំ​ទៅមួយឆ្នាំ គេព្យាករ​ថា អត្រា​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ដោយ​ការធ្វើ​ដំណើរតាមផ្លូវអាកាស​អាច​នឹង​កើនឡើង​​កាន់តែខ្ពស់ គឺ​អាច​នឹង​ក្លាយ​ជា​ប្រភព​បញ្ចេញ​ឧស្ម័ន ​រហូត​ដល់​ទៅ​ប្រមាណ​ជា ២០% នៅ​ត្រឹម​ឆ្នាំ២០៥០​ខាងមុខ។

ដូច្នេះ ប្រសិនបើ​គេ​ចង់​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ក្នុង​វិស័យដឹកជញ្ជូន​តាមផ្លូវអាកាសនេះ ត្រឹមតែ​​ផលិត​យន្តហោះ​ដែលស៊ី​​ប្រេងតិច វា​នៅ​មិនទាន់គ្រប់គ្រាន់នោះទេ។​ វាជារឿង​ចាំបាច់ ដែល​គេ​ត្រូវ​ស្វះស្វែងរក​បច្ចេកវិទ្យា​ថ្មី ដើម្បី​ផលិតយន្តហោះ​​​ប្រើ​ថាមពល​បៃតង​ជំនួស​​ប្រេង​តែម្តង។

ក្នុងពេល​បច្ចុប្បន្ន​នេះ មាន​បច្ចេកវិទ្យា​ពីរ ដែល​គេ​សំឡឹងឃើញ​ថា អាច​មាន​សក្តានុពល ដើម្បី​ជំនួស​យន្តហោះប្រើប្រេង គឺ​យន្តហោះប្រើ​អ៊ីដ្រូសែន និង​យន្តហោះ​អគ្គិសនី។

អ្នកខ្លះ​ប្រហែល​ជា​គិត​ថា ការប្រើ​យន្តហោះអគ្គិសនី​ជា​មធ្យោបាយ​ដឹកជញ្ជូន​តាមផ្លូវអាកាស គឺ​នៅ​ត្រឹម​ជាការស្រមើស្រមៃ ​ជា​បច្ចេកវិទ្យា​ដែល​ស្ថិត​នៅ​ឆ្ងាយ​ពីដៃ​របស់​យើង មិនងាយ​នឹង​ឈោង​ដល់ ឬ​ក៏​អាច​ទៅដល់​ដែរ ក៏ប៉ុន្តែ ​ត្រូវការ​ចំណាយពេល​យូរ​រហូតដល់​ជាច្រើន​ទសវត្សរ៍​ទៅអនាគត។ ក៏ប៉ុន្តែ តាមការពិត​ទៅ បច្ចេកវិទ្យា​យន្តហោះ​អគ្គិសនី​បច្ចុប្បន្ន​នេះ មានភាពជឿនលឿន​ទៅមុខ​ច្រើន​លើស​ពីអ្វីដែល​មនុស្ស​ជាច្រើន​ធ្លាប់​រំពឹងទុក។

គិតមកទល់​នឹង​សព្វថ្ងៃនេះ យន្តហោះ​អគ្គិសនី​គំរូ​ត្រូវ​បាន​គេ​ផលិត​និង​ហោះសាកល្បង​ប្រកប​ដោយ​ជោគជ័យ​រួចទៅហើយ។ ហើយ​បើ​យោងតាម​មន្ទីរពិសោធន៍​ខាង​ថាមពល​បៃតង​របស់​អាមេរិក គិតមកទល់​នឹង​សព្វថ្ងៃ​នេះ គម្រោង​អភិវឌ្ឍ​បច្ចេកវិទ្យា​ផលិតយន្តហោះ​អគ្គិសនី មាន​យ៉ាងតិច ១៧០​គម្រោង នៅ​ទូទាំង​ពិភពលោក គឺ​កើនឡើង​ទ្វេដង បើធៀប​ទៅនឹង​កាល​ពី​ឆ្នាំ២០១៨​កន្លងទៅ។

គម្រោង​អភិវឌ្ឍបច្ចេកវិទ្យា​យន្តហោះ​អគ្គិសនី​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​ធំៗ រួមមាន​​ដូចជា ប៊ូអ៊ីង និង​អ៊ែរប៊ូស ជាដើម ក៏ប៉ុន្តែ ក៏មាន​ដែរ​គម្រោង​របស់​ក្រុមហ៊ុន​ចំណូលថ្មី (Start-up)។

គម្រោង​ផលិត​យន្តហោះ​អគ្គិសនី​ខ្លះ មាន​ភាព​ជឿនលឿន​ទៅមុខ រហូត​អាច​ទាក់ទាញ​ការ​បញ្ជាទិញ ពី​ក្រុមហ៊ុន​អាកាសចរណ៍​រួចទៅហើយ ជាអាទិ៍ ក្រុមហ៊ុន​​របស់​ស៊ុយអែត​ ឈ្មោះ Heart Aerospace បាន​ទទួល​ការ​បញ្ជាទិញ​​ពី​ក្រុមហ៊ុន​ Unitied Airlines របស់​អាមេរិក និង ក្រុមហ៊ុន​ Air Canada ដោយ​យន្តហោះ​ដែល​បាន​ការ​បញ្ជាទិញ​នេះ ជា​ប្រភេទ​យន្តហោះ​អគ្គិសនី​ធុនតូច ដឹកអ្នក​ដំណើរ​ត្រឹម ៣០នាក់ ហើយ​គ្រោង​នឹង​ផលិត​ដាក់​ឲ្យ​ដំណើរការ​នៅ​ត្រឹម​ឆ្នាំ២០២៨​ខាងមុខ។

ក្នុងពេល​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​មក​បញ្ជាទិញ​យន្តហោះ​អគ្គិសនី​នៅ​អឺរ៉ុប ក្រុមហ៊ុន​អាកាសចរណ៍​អឺរ៉ុប​វិញ គឺ​ក្រុមហ៊ុន EasyJet បាន​ចុះកិច្ចព្រមព្រៀង​ដៃគូ​ជាមួយ​នឹង​ក្រុមហ៊ុន​អាមេរិក​ឈ្មោះ Wright Electric ដើម្បី​ផលិត​យន្តហោះ​អគ្គិសនី​ធុនមធ្យម គឺប្រភេទ​យន្តហោះ ១០០​កៅអី គ្រោង​ផលិត​ឲ្យ​បាន​នៅ​ឆ្នាំ២០២៦ និង​ប្រភេទ​យន្តហោះ ១៨៦​កៅអី គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​ក្នុង​អំឡុង​ឆ្នាំ២០៣០​ខាងមុខ។

ដូច្នេះ វាគឺជារឿងដែលអាចទៅរួច ដែល​យើង​អាចឃើញ​យន្តហោះអគ្គិសនី​ដឹកអ្នក​ដំណើរ នៅ​មុន​ឆ្នាំ២០៣០​ខាងមុខ។ ក៏ប៉ុន្តែ យន្តហោះអគ្គិសនី​នេះ គឺ​ជា​យន្តហោះ​ធុនតូច ដឹកអ្នកដំណើរ​បាន​តិច និង​ហោះហើរ​ក្នុង​ចម្ងាយជិត ត្រឹម​ជើងហោះហើរ​ក្នុងស្រុក ឬ​ក្នុង​តំបន់​តែប៉ុណ្ណោះ ពីព្រោះ​ថា ការផលិតយន្តហោះអគ្គិសនី​សុទ្ធសាធ ដែល​អាច​ធ្វើ​ដំណើរ​បាន​ឆ្ងាយរហូតដល់​រាប់ពាន់​គីឡូម៉ែត្រ គឺនៅតែ​ជា​រឿង​ដ៏សែនស្មុគស្មាញ​មួយ​នៅឡើយ ជាមួយនឹង​បច្ចេកវិទ្យា​អាគុយលីចូម ដែល​យើង​មាន​បច្ចុប្បន្ននេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ