អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានជាសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិចចង់បានកម្លាំងសន្តិសុខមួយប្រចាំតំបន់?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហគមន៍​សេដ្ឋកិច្ច​នៃ​រដ្ឋ​អាហ្វ្រិកខាងលិច​ហៅ​កាត់​សេដេអាអូ (Cédéao) បាន​បិទបញ្ចប់​កិច្ចប្រជុំកំពូល​លើកទី៦២ កាល​ពី​ថ្ងៃ​អាទិត្យ ទី៤ ធ្នូ​ក្នុង​ទីក្រុង​អាប៊ូហ្សា ប្រទេស​នីហ្សេរីយ៉ា។ នៅ​ក្នុង​កិច្ចប្រជុំកំពូល ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ទាំង ១៥ប្រទេស​សមាជិក​បាន​ជជែក​គ្នា​លើ​ប្រធានរឿង​សំខាន់​ជា​ច្រើន ពិសេស​ប្រធានរឿង​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​សមាជិក។ ទន្ទឹម​គ្នា​នេះ សេដេអាអូ​ក៏​បាន​សម្រេច​បង្កើត​ឲ្យ​មាន​កម្លាំង​មួយ​ប្រចាំ​តំបន់។ តើ​វា​ចាំ​បាច់​ដែរ ឬ​ទេ​ដែល​សេដេអាអូ​ត្រូវ​បង្កើត​ឲ្យ​មាន​កម្លាំង​តំបន់​នេះ​ឡើង និង​ថា មាន​បញ្ហា​អ្វី​ខ្លះ​ដែល​សេដេអាអូ​កំពុង​ប្រឈម​ខ្លាំង​ជាង​គេ?។

ប្រធាន​គណៈកម្មការ​សេដេអាអូ​លោក​អូម៉ារ តួរ៉េ​ជា​ជនជាតិ​ហ្កំប៊ី​
ប្រធាន​គណៈកម្មការ​សេដេអាអូ​លោក​អូម៉ារ តួរ៉េ​ជា​ជនជាតិ​ហ្កំប៊ី​ AFP - KOLA SULAIMON
ផ្សាយពាណិជ្ជកម្ម

គម្រោង​នៃ​ការ​បង្កើត​កម្លាំង​មួយ​ប្រចាំ​តំបន់​ត្រូវ​បាន​សហគមន៍​សេដ្ឋកិច្ច​នៃ​រដ្ឋ​អាហ្វ្រិកខាងលិច​ហៅ​កាត់​សេដេអាអូ (Cédéao) អនុម័ត​ជា​ផ្លូវការ​រួច​ហើយ។ មួយ​វិញ​ទៀត មាន​កម្មវត្ថុ​សន្តិសុខ​សំខាន់​ចំនួន ២ ដែល​សេដេអាអូ​បាន​សំឡឹង​ឃើញ​នៅ​ក្នុង​កម្លាំង​តំបន់​មួយ​នេះ ទី១ ប្រយុទ្ធប្រឆាំង​នឹង​ភេរវនិយម និង​ទី២ ជួយ​តម្រង់​ប្រទេស​សមាជិក​ខ្លះ​ឲ្យ​វិល​ត្រឡប់​ចូល​ផ្លូវ​ធម្មនុញ្ញ​ឡើង​វិញ បើ​ចាំ​បាច់។ តែ​អ្វី​ដែល​កំពុង​បន្ត​ស្រពិចស្រពិល គឺ​រចនាសម្ព័ន្ធ​លំអិត​របស់​កម្លាំង​តំបន់​មួយ​នេះ។ រចនាសម្ព័ន្ធ​លំអិត​ដែល​គេ​ចង់​និយាយ​ពាក់ព័ន្ធ​នឹង​ការ​ចូលរួម​របស់​ប្រទេស​សមាជិក​នីមួយៗ​ស្តីពី​ចំនួន​ទ័ព និង​ចំនួន​វិភាគទាន​ដែល​ត្រូវ​ចូល​រួម។ ប្រធានបទ​ទាំង​អស់​នេះ​នឹង​ត្រូវ​ថ្នាក់ដឹកនាំ​យោធា​របស់​សេដេអាអូ​លើក​យក​ទៅ​ជជែក​នា​ពាក់​កណ្តាល​ខែ​មករា ឆ្នាំ ២០២៣។

ប្រធាន​គណៈកម្មការ​សេដេអាអូ​លោក​អូម៉ារ តួរ៉េ​ជា​ជនជាតិ​ហ្កំប៊ី​បាន​ថ្លែង​ច្បាស់ៗ​ថា កម្លាំង​តំបន់​របស់​សេដេអាអូ​មិនមែន​ជំនួស ឬ​ដើរ​តួនាទី​ជំនួស​កម្លាំង​របស់​ប្រទេស​សមាជិក​នីមួយៗ​ទេ តែ​ជា​កម្លាំង​បន្ថែម​មួយ​ដើម្បី​ជួយ​កម្លាំង​របស់​ប្រទេស​សមាជិក​ក្នុង​ការ​ប្រឈម​ទប់​នឹង​ពួក​ជីហាត ឬ​មួយ​ក៏​ជួយ​ស្រោចស្រង់ ឬ​ជួយ​តម្រង់​ប្រទេស​សមាជិក​ខ្លះ​ឲ្យ​វិល​រក​ផ្លូវ​ធម្មនុញ្ញ​ត្រឹមត្រូវ​ឡើង​វិញ។ តែ​ប្រធាន​គណៈកម្មការ​សេដេអាអូ​រូប​នេះ​ដដែល​មិន​ភ្លេច​បញ្ជាក់​ដោយ​ទទួល​ស្គាល់​ថា កម្លាំងប្រដាប់​អាវុធជាតិ​របស់​ប្រទេស​សមាជិក​ខ្លះ​នៅ​ខ្សោយ​ខ្លាំង​ដែល​ចាំ​បាច់​ត្រូវ​ស្វែង​រក​ជំនួយ​កម្លាំង​ពី​ខាង​ក្រៅ ពិសេស​ពី​ប្រទេស​បារាំង រុស្ស៊ី ឬ​អង្គការសហប្រជាជាតិ។

ដូច្នេះ​សម្រាប់​លោក​អូម៉ារ តួរ៉េ បើ​សេដេអាអូ​មាន​កម្លាំង​មួយ​ផ្ទាល់​ខ្លួន​ឯង ប្រទេស​សមាជិក​មិន​ចាំ​បាច់​ទៅ​ពឹង​លើ​កម្លាំង​អ្នក​ដទៃ​ទេ។ គេ​អាច​និយាយ​បាន​ថា ការ​ដែល​សេដេអាអូ​បាន​សម្រេច​បង្កើត​ឲ្យ​មាន​កម្លាំង​តំបន់​ពេល​នេះ​មិនមែន​ជា​រឿង​ចៃដន្យ​ឡើយ។ មិន​ចៃដន្យ​ព្រោះ​មាន​មូលហេតុ​សំខាន់​ចំនួន​ពីរ មូលហេតុ​ទី១ ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​កំពុង​ញាំញី​ដោយ​ការ​ឃោសនា​របស់​ពួក​ជីហាត។ ជាក់ស្តែង​នៅ​ក្នុង​ប្រទេស​មាលី ឥទ្ធិពល​របស់​ជីហាត​ដែល​ចេញ​ពី​ប៉ែកខាងជើង​បាន​លាតសន្ធឹង​ដល់​ប៉ែកកណ្តាល។ រូបភាព​ដូច​គ្នា​នេះ​ក៏​កំពុង​មាន​នៅ​ក្នុង​ប្រទេស​បួគីណាហ្វាសូ និង​ប្រទេស​នីហ្សេ។ ចំណែក​នៅ​ក្នុង​ប្រទេស​ហ្គីណេ ពួកជីហាត​កំពុង​វាយ​លុក​ត្រង់​ឆ្ពោះ​ទៅ​ប៉ែក​ខាងត្បូង និង​ឈូងសមុទ្រ​ហ្គីណេ។

រីឯ​មូលហេតុ​ទី២ មាន​ប្រទេស​ខ្លះ​ក្នុង​តំបន់​កំពុង​ស្គាល់​វិបត្តិ​នយោបាយ​ញាំញី​ផ្ទៃក្នុង​មិន​ចេះ​ចប់ មិន​ចេះ​ហើយ។ អ្វី​ដែល​សេដេអាអូ​ចង់​និយាយ​នៅ​ត្រង់​ចំណុច​នេះ គឺ​ការ​ទទួល​បាន​អំណាច​តាម​រយៈ​ការ​ធ្វើ​រដ្ឋប្រហារ​ដែល​តំបន់​បាន​ជួប​ច្រើន​តាំង​ពី ២ឆ្នាំ​កន្លង​ទៅ។ អ្វី​ដែល​សេដេអាអូ​កំពុង​បារម្ភ​ខ្លាំង​នៅ​ពេល​នេះ គឺ​ស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​សមាជិក ៣ប្រទេស គឺ​ម៉ាលី បួគីណាហ្វាសូ និង​ហ្គីណេ។ ក្នុង​រយៈពេល​មិន​ដល់ ១ឆ្នាំ​ស្រួល​បួល​ផង ម៉ាលី និង​បួគីណាហ្វាសូ​បាន​ស្គាល់​រដ្ឋប្រហារ​យោធា​ដល់​ទៅ ២ដង។ ខណៈ​នេះ ប្រទេស​ទាំង ៣ ត្រូវ​បាន​សេដេអាអូ​ព្យួរ​សមាជិកភាព​បណ្តោះអាសន្ន​ដោយ​រង់ចាំ​ការ​វិល​ត្រឡប់​ទៅ​រក​ផ្លូវ​ប្រជាធិបតេយ្យ​ឡើង​វិញ។

គួរ​បញ្ជាក់​ថា អស់​រយៈពេល​ជា​ច្រើន​ខែ​ដែល​សេដេអាអូ​បាន​ដាក់​គំនាប​លើ​មេដឹកនាំ​របបសឹក​នៅ​ម៉ាលី បួគីណាហ្វាសូ និង​ហ្គីណេ​ឲ្យ​ប្រគល់​អំណាច​ទៅ​ឲ្យ​ស៊ីវិល​ឲ្យ​បាន​ឆាប់​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន។ នៅ​ម៉ាលី ប្រធាន​គណៈកម្មការ​សេដេអាអូ​លោក​អូម៉ារ តួរ៉េ​បាន​អំពាវនាវ​ឲ្យ​របបសឹក​គោរព​ត្រឹមត្រូវ​នូវ​ពាក្យ​សន្យា​របស់​ខ្លួន​ក្នុង​ការ​នាំ​ប្រទេស​ឲ្យ​ត្រឡប់​ចូល​ផ្លូវ​ធម្មនុញ​របស់​ប្រទេស​ឡើង​វិញ។ នៅ​ហ្គីណេ លោក​តួរ៉េ​បាន​អំពាវនាវ​ឲ្យ​របបសឹក​ធ្វើ​ការ​ជាមួយ​គ្រប់​គណបក្ស​នយោបាយ និង​សង្គមស៊ីវិល​ដើម្បី​ស្វែង​រក​នីតិវិធី​មួយ​ក្នុង​ការ​ប្រគល់​អំណាច​ទៅ​ឲ្យ​ស៊ីវិល។ លោក​តួរ៉េ​យល់​ថា បើ​កិច្ចសន្ទនា​រវាង​ក្រុម​យោធា គណបក្សនយោបាយ និង​សង្គមស៊ីវិល​មិន​អាច​ធ្វើ​បាន​នៅ​ក្នុង​ទឹកដី​ហ្គីណេ​បាន​ទេ របបសឹក​ត្រូវ​តែ​ពិនិត្យ​លើ​លទ្ធភាព​ពី​ការ​បើក​កិច្ចសន្ទនា​នេះ​នៅ​ក្នុង​ប្រទេស​ផ្សេង​ដែល​ជា​សមាជិក​របស់​សេដេអាអូ។

ក្រៅ​ពី​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​របស់​ប្រទេស​សមាជិក សេដេអាអូ​ក៏​បាន​សម្តែង​ក្តី​បារម្ភ​ពី​ជម្លោះ​រវាង​ប្រទេស​សមាជិក​ខ្លះ​ដែរ ពិសេស​រវាង​ប្រទេស​ម៉ាលី និង​កូដឌីវ័រ។ រឿងរ៉ាវ​ដែល​សេដេអាអូ​កំពុង​ចាប់​អារម្មណ៍​ខ្លាំង​ពេល​នេះ គឺ​អ្នក​ទោស​ទាហាន​កូដឌីវ័រ​ចំនួន ៤៦នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ប្រទេស​ម៉ាលី។ នៅ​ក្នុង​រឿងរ៉ាវ​មួយ​នេះ សេដេអាអូ​បាន​ទាមទារ​ឲ្យ​របបសឹក​ម៉ាលី​ដោះលែង​អ្នកទោស​ទាហាន​កូដឌីវ័រ​ទាំង ៤៦នាក់​ឲ្យ​បាន​មុន​ថ្ងៃទី១ មករា ឆ្នាំ ២០២៣។ បើ​ពុំ​នោះ​សោត​ទេ សេដេអាអូ​នឹង​ចាត់​វិធានការ​ដាក់​ទណ្ឌកម្ម​លើ​របបសឹក​ម៉ាលី។

សរុប​មក សេដេអាអូ​យល់​មិន​ខុស​ទេ​ថា មាន​តែ​ខ្លួន​ទីពឹង​ខ្លួន​តាម​រយៈ​ការ​បង្កើត​កម្លាំង​តំបន់​ទើប​គេ​អាច​ចូលរួម​ដោះស្រាយ​បញ្ហា​តំបន់ និង​បញ្ហា​របស់​ប្រទេស​សមាជិក​ដោយ​មិន​ចាំ​បាច់​ពឹង​អ្នក​ក្រៅ។ តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​កម្លាំង​តំបន់​មួយ​នេះ​នឹង​មាន​ប្រសិទ្ធិភាព និង​មាន​ទឹកមាត់​ប្រៃ​កម្រិត​ណា​នៅ​ឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ