អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើពិភពលោកអាចឆ្លងកាត់វិបត្តិសកលធំៗនាពេលបច្ចុប្បន្ន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ត្រឹមរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ពិភពលោកបានប្រឈមនូវវិបត្តិយ៉ាងច្រើនជាបន្ដបន្ទាប់ និងដំណាលគ្នា។ វិបត្តិជំងឺកូវីដ១៩ វិបត្តិសង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន វិបត្តិនៃការកើនឡើងតម្លៃថាមពល វិបត្តិស្បៀងអាហារពិភពលោក និងវិបត្តិនៃការកើនឡើងភាពក្រីក្រសកល។ នេះគេនៅមិនទាន់រាប់បញ្ចូលវិបត្ដិសកលដ៏ធំបំផុតនៃការប្រែប្រួលអាកាសធាតុ។ តើពិភពលោកអាចឆ្លងកាត់វិបត្តិទាំងនេះបានដែរឬទេ?

តើពិភពលោកអាចឆ្លងកាត់វិបត្តិសកលធំៗនាពេលបច្ចុប្បន្ន? ​
តើពិភពលោកអាចឆ្លងកាត់វិបត្តិសកលធំៗនាពេលបច្ចុប្បន្ន? ​ AP
ផ្សាយពាណិជ្ជកម្ម

ពិភពលោក​ក្នុង​ពេល​បច្ចុប្បន្នកំពុង​ជួប​ប្រទះ​នូវបញ្ហា​ជា​ច្រើន​ក្នុង​ពេល​តែ​មួយ​ រួម​មាន​ វិបត្តិជំងឺ​កូវីដ​១៩ វិបត្តិសង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ការកើនឡើងកម្រិតអតិផរណា កង្វះ​ស្បៀងអាហារ និង​បញ្ហាដ៏ធំបំផុតនៃការ​ឡើង​កំដៅ​ផែនដី។ រួម​បញ្ចូលបញ្ហាទាំង​អស់​ ពិភពលោកកំពុងត្រូវគំរាមកំហែងយ៉ាងខ្លាំង និងមានហានិភ័យខ្ពស់។ តើពិភពលោកអាចឆ្លងកាត់វិបត្តិសកលធំៗនាពេលបច្ចុប្បន្នបានដែរឬទេ?

វិបត្តិជំងឺកូវីដ១៩

ត្រឹមរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ពិភពលោកបានប្រឈមនូវវិបត្តិយ៉ាងច្រើនបន្ដបន្ទាប់គ្នា និងដំណាលគ្នា។ ជំងឺរាតត្បាតកូវីដ១៩ត្រូវបានកំណត់អត្តសញ្ញាណដំបូង នៅទីក្រុងវូហាន ប្រទេសចិន ក្នុងខែធ្នូ ឆ្នាំ២០១៩។ ជំងឺនេះបានរីករាលដាលទៅកាន់ពិភពលោកទាំងមូល។ គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ជំងឺនេះបានបណ្តាលឱ្យមានអ្នកឆ្លងជាង៦រយលាន៥៦ម៉ឺននាក់ និងមានអ្នកស្លាប់ចំនួនជាង៦,៧លាននាក់ ដែលធ្វើឱ្យជំងឺនេះក្លាយជាវិបត្តិជំងឺមួយក្នុងចំណោមវិបត្តិជំងឺដែលធ្វើឱ្យមនុស្សស្លាប់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ។

ជំងឺនេះបង្កឱ្យមានវិបត្តិធ្ងន់ធ្ងរដល់សង្គម និងសេដ្ឋកិច្ចនៅជុំវិញពិភពលោក។ វាជាវិបត្តិសេដ្ឋកិច្ចសកលដ៏ធំបំផុតចាប់តាំងពីវិបត្តិសេដ្ឋកិច្ចឆ្នាំ១៩២៩។ ពិភពលោកត្រូវប្រឈមកង្វះខាតការផ្គត់ផ្គង់សកល រួមទាំងការខ្វះខាតស្បៀងអាហារ។ ការបិទប្រទេសក្នុងកម្រិតទ្រង់ទ្រាយធំ និងជាកម្រិតសកលមិនធ្លាប់មានត្រូវកើតឡើង។ វិបត្តិក៏បង្កផលប៉ះពាល់ដល់ការបិទសាលារៀន ការផ្សព្វផ្សាយព័ត៌មានមិនពិត វិបត្តិនយោបាយ បញ្ហានៃការរើសអើងពូជសាសន៍ និងវិបត្តិតុល្យភាពរវាងតម្រូវការសុខភាពសាធារណៈ និងសិទ្ធិបុគ្គល។

វិបត្តិសង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន

សង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនបានអូសបន្លាយជិត១០ខែ ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ និងបានបង្កផលប៉ះពាល់យ៉ាងច្រើនលើសេដ្ឋកិច្ចពិភពលោក ការជំរុញឱ្យមានការឡើងថ្លៃទំនិញជាទូទៅ និងថាមពល ក៏ដូចជាវិបត្តិស្បៀងអាហារសកល។ របាយការណ៍ចុងក្រោយក៏បង្ហាញអំពីផលប៉ះពាល់លើភាពក្រីក្រ និងទំនិញសកលកើនឡើងតម្លៃផងដែរ។

អង្គការសហប្រជាជាតិបានលើកឡើងថា សង្រ្គាមឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនអាចរុញច្រានមនុស្សរហូតដល់ ៤៩លាននាក់ឱ្យធ្លាក់ចូលទៅក្នុងស្ថានភាពក្រីក្រទុរភិក្ស ដោយសារតែឥទ្ធិពលដ៏អាក្រក់របស់វាទៅលើការខ្សែច្រវាក់នៃការផ្គត់ផ្គង់ និងតម្លៃស្បៀងអាហារពិភពលោក នៅក្នុងពេលដែលពិភពលោកធ្លាប់ត្រូវព្រមានអំពីវិបត្តិអសន្តិសុខស្បៀងរួចទៅហើយ តាំងពីមុនសង្គ្រាមនេះ។

ទីបញ្ចប់របស់សង្គ្រាមនេះហាក់មិនទាន់មិនពន្លឺនៅឡើយ។ គ្មាននរណាអាចដឹងប្រាកដថា សង្គ្រាមនេះនឹងទៅជាយ៉ាងណាពិតប្រាកដទេ។ ផ្អែកតាមអ្នកជំនាញ ទីបញ្ចប់នៃសង្គ្រាមលើកត្តាច្រើន មិនត្រឹមតែអាស្រ័យលើសកម្មភាព និងការសម្រេចចិត្តរបស់រុស្ស៊ី និងអ៊ុយក្រែនខ្លួនឯងផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែវាអាស្រ័យទៅលើកត្តាផ្សេងៗ ជាពិសេស សកម្មភាព និងការសម្រេចចិត្តរបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។

បញ្ហាអតិផរណានៃ​សេដ្ឋកិច្ច និងបញ្ហាកង្វះខាតស្បៀងអាហារសកល

យោងតាមកាសែត TIME ពិភពលោកបច្ចុប្បន្នកំពុងប្រឈមនឹងការកើនឡើងខ្លាំងនៃអត្រាអតិផរណា។ ការកើនឡើងតម្លៃម្ហូបអាហារ និងថាមពល រួមមាន ឧស្ម័ន និងប្រេងឥន្ទនៈ បាន​កើនឡើងយ៉ាងខ្លាំងនៅក្នុងទ្វីបអាស៊ី។

មិនខុសពីសហរដ្ឋអាមេរិក និងអឺរ៉ុបដែលកំពុងប្រឈមទល់នឹងការកើនឡើងថ្លៃទំនិញខ្លាំង ក្នុងអត្រាខ្ពស់បំផុតមិនធ្លាប់មាន នៅក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយ នៅអាស៊ីឯណោះវិញ តម្លៃទំនិញជាទូទៅក៏កំពុងកើនឡើងផងដែរ។ វិបត្តិសង្គ្រាមរុស្ស៊ីអ៊ុយក្រែនដែលបង្កឱ្យតម្លៃថាមពលកើនឡើង និងវិបត្តិកូវិដ១៩នៅចិនដែលបង្អាក់ដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល គឺជាមូលហេតុចម្បងនៃវិ​បត្តិឡើងថ្លៃទំនិញ នៅអាស៊ី នាពេលបច្ចុប្បន្ន។

នាពេលបច្ចុប្បន្ន ពិភពលោកកាន់តែត្រូវប្រឈមទល់នឹងវិបត្តិនៃការកើនឡើងតម្លៃស្បៀងអាហារ និងការកើនឡើងអត់ឃ្លានសកល។ នេះបើយោងតាមការចេញផ្សាយរបស់ធនាគារពិភពលោក (World Bank)។ វិបត្តិអសន្ដិសុខស្បៀងអាហារកំពុងតែវាយប្រហារយ៉ាងខ្លាំងទៅលើប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍យ៉ាងច្រើន។

ប្រទេស​ដែល​រង​គ្រោះ​បំផុត​គឺ​ជា​ប្រទេស​ដែល​ក្រីក្រ​ជាង​គេ​ ហើយ​ប្រវត្តិសាស្រ្ត​ក៏​បាន​បង្ហាញ​ផងដែរ​ថា​ ភាពអត់ឃ្លាន​អាចធ្វើឲ្យមានវិបត្តិសង្គម និងវិបត្តិនយោបាយ​កើត​ឡើង​យ៉ាង​ឆាប់​រហ័ស។ ប្រទេសជាច្រើន ជាពិសេស បណ្ដាប្រទេសនៅតំបន់អាហ្វ្រិក តួយ៉ាង ប្រទេសស៊ូដង់ខាងត្បូង នីហ្សេរីយ៉ា អ៊ីត្យូពី អេត្យូពី អេហ្ស៊ីប យេម៉ែន សូម៉ាលី កេនយ៉ា គីណាហ្វាសូ ម៉ាលី និងនីហ្សេរីយ៉ា បាននិងកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ។

ផលប៉ះពាល់នៃការឡើងកំដៅផែនដី

ក្រៅពីវិបត្តិសកលខាងលើ គេនៅមិនទាន់រាប់បញ្ចូលនូវ វិបត្ដិដ៏ធំបំផុតផ្សេងទៀត តួយ៉ាង វិបត្តិនៃការប្រែប្រួលអាកាសធាតុ។ វិបត្តិនឹងក្លាយជាវិបត្តិមនុស្សជាតិដ៏ធំបំផុតនៅថ្ងៃអនាគត។ យោងតាមការចេញផ្សាយរបស់កាសែត The Washington Post ពិភពលោកកំពុងប្រឈមមុខនឹងកម្ដៅផែនដីកើនឡើងលឿនជាងការរំពឹងទុកឆ្ងាយ ហើយការកើនឡើងកម្ដៅអាចទៅហួសកម្រិតប្រកាសអាសន្នក្នុងពេលឆាប់ៗខាងមុខ។ វាជាចំណុចដែលអ្នកជំនាញហៅថា ចំណុចហួសហើយមិនអាចត្រលប់វិញបាន។

តើពិភពលោកអាចសហការគ្នា ឬដួលរលំទាំងអស់គ្នាប្រឈមការគំរាមកំហែងសកលទាំងនេះ?

វិបត្តិជំងឺ​កូវីដ​១៩ វិបត្តិសង្គ្រាម ការកើនឡើងអតិផរណា កង្វះ​ស្បៀងអាហារ និង​បញ្ហាធំបំផុតនៃការ​ឡើង​កំដៅ​ផែនដី បង្ហាញ​យ៉ាង​ច្បាស់ថា បញ្ហា​ទាំងអស់​នៅ​លើ​ពិភព​លោក​មាន​ការ​ពាក់ព័ន្ធ​គ្នា​យ៉ាង​ខ្លាំង ដូច្នេះ​ដំណោះស្រាយក៏ត្រូវពាក់ព័ន្ធគ្នាពីប្រទេសមួយទៅប្រទេសមួយ និងពិភពលោកទាំងមូលផងដែរ។ នាពេលកន្លង គេសង្កេតឃើញថា ការបេជ្ញាសហការគ្នាដើម្បីដោះស្រាយបញ្ហាសកលនានាបានត្រឹមតែជាការសន្យា ប៉ុន្តែការសន្យាដ៏ធំនេះមិនទាន់ក្លាយជាគោលនយោបាយអនុវត្តជាក់ស្ដែងនៅឡើយទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ