អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីតំបន់អាកទិកអាចក្លាយជាចំណុចក្តៅនៃភូមិសាស្រ្តនយោបាយ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កន្លងមក តំបន់​មហាសមុទ្រ​ទឹកកក​អាកទិក​ធ្លាប់​ជា​​តំបន់​ដែល​បើក​ផ្លូវ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ សូម្បីរវាង​ប្រទេស​ជា​គូប្រជែង​ខាង​ភូមិសាស្រ្តនយោបាយ ជាពិសេស កិច្ចសហប្រតិបត្តិការ​ខាង​ការ​ស្រាវជ្រាវ​វិទ្យាសាស្រ្ត។ ក៏ប៉ុន្តែ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ អាកទិក​កំពុងតែ​ប្រែក្លាយ​ជា​តំបន់​ប្រកួតប្រជែងគ្នា​កាន់តែ​ខ្លាំង។ តើ​មានកត្តា​អ្វីខ្លះ ដែល​នាំ​ឲ្យ​មាន​ការ​ប្រកួតប្រជែងគ្នា​នៅ​ក្នុង​តំបន់​អាកទិក​នេះ?

ប្រព័ន្ធមីស៊ីល​របស់​រុស្ស៊ី នៅ​ក្នុង​ការ​ធ្វើ​សមយុទ្ធ នៅ​តំបន់​អាកទិក កាល​ពី​ដើម​ឆ្នាំ២០២២
ប្រព័ន្ធមីស៊ីល​របស់​រុស្ស៊ី នៅ​ក្នុង​ការ​ធ្វើ​សមយុទ្ធ នៅ​តំបន់​អាកទិក កាល​ពី​ដើម​ឆ្នាំ២០២២ AP
ផ្សាយពាណិជ្ជកម្ម

​ការ​ប្រជែងគ្នា នៅ​ក្នុង​តំបន់​មហាសមុទ្រ​ទឹកកក​​អាកទិក​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​​​នេះ​កំពុង​កើតមាន​ឡើង រវាង​ប្លុក​ពីរ គឺ​ម្ខាង​អាមេរិក និង​បក្សសម្ព័ន្ធ​អូតង់ និង​ម្ខាងទៀត រុស្ស៊ី​និង​ចិន ​ហើយ​កត្តា​ចម្បង​បំផុត ដែល​ធ្វើ​​ឲ្យ​តំបន់​​​អាកទិក​​ត្រូវ​​ក្លាយ​ជា​តំបន់​នៃ​ការ​ប្រកួតប្រជែងគ្នា​កាន់តែ​ខ្លាំង បែបនេះ គឺ​មកពី​ការកើនឡើង​កម្តៅ... ទាំង​កម្តៅ​ភូមិសាស្រ្ត​នយោបាយ និង​កម្តៅ​អាកាសធាតុ។

ការប្រឈមមុខផ្នែកយោធា រវាង​រុស្ស៊ី និង​អូតង់

ខាងផ្នែក​ភូមិសាស្រ្ត​នយោបាយ យើងសង្កេតឃើញ​ថា ​​ទំនាក់ទំនង រវាង​រុស្ស៊ី និង​សហរដ្ឋ​អាមេរិក ក៏ដូចជា ជាមួយ​បក្សសម្ព័ន្ធ​អូតង់​ ​បាន​ឆ្លងកាត់​នូវ​ភាព​ រកាំរកូស​គ្នា​យ៉ាងច្រើន​​​​រួចទៅហើយ តាំង​ពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ។ ហើយ​ចាប់តាំង​ពី​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន កាល​ពីខែ​កុម្ភៈ​កន្លងទៅ ការប្រឈម​មុខដាក់គ្នា រវាង​អតីត​គូសត្រូវ​នៃ​សង្គ្រាម​ត្រជាក់​នេះ ក៏​ត្រូវ​កើនឡើង​កាន់តែ​ខ្លាំង​មិនធ្លាប់​មាន​ចាប់តាំង​ពី​ក្រោយ​សង្គ្រាម​ត្រជាក់។

ជាមួយនឹង​ការ​ប្រឈមមុខដាក់គ្នា ទាំង​ខាងផ្នែក​ការទូត សេដ្ឋកិច្ច និង​យោធា នៅ​ក្នុង​សង្គ្រាម​អ៊ុយក្រែន​ កិច្ចសហប្រតិបត្តិការ​​រវាង​រុស្ស៊ី​និង​ប្រទេស​លោក​ខាងលិច ត្រូវ​បាន​កាត់ផ្តាច់​ស្ទើរតែ​គ្រប់​វិស័យ​ទាំងអស់ ក្នុងនោះ​ក៏មាន​ដែរ កិច្ចសហប្រតិបត្តិការ​នៅ​ក្នុង​តំបន់​អាកទិក ទាំង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី នៅ​ក្នុង​គម្រោង​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្រ្ត និង​ទាំង​កិច្ចសហប្រតិបត្តិការ​ខាង​ផ្នែក​នយោបាយ នៅ​ក្នុង​ក្របខណ្ឌ​ក្រុមប្រឹក្សា​ប្រទេស​អាកទិក។

គួរបញ្ជាក់ថា នៅ​ក្នុង​ក្រុមប្រឹក្សា​ប្រទេស​អាកទិក មាន​ប្រទេស​ជា​សមាជិក​ចំនួន ៨ប្រទេស ដែល​សុទ្ធសឹងជា​ប្រទេស​មាន​ព្រំដែន​ជាប់​សមុទ្រ​អាកទិក ដោយ​នៅ​ក្នុងនោះ ក្រៅពី​រុស្ស៊ី គឺ​មាន​ប្រទេស​ចំនួន ៥ ជា​សមាជិក​បក្ស​សម្ព័ន្ធ​អូតង់ (អាមេរិក កាណាដា អ៊ីស្លង់ ដាណឺម៉ាក និង​ន័រវែស) ចំណែក​ប្រទេស​ពីរទៀត គឺ​ហ្វាំងឡង់ និង​ស៊ុយអែត ​ធ្លាប់​ជា​ប្រទេស​អព្យាក្រឹត ក៏ប៉ុន្តែ​ កំពុងតែ​ស្វះស្វែង​ចូល​ជា​សមាជិក​បក្សសម្ព័ន្ធ​អូតង់​​ ក្រោយ​ពី​រុស្ស៊ី​ចូល​ឈ្លានពានអ៊ុយក្រែន។

នៅពេលដែល​ហ្វាំងឡង់ និង​ស៊ុយអែត​បាន​ចូល​ជា​សមាជិក​ពេញលេញ​របស់​បក្សសម្ព័ន្ធអូតង់ វាមានន័យថា នៅក្នុងចំណោម​ប្រទេស​ជាប់​តំបន់​អាកទិក​នេះ ក្រៅតែ​ពី​រុស្ស៊ី​មួយ​ចេញ ប្រទេស ៧ផ្សេងទៀត គឺ​សុទ្ធសឹង​ជា​ប្រទេស​ក្នុង​បក្សសម្ព័ន្ធ​អូតង់​ទាំងអស់។ ព្រំដែន​របស់​អូតង់ នៅ​ក្នុង​តំបន់​អាកទិក​ក៏​នឹង​ត្រូវ​ពង្រីក​ធំជាងមុន ហើយ​ក្នុងពេល​ជាមួយគ្នា រុស្ស៊ី និង​អូតង់​ក៏​កំពុងតែ​ប្រឈមមុខដាក់គ្នា​យ៉ាងខ្លាំង​ស្រាប់ នៅ​ក្នុង​សង្គ្រាមអ៊ុយក្រែន។ នេះគឺ​ជាកត្តា​​មួយ ដែល​អាច​​ជំរុញ​ឲ្យ​មាន​ការ​ប្រឈមមុខដាក់គ្នា​ខាង​ផ្នែក​យោធា​ នៅ​ក្នុង​តំបន​់អាកទិក។

បន្ថែម​ពីលើ​នេះ មានកត្តាមួយ​ទៀត ដែល​ជំរុញ​ឲ្យ​មាន​ការ​ប្រជែងគ្នា​ក្នុង​តំបន់​អាកទិក​នេះដែរ គឺ​ការ​ឡើងកម្តៅផែនដី ដែល​នឹង​ធ្វើ​ឲ្យ​ផ្ទាំងទឹកកក​នៅ​ក្នុង​តំបន់​មហាសមុទ្រ​អាកទិក​ត្រូវ​រលាយ ហើយ​ធ្វើ​ឲ្យ​តំបន់​ដាច់ស្រយាល​មួយ​នេះ នឹង​ត្រូវ​ក្លាយ​ជា​តំបន់​ប្រកប​ដោយ​សក្តានុពល។

សក្តានុពល​​ខាង​ផ្នែក​នាវាចរណ៍

បច្ចុប្បន្ន​នេះ ការធ្វើនាវាចរណ៍​ឆ្លងកាត់​តាម​តំបន់​មហាសមុទ្រ​ទឹកកក​អាកទិក គឺ​ជា​រឿង​មួយ​ស្មុគស្មាញខ្លាំង ដោយ​គេ​ចាំបាច់​ត្រូវ​ប្រើ​នាវាពិសេស ដើម្បី​ពុះជ្រែក​ផ្ទាំងទឹកកក។ ហេតុដូច្នេះហើយ​បាន​ជា​នៅ​ក្នុង​ការ​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ ពី​តំបន់​អាស៊ី ទៅកាន់​តំបន់​អឺរ៉ុប និង​អាមេរិក គេ​ចាំបាច់​ត្រូវ​ធ្វើ​ដំណើរ​វាង​ចុះ​ទៅ​ទិស​ខាង​ត្បូង ឆ្លងកាត់​តាម​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ច្រកសមុទ្រ​ម៉ាឡាកា មហាសមុទ្រ​ឥណ្ឌា និង​បន្ទាប់​មក​ទៀត ឆ្លង​កាត់​ព្រែកជីកស៊ុយអេ ទៅ​កាន​់សមុទ្រ​មេឌីទែរ៉ាណេ រួចហើយ​ឆ្លងកាត់​តាម​ច្រក​សមុទ្រ​​ហ្ស៊ីប្រាល់តា មុននឹង​ចាក់ចេញ​ទៅ​មហាសមុទ្រ​អាត្លង់ទិក។

ប្រសិនបើ​ផ្ទាំងទឹកកក​ត្រូវរលាយ តំបន់​មហាសមុទ្រ​អាកទិក​នឹង​ត្រូវ​ក្លាយ​ជា​ផ្លូវ​នាវាចរណ៍​មួយ​ដ៏​សំខាន់ សម្រាប់​ការ​ដឹកជញ្ជូន​​តាមផ្លូវ​សមុទ្រ ទាំង​ការ​ដឹកជញ្ជូន​​ធនធាន​ធម្មជាតិ ក៏ដូចជា​ការ​ដឹកជញ្ជួន​ទំនិញ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ ដោយ​ក្នុង​ករណីខ្លះ ការធ្វើដំណើរកាត់​តាម​តំបន់​អាកទិក​នេះ​​អាចជួយ​​កាត់បន្ថយ​ចម្ងាយ​ផ្លូវ​រហូតដល់​ទៅ​ ៤០% ឯណោះ បើ​ប្រៀបធៀប​នឹង​​​ផ្លូវ​នាវាចរណ៍​បច្ចុប្បន្ន។

សក្តានុពល​ធនធាន​ធម្មជាតិ

បច្ចុប្បន្ន​នេះ គេ​ប៉ាន់ស្មាន​ថា នៅ​ក្នុង​តំបន់​មហាសមុទ្រ​អាកទិក​ មាន​ស្តុក​ធនធាន​ប្រេង​ប្រមាណ​ជា ១៣% នៃ​​ធនធានប្រេង​សរុប​នៅ​ទូទាំង​ពិភពលោក ចំណែក​ឧស្ម័ន​ធម្មជាតិ​វិញ មាន​រហូតដល់​ទៅ​ប្រមាណ​ជា ៣០% បូករួម​ជាមួយ​នឹង​ធនធាន​រ៉ែជាច្រើន​ផ្សេងទៀត ក្នុងនោះ ក៏​មាន​ដែរ​រ៉ែ​លោហៈ​ ដែល​ជា​វត្ថុធាតុដើម​សំខាន់ៗ សម្រាប់​វិស័យ​បច្ចេកវិទ្យា​អេឡិចត្រូនិក។

ជាមួយនឹង​ការ​ឡើងកម្តៅផែនដី ដែល​ធ្វើ​ឲ្យ​ផ្ទាំងទឹកកក​ត្រូវ​រលាយ ធនធាន​ធម្មជាតិ ដែល​គិតមកទល់នឹង​ពេលនេះ ត្រូវ​កប់​ក្រោម​ផ្ទាំងទឹកកក​មិន​អាចឲ្យ​គេ​ធ្វើ​អាជីវកម្ម​បាន នឹង​ត្រូវ​ក្លាយ​ជា​ធនធានធម្មជាតិ​​ប្រកប​ដោយ​សក្តានុពល។

ទាំងអស់​នេះហើយ ដែល​ជាកត្តា​​ចម្បងៗ​ធ្វើ​​​ឲ្យ​តំបន់​អាកទិក​​ត្រូវ​គេ​ប្រជែង​គ្នា​ចង់​គ្រប់គ្រង ដើម្បី​ទាញ​យក​ផលប្រយោជន៍​រៀងៗ​ខ្លួន ដោយ​ការប្រជែងគ្នា​នេះ មិនមែន​កើតមាន​ឡើង​តែ​រវាង​ប្រទេស​មានព្រំដែន​ជាប់​ជាមួយ​នឹង​តំបន់​អាកទិក​តែ​ប៉ុណ្ណោះទេ។ ប្រទេសផ្សេងទៀត ជាពិសេស ប្រទេស​ចិន ក៏​​កំពុងតែ​សំឡឹងឃើញ​ផលប្រយោជន៍​​​នៅ​ក្នុង​តំបន់​អាកទិក​នេះ​ដែរ ហេតុដូច្នេះហើយ​បាន​ជា កាល​ពី​ខែ​កុម្ភៈ​កន្លងទៅ តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ មុនពេល​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន ចិន​ រួម​ជាមួយនឹង​​រុស្ស៊ី បាន​ចេញ​សេចក្តីថ្លែងការណ៍​រួមគ្នាមួយ ដោយ​សន្យា​ថានឹង​​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី នៅ​ក្នុង​ការ​អភិវឌ្ឍ​​ធនធាន​ក្នុង​តំបន់​អាកទិក ក៏ដូចជា​ការ​អភិវឌ្ឍ និង​ប្រើប្រាស់​ផ្លូវនាវាចរណ៍​ឆ្លងកាត់​តាម​តំបន់​អាកទិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ