អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើវិបត្តិអាកាសធាតុនិងជីវៈចម្រុះមានទំនាក់ទំនងនឹងគ្នាបែបណាខ្លះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

គិតមកទល់នឹង​សព្វថ្ងៃនេះ កិច្ចខិតខំប្រឹងប្រែង​ជាលក្ខណៈ​អន្តរជាតិ នៅ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​អាកាសធាតុ និង​វិបត្តិ​ជីវៈចម្រុះ ត្រូវ​បាន​ធ្វើឡើង នៅ​ក្នុង​ក្របខណ្ឌ​ដាច់ដោយឡែក​ពី​គ្នា។ ក៏ប៉ុន្តែ មាន​អ្នក​វិទ្យាសាស្រ្ត​កាន់តែ​ច្រើន​ឡើង អំពាវនាវ​ឲ្យ​ដាក់​បញ្ហា​នេះ​បញ្ចូលគ្នា ហើយ​ស្វែងរក​ដំណោះស្រាយ​រួមគ្នា ដោយសារ​តែ​គេ​យល់ថា វិបត្តិ​ទាំង​ពីរនេះ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិត​ដោយ​មិន​អាច​ផ្តាច់​ពីគ្នា​បាន។ តើ​វិបត្តិ​អាកាសធាតុ និង​វិបត្តិ​ជីវៈចម្រុះ​នេះ​ជាប់ទាក់ទងគ្នា​បែបណា​ខ្លះ?

Cypress trees and salvinia floating on the water is seen at water level  in a cypress swamp, which adjoins marsh that stretches to the Gulf of Mexico, in Barataria Preserve, part of Jean Lafitte National Park and Reserve, outside Lafitte, La. This bay that was the scene of the first startling images of oil-caked birds already has shoots of marsh grass and mangroves growing back. The marsh is healing itself.
Cypress trees and salvinia floating on the water is seen at water level in a cypress swamp, which adjoins marsh that stretches to the Gulf of Mexico, in Barataria Preserve, part of Jean Lafitte National Park and Reserve, outside Lafitte, La. This bay that was the scene of the first startling images of oil-caked birds already has shoots of marsh grass and mangroves growing back. The marsh is healing itself. ASSOCIATED PRESS - Gerald Herbert
ផ្សាយពាណិជ្ជកម្ម

អស់រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ ដែល​វិបត្តិ​អាកាសធាតុ និង​វិបត្តិ​ជីវៈចម្រុះ ត្រូវ​បាន​គេ​ដាក​់នៅ​ក្នុង​យន្តការ​អន្តរជាតិ​​ពីរ​ដាច់ពី​គ្នា គ្រប់គ្រង​ដោយ​អនុសញ្ញា​អន្តរជាតិ​ពីរ​ផ្សេងគ្នា ចរចាក្នុង​សន្និសីទ​ប្រចាំឆ្នាំ​ពីរផ្សេងគ្នា ហើយ​មាន​ក្រុម​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​ពីរ​ដាច់​ពី​គ្នា។

ខាង​ផ្នែក​អាកាសធាតុ គ្រប់គ្រង​ដោយ​​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិស្តីពី​ការប្រែប្រួល​អាកាសធាតុ (United Nations Framework Convention on Climate Change) ដែល​នៅ​ឆ្នាំ២០២២​នេះ បាន​បើក​ធ្វើ​សន្និសីទ​ប្រចាំឆ្នាំ​ ហៅកាត់​ថា COP27 នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប ហើយ​មាន​ក្រុមអ្នកជំនាញ​​អន្តររដ្ឋាភិបាល​ខាង​អាកាសធាតុ ហៅកាត់ថា IPCC (Intergovernmental Panel on Climate Change) ឬ​ហៅកាត់​ជា​ភាសា​បារាំងថា GIEC។

ខាងផ្នែក​ជីវៈចម្រុះវិញ គ្រប់គ្រង​ដោយ​អនុសញ្ញា​អ.ស.ប.​ស្តីពី​ជីវៈចម្រុះ (UN Convention on Biological Diversity) ដោយ​សន្និសីទ​ប្រចាំឆ្នាំ​២០២២​ ឬ COP15 ត្រូវ​បាន​​រៀបចំ​ធ្វើ​នៅ​ក្នុង​ទីក្រុង​ម៉ុងរេអាល់ ប្រទេស​កាណាដា ហើយ​មាន​ក្រុម​ជំនាញ​អន្តររដ្ឋាភិបាល​ខាង​ជីវៈចម្រុះ ហៅកាត់​​ជា​ភាសាអង់គ្លេស​ថា IPBES (Intergovernmental Science-Policy Platform on Biodiversity and Ecosystem Services)។

បច្ចុប្បន្ន​នេះ មានមតិជាច្រើន​លើកឡើង​ថា ​វិបត្តិ​អាកាសធាតុ និង​ជីវៈចម្រុះ មាន​ទំនាក់ទំនង​ប្រទាក់ក្រឡាគ្នា​ ហើយ​មាន​ឥទ្ធិពល​ទៅលើ​គ្នា​ទៅវិញទៅមក ដូច្នេះ គេ​មិនគួរ​ពុះចែក​បញ្ហា​នេះ​ជាពីរ​ដាច់ពី​គ្នា​បែបនេះនោះទេ។ ផ្ទុយ​ទៅវិញ វា​គួរតែ​ត្រូវ​ដោះស្រាយ​ព្រមគ្នា នៅ​ក្នុង​យន្តការ​តែមួយ ម្យ៉ាង ដើម្បី​ឲ្យវិធាន​ការ​នីមួយៗ​អាច​បំពេញ​បង្គ្រប់គ្នា​ទៅវិញទៅមក​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ហើយ​ម្យ៉ាងទៀត ដើម្បី​ចៀសវាង​កុំ​ឲ្យ​ដំណោះស្រាយ​ទៅលើ​វិបត្តិ​មួយ បែរទៅជា​រារាំង​ដំណោះស្រាយ ឬ​កាត់បន្ថយ​ប្រសិទ្ធភាព​នៃ​ដំណោះស្រាយ​របស់​វិបត្តិ​មួយទៀត។

ជាការពិត បើ​យើងមើល​ទៅលើ​របាយការណ៍​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ យើងឃើញ​ថា វិបត្តិ​អាកាសធាតុ និង​វិបត្តិ​ជីវៈចម្រុះ មាន​ដើមហេតុ​ចេញ​ពី​ប្រភពដូចគ្នា គឺ​ចេញ​ពី​សកម្មភាព​របស់​មនុស្ស​យើង ហើយ​ផលវិបាកវិញ​​ ក៏មាន​​មកលើ​មនុស្ស​យើង​​ដូចគ្នា។

វិបត្តិ​អាកាសធាតុ គឺ​កើតឡើង​ពី​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ដែលមាន​ប្រភព​ចេញ​ពី​ថាមពល​ផូស៊ីល​ (ប្រេង ឧស្ម័ន និង​ធ្យូងថ្ម) ដែល​មនុស្ស​យើង​ប្រើ​ជា​រៀងរាល់​ថ្ងៃ ទាំង​នៅ​ក្នុង​មធ្យោបាយ​ដឹកជញ្ជូន នៅ​ក្នុង​រោងចក្រផលិតអគ្គិសនី នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម និង​កសិកម្ម ក៏ដូចជា តាមរយៈ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ ដែល​ធ្វើ​ឲ្យ​ភពផែនដី​ត្រូវ​បាត់បង់​សមត្ថភាព​ក្នុងការ​ស្រូប​យក​ឧស្ម័ន​កាបូនិក​ពី​ក្នុង​បរិយាកាស។

វិបត្តិជីវៈចម្រុះ​​ក៏ដូចគ្នាដែរ គឺសុទ្ធសឹងតែ​បង្កឡើង​ដោយ​សកម្មភាព​របស់​មនុស្ស​យើង ដោយ​នៅ​ក្នុងរបាយការណ៍​ចេញផ្សាយ​កាល​ពី​ឆ្នាំ២០១៩​កន្លងទៅ ក្រុម​ជំនាញ​អន្តររដ្ឋាភិបាល​ខាង​ជីវៈចម្រុះ​បាន​លើកឡើង អំពី​កត្តា​ចំនួន ៥ ដែល​នាំ​ឲ្យ​មាន​វិបត្តិ​ជីវៈចម្រុះ ដោយ​កត្តា​ទាំង ៥នេះ សុទ្ធតែ​មាន​ជាប់ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​របស់​មនុស្ស​យើង​ទាំងអស់ ក្នុងនោះ រួមមាន ការប្រើប្រាស់​ដី​ដោយមិនត្រឹមត្រូវ និង​ការ​បំផ្លិចបំផ្លាញ​ ​ឬ​ការច្រៀក​ឲ្យ​ដាច់ពី​គ្នា​នៃ​ជម្រក​ជីវៈចម្រុះ ជាពិសេស តាមរយៈ​ការ​រានដីព្រៃ​ដើម្បី​យក​ទៅ​​ធ្វើ​កសិកម្ម ឬ​ការ​សាងសង់ ឬពង្រីក​ទីក្រុង, ការប្រើប្រាស់ធនធាន​ធម្មជាតិ ជាពិសេស ការបរបាញ់ ឬ​ការនេសាទ​​ច្រើន​ហួសហេតុ​​, ការទន្ទ្រានរាតត្បាត​នៃ​ប្រភេទ​សត្វ​ឬរុក្ខជាតិ​ក្រៅស្រុក (Invasive Species), ការបំពុល​បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ។

បើ​យើងមើល​ទៅ​លើ​កត្តា​អស់ទាំងនេះ យើងឃើញ​ថា វិបត្តិ​ជីវៈចម្រុះ និង​វិបត្តិ​អាកាសធាតុ មិនត្រឹមតែ​មាន​ដើមហេតុ​ចេញ​ពី​សកម្មភាព​របស់​មនុស្ស​ដូចគ្នា​នោះទេ ក៏ប៉ុន្តែ វា​ក៏​មាន​ឥទ្ធិពល​ទៅលើ​គ្នា​ទៅវិញទៅមក​ផងដែរ ពោលគឺ ការប្រែប្រួល​អាកាសធាតុ​អាច​ធ្វើ​ឲ្យជីវៈចម្រុះ​ត្រូវ​ខូចខាត​រិចរឹល​កាន់តែ​ខ្លាំង រីឯ​ការ​បាត់បង់​ជីវៈចម្រុះ​វិញ ក៏​អាច​ធ្វើ​ឲ្យ​វិបត្តិ​អាកាសធាតុ​កាន់តែ​ត្រូវ​ធ្លាក់ចុះ​ដុន​ដាប​ផងដែរ​ ជាពិសេស គឺ​ការ​បាត់បង់​លំនឹង​ប្រព័ន្ធ​អេកូឡូហ្ស៊ី នៅ​ក្នុង​សមុទ្រ ក្នុង​ដី និងក្នុង​​ព្រៃធម្មជាតិ ដែល​សុទ្ធតែ​ជា​កន្លែង​ស្តុក​កាបូន​យ៉ាងសំខាន់​នៅលើ​ភពផែនដី​របស់​យើង វា​អាច​នឹង​ធ្វើ​ឲ្យ​បរិមាណ​ឧស្ម័ន​កាបូនិក​នៅ​ក្នុង​បរិយាកាស​ត្រូវ​កើនឡើង ដែល​វា​ជាដើម​ហេតុ​ដ៏ចម្បង​បំផុត ដែល​នាំ​ឲ្យ​ភពផែនដី​របស់​យើង​ត្រូវ​ឡើង​កម្តៅ។

ជាក់ស្តែង អ្នក​វិទ្យាសាស្រ្ត​បាន​ប៉ាន់ស្មាន​ថា នៅ​ក្នុងករណី​​ភពផែនដី​ឡើ​ងកម្តៅ​ដល់​ ៣អង្សា ការ​ស្លាប់ផុតពូជ​សត្វ និង​រុក្ខជាតិ អាច​នឹ​ងមាន​អត្រា​កើនឡើង​​រហូតដល់​ទៅយ៉ាងតិច​ ១០ដង​ឯណោះ បើ​ធៀប​នឹង​​ករណី​ផែនដី​​ឡើងកម្តៅ​ត្រឹម ១,៥អង្សា។ ហើយ​បញ្ច្រាសមកវិញ គោលដៅ​ទប់ស្កាត់​ការឡើងកម្តៅផែនដី​ត្រឹម ១,៥​អង្សា​ ដែល​គេ​បាន​ដាក់ចេញ នៅ​ក្នុង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស កាល​ពី​ឆ្នាំ២០១៥​កន្លងទៅនេះ ក៏​គ្មាន​ផ្លូវនឹង​អាច​សម្រេច​បាន​នោះដែរ ប្រសិនបើ​គ្មាន​វិធានការ​ជាក់លាក់​និង​បន្ទាន់ ដើម្បី​ទប់ស្កាត់​ការបាត់បង់​ជីវៈចម្រុះ ព្រមទាំង​ស្តារ​ជីវៈចម្រុះ​ឡើងវិញ នៅ​ក្នុង​រយៈពេល​ប្រមាណ​ជា ១០ឆ្នាំ​ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ