អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីការកើនឡើងអតិផរណាប្រៀបបានដូចជាការយកពន្ធលើប្រជាជនទន់ខ្សោយបំផុត?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឆ្នាំ២០២២បានកន្លងផុតទៅ ហើយពិភពលោកកំពុងអបអរសាទរឆ្នាំ២០២៣។ ទោះជាយ៉ាងណា មានប្រជាជន និងបណ្ដាប្រទេសយ៉ាងច្រើននៅបន្ដប្រឈមមុខនឹងការកើនឡើងកម្រិតអតិផរណាខ្ពស់។ អតិផរណា សំដៅដល់ការឡើងថ្លៃទំនិញជាទូទៅ មិនមែនទំនិញមួយមុខ ឬពីរមុខនោះទេ។ នៅពេលអតិផរណាកើនឡើង នោះប្រជាជនដែលទន់ខ្សោយ និងមានប្រាក់ចំណូលទាបត្រូវរងគ្រោះបំផុត។ នាពេលបច្ចុប្បន្ន តម្លៃទំនិញកើនឡើងមិនមែនដោយសារតម្រូវការកើនឡើងនោះទេ ប៉ុន្តែវាកើតឡើងព្រោះពិភពលោកកំពុងខ្វះខាតការផលិតប្រភេទទំនិញដែលចាំបាច់សម្រាប់រស់នៅជាមូលដ្ឋាន។

ហេតុអ្វីការកើនឡើងអតិផរណាប្រៀបបានដូចជាការយកពន្ធលើប្រជាជនទន់ខ្សោយបំផុត?
ហេតុអ្វីការកើនឡើងអតិផរណាប្រៀបបានដូចជាការយកពន្ធលើប្រជាជនទន់ខ្សោយបំផុត? © Théo Conscience / RFI
ផ្សាយពាណិជ្ជកម្ម

ជាង១០ឆ្នាំមកហើយដែលពិភពលោកមិនសូវនិយាយអំពី អតិផរណា ឬការឡើងថ្លៃទំនិញជាទូទៅ។ ក៏ប៉ុន្តែ នាពេលបច្ចុប្បន្ន ក្រោយពីពិភពលោកប្រឈមទល់នឹងវិបត្តិផ្សេងៗ រួមមាន វិបត្តិជំងឺកូវីដ១៩តាំងពីចុងឆ្នាំ២០១៩ វិបត្តិសង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន វិបត្តិថាមពល និងវិបត្តិស្បៀងអាហារសកល ពាក្យថា “អតិផរណា” បានក្លាយជាបច្ចុប្បន្នភាពវិញ។

តួលេខផ្លូវការនៃការកើនឡើងអតិផរណា​ជុំវិញពិភពលោក

នៅឆ្នាំ២០២២ កម្រិតអតិផរណាបានកើននៅជុំវិញពិភពលោក។ តួលេខផ្លូវការបង្ហាញថា មានប្រទេសមិនតិចទេដែលបានមើលឃើញពីការកើនឡើងតម្លៃទំនិញ ៨% ឬច្រើនជាងនេះ នៅឆ្នាំ២០២២នេះ។ វិបត្តិអតិផរណានឹងធ្វើឱ្យទំនិញកាន់តែថ្លៃជាងមុន ដូចជា អាហារ ថាមពល សេវាសុខភាព និងការអប់រំ។

អតិផរណា សំដៅដល់ការឡើងថ្លៃទំនិញជាទូទៅ មិនមែនទំនិញមួយមុខ ឬពីរមុខនោះទេ។ នៅពេលអតិផរណាកើនឡើង នោះប្រជាជនដែលទន់ខ្សោយ និងមានប្រាក់ចំណូលទាបត្រូវរងគ្រោះបំផុត។ សម្រាប់ប្រជាជនទន់ខ្សោយទាំងនោះ ពួកគេគឺជាប្រជាជនដែលមិនអាចការពារប្រាក់ចំណូល និងទ្រព្យសម្បត្តិរបស់ពួកគេបានទេ។ ប្រាក់សោធននិវត្តន៍របស់អ្នកក្រីក្របំផុត និងប្រាក់ចំណូលរបស់ពួកគេត្រូវរងផលប៉ះពាល់ នៅពេលទំនិញកើនឡើងតម្លៃ។ ដូច្នេះ គេអាចសង្កេតឃើញអំពីការកើនឡើងនៃវិសមភាពសង្គម ឬគម្លាតរវាងអ្នកមាន និងអ្នកក្រ នៅក្នុងបណ្ដាប្រទេសនានាលើពិភពលោក។

មនុស្សរាប់រយលាននាក់កំពុងអត់ឃ្លាន ជាពិសេសប្រជាជននៅទ្វីបអាហ្រ្វិក។ យោងតាម កម្មវិធីស្បៀងអាហារពិភពលោក (WFP) ពិភពលោកប្រឈមនឹងវិបត្តិអត់ឃ្លានជាសកល ក្នុងកម្រិតមិនធ្លាប់មានពីមុនមក។ ក្នុងរយៈពេលត្រឹមតែពីរឆ្នាំប៉ុណ្ណោះ ចំនួនមនុស្សដែលប្រឈមមុខ ឬប្រឈមនឹងហានិភ័យនៃអសន្តិសុខស្បៀងធ្ងន់ធ្ងរ បានកើនឡើងពី១៣៥លាននាក់ នៅក្នុង៥៣ប្រទេស មុនការរាតត្បាតជំងឺកូវីដ១៩ ទៅដល់៣៤៥លាននាក់ក្នុង ៨២ប្រទេសនាពេលបច្ចុប្បន្ននេះ។

ហេតុអ្វីទំនិញឡើងថ្លៃជាទូទៅ?

នាពេលបច្ចុប្បន្ន មានមតិយ៉ាងច្រើនបានលើកឡើងថា អតិផរណាកើនឡើងគឺដោយសារតម្រូវការកើនឡើង។ នៅពេលមនុស្សកាន់តែច្រើនចង់បានទំនិញណាមួយ នោះទំនិញនោះនឹងឡើងថ្លៃ។ គេអាចមើលឃើញការលើកឡើងនេះពីមន្ត្រីរដ្ឋាភិបាលនៃប្រទេសយ៉ាងច្រើន។

ដូច្នេះហើយ ដើម្បីដោះស្រាយបញ្ហាអតិផរណា គេត្រូវតែធ្វើយ៉ាងណាដើម្បីកាត់បន្ថយតម្រូវការ ព្រោះថាតម្រូវការកើនឡើងនឹងធ្វើឱ្យទំនិញឡើងថ្លៃ។ យើងអាចឃើញថា ធនាគារកណ្តាលនៃសហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបបានប្រកាស និងអនុវត្តនយោបាយដំឡើងអត្រាការប្រាក់ ដើម្បីកាត់បន្ថយលទ្ធភាពខ្ចី និងកាត់បន្ថយតម្រូវការ ហើយចុងក្រោយ ដើម្បីកាត់បន្ថយអតិផរណា។

ក៏ប៉ុន្តែ ពិភពលោកបច្ចុប្បន្នមិនមែនកំពុងប្រឈមវិបត្តិតម្រូវការលើសតម្រូវការនោះទេ ប៉ុន្តែវាបណ្ដាលមកពីកង្វះការផ្គត់ផ្គង់ទៅវិញទេ។

ហេតុផលគន្លឹះ៖ កង្វះខាតការផ្គត់ផ្គង់

វិបត្តិអតិផរណាបច្ចុប្បន្នមិនជាប់ពាក់ព័ន្ធជាចម្បងនោះទេទៅនឹងតម្រូវការលើស ប៉ុន្តែវាពាក់ព័ន្ធទៅនឹងការផ្គត់ផ្គង់មិនគ្រប់គ្រាន់ ព្រោះថាពិភពលោកខ្វះខាតនូវទំនិញប្រើប្រាស់ចាំបាច់ជាមូលដ្ឋាន។ វាគឺជាកង្វះខាតដ៏ធ្ងន់ធ្ងរសម្រាប់ជីវិតរបស់មនុស្សជាតិទាំងអស់ មិនថានៅតំបន់អាស៊ី អឺរ៉ុប អាមេរិក ឬក៏នៅអាហ្វ្រិក។

អ្វីដែលខ្វះគឺអ្វីៗសម្រាប់បរិភោគ ហើយនិងអ្វីៗដែលយើងប្រើប្រាស់សម្រាប់ជីវិតមូលដ្ឋានរបស់យើង មិនថានៅសម័យទំនើប ឬសម័យបុរាណ។

នៅទូទាំងពិភពលោក មានការខ្វះខាតនូវស្រូវសាលី ជី ទឹក ប្រភពថាមពលកើតឡើងវិញពីពន្លឺព្រះអាទិត្យ ខ្យល់ ហើយនិងវត្ថុធាតុដើមផ្សេងៗទៀត សម្រាប់ការផលិតនូវទំនិញប្រើប្រាស់ចាំបាច់ជាមូលដ្ឋាន។

ជាលទ្ធផល ពិភពលោកមានការខ្វះខាតមធ្យោបាយផលិតសាច់ ទឹកផឹក និងទំនិញប្រើប្រាស់ចាំបាច់ជាមូលដ្ឋាននានា។ ក្នុងពេលជាមួយគ្នានេះ បែរជាយើងមានប្រភពធនធានច្រើនពេក សម្រាប់ឥន្ធនៈហ្វូស៊ីល ស្ករសិប្បនិម្មិត ថ្នាំសម្លាប់សត្វល្អិត និងធនធានមនុស្សដើម្បីធ្វើការងារទាំងអស់។

វិធានការទៅថ្ងៃអនាគត

សម្រាប់សព្វថ្ងៃនេះ និងទៅថ្ងៃអនាគត ពិភពលោកចាំបាច់ត្រូវផលិតឱ្យបានច្រើននូវអាហារធម្មជាតិ ទឹក ផ្លូវថ្នល់ សេវាអប់រំ សេវាសុខភាព សន្តិសុខ និងថាមពលកកើតឡើងវិញ។ ទង្វើនេះគឺជាដំណោះស្រាយពិតប្រាកដចំពោះបញ្ហាអាកាសធាតុ និងការប្រើប្រាស់របស់មនុស្សជាតិ។ អ្នកជំនាញខ្លះហៅវិស័យទាំងនេះថា “សេដ្ឋកិច្ចជីវិត”។

ដើម្បីធ្វើរឿងនេះបាន មនុស្ស និងស្ថាប័នគ្រប់កម្រិតត្រូវធ្វើវារួមគ្នា មិនថា ធនាគារកណ្តាល រដ្ឋាភិបាល ប្រជាជន និងក្រុមហ៊ុនឯកជន។ ក៏ប៉ុន្តែ បើការរួមគ្នានេះមិនអាចទៅរួច នោះពិភពលោកនឹងត្រូវប្រឈមនឹងវិបត្តិកាន់តែធ្ងន់ធ្ងរ ហើយថ្ងៃអនាគតនៃកង្វះខាតនៃទំនិញប្រើប្រាស់ជាមូលដ្ឋានប្រចាំថ្ងៃនឹងកាន់តែមានសភាពលំបាក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ