អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វិបត្តិភូមា៖ ដល់វេនឥណ្ឌូណេស៊ីដែលត្រូវប្រឈមនឹងបញ្ហាឈឺក្បាល

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងឆ្នាំ​២០២៣​នេះ ឥណ្ឌូណេស៊ី​គឺ​​ជាប្រធាន​​អាស៊ាន ដោយ​​ផ្លាស់វេន​បន្ត​ពី​កម្ពុជា ហើយ​ក្នុងឋានៈជាប្រធាន​អាស៊ាន មាន​បញ្ហា​ចម្បងៗ​មួយ​ចំនួន ដែល​ឥណ្ឌូណេស៊ី​នឹង​ត្រូវ​ប្រឈម រួមមាន​ជាអាទិ៍ ការបញ្ចូល​សមាជិកភាពថ្មី​របស់​ប្រទេស​ទីម័រខាងកើត បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ការប្រជែងអំណាច​រវាង​មហាអំណាច​​ចិន​និង​អាមេរិក ហើយ​​ជាពិសេស បញ្ហា​ដែល​នឹង​ធ្វើ​ឲ្យ​ឥណ្ឌូណេស៊ី​ឈឺក្បាល​ខ្លាំងជាងគេ គឺ​វិបត្តិ​ភូមា។

ប្រធានាធិបតី​ឥណ្ឌូណេស៊ី នៅពេល​ទទួល​ញញួរ​ពី​នាយករដ្ឋមន្រ្តី​កម្ពុជា ជានិមិត្តរូប​នៃ​ការ​ផ្ទេរ​ប្រធានផ្លាស់វេនអាស៊ាន
ប្រធានាធិបតី​ឥណ្ឌូណេស៊ី នៅពេល​ទទួល​ញញួរ​ពី​នាយករដ្ឋមន្រ្តី​កម្ពុជា ជានិមិត្តរូប​នៃ​ការ​ផ្ទេរ​ប្រធានផ្លាស់វេនអាស៊ាន AP - Anupam Nath
ផ្សាយពាណិជ្ជកម្ម

ឆ្នាំចាស់ផ្លាស់ចូល​ឆ្នាំថ្មី ប្រធានអាស៊ាន​ក៏​ត្រូវ​ផ្លាស់វេន​ថ្មី ពី​កម្ពុជា ទៅ​ឥណ្ឌូណេស៊ី ហើយ​ក្នុងពេល​ជាមួយគ្នា សំណុំរឿង​ដ៏​សែនឈឺក្បាល​មួយ​របស់​អាស៊ាន​ គឺ​វិបត្តិ​ភូមា ក៏​ត្រូវផ្លាស់ប្តូរដៃគ្នា​ទៅតាម​នោះផងដែរ។ បញ្ហា​ដែល​ជា​ចំណោទចាក់ស្រែះ​ដោះស្រាយ​មិនចេញ ចាប់តាំង​ពី​ព្រុយណេ​នៅ​ឆ្នាំ២០២១ និង​​កម្ពុជា​នៅ​ឆ្នាំ២០២២ ​ត្រូវ​ធ្លាក់មកក្នុងដៃឥណ្ឌូណេស៊ីវិញម្តង ដែល​​ត្រូវ​ស្វែងរក​ដំណោះស្រាយ។

គួរបញ្ជាក់ថា គិតមកទល់នឹង​ពេលនេះ គោលគំនិត​រួម​របស់​អាស៊ាន នៅ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​វិបត្តិ​ភូមា គឺ​ផ្តោត​ទៅលើ​គោលការណ៍ ៥ចំណុច ដែល​បាន​ព្រមព្រៀងគ្នា នៅ​ក្នុង​អំឡុង​កិច្ចប្រជុំពិសេស​នៅ​ក្នុង​ទីក្រុង​ហ្សារកាតា ប្រទេស​ឥណ្ឌូណេស៊ី កាល​ពីខែមេសា​ឆ្នាំ២០២១​កន្លងទៅ។ ក៏ប៉ុន្តែ ចាប់ពីពេលនោះមក វិបត្តិ​ភូមា​បាន​វិវត្ត​ទៅជា​ជម្លោះ​ប្រដាប់អាវុធ ដែល​អ្នក​ខ្លះ​ចាត់ទុក​ថា​ជា​សង្គ្រាមស៊ីវិល ចំណែក​មេដឹកនាំ​របបសឹកភូមា ក៏​បាន​ងាកចេញ​កាន់តែ​ឆ្ងាយ​ពី​គោលការណ៍ ៥ចំណុច ដែល​ភូមា​ខ្លួនឯងផ្ទាល់​បាន​ព្រមព្រៀង។

នៅ​ក្នុង​ស្ថានភាព​ជាប់គាំង​នេះ សំណួរ​ត្រូវ​ចោទឡើង​ថា តើ​ឥណ្ឌូណេស៊ី ក្នុងនាម​ជា​ប្រធានផ្លាស់វេន​អាស៊ាន​ឆ្នាំ២០២៣​នេះ អាច​ធ្វើ​អ្វីបាន?

យើងដឹង​ថា ឥណ្ឌូណេស៊ី គឺ​ជា​ប្រទេស​ដែល​ធ្លាប់​មាន​បទពិសោធន៍​ជោគជ័យ ក្នុងការ​ធ្វើកំណែទម្រង់​ប្រជាធិបតេយ្យ នៅក្រោយ​ការ​ដួលរលំ​នៃ​របបផ្តាច់ដឹកនាំ​ដោយ​លោក​ស៊ូហារតូ កាល​ពី​ឆ្នាំ១៩៩៨។ នៅ​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន ឥណ្ឌូណេស៊ី ក៏​ជា​ប្រទេស​​​ដ៏​មាន​ឥទ្ធិពល​មួយ​ផងដែរ។ លើសពីនេះ​ទៅទៀត ឥណ្ឌូណេស៊ី​ទើបនឹង​ទទួល​បាន​ជោគជ័យ​ នៅ​ក្នុងកា​រកាន់តំណែង​ជា​ប្រធាន​ក្រុមប្រទេស G20 កាល​ពី​ឆ្នាំ២០២២​កន្លងទៅ ជាពិសេស ជោគជ័យ​ក្នុងការ​សម្រុះសម្រួល​រកជំហរ​រួម នៅ​ក្នុង​សេចក្តីថ្លែងការណ៍ ទាក់ទង​នឹង​សង្គ្រាម​អ៊ុយក្រែន ដែល​ជា​បញ្ហា​ដ៏សែន​ចម្រូងចម្រាស រវាង​ប្រទេស​សមាជិក G20 ជាពិសេស រវាង​ម្ខាង​ អាមេរិក​និង​សម្ព័ន្ធមិត្ត​លោក​ខាងលិច និង​ម្ខាងទៀត រុស្ស៊ី ចិន និង​ឥណ្ឌា។

ទាំងនេះ អាច​រាប់ថា​ជា​ចំណុចវិជ្ជមាន សម្រាប់​ឥណ្ឌូណេស៊ី ក្នុងការ​កាន់តំណែង​ជា​ប្រធានអាស៊ាន នៅ​ឆ្នាំ២០២៣​នេះ។ ក៏ប៉ុន្តែ បើទោះជា​យ៉ាងនេះ​ក៏ដោយ វិបត្តិ​​ភូមា​នៅតែ​ជា​សំណុំរឿង​ឈឺក្បាល​មួយ សម្រាប់​ឥណ្ឌូណេស៊ី ម្យ៉ាង ដោយសារ​តែ​​​​របៀបធ្វើការ​តាមបែប​កុងសង់ស៊ុស​របស់​អាស៊ាន ហើយ​ប្រទេស​សមាជិក​អាស៊ាន​ក៏​​មាន​ជំហរ​ខ្វែងគ្នាច្រើន ទាក់ទង​នឹង​ចំណាត់ការ​ទៅលើ​របបសឹក​ភូមា។

ការខ្វែងគំនិតគ្នា​នេះ​ត្រូវ​បាន​បង្ហាញ​ឲ្យឃើញ​កាន់តែ​ច្បាស់​ នៅ​ក្នុង​កិច្ចប្រជុំ​ក្រៅផ្លូវការ​របស់​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន នៅ​ទីក្រុង​បាងកក កាល​ពីខែធ្នូ​កន្លងទៅ។ កិច្ចប្រជុំ ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​រដ្ឋមន្រ្តី​​ថៃ កម្ពុជា ឡាវ និង​អនុរដ្ឋមន្ត្រី​ការបរទេស​វៀតណាម ហើយ​ដោយ​មាន​វត្តមាន​រដ្ឋមន្ត្រី​ការបរទេស​នៃ​របបសឹក​ភូមា ក៏ប៉ុន្តែ ប្រទេស​អាស៊ាន​ផ្សេងទៀត ដែល​ប្រកាន់ជំហរតឹងរ៉ឹង​ចំពោះ​របបសឹកភូមា ក្នុងនោះ​រួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និង​សិង្ហបុរី បដិសេធ​មិន​ចូលរួម។

គួរបញ្ជាក់ថា កន្លងមក ឥណ្ឌូណេស៊ី​តែងតែ​បាន​ទាមទារ​ឲ្យ​អាស៊ាន​ចាត់វិធានការ​បន្ថែម ដើម្បី​បង្កើន​សម្ពាធលើ​របបសឹក​ឲ្យ​បញ្ឈប់ហិង្សា​ ហើយ​​រៀបចំ​ការ​បោះឆ្នោត​​ត្រឹមត្រូវមួយ​ ដែល​បើក​ចំហ​ដល់​គ្រប់​មជ្ឈដ្ឋាន ដើម្បី​ផ្ទេរ​អំណាច​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល។

ដូច្នេះ គេរំពឹង​ថា នៅ​ក្នុង​ពេល​កាន់តំណែង​ជា​ប្រធាន​អាស៊ាន នៅ​ក្នុង​ឆ្នាំ២០២៣​នេះ ឥណ្ឌូណេស៊ីទំនង​ជា​នឹង​បន្ត​ជំរុញ​ឲ្យ​បង្កើនសម្ពាធ​ទៅលើ​របបសឹកភូមា។ ក៏ប៉ុន្តែ បន្ថែម​ពីលើ​បញ្ហា​ស្មុគស្មាញ​ក្នុងការ​ស្វែងរក​កុងសង់ស៊ុស​​ក្នុង​ចំណោម​សមាជិក​អាស៊ាន បញ្ហា​ចោទ​ចម្បងមួយទៀត គឺ​ទាក់ទង​នឹង​ប្រសិទ្ធភាព​នៃ​សម្ពាធ​របស់​អាស៊ាន​ទៅលើ​របបសឹកភូមា។

បើ​យើង​មើល​ទៅលើ​បទពិសោធន៍​ពីអតីតកាល យើងឃើញ​ថា មេដឹកនាំ​យោធា​ភូមា​សុខចិត្ត​រស់​ក្នុងភាព​ឯកោ​នៅលើ​ឆាក​អន្តរជាតិ អស់រយៈពេល​រាប់​សិបឆ្នាំ​ឯណោះ ធ្វើយ៉ាងណា​ឲ្យ​តែ​អាច​រក្សា​អំណាច​របស់​ខ្លួន​នៅ​ភូមា​បាន។ ដូច្នេះ ការ​ដាក់សម្ពាធ ការគំរាមកំហែង​ព្យួរសមាជិកភាព ឬ​​បណ្តេញ​ភូមា​​ចេញ​ពី​អាស៊ាន​ ក៏​មិនប្រាកដ​ថា​នឹង​អាច​បង្ខំ​ឲ្យ​មេដឹកនាំ​របបសឹក​​ផ្លាស់ប្តូរ​ជំហរ​បាន​នោះដែរ ប្រសិនបើ​មេដឹកនាំ​យោធា​បច្ចុប្បន្ន​នៅតែ​យក​​ការ​រក្សា​អំណាច​ជា​ធំ​ ហើយ​លើសពីនេះ​ទៅទៀត ​មេដឹកនាំ​របបសឹក​ភូមា​រឹតតែ​មិន​សូវខ្លាច​សម្ពាធ​របស់​អាស៊ាន​ទៅទៀត ប្រសិន​បើ​​ពួកគេ​រំពឹង​ថា​នឹង​អាច​យក​ចិន​ជា​បង្អែក​ ទាំង​ខាង​នយោបាយ ​សេដ្ឋកិច្ច និង​យោធា ដូចកាលពីមុន។

ដូច្នេះ បញ្ហា​ប្រឈម​របស់​ឥណ្ឌូណេស៊ី គឺ​ត្រូវ​ធ្វើ​យ៉ាងណា​អាច​ស្វែងរក​កុងសង់ស៊ុស ដើម្បី​​បន្ត​ដាក់សម្ពាធ​លើ​របបសឹក​ភូមា​ត្រឹម​កម្រិតណាមួយ​ ក៏ប៉ុន្តែ ក៏​មិនរុញ​ភូមា​ឲ្យ​ចេញ​ផុត​ទាំងស្រុង​ពី​ឥទ្ធិពល​របស់​អាស៊ាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ