អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

២០២៣ ឆ្នាំថ្មី​នៃ​ការគំរាម​ប្រើ​អាវុធនុយក្លេអ៊ែរ​ដាក់គ្នា រវាង​ប្រទេស​បងប្អូន​កូរ៉េ​ទាំង​២?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឆ្នាំ២០២២ បានបិទបញ្ចប់ទៅ ជាមួយ​នឹង​កម្រឹតតានតឹងយ៉ាងខ្លាំង នៃជម្លោះរវាងប្រទេសបងប្អូន​កូរ៉េទាំង​២។ តែឆ្នាំ២០២៣ បានឈានចូលមកដល់ ជាមួយ​នឹង​​ការប្រឈមមុខដាក់​គ្នា​កាន់តែខ្លាំងថែមទៀត​ តាមរយៈការគំរាម​ប្រើ​អាវុធនុយ​ក្លេអ៊ែរ ដាក់គ្នាទៅវិញទៅមក។ លទ្ធភាព​នៃការផ្ទុះសង្គ្រាម​នុយក្លេអ៊ែរ​​ រវាងកូរ៉េទាំង​២ កំពុងតែធ្វើ​​​ឲ្យ​មានការ​​​ព្រួយ​បារម្ភជាខ្លាំង បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង បានអះអាងថា អាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីវាយ​ប្រហារ​ជាលក្ខណៈបង្ការ។ ចំណែក​ពីខាងកូរ៉េខាងត្បូងវិញ លោក​ប្រធានាធិបតីអះអាងថា នឹងនិយាយ​ជាមួយ​ភាគីអាមេរិក ដើម្បី​រៀបចំការហ្វឹកហាត់ សាកល្បងប្រើ​អាវុធនុយក្លេអ៊ែរ។ កំហឹង​​កំញើញដាក់គ្នានេះ អាចជាការបោះជំហាន​ឈានចូលគ្រោះថ្នាក់​​វិនាសកម្មនុយក្លេអ៊ែរ​ ប្រសិន​បើគ្មាន​ដំណោះស្រាយ​ដោយ​សន្តិវិធីទេនោះ។

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងមន្ត្រីមានអំណាចផ្សេងទៀត ទះដៃអបអរសាទរ ក្នុងពិធីតាំងបង្ហាញ​ មីស៊ីលថ្មី​ទំហំ 600mm។ ក្រុងព្យុងយ៉ាង ថ្ងៃទី​៣១ ធ្នូ ២០២២
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងមន្ត្រីមានអំណាចផ្សេងទៀត ទះដៃអបអរសាទរ ក្នុងពិធីតាំងបង្ហាញ​ មីស៊ីលថ្មី​ទំហំ 600mm។ ក្រុងព្យុងយ៉ាង ថ្ងៃទី​៣១ ធ្នូ ២០២២ AP
ផ្សាយពាណិជ្ជកម្ម

លទ្ធភាព​នៃការប្រើ​ប្រាស់អាវុធនុយក្លេអ៊ែរ បានក្លាយជាចំណុច​អាទិភាព របស់​មេដឹកនាំកូរ៉េទាំង​២ ក្នុងឆ្នាំ​២០២៣នេះ​។ កូរ៉េខាងជើង និងខាងត្បូង ចាប់​ផ្តើម​ស្វាគមន៍ឆ្នាំថ្មី​ ជាមួយនឹងការបោះពាក្យ​សំដី គំរាមកំញើញដាក់គ្នាកាន់តែខ្លាំង តាមរយៈអាវុធនុយក្លេអ៊ែរ។

នៅក្នុង​ឱកាសមហាសន្និបាទបក្សពលករកូរ៉េ ថ្ងៃទី​៣១ធ្នូ២០២២ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បាន​ប្រកាសថា កូរ៉េខាងជើងត្រូវតែ​បង្កើន​សមត្ថភាព​សព្វាវុធនុយក្លេអ៊ែរ ឲ្យ​បានខ្ពស់បំផុត​។ ជាការប្តេជ្ញាចិត្ត ដែល​មេដឹកនាំផ្តាច់ការព្យុងយ៉ាង អះអាងថា​ក៏ព្រោះថា អំណេះតទៅ កូរ៉េខាងត្បូង គឺជា “សត្រូវ​ដោយ​មិនអាចប្រកែកបាន” របស់កូរ៉េខាងជើង បន្ទាប់ពី​លោក​ យូន ស៊ុនយោល បាន​ឡើងមកអំណាច​ជាប្រធានាធិបតី​កូរ៉េខាងត្បូង​។

ការពង្រឹងសមត្ថភាពសព្វាវុធនុយក្លេអ៊ែរ គឺជា​អាទិភាពធំបំផុតនៃគោលនយោបាយ​ដឹកនាំរបស់ គីម ជុងអ៊ុន ក្នុងឆ្នាំ​២០២៣នេះ​។ ឆ្នាំ២០២២កន្លងទៅ កូរ៉េខាងជើងបានបាញ់​មីស៊ីលចំនួនដល់ទៅ​៧០គ្រាប់​ ដែលជាចំនួន​ខ្ពស់បំផុត​មិនធ្លាប់មានទេ ក្នុងប្រវត្តិសាស្ត្រនៃរបបកុម្មុយនីស្តផ្តាច់ការនេះ​។ យោងតាមការវិភាគ ឆ្នាំ​២០២៣នេះ កូរ៉េខាងជើងនឹងប្រឹងប្រែង​អភិវឌ្ឍន៍​ មីស៊ីល​ចំងាយ​ខ្លីដែលអាចហោះទៅ​វាយ​ប្រហារ​នៅកូរ៉េខាងត្បូង ព្រមទាំង​មីស៊ីលបាលីស្ទីក​អន្តរទ្វីប ICBM ដែលអាចហោះទៅដល់សហរដ្ឋអាមេរិក។ ដើម្បីបញ្ជាក់ពីការតាំងចិត្តនេះ នៅថ្ងៃទី​៣១ធ្នូ និង​ថ្ងៃទី​១មករា កូរ៉េខាងជើង​បានបាញ់​មីស៊ីលជាច្រើនគ្រាប់ ដែល​គីម ជុងអ៊ុនបានអះអាងថា សុទ្ធតែអាចបំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរបានទាំងអស់​។

ប្រឈមនឹងគោលជំហរកាន់តែដាច់ខាតរបស់​កូរ៉េខាងជើងនេះ កូរ៉េខាងត្បូង ក្រោម​ការដឹកនាំរបស់​លោក​ យូន ស៊ុនយោល ក៏បានពង្រឹងគោលជំហរកាន់តែខ្លាំងដែរ ដោយ​សន្យា​ថានឹងឆ្លើប​តប​វិញដោយ​អាវុធនុយក្លេអ៊ែរ។ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង បាន​គំរាមថា “ឲ្យតែកូរ៉េខាងជើងហ៊ានប៉ុនប៉ងប្រើអាវុធនុយក្លេអ៊ែរ នោះ​របបផ្តាច់ការនេះ នឹងរលាយ​ក្លាយ​ជាផេះ​”។

ឆ្លើយនៅក្នុង​​បទសម្ភាសន៍ឲ្យ​កាសែត Chosun ចុះផ្សាយ​ថ្ងៃទី​២មករា លោកប្រធានាធិបតី​កូរ៉េខាងត្បូង យូន ស៊ុកយោល បាន​លើកឡើងថា ភាគីកូរ៉េខាងត្បូង​​កំពុងតែពិចារណា​​មួយភាគីអាមេរិក​ ដើម្បីបើកការហាត់សម​រួមគ្នា ត្រៀម​ប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីឆ្លើយតបទៅ​នឹង​ការគំរាមកាន់តែខ្លាំងឡើង ពីសំណាក់របបផ្តាច់ការព្យុងយ៉ាង។ តែយ៉ាងណា​ក៏ដោយ​ នៅថ្ងៃអង្គារទី​៣មករា អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បានបញ្ជាក់ថា ភាគីអាមេរិក កំពុងពិភាក្សាគ្នាជាមួយកូរ៉េខាងត្បូង ស្តីអំពីសេណារីយ៉ូឆ្លើយតបរួមគ្នា និង​ជាក់ស្តែងទាំងអស់ ចំពោះ​​ការគំរាម​ពីសំណាល់​កូរ៉េខាងជើង ដោយ​រាប់ទាំង​ការប្រើប្រាស់សព្វាវុធនុយក្លេអ៊ែរពិតមែន ក៏ប៉ុន្តែគេមិន​បាន​និយាយគ្នា អំពី​ការ​ធ្វើសមយុទ្ធរួមគ្នា​ក្នុង​ការប្រើអាវុធនុយក្លេអ៊ែរទេ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ កូរ៉េខាងត្បូងពុំមានគ្រឿងសព្វាវុធនុយក្លេអ៊ែរទេ។ សម្ព័ន្ធភាព​​ការពារ​ពីសំណាក់អាមេរិក ដែល​អាចប្រើប្រាស់អាវុធនុយក្លេអ៊ែរបាន​ គឺវាស្ថិតនៅក្នុង​​ការសម្រេច និង​ការអនុវត្តដោយ​ផ្តាច់មុខ របស់ភាគីអាមេរិក។ មានន័យថា បើទោះបីជាមានការសម្រេច​ប្រើអាវុធនុយក្លេអ៊ែរ ក៏​ពុំមានកូរ៉េខាងត្បូងចូលរួមជាមួយ​ដែរ​។ ការលើកឡើងរបស់​ប្រធានាធិបតីកូរ៉េខាងត្បូង ដែលចង់​ឲ្យកងទ័ពខ្លួនចូលរួម​ហាត់សមប្រើប្រាស់អាវុធនុយក្លេអ៊ែរជាមួយ​កងទ័ពអាមេរិក អាចជាជំហានថ្មីបញ្ជាក់ពីចេតនារបស់​កូរ៉េខាងត្បូង ដែលចង់បាន​សព្វាវុធនុយក្លេអ៊ែរប្រើប្រាស់ដែរ ទៅថ្ងៃអនាគត។

គួររំលឹកដែរថា លោកយូន ស៊ុលយោល បានឡើងមកកាន់អំណាច ជាមួយ​នឹងកម្មវិធីនយោបាយ​ស្តាំអភិរក្សនិយម ដែល​លែងបន្ធូរដៃដាក់កូរ៉េខាងជើង ដូចរដ្ឋាភិបាលមុនៗ។ រាល់ការកំញើញពីខាងជើង លោកយូន ស៊ុនយោល​បានប្រតិកម្ម​គំរាមភ្លាមដោយ​មិន​តមមាត់។ ជាក់ស្តែងក្រោយ​កូរ៉េខាងជើង​បានបញ្ជាយានដ្រូន​៥គ្រឿង ហោះចូលដែនអាកាសកូរ៉េខាងត្បូង កាលពីចុងខែធ្នូ​ លោក​យូន ស៊ុកយោល បាន​ហៅ​ប្រជាជាតិកូរ៉េខាងត្បូង “ត្រៀមខ្លួនរៀបចំ​ធ្វើសង្គ្រាម​”។

យោងតាមលោក Soo Kim អ្នកវិភាគ​នៅ​វិទ្យាស្ថាន​ RAND នៅអាមេរិក គឺឆ្នាំ​២០២៣នេះ អ្វីៗនឹងមិនអាចល្អប្រសើរឡើងបានទេ ព្រោះប្រទេសកូរ៉េទាំង២ កាន់តែមានទម្លាប់គំរាមកំញើញ​គ្នាទៅវិញទៅមក ដោយ​គ្មាននរណាព្រមចាញ់នរណាឡើយ​។ ភាពក្លាហាន​ពើងទ្រូងរបស់កូរ៉េខាងជើង អាចត្រូវបាន​ទុកថា មានលក្ខណៈជោរជ្រុល​បន្តិចមែន ក៏ប៉ុន្តែវាក៏មានន័យថា កូរ៉េខាងជើង ​កាន់តែមានទំនុកចិត្តលើសមត្ថភាព​សព្វាវុធរបស់ខ្លួនដែរ​ ទើបហ៊ានពើងទ្រូងដូច្នេះ​។​ ជាងនេះទៀត សមត្ថភាពសព្វាវុធ​ខ្លាំងក្លា អាចជា​សន្លឹកបៀរសម្រាប់​កូរ៉េខាងជើង នៅក្នុង​ករណី​ចរចា​ណាមួយ។​ ខណៈដែលវិស័យសេដ្ឋកិច្ច​ស្ថិតនៅចំណុចសូន្យ វិស័យ​សព្វាវុធការពារជាតិ គឺចំណុចតែមួយគត់ ដែល​គីម ជុងអ៊ុននៅសែសសល់ ដើម្បីយកទៅអួតប្រាប់​ប្រជាជនខ្លួន​។​ នេះបើផ្អែកតាមការវិភាគ របស់លោកសាស្ត្រាចារ្យ Yang Moo-Jin នៅសកលវិទ្យាល័យ សិក្សា​កូរ៉េខាងជើងនៅក្រុងសេអ៊ូល។

ចំណែក​ខាងត្បូងវិញ លោក​យូន ស៊ុកយោល អះអាងថាបើកទ្វារចំហរដល់ការចរចាជានិច្ច។ ក៏ប៉ុន្តែ លោក​បាន​បដិសេធ មិនចង់រៀបចំ​កម្មវិធី​ជំនួបកំពូលដែលមាន​តែនាម ​​ឲ្យតែល្អមើល តែគ្មានលទ្ធផល​ជាក់ស្តែងនោះឡើយ​។ លោកយូន ស៊ុកយោល ប្រកាន់គោលជំហររឹងរូសជាមួយ​កូរ៉េខាងជើង ក៏ដោយសារតែហេតុផល​នយោបាយ​ដែរ ដើម្បី​ប្រមូល​កម្លាំងសំឡេងគាំទ្រ ពីសំណាក់​ក្រុមអ្នកអភិរក្សនិយម សម្រាប់ការបើឆ្នោត​សភាឆ្នាំ​២០២៤។ 

ជាការពិត​ ភាពក្អេងក្អាង អួតសំញ៉ែញអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង បាន​ធ្វើ​ឲ្យ​មតិ​សាធារណៈ​កូរ៉េខាងត្បូង មានការបារម្ភកាន់តែខ្លាំងឡើង។ យោងតាមការស្ទាបស្ទង់មតិ កាលពីថ្ងៃ២មករា ដោយ​វិទ្យាស្ថាន Hankook Research គឺ៦៧%នៃប្រជាជន​កូរ៉េខាងត្បូង បានបង្ហាញការគាំទ្រ ចង់ឲ្យ​ប្រទេសខ្លួនមានអាវុធនុយ​ក្លេអ៊ែរទុកការពារខ្លួន​។ លោក Cheong Seong-Chang នៅវិទ្យាស្ថាន Sejong បានអះអាងថា នេះគឺជាវិធីតែមួយគត់ ដើម្បីទប់កូរ៉េខាងជើង ឲ្យ​ប្រុងប្រយ័ត្ន។ តែយ៉ាងណា ការប្រកែក​មកវិញពីសំណាក់រដ្ឋបាល​លោក​ចូ បៃដិន បានបញ្ជាក់ថា លទ្ធភាពនៃការ​មាន​សព្វាវុធនុយក្លេអ៊ែរដោយ​ផ្ទាល់ខ្លួនរបស់កូរ៉េខាងត្បូង គឺប្រហែលជាមិនអាចទៅរួចទេ ព្រោះវានឹងបើក​ផ្លូវ​ ឲ្យ​មានការប្រកួតប្រជែងសព្វាវុធនុយក្លេអ៊ែរ ទូទាំងតំបន់អាស៊ីខាងកើតតែម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ