អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ការស្រាវជ្រាវ៖ការបន្ថយប្រើជីអាសូតមិនប៉ះពាល់ដល់គុណភាពដីដាំដុះ និងផ្តល់ផលចំណេញដល់បរិស្ថាន និងសុខភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

លទ្ធផល​នៃ​ការ​សិក្សា​មួយ​ចុះ​ផ្សាយ​ដោយ​ទស្សនាវដ្តី​វិទ្យាសាស្រ្ត​ឈ្មោះ « Nature » កាល​ពី​ថ្ងៃទី៤ មករា​បាន​ឲ្យ​ដឹង​ថា ពិភពលោក​អាច​កាត់​បន្ថយ​ការ​ប្រើ​ជី​អាសូត​ដែល​ជា​ជីគីមី​សម្រាប់​ការ​ដាំដុះ និង​ថា ការ​កាត់​បន្ថយ​ជីកសិកម្ម​មួយ​នេះ​មិន​ធ្វើ​ឲ្យ​ដី​ខ្វះ​ជីជាតិ រួម​ទាំង​ផ្តល់​ផលចំណេញ​ដល់​បរិស្ថាន និង​សុខភាព​ទៀត​ផង។ តាម​លទ្ធផល​នៃ​ការ​សិក្សា​ដដែល ទោះ​បី​ជា​គេ​មិន​ប្រើ​ជី​អាសូត​នៅ​ក្នុង​ការ​ដាំដុះ​ក៏​ដោយ​ក៏​ទិន្នផល​ដែល​ទទួល​បាន​អាច​គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹម​មនុស្សលោក​ដែល​នឹង​កើន​ដល់ ៩ ៧០០លាននាក់​នៅ​ឆ្នាំ ២០៥០ ខាង​មុខ។

ជីអាសូត
ជីអាសូត AP - Mike McCleary
ផ្សាយពាណិជ្ជកម្ម

លទ្ធផល​នៃ​ការ​សិក្សា​នេះ​ទទួល​បាន​ពី​ការ​វិភាគ​របស់​ក្រុម​អ្នកស្រាវជ្រាវ​អន្តរជាតិ​មួយ​ក្រុម​លើ​ដីដំាំដុះ​ជាង ១ ៥០០កន្លែង​នៅ​ទូទាំង​ពិភពលោក។ ក្រុម​អ្នកស្រាវជ្រាវ​បាន​យល់​ឃើញ​ថា ការ​ស្វែង​រក​វិធីសាស្រ្ត​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើ​ជីអាសូត​មិន​ទាន់​យឺត​ពេល និង​អាច​ធ្វើ​បាន។ នៅ​ក្នុង​ន័យ​នេះ ក្រុម​អ្នកស្រាវជ្រាវ​បាន​ដាក់​ចេញ​នូវ​កំណែទម្រង់​ចំនួន ១១ចំណុច​ដែល​ត្រូវ​អនុវត្ត​ជា​បន្ទាន់​ដើម្បី​កាត់​បន្ថយ​ការ​បំពុល​ដោយ​ជីអាសូត​នៅ​ក្នុង​បរិយាកាស។ តាម​ក្រុម​អ្នក​ស្រាវជ្រាវ ការ​ចំណាយ​ក្នុង​ការ​កាត់​បន្ថយ​ការ​បំពុល​ដោយ​ជីអាសូត​មាន​តម្លៃ ៣៤ ០០០លានដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ប្រទេស​ចិន និង​ប្រទេស​ឥណ្ឌា​ដែល​បាន​ប្រើ​ជីអាសូត​ច្រើន​សម្បើម​នៅ​ក្នុង​ការ​ដាំដុះ និង​ដែល​ជា​អ្នក​បំពុល​ដោយ​អាសូត​ខ្លាំង​ជាង​គេ​នៅ​ក្នុង​លោក ការ​ចំណាយ​ក្នុង​ការ​កាត់​បន្ថយ​ការ​បំពុល​ដោយ​ជីអាសូត​មាន​តម្លៃ​ចន្លោះ​ពី ៣ ០០០លាន​ទៅ ៥ ០០០លានដុល្លារ។ តែ​ទោះ​ជា​ការ​ចំណាយ​ក្នុង​ការ​កាត់​បន្ថយ​ការ​បំពុល​ដោយ​ជីអាសូត​មាន​តម្លៃ​ថ្លៃ​ប៉ុណ្ណា​ក៏​ដោយ​ក៏​ក្រុម​អ្នកស្រាវជ្រាវ​បាន​មើល​ឃើញ​ថា ផល​ចំណេញ​ដែល​ទទួល​បាន​ត្រឡប់​វិញ​មាន​តម្លៃ​ច្រើន​ជាង​នេះ​ឆ្ងាយ​ណាស់។

ផលចំណេញ​ដែល​ក្រុម​អ្នកស្រាវជ្រាវ​ចង់​និយាយ​ផ្តោត​សំខាន់​លើ​អាកាសធាតុ បរិស្ថាន និង​សុខភាព​របស់​មនុស្ស។ ការ​កាត់​បន្ថយ​ការ​បំពុល​ដោយ​ជីអាសូត​នៅ​ក្នុង​បរិយាកាស​នាំ​ឲ្យ​ការ​ស្លាប់​មុន​អាយុ​ធ្លាក់​ចុះ ការ​ខូចខាត​ដល់​ធម្មជាតិ​មាន​ការ​ថមថយ និង​មាន​ការ​កើន​ឡើង​នូវ​ទិន្នផល​កសិកម្ម។ តែ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ទទួល​ស្គាល់​ថា ក្រុម​ប្រជាកសិករ​តូចតាច​គ្មាន​លទ្ធភាព​ដើម្បី​ងាក​ចេញ​ពី​ការ​ប្រើ​ជីអាសូត​នៅ​ក្នុង​ការ​ធ្វើ​ស្រែ ចម្ការ​របស់​ខ្លួន និង​ចូលរួម​កាត់​បន្ថយ​ការ​បំពុល​ដោយ​ជីអាសូត​បាន​ទេ។ នៅ​ក្នុង​ករណី​នេះ ក្រុម​អ្នកស្រាវជ្រាវ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​រដ្ឋអំណាច​ដើម្បី​ឲ្យ​ពួក​គេ​បែរ​ទៅ​រក​បច្ចេកទេស​ថ្មី​នៅ​ក្នុង​អាជីព​របស់​ខ្លួន។

សព្វថ្ងៃនេះ បរិមាណ​សារធាតុ​អាសូត​ជាង​ពាក់​កណ្តាល​ដែល​មាន​នៅ​ក្នុង​ជីអាសូត​បាន​ជ្រាប​ចូល​ទៅ​ក្នុង​ខ្យល់ និង​ទៅ​ក្នុង​ទឹក។ សារធាតុ​អាសូត​ដែល​ចេញ​ពី​ជីអាសូត​នេះ​បាន​បង្ក​ឲ្យ​មាន​ខ្យល់​តុកស៊ិក ដី​មាន​ជាតិ​អាស៊ីត ធ្វើ​ឲ្យ​ស្រទាប់​អូហ្សូន​ស្តើង និង​ការ​រិចរិល​ជីវៈចម្រុះ។ ពិត​ណាស់ អាហ្សូត​ជា​សារធាតុ​ចាំ​បាច់​សម្រាប់​គ្រប់​ជីវិត​នៅ​លើ​ផែនដី​របស់​យើង ពិសេស​រុក្ខជាតិ។ មួយ​វិញ​ទៀត ពិភពលោក​របស់​យើង​ក៏​កំពុង​ជោរជន់​ដោយ​អាសូត​ពី​ធម្មជាតិ​ស្រាប់​ទៅ​ហើយ។ ជិត ៨០% នៃ​បរិយាកាស​របស់​ផែនដី​យើង​ជា​អ្នក​បង្កើត​អាសូត​ដោយ​ធម្មជាតិ និង​ដោយ​ស្វ័យប្រវត្តិ​ក្នុង​ទម្រង់​ជា​ឧស្ម័ន។

ជា​រៀងរាល់​ឆ្នាំ មាន​អាសូត​ធម្មជាតិ​ប្រមាណ​ជា ២០០លានតោន​បាន​ជ្រាប​ចូល​ក្នុង​ដី និង​ក្នុង​មហាសមុទ្រ។ តែ​ក្រុម​អ្នកស្រាវជ្រាវ​បាន​រម្លឹក​ថា សង្វាក់​នៃ​វត្តមាន​អាសូត​ធម្មជាតិ​នេះ​ត្រូវ​បាន​រំខាន និង​មាន​ភាព​មិន​ប្រក្រតី​ដោយសារ​ការ​ប្រើ​ជីអាសូត ឬ​ជីគីមី​ប្រមាណ​ជា ១២០លានតោន​ក្នុង​មួយ​ឆ្នាំ។ មួយ​វិញ​ទៀត នៅ​ក្នុង​បរិមាណ​ជីអាសូត ឬ​ជីគីមី​ដែល​មនុស្ស​បាន​ប្រើ​ទាំង​ប្រមាណ ១២០លានតោន​ក្នុង​មួយ​ឆ្នាំ​នេះ មាន​ជិត​ជិត​ពាក់​កណ្តាល​បាន​ជ្រាប​ចូល​ក្នុង​រុក្ខជាតិ ហើយ​ចំនួន​ដែល​នៅ​សេសសល់​បាន​សាយភាយ​នៅ​ក្នុង​បរិយាកាស។

សរុប​មក បញ្ហា​ប្រឈម​សម្រាប់​មនុស្សលោក​នៅ​ចំពោះ​មុខ​ពេល​នេះ គឺ​ការ​ព្យាយាម​ស្វែង​រក​ដំណោះស្រាយ​ដើម្បី​បញ្ឈប់​ការ​បន្ថែម​សារធាតុ​អាសូត​ទៅ​ក្នុង​ដី​តាម​រយៈ​ការ​ប្រើ​ជីគីមី។ គេ​អាច​និយាយ​បាន​ថា ការ​ស្វែង​រក​ដំណោះស្រាយ​លើ​បញ្ហា​មួយ​នេះ​មិន​ខុស​គ្នា​នឹង​ការ​ព្យាយាម​របស់​មនុស្សលោក​ក្នុង​ការ​កាត់​បន្ថយ​ឧស្ម័ន​កាបូន​នៅ​ក្នុង​បរិយាកាស​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ