អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ឥណ្ឌូណេស៊ី៖ ការ​​ស្ថាបនា​រដ្ឋធានី​ថ្មី​​នៅលើកោះ​ប័រណេអូ ដែល​គំរាម​​​បរិស្ថាន​​​និង​​ប្រព័ន្ធ​​ជីវៈ​ចម្រុះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋាភិបាលឥណ្ឌូណេស៊ី មានគម្រោង​ស្ថាបនារដ្ឋធានីថ្មីនៅទីតាំងថ្មីមួយ​ទៀត​ ជំនួសឲ្យរដ្ឋធានី​ចាការតា ​ដែល​ប្រឈម​នឹងបញ្ហាជន់លិច ដោយសារទឹកសមុទ្រឡើងកំពស់។ រដ្ឋធានីថ្មី​ដែលនឹងចាប់​ផុសចេញ​ពីដី​ក្នុងឆ្នាំ​នេះ មានឈ្មោះថា ទីក្រុង នូសាន់តារ៉ា (Nusantara) ស្ថិតនៅ​មាត់ឆ្នេរខាងកើត កោះប័រណេអូ ដែលជាតំបន់ព្រៃភ្នំធម្មជាតិ ព្រៃឈើត្រូពិក​ដ៏សំខាន់បំផុតមួយ របស់ពិភពលោក​យើង។ វាគឺជាគម្រោងដ៏ធំមហិមា ដែល​លោក​ចូកូ វីដូដូ ប្រធានាធិបតី​ឥណ្ឌូស៊ី មានបំណងចង់ទុកជាកេរមរតកនៅក្រោយពេលលោកចប់អាណត្តិ។​ តែយ៉ាងណា​ គំរោងស្ថាបនាទីក្រុងដ៏ធំនេះ បានបង្កឲ្យ​មាន​ការព្រួយបារម្ភជាខ្លាំង ពីសំណាក់​ក្រុមអ្នក​ការពារបរិស្ថាន ព្រោះក្រៅពីប្រព័ន្ធជីវៈចម្រុះធនធានធម្មជាតិ ដែល​នឹង​ត្រូវ​បំផ្លិចបំផ្លាញ បាត់បង់តុល្យភាពនោះ​ សហគមន៍ជនជាតិដើមភាគតិច ដែលរស់នៅក្នុងតំបន់នោះ ប្រាកដជានឹងត្រូវ​បាត់បង់​ដីព្រៃអាស្រ័យ​ផល ព្រមទាំងភូមិស្រុក​ផ្ទះសំបែងថែមទៀត។

លោកចូកូ វីដូដូ ក្នុងពេលចុះទៅមើលភូមិសាស្ត្រអនាគតរដ្ឋធានីថ្មី ស្ថិតនៅលើកោះប័រណេអូ ថ្ងៃទី ១៧ ធ្នូ ២០១៩​
លោកចូកូ វីដូដូ ក្នុងពេលចុះទៅមើលភូមិសាស្ត្រអនាគតរដ្ឋធានីថ្មី ស្ថិតនៅលើកោះប័រណេអូ ថ្ងៃទី ១៧ ធ្នូ ២០១៩​ AFP - HANDOUT
ផ្សាយពាណិជ្ជកម្ម

ទឹកសមុទ្រឡើងកំពស់ បានគំរាមទីក្រុង​ចាការតាដែលស្ថិតនៅលើកោះហ្សាវ៉ា។ ជាងនេះទៀត ចាការតា​​មាន​​មនុស្សរស់នៅណែនណាន់តាន់តាប់ ចរាចរណ៍កកស្ទះ បង្កឲ្យ​មាន​ខ្យល់ពុលបរិស្ថានក្រខ្វក់បំផុត។ ដើម្បីគេចចេញពីបញ្ហាទាំងអស់នេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានសម្រេចលើករដ្ឋធានី ទៅកាន់ទីតាំងថ្មី​ នៅរវាង​ដំណាច់ឆ្នាំ​២០២៤។ អនាគត​រដ្ឋធានីថ្មី​ បេះដូងអំណាចនយោបាយរបស់ឥណ្ដូណេស៊ី មានឈ្មោះថា នូសាន់តារ៉ា (Nusantara) ចំងាយ​ផ្លូវ​​ប្រមាណ​២ម៉ោង ពីទីក្រុង Balikpapan ខាងកើតកោះប័រណេអូ​។ យោងតាមអាជ្ញាធរឥណ្ឌូណេស៊ី ទីក្រុងនូសាន់តារ៉ា នឹងក្លាយ​ជា​បេះដូង នៃ​សកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្ម របស់កោះប័រណេអូ ជាមួយនឹង​ប្រជាជនរស់នៅប្រមាណ​១លាន​៩សែននាក់ ពីនេះរហូតដល់ឆ្នាំ​២០៤៥។​

កោះប័រណេអូ សួតមួយរបស់ផែនដី​

ទីក្រុង​នូសាន់តារ៉ា និង​ត្រូវស្ថាបនាឡើងថ្មី​សន្លាងតែម្តង​ លើ​ដី​ព្រៃ​ ទំហំប្រមាណ​២៥០០គីឡូម៉ែត្រក្រឡា​។ សំឡេងគ្រឿងចក្រ ការដ្ឋានសំណង់ បានចាប់ផ្តើម​បន្លឺឡើងហើយ នៅដើមឆ្នាំ​២០២៣។ អ្នកកាសែតដែលបានធ្វើដំណើរទៅដល់​ បានលើកឡើងថា ការធ្វើដំណើរឆ្លងកាត់ព្រៃភ្នំ​បាន​បង្ហាញ​ឲ្យ​ឃើញពីទំហំជាក់ស្តែងដ៏ធំមហិមា នៃប្រព័ន្ធជីវចម្រុះ ដែលនឹងត្រូវ​បំផ្លិចបំផ្លាញ ដោយសារតែការស្ថាបនាទីក្រុងថ្មី​នូសាន់តារ៉ា​។ នៅតាមដងផ្លូវចុះឡើងពេនពង់ តាមជ្រលងដងភ្នំពីទីក្រុង​ Balikpapan ឆ្ពោះទៅកាន់អនាគតក្រុង នូសាន់តារ៉ា គេឃើញធម្មជាតិ​ព្រៃភ្នំខៀវស្រងាត់ អមដោយ​សត្វស្វាជាច្រើនក្បាល អង្គុយ​ត្រសងតាមដងផ្លូវ។ កោះប័រណេអូ ដែល​ឥណ្ដូណេស៊ី និង​ម៉ាឡេស៊ីមានចំណែកដែនដី គឺជាកោះធំជាងគេលំដាប់ទី​៣​ ក្នុងពិភពលោក។ កោះ នេះ​គឺជា​តំបន់ព្រៃភ្នំធម្មជាតិដ៏ធំ និង​ជា​ជម្រកសត្វព្រៃកម្រជាច្រើនពូជ នៃតំបន់ត្រូពិក។

ក្រុមអ្នកការពារបរិស្ថានបារម្ភថា ការស្ថាបនាទីក្រុងដ៏ធំនេះ នឹង​ពន្លឿនសកម្មភាព​កាប់បំផ្លាញព្រៃឈើ នៅ​លើ​កោះប័រណេអូ ព្រមទាំងបំផ្លាញ​តុល្យភាព​ នៃតំបន់ព្រៃធម្មជាតិត្រូវពិក​ដ៏ធំបំផុត។ លោកស្រី Uli Arta Siagian តំណាងអង្គការ​ការពារធម្មជាតិឥណ្ឌូណេស៊ី Walhi បានប្រាប់អ្នកយកព័ត៌មានបារាំងថា​ ការ​សាងសង់ទីក្រុង​នូសាន់តារ៉ា វាគឺជា​គម្រោងហន្តរាយ​ធម្មជាតិ​ដ៏​ធ្ងន់ធ្ងរបំផុត​។​ លោកស្រី​បញ្ជាក់ថា ប្រជាជនឥណ្ឌូណេស៊ី តែងតែចាត់ទុក​កោះប័រណេអូ ប្រៀបបីដូចជាសួត​ដកដង្ហើមដ៏សំខាន់របស់ផែនដី។​ ក្រៅពីពូជឈើកម្ររាប់ពាន់ពូជ កោះនេះ គឺជាជម្រកសត្វព្រៃកម្រជាច្រើនពូជ ដូចជាស្វាអូរ៉ងអ៊ូតង់ ស្វាកន្ទុយខ្លី ស្វាច្រមុះវែង ខ្លារខិនតូច និង​សត្វប្រចៀវយក្ស​ជាដើម​។ ប្រព័ន្ធជីវចម្រុះទាំងនេះ ប្រាដកជានឹង​ហិនហោចផុតពូជ ដោយសារតែការរីកដុះទីក្រុងធំទំនើប ជាមួយ​នឹងសំណង់អាគារ ផ្ទះថ្ម​បេតុង ផ្លូវថ្នល់ខ្វាត់ខ្វែង។

រថយន្តលោក​ប្រធានាធិបតី​ ចូកូ វីដូដូ ធ្វើដំណើរទៅ​តំបន់ Penajam Paser ខាងកើតខេត្តកាលីម៉ាន់តាន់ខាងកើត ជាទី​ដែល​ឥណ្ឌូណេស៊ី និង​សាងសង់​រដ្ឋធានីថ្មី​ Nusantara។ ថ្ងៃទី ១៧ ធ្នូ ២០១៩
រថយន្តលោក​ប្រធានាធិបតី​ ចូកូ វីដូដូ ធ្វើដំណើរទៅ​តំបន់ Penajam Paser ខាងកើតខេត្តកាលីម៉ាន់តាន់ខាងកើត ជាទី​ដែល​ឥណ្ឌូណេស៊ី និង​សាងសង់​រដ្ឋធានីថ្មី​ Nusantara។ ថ្ងៃទី ១៧ ធ្នូ ២០១៩ AFP - HANDOUT

ទីក្រុងថ្មី​ដែលគោរពធម្មជាតិ?

គួរកត់សំគាល់ថា កន្លងមកគម្រោង​ស្ថាបនាទីក្រុង​ថ្មីទាំងស្រុងរបៀបនេះ ​ ធ្លាប់ត្រូវបាន​គេរិះគន់ច្រើនដងមកហើយ ដោយសារតែមាន​ផលប៉ះពាល់ធ្ងន់ធ្ងរដល់​បរិស្ថាន​ និងធនធានធម្មជាតិ។ ជាក់ស្តែងការស្ថាបនាទីក្រុងប្រាស៊ីលីយ៉ា នៅប្រេស៊ីល និង​ទីក្រុងណៃពីដាវ នៅភូមាជាដើម។ យោងតាមលោកស្រី Uli Arta Siagian ការសាងសង់ក្រុងនូសាន់តារ៉ា នឹងធ្វើឲ្យ​ប្រែប្រួលដល់សណ្ឋានដី ភូមិសាស្ត្រ ដែល​អ្នកជំនាញ​ជឿថា នឹងបង្កឲ្យ​មាន​​​ទឹកជំនន់ បាក់រមៀលដីធ្ងន់ធ្ង រពិបាកទប់ទល់ជាង​គ្រោះធម្មជាតិទៅទៀត។ ឥណ្ឌូណេស៊ី ​ជាពិសេសនៅកោះប័រណេអូ បានរងនូវការបំផ្លិចបំផ្លាញព្រៃឈើខ្លាំងក្លារួចមកហើយ ជាក់ស្តែងដោយសារសកម្មភាពជីកគាស់យករ៉ែ ការរានព្រៃយកដីធ្វើកសិកម្ម និង​​​កាប់ព្រៃឈើលក់ជាដើម។ ក្រុមហ៊ុនឯកជន បានធ្វើសកម្មភាពបំផ្លាញ ដោយ​រដ្ឋាភិបាល​ពុំមាន​ការ​ត្រួតពិនិត្យ​ឲ្យ​បាន​តឹងតែងឡើយ​។

ទោះជាយ៉ាងណា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានការពារគម្រោងខ្លួន ដោយ​អះអាងថា ការ​លើករដ្ឋធានីទៅកាន់​កោះប័រណេអូ គឺដើម្បី​បង្កើន​ការ​អភិវឌ្ឍន៍សេដ្ឋកិច្ច ឲ្យ​មានសមភាពនៅលើកោះនេះ​ ខណៈបច្ចុប្បន្នសកម្មភាពសេដ្ឋកិច្ច​សឹងទាំងស្រុង ប្រមូលផ្តុំខ្លាំងជ្រុលតែនៅលើ​កោះហ្សាវ៉ា ដែលកកកុញ​ណែន។ លោកចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី បាន​អះអាងថា ទៅក្រុង​នូសាន់តារ៉ា​ ដែលមានទំហំផ្ទៃដីធំជាង​ក្រុងចាការតាដល់ទៅ​៤ដងនេះ គឺជាទីក្រុងថ្មីដែល​ត្រូវសាងសង់ឡើង ប្រកបដោយ​ការគោរពធម្មជាតិ ការ​​រួមរស់យ៉ាងសុខសាន្ត រវាងមនុស្សនិងធម្មជាតិ។ អ្នករស់នៅក្នុងទីក្រុងនឹង​ប្រើ​កង់ ឬរថយន្តអគ្គិសនី ជាយានជំនិះ។

រូបភាពតំណាងធ្វើដោយ​ម៉ាស៊ីនកុំព្យូទ័រ បង្ហាញអំពីអនាគតវិមានប្រធានាធិបតីឥណ្ឌូណេស៊ី ដែលស្ថិតនៅអនាគតរដ្ឋធានីថ្មី ឈ្មោះ "Nusantara" ភាគខាងកើត​ខេត្តកាលីម៉ាន់តាន់ខាងកើត ដែលស្ថិតនៅលើកោះប័រណេអូ។
រូបភាពតំណាងធ្វើដោយ​ម៉ាស៊ីនកុំព្យូទ័រ បង្ហាញអំពីអនាគតវិមានប្រធានាធិបតីឥណ្ឌូណេស៊ី ដែលស្ថិតនៅអនាគតរដ្ឋធានីថ្មី ឈ្មោះ "Nusantara" ភាគខាងកើត​ខេត្តកាលីម៉ាន់តាន់ខាងកើត ដែលស្ថិតនៅលើកោះប័រណេអូ។ AFP - HANDOUT

លោក Bambang Susantono ប្រធានរដ្ឋបាលនៃអនាគតរដ្ឋធានី Nusantara បានលើកឡើងថា ទីក្រុងនេះនឹងក្លាយជា​ទីក្រុងព្រៃឈើប្រកបដោយ​និរន្តរភាព មុនគេបង្អស់។ លោក Sofian Sibarani ស្ថាបត្យករទទួលបន្ទុក​គម្រោង​នេះ បានអះអាងថា គេនឹងសង់ទីក្រុងនេះឲ្យស្របជាមួយ​បរិស្ថានធម្មជាតិ ដោយ​មិនកាប់បំផ្លាញចោលទេ។ ទីក្រុងនេះ នឹងមាន​សំណង់ធំៗមួយចំនួន ដូចជា​វិមានរដ្ឋសភា សំណង់លំនៅដ្ឋាន ទំនប់ទឹក​ វិហារម៉ូស្កេ និង​វិមានប្រធានាធិបតីដ៏ធំមួយ ដែល​មាន​រូបរាងជាសត្វគ្រុឌ ដែលជានិម្មិតរូប​របស់ឥណ្ឌូណេស៊ី។ តែយ៉ាងណា​ស្ថាបត្យករ​រូបនេះ បានទទួលប្រាប់ទៅរដ្ឋាភិបាល​ថា ការសាងសង់នេះ​​ គឺមិនអាចធ្វើដោយ​ប្រញាប់ប្រញាល់បានទេ គឺត្រូវតែថ្លឹងថ្លែង ពិនិត្យ​ផលប៉ះពាល់ឲ្យ​បានគ្រប់ជ្រុងជ្រោយ​។

ទុក្ខលំបាក​​របស់​ជនជាតិដើមភាគតិច

គួរបញ្ជាក់ដែរថា ក្រៅពីការបារម្ភប៉ះពាល់ដល់ប្រព័ន្ធជីវៈចម្រុះ ការសាងសង់ទីក្រុងថ្មី​ ក៏បាន​ធ្វើឲ្យ​បារម្ភផងដែរ​ ទៅដល់សហគមន៍ជនជាតិដើមភាគតិច ដែលរស់នៅក្បែរទីតាំងទីក្រុងថ្មី ជាក់ស្តែងដូចជាក្រុមជនជាតិ Balik ដែលរស់នៅអាស្រ័យផលនឹងព្រៃឈើ រាប់តំណ​មកហើយ​។ ចាប់តាំង​ពីឆ្នាំ​១៩៧០មក ទំហំដីព្រៃដែល​ជនជាតិដើម​ភាគតិច អាចបរបាញ់សត្វ ប្រមូលផលពីព្រៃឈើ បានរួញ​ខើច​អស់សឹងតែ​៩០%ទៅហើយ ដោយសារតែពាក្យ​ថា “អភិវឌ្ឍន៍សេដ្ឋកិច្ច”។ រដ្ឋាភិបាលឥណ្ឌូណេស៊ី មិនបានទទួលស្គាល់ជាផ្លូវការ​ ថាជនជាតិដើម​ភាគតិច មានសិទ្ធិជាម្ចាស់ដី និងអាចបរបាញ់អាស្រ័យផល​នឹងព្រៃឈើនោះឡើយ។ ជាងនេះទៀត នៅថ្ងៃអនាគត ជនជាតិដើមភាគតិច អាចប្រឈមនឹងការបណ្តេញ​ចេញពីដីភូមិផ្ទះសម្បែង ដោយសារតែពួកគេគ្មាន​បណ្ណកម្មសិទ្ធិដីធ្លី។

២៨០០០លានអឺរ៉ូ​

សូមបញ្ជាថា គម្រោង​សាងសង់ទីក្រុង​នូសាន់តារ៉ា ត្រូវបានរដ្ឋាភិបាល​ឥណ្ឌូនេស៊ី អះអាងថា មានតម្លៃទឹកប្រាក់ប្រមាណ ៤៦៦ពាន់លានរូពី ដែលស្មើនឹង ២៨០០០លានអឺរ៉ូ​។ ក្នុងកញ្ចប់ទឹកប្រាក់នេះ មានថវិការបស់រដ្ឋចំនួន ២០% សល់ពីនេះ រដ្ឋាភិបាលកំពុងបញ្ចុះបញ្ចូលក្រុមហ៊ុនបរទេស​ឲ្យវិនិយោគ ដូចជាចិន ឬអារ៉ាប៊ីសាអូឌីតជាដើម​ តាមរយៈការ​បន្ធូរបន្ថយពន្ធ។​ យោងតាមលោកលេខារដ្ឋបាលទីក្រុងថ្មីនេះ គឺ​មានក្រុមហ៊ុនវិនិយោគអចលនទ្រព្យ ចំនួន​៣ហើយដែលបានចូលរួម ក្នុងទឹកប្រាក់សរុបចំនួន ២៥០០លានអឺរ៉ូ។ តែយ៉ាងណាគេនៅខ្វះថវិកាច្រើនសន្ធឹកណាស់ បន្ទាប់ពីធនាគារវិនយោគជប៉ុន SoftBank បានសម្រេចដកខ្លួនចេញ​។ លោក Eka Permanasari សាស្ត្រាចារ្យនៅ​សកលវិទ្យាល័យ ​Monash បាន​លើកឡើងថា ការងារស្ថាបនាទីក្រុងថ្មី​នេះ នៅវែងឆ្ងាយខ្លាំងណាស់ ព្រោះគេ​មិនអាច​រកប្រាក់ឲ្យ​បានគ្រប់ មុនចប់អាណត្តិលោក​ចូកូវីដូដូ នៅចុងឆ្នាំ​២០២៤បាន​ដោយ​ងាយ​ទេ។​

តែយ៉ាងណា សម្រាប់ពេល​នេះ ប្រជាជនមូលដ្ឋាន ព្រមទាំង​ក្រុមសកម្មជនការពារបរិស្ថាន បានចាប់ផ្តើម​ទទួល​ផលអវិជ្ជមានជាបណ្តើរៗហើយ បើទោះបីគម្រោងនេះ​ទើបតែចាប់ផ្តើម​។ តំបន់អភិរក្សសត្វស្វាធំអូរ៉ង់អ៊ូតង់ កំពុងតែរងការគំរាមកំហែង ដោយសារតែសកម្មភាពជីកគាស់កកាយយករ៉ែ និង​ការឈូសឆាយផ្សេងៗរបស់ក្រុមហ៊ុនអលចនទ្រព្យ​។ លោក Jamartin Sihite នាយក​មូលនិធិសង្គ្រោះស្វាអូរ៉ងអ៊ូតង់ នៅ​កោះប័រណេអូ បាន​លើកឡើងថា៤០%នៃតំបន់ព្រៃឈើដាំឡើងវិញទំហំ​១៨០០ហិកតា ត្រូវបាន​បំផ្លាញ​ហើយ​ ក្នុងរវាងប៉ុន្មានឆ្នាំមកនេះ។ ការរីក​កាន់តែខ្លាំងនូវសកម្មភាពមនុស្ស​ នៅលើកោះប័រណេអូ នឹងកាន់តែគំរាមដល់​ធនធានធម្មជាតិ ប្រព័ន្ធជីវៈចម្រុះ និងសត្វព្រៃ។ ការព្រួយបារម្ភនេះ ក៏ត្រូវ​បានលើកឡើងផងដែរ ពីលោក Agus Bei អ្នកអភិរក្សព្រៃកោងកាង ទំហំ​១៥០ហិកតា នៅក្បែរ​​តំបន់អនាគតទីក្រុងនូសាន់តារ៉ា។ លោក​អះអាងថា បើតែយ៉ាងនេះ ទៅថ្ងៃអនាគត កូនចៅជំនាន់ក្រោយ​នឹងបាន​ឮឈ្មោះសត្វ និងរុក្ខជាតិ​ទាំងឡាយ តែក្នុងរឿងនិទានតែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ