អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ការបាញ់បង្ហោះរ៉ុកកែតផ្ទុកផ្កាយរណបដំបូងបង្អស់នៅអង់គ្លេសត្រូវទទួលបរាជ័យ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃ​ចន្ទ អង់គ្លេស​បាន​ប៉ុនប៉ង​បាញ់បង្ហោះ​រ៉ុកកែត​ផ្ទុក​ផ្កាយរណប​ទៅ​ក្នុង​ទីអវកាស ដែល​ជា​បេសកកម្ម​មិនធ្លាប់​ធ្វើ​ពីមុន​​នៅ​ក្នុងទឹកដី​អង់គ្លេស។ ក៏ប៉ុន្តែ នៅ​ទីបំផុត​ទៅ បេសកកម្ម​​ជា​ប្រវត្តិសាស្រ្ត​នេះ ​ដែល​គេ​រំពឹង​ថា​នឹង​អាច​​ឲ្យ​​​អង់គ្លេស​​​ឈានជើង​ចូល​ក្នុង​ក្លឹប​ប្រទេស​មហាអំណាច​អវកាស ត្រូវ​ទទួល​បរាជ័យ ដោយ​រ៉ុកកែតអវកាស​មិន​អាច​នាំ​ផ្កាយរណប​ទៅ​ដាក់​ក្នុង​គន្លង​តារាវិថី​បាន​ទៅតាម​ការគ្រោងទុក។

រ៉ុកកែតអវកាស​ធុន LauncherOne របស់​ក្រុមហ៊ុន​អង់គ្លេស Virgin Orbit កាល​ពី​ពេល​ហោះសាកល្បង (រូបភាពឯកសារ)
រ៉ុកកែតអវកាស​ធុន LauncherOne របស់​ក្រុមហ៊ុន​អង់គ្លេស Virgin Orbit កាល​ពី​ពេល​ហោះសាកល្បង (រូបភាពឯកសារ) Virgin Orbit/AFP
ផ្សាយពាណិជ្ជកម្ម

នៅក្នុងប្រវត្តិ​នៃ​កម្មវិធីអវកាស​របស់ខ្លួន អង់គ្លេស​ធ្លាប់​បាន​ទទួល​ជោគជ័យ​ក្នុងការ​បាញ់បង្ហោះ​ផ្កាយរណប​ដោយ​ខ្លួនឯង​តែម្តងគត់ ហើយជោគជ័យនេះ គឺតាំង​ពី​ឆ្នាំ១៩៧១​កន្លងទៅម៉្លេះ ពោលគឺ​​​​តាំងពី​កន្លះសតវត្សរ៍​​មកហើយ។ ចាប់តាំង​ពីពេលនោះមក អង់គ្លេស​មិនមាន​រ៉ុកកែតអវកាស​ផ្ទាល់ខ្លួនឯងនោះទេ ដោយ​រាល់ការ​បាញ់បង្ហោះ​ផ្កាយរណប​​​ទាំងអស់​ត្រូវ​ធ្វើ​នៅ​ប្រទេសផ្សេង។

ហេតុដូច្នេះហើយ​បាន​ជា​បេសកកម្ម​បាញ់បង្ហោះ​ផ្កាយរណប​កាល​ពីថ្ងៃ​ចន្ទ​កន្លងទៅនេះ ថ្វីដ្បិត​តែ​ជាបេសកកម្ម​ធ្វើឡើង​ដោយ​រ៉ុកកែតអវកាស​របស់​ក្រុមហ៊ុន​ឯកជន ក៏ប៉ុន្តែ វាជា​ក្តីសង្ឃឹមមួយ សម្រាប់​អង់គ្លេស ក្នុងការ​អភិវឌ្ឍ​វិស័យ​រ៉ុកកែតអវកាស​ក្នុងស្រុកផ្ទាល់ខ្លួនឯង លែងពឹង​លើ​ប្រទេស​ផ្សេង និង​ជាពិសេស អាច​ឈានជើង​ចូល​ប្រកួតប្រជែង​នៅ​ក្នុង​វិស័យអវកាស​ជាមួយ​ប្រទេស​មហាអំណាច​អវកាស​ផ្សេងទៀត។ ក៏ប៉ុន្តែ ក្តីសង្ឃឹម​នេះ​ត្រូវ​អាក់ខាន​ទៅវិញ ក្រោយ​ពី​បេសកកម្ម​​កាល​ពីថ្ងៃ​ចន្ទ​​ត្រូវ​ទទួល​បរាជ័យ។

រ៉ុកកែតអវកាស ដែល​គេប្រើ​​ក្នុង​ការ​បាញ់បង្ហោះ​ផ្កាយរណប កាល​ពីថ្ងៃ​ចន្ទ​នេះ មាន​ឈ្មោះ​ថា LauncherOne ជារ៉ុកកែត​របស់​ក្រុមហ៊ុន​ឯកជន​ឈ្មោះ Virgin Orbit ដែលជាផ្នែកមួយ​នៃ​ក្រុមហ៊ុន Virgin របស់​មហាសេដ្ឋីអង់គ្លេស Richard Branson។

គួរបញ្ជាក់ថា កាល​ពីដំបូង គម្រោងផលិត​​រ៉ុកកែតអវកាស LauncherOne ត្រូវ​បាន​អភិវឌ្ឍដោយ​ក្រុមហ៊ុន Virgin Galactic មុននឹង​ត្រូវ​បំបែក​ចេញ​ជា​ក្រុមហ៊ុន​​ពីរ​ដាច់ពីគ្នា​នៅ​ឆ្នាំ២០១៧ ដោយ​ Virgin Galactic ​បន្ត​ផ្តោត​លើ​កម្មវិធី​ទេសចរណ៍​អវកាស ចំណែក​ក្រុមហ៊ុន Virgin Orbit ផ្តោត​តែលើ​ការ​ផលិត​រ៉ុកកែត Launcher One ដើម្បី​ផ្តល់​សេវាកម្ម​បាញ់បង្ហោះ​ផ្កាយរណប។

LauncherOne ដែល​ត្រូវ​បាញ់​បង្ហោះ​សាកល្បង​ដោយ​ជោគជ័យ​ជាលើកទីមួយ កាល​ពី​ឆ្នាំ២០២១​កន្លងទៅ គឺ​ជា​ប្រភេទ​រ៉ុកកែត​អវកាស​ធុនតូច ប្រវែង​សរុប​ត្រឹម​ ២១ម៉ែត្រ ហើយ​អាច​ផ្ទុក​ផ្កាយរណប​ក្នុង​ទម្ងន់សរុប​ត្រឹម​ក្នុងចន្លោះ​ពី ៣០០គីឡូក្រាម ទៅ ៥០០គីឡូក្រាម ពោលគឺ​ត្រឹម​កន្លះតោន​តែ​ប៉ុណ្ណោះ។ ដើម្បី​ជាការប្រៀបធៀប រ៉ុកកែត​ធុន Falcon9 របស់​ក្រុមហ៊ុន SpaceX អាច​ផ្ទុក​ទម្ងន់​បាន​ក្នុងចន្លោះ ពី ៦តោន ទៅ ៩តោន ចំណែក​រ៉ុកកែត Ariane 5 របស់​បារាំង និង​ទីភ្នាក់ងារ​អវកាស​អឺរ៉ុបវិញ អាច​ផ្ទុក​ទម្ងន់​រហូតទៅដល់ ១០តោន ទៅ ២០តោនឯណោះ។

រ៉ុកកែត LauncherOneក៏ដូចជា​រ៉ុកកែតអវកាស​ទូទៅដែរ ត្រូវ​ធ្វើឡើង​ជា​ពីរ​កំណាត់ (Stages) ក៏ប៉ុន្តែ ខុសពី​រ៉ុកកែតអវកាស​ភាគច្រើន​ផ្សេងទៀត LauncherOne មិនត្រូវ​គេ​បាញ់បង្ហោះ​ចេញ​ពី​ដីដោយផ្ទាល់​នោះទេ ផ្ទុយ​ទៅវិញ គេ​ដាក់វាភ្ជាប់​ទៅនឹង​យន្តហោះ​ធុន Boeing 747 ហោះចេញ​ពី​ដីរហូត​ទៅដល់​រយៈកម្ពស់​ជាង ១០គីឡូម៉ែត្រ​ ទើប​ផ្តាច់ខ្លួនចេញ​ពី​យន្តហោះ រួចហើយ​បញ្ឆេះម៉ូទ័រ​បន្ត​ដំណើរ​ទៅកាន់​ទីអវកាស​ដោយ​ខ្លួនឯង។

នៅក្នុង​បេសកកម្ម​កាល​ពីថ្ងៃចន្ទ LauncherOne ដែល​ផ្ទុក​ទៅ​ដោយ​ផ្កាយរណប​ចំនួន ៩គ្រឿង បាន​ផ្តាច់ខ្លួន​ចេញ​ពី​យន្តហោះ Boeing 747 នៅ​ពីលើ​មហាសមុទ្រ​អាត្លង់ទិក រួចហើយ​បញ្ឆេះម៉ូទ័រ​កំណាត់​ទីមួយ ហោះឡើងទៅលើ​​ក្នុង​ដំណើរ​ការ​ជា​ធម្មតា ទៅតាម​ការ​គ្រោងទុក។ ក៏ប៉ុន្តែ បញ្ហា​បច្ចេកទេស​កើតឡើង​ទៅលើ​កំណាត់ទីពីរ ដែល​នាំទៅដល់​បរាជ័យ មិន​អាចបញ្ជូន​​ផ្កាយរណប​ទៅដាក់​ក្នុង​គន្លង​តារាវិថី​បាន។

គិតរហូតមកទល់នឹង​ពេលនេះ គេនៅមិនទាន់​ដឹង​ប្រាកដ​នៅឡើយទេ អំពី​ដំណើរដើមហេតុ​ដែល​នាំ​ទៅដល់​បរាជ័យ​ក្នុង​បេសកកម្ម​បាញ់បង្ហោះ​ផ្កាយរណប​នេះ ដោយ​អាជ្ញាធរ​អង់គ្លេស រួមជាមួយ​ក្រុមហ៊ុន Virgin Orbit កំពុង​ស៊ើបអង្កេត។ ក៏ប៉ុន្តែ ទាំង​អគ្គនាយក​ក្រុមហ៊ុន Virgin Orbit និង​ទាំង​រដ្ឋាភិបាល​អង់គ្លេស សុទ្ធតែ​បាន​អះអាង​ថា បរាជ័យ​កាល​ពីថ្ងៃចន្ទ​នេះ នឹង​មិន​ជា​ឧបសគ្គ​រារាំង​គម្រោង​អភិវឌ្ឍ​រ៉ុកកែតអវកាស​អង់គ្លេស​នោះទេ ដោយ​គេ​គ្រោង​នឹង​ចាប់ផ្តើម​បេសកកម្ម​បាញ់បង្ហោះ​ផ្កាយរណប​នេះ​សាជាថ្មី​ឡើងវិញ នៅ​ក្រោយ​ពេល​ការ​ស៊ើបអង្កេត​ត្រូវ​បញ្ចប់ ហើយ​បញ្ហា​បច្ចេកទេស​ត្រូវ​បាន​គេ​រកឃើញ និង​កែតម្រូវ​ឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ