អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទីតាំងបង្ហោះរ៉ុកកែតអវកាស​ទីមួយ​នៅក្នុងទឹកដីអឺរ៉ុបត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃ​សុក្រ ១៣មករា​កន្លងទៅនេះ សហភាព​អឺរ៉ុប​បាន​សម្ពោធ​ទីតាំង​បាញ់បង្ហោះ​រ៉ុកកែត​អវកាស​របស់ខ្លួន នៅ​ក្នុង​ប្រទេស​ស៊ុយអែត។ ជាទីតាំង​បាញ់បង្ហោះ​រ៉ុកកែតអវកាស​ដំបូងបង្អស់​ ដែល​ស្ថិត​នៅ​ក្នុង​ទ្វីបអឺរ៉ុប ហើយ​វា​ជា​ផ្នែក​មួយ នៃ​កិច្ចខិតខំប្រឹងប្រែង​របស់​អឺរ៉ុប នៅក្នុង​ការ​ប្រជែង​ផ្នែក​អវកាស។

ប្រធានគណៈកម្មការអឺរ៉ុប នៅក្នុងពិធីសម្ពោធ​ដាក់​ឲ្យប្រើប្រាស់​ទីតាំង​បាញ់បង្ហោះ​រ៉ុកកែតអវកាស នៅ​មជ្ឈមណ្ឌល​អវកាស Esrange ប្រទេស​ស៊ុយអែត កាលពីថ្ងៃសុក្រ ១៣មករា ២០២៣
ប្រធានគណៈកម្មការអឺរ៉ុប នៅក្នុងពិធីសម្ពោធ​ដាក់​ឲ្យប្រើប្រាស់​ទីតាំង​បាញ់បង្ហោះ​រ៉ុកកែតអវកាស នៅ​មជ្ឈមណ្ឌល​អវកាស Esrange ប្រទេស​ស៊ុយអែត កាលពីថ្ងៃសុក្រ ១៣មករា ២០២៣ AP - Jonas Ekströmer
ផ្សាយពាណិជ្ជកម្ម

ទីតាំងបង្ហោះរ៉ុកកែតអវកាស ដែល​ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ កាល​ពីថ្ងៃ​សុក្រ ក្រោម​អធិបតីភាព​ព្រះមហាក្សត្រ​ស៊ុយអែត និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប គឺ​ជា​មជ្ឈមណ្ឌលអវកាស ដែលគេ​ឲ្យ​ឈ្មោះ​ថា « Esrange Space Center » ​បង្កើតឡើង ដោយទីភ្នាក់ងារ​អវកាស​អឺរ៉ុប “អេសា” តាំង​ពី​ឆ្នាំ​១៩៦៦​​មកម៉្លេះ គ្រាន់តែ​ថា កាល​ពីពេល​កន្លងមក មជ្ឈមណ្ឌល​អវកាស​នេះ​ត្រូវ​បាន​ប្រើប្រាស់ សម្រាប់​តែ​ការ​សិក្សា​ទៅលើ​ស្រទាប់បរិយាកាសផែនដី និង​សិក្សាទៅលើ​បាតុភូត​ “អូរ៉បូរេអាល់” តែ​ប៉ុណ្ណោះ ហើយ​​មិនមាន​សមត្ថភាព​បាញ់បង្ហោះ​ផ្កាយរណប​ទៅដាក់​ក្នុង​គន្លង​តារាវិថី​នោះទេ ដោយ​រ៉ុកកែត​ទាំង​ប្រមាណ​ជា​ជាង ៦០០​ ដែលត្រូវបាន​គេ​​បាញ់បង្ហោះ​ចេញ​ពី​មជ្ឈមណ្ឌល​អវកាស​នេះ សុទ្ធសឹង​ជា​ប្រភេទ​រ៉ុកកែត ដែលគេ​ឲ្យឈ្មោះ​ជា​ភាសាអង់គ្លេស​ថា « Suborbital » ពោលគឺ វា​​អាច​ហោះ​ទៅដល់​ក្នុង​ទីអវកាស​​ដែរ (គឺទៅដល់ រយៈកម្ពស់​​ ២៦០គីឡូម៉ែត្រ) ក៏ប៉ុន្តែ មិន​អាច​ស្ថិត​នៅ​ក្នុង​គន្លង​តារាវិថី​បាន ដោយ​ត្រូវ​ធ្លាក់ចុះមកដីវិញ។

រហូត​ទាល់តែ​ដល់​ឆ្នាំ២០២០​កន្លងទៅ ទើប​ស៊ុយអែត និង​អឺរ៉ុប សម្រេច​ពង្រីក​មជ្ឈមណ្ឌល​អវកាស​នេះ ឲ្យ​ក្លាយ​ជា​ទីតាំង​បាញ់បង្ហោះ​ផ្កាយរណបរហូត​​ទៅដល់​ក្នុង​គន្លង​តារាវិថី​ជុំវិញ​ផែនដី។

គួរបញ្ជាក់ថា មុននឹង​ដាក់​សម្ពោធ​មជ្ឈមណ្ឌលអវកាស​នៅ​ស៊ុយអែត​នេះ អឺរ៉ុប​មាន​ទីតាំង​បាញ់បង្ហោះ​រ៉ុកកែតអវកាស​តែមួយគត់ គឺ​មជ្ឈមណ្ឌល​អវកាស​គូរូ ​ស្ថិត​នៅ​ក្នុង​ខេត្ត​ហ្គីយ៉ាន ដែល​ជា​ដែនដី​នាយសមុទ្រ​របស់​បារាំង ស្ថិត​នៅ​តំបន់​អាមេរិក​ខាង​ត្បូង ពោលគឺ​​នៅត្រើយ​ម្ខាងទៀត​នៃ​មហាសមុទ្រ​អាត្លង់ទិក​ ឆ្ងាយ​ពី​ទឹកដី​អឺរ៉ុប។

នៅក្បែរ​អឺរ៉ុប គឺ​មាន​មជ្ឈមណ្ឌល​អវកាស​បៃកូនួរ​របស់​រុស្ស៊ី ដែល​អឺរ៉ុប​ធ្លាប់​ពឹងផ្អែក​ច្រើន​ផងដែរ នៅក្នុង​បេសកកម្ម​អវកាស​មួយ​ចំនួន​កាល​ពីពេល​កន្លងទៅ ក៏ប៉ុន្តែ ក្រោយ​ពី​មាន​សង្គ្រាម​អ៊ុយក្រែន កិច្ចសហប្រតិបត្តិការ​វិស័យអវកាស​ រវាង​អឺរ៉ុប និង​រុស្ស៊ី ត្រូវ​កាត់ផ្តាច់​ស្ទើរតែ​ទាំងស្រុង  ហើយ​ដំណើរវិវឌ្ឍ​នៃ​ភូមិសាស្រ្ត​នយោបាយ​នេះ ធ្វើ​ឲ្យ​អឺរ៉ុប​មើលឃើញ​កាន់តែ​ច្បាស់​ ពី​តម្រូវការ​ចាំបាច់​ដែល​ត្រូវ​មាន​មជ្ឈមណ្ឌល​អវកាស​ផ្ទាល់ខ្លួនឯង​នៅ​ក្នុង​ទឹកដី​អឺរ៉ុប ដើម្បី​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ប្រទេស​ដទៃ។

ស្ថិត​នៅ​ខាងជើង​ប្រទេស​ស៊ុយអែត រហូត​ទៅដល់​ក្បែរ​តំបន់​ប៉ូល​ខាងជើង មជ្ឈមណ្ឌលអវកាស​ Esrange គឺ​ជា​ទីតាំង​បាញ់បង្ហោះ​រ៉ុកកែតអវកាស ដែល​ស្ថិត​នៅ​ខាងជើង​គេ​បង្អស់ នៅ​ក្នុង​ចំណោម​មជ្ឈមណ្ឌលអវកាស​ផ្សេងទៀត នៅ​ទូទាំង​ពិភពលោក។ ទីតាំង​ដែល​មាន​អំណោយផល សម្រាប់​ការ​បាញ់បង្ហោះ​ផ្កាយរណប ដែល​មាន​គន្លង​តារាវិថី​​​​​ពីលើ​តំបន​់ប៉ូល​ ដោយ​ឆ្លង​កាត់​ពី​​​ប៉ូល​ខាង​ជើង ទៅ​ប៉ូល​ខាងត្បូង។

ខុសពី​មជ្ឈមណ្ឌលអវកាស​គូរូ ដែល​ជា​ទីតាំង​បាញ់បង្ហោះ​រ៉ុកកែត​ធុនធំ ផ្ទុកទម្ងន់​រហូតដល់​ទៅ​រាប់តោន ហើយ​អាច​បាញ់បង្ហោះ​យាន​ទៅកាន​់ទីអវកាស​ក្នុង​ចម្ងាយឆ្ងាយ មជ្ឈមណ្ឌល​អវកាស Esrange នៅ​ស៊ុយអែតនេះវិញ នឹ​ងត្រូវប្រើ​សម្រាប់​តែ​ការ​បាញ់បង្ហោះ​​រ៉ុកកែត​ធុនតូច ផ្ទុក​ទម្ងន់​បាន​ត្រឹម​រាប់រយគីឡូក្រាម ហើយ​ប្រើ​សម្រាប​់តែការ​បាញ់បង្ហោះ​ផ្កាយរណប​​ទៅ​ក្នុង​គន្លង​ជុំវិញ​ភពផែនដីយើង​នេះតែប៉ុណ្ណោះ។

ដោយ​មើល​ទៅលើ​កំណើន​នៃ​តម្រូវការ​ផ្កាយរណប ដែល​គេ​ព្យាករ​ថា នឹង​អាច​កើនឡើង ពី ៥ពាន់គ្រឿង ដែល​មាន​បច្ចុប្បន្ន រហូតដល់​ទៅ​ប្រមាណ​ជា​ ១០ម៉ឺនគ្រឿង នៅ​​ឆ្នាំ២០៤០​ខាងមុខ ហើយ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ក៏​សម្បូរ​ទៅដោយ​ក្រុមហ៊ុន​ផលិត និង​ប្រតិបត្តិការ​ផ្កាយរណប​ផងនោះ មជ្ឈមណ្ឌល​អវកាស Esrange អាច​នឹង​ត្រូវ​ក្លាយ​ជា​ទីតាំង​ចម្បងមួយ សម្រាប់​ឲ្យ​អឺរ៉ុប​បង្កើន​ភាព​ប្រកួតប្រជែង​ក្នុង​វិស័យ​ផ្កាយរណប។

គួរបញ្ជាក់ថា បច្ចុប្បន្ន​នេះ ​មជ្ឈមណ្ឌលអវកាស Esrange ត្រូវ​បាន​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប យក​ធ្វើ​ជា​ទីតាំង សម្រាប់​គម្រោង​ផលិត​រ៉ុកកែតអវកាស​ធុនថ្មី គឺ​រ៉ុកកែត​ឈ្មោះ « Themis » ដែល​ជា​ប្រភេទ​រ៉ុកកែត​អាច​ប្រើ​បាន​ច្រើន​ដង ស្រដៀង​ទៅនឹង​រ៉ុកកែត​ធុន Falcon 9 របស់​ក្រុមហ៊ុន SpaceX ហើយដែល​ការ​បាញ់បង្ហោះសាកល្បង​ជាលើកដំបូង ត្រូវ​គេ​គ្រោង​ធ្វើ នៅ​ក្នុង​អំឡុង​ឆ្នាំ២០២៣​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ