អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បារាំងបង្កើនថវិកាការពារជាតិដើម្បីត្រៀមខ្លួនសម្រាប់ករណីសង្គ្រាមទ្រង់ទ្រាយធំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃសុក្រ ២០មករា​កន្លងទៅ លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង បាន​ប្រកាស​បង្កើន​កញ្ចប់​ថវិកា​ការពារជាតិ រហូតដល់​ទៅ ៤១៣ពាន់លាន​អឺរ៉ូ សម្រាប់​រយៈពេល ៧ឆ្នាំ​ខាងមុខ គឺ​ពី​ឆ្នាំ២០២៤ ដល់​ឆ្នាំ២០៣០។ សម្រាប់​លោក​ម៉ាក្រុង ការបង្កើន​ថវិកា​ការពារជាតិ​នៅពេលនេះ វា​គឺ​ជា​រឿង​ចាំបាច់ ដើម្បី​បង្កើន​សមត្ថភាព​កងទ័ព​បារាំង ក្នុងបរិបទ​​​ភូមិសាស្ត្រ​នយោបាយ​ថ្មី ក្រោយ​សង្គ្រាម​នៅ​អ៊ុយក្រែន។ តើ​កញ្ចប់​ថវិកា​ការពារជាតិ​ថ្មី​នេះ​នឹង​ត្រូវ​ផ្តោត​ទៅលើ​អ្វីខ្លះ?

លោកអេម៉ានុយអែល ម៉ាក្រុង នៅ​ក្នុង​អំឡុង​ជំនួបសំណេះសំណាល​ជាមួយកងទ័ពបារាំង និងប្រកាស​ពី​គម្រោង​បង្កើន​ថវិកា​ការពារជាតិ កាល​ពីថ្ងៃទី២០ មករា ២០២៣
លោកអេម៉ានុយអែល ម៉ាក្រុង នៅ​ក្នុង​អំឡុង​ជំនួបសំណេះសំណាល​ជាមួយកងទ័ពបារាំង និងប្រកាស​ពី​គម្រោង​បង្កើន​ថវិកា​ការពារជាតិ កាល​ពីថ្ងៃទី២០ មករា ២០២៣ © REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

កញ្ចប់​ថវិកា​ការពារជាតិ ៤១៣ពាន់លាន​អឺរ៉ូ សម្រាប់​រយៈពេល​ ៧ឆ្នាំ ឬ​ប្រមាណ​ជា ៥៩ពាន់លាន​អឺរ៉ូ ក្នុងមួយឆ្នាំ វាមិនជាច្រើន​ប៉ុន្មានទេ បើ​ប្រៀបធៀបនឹង​សហរដ្ឋ​អាមេរិក ដែល​មាន​កញ្ចប់​ថវិកា​ការពារជាតិ​រហូតដល់​ទៅ​ប្រមាណ​ជា ៨០០ពាន់លាន​ដុល្លារ ក្នុងមួយឆ្នាំ ឬ​ក៏​ចិន ប្រមាណ​ជា ៣០០ពាន់លាន​ដុល្លារ។ ក៏ប៉ុន្តែ សម្រាប់​បារាំង នេះ​គឺ​ជា​ការ​បង្កើន​កញ្ចប់​ថវិកា​ការពារជាតិ​ដ៏ច្រើន​សន្ធឹកសន្ធាប់​មិនធ្លាប់មាន នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លងទៅនេះ ហើយ​បើ​ធៀបទៅនឹង​៧ឆ្នាំកន្លងទៅ ថវិកាការពារជាតិ​របស់​បារាំង​នឹង​ត្រូវ​កើនឡើង រហូតដល់​ទៅ​ប្រមាណ​ជា ៤០%​ឯណោះ។

លើកចុងក្រោយ​បង្អស់ ដែល​បារាំង​បង្កើន​ថវិកាការពារជាតិ​ច្រើន​សន្ធឹកសន្ធាប់​បែបនេះ គឺ​កាល​ពី​អំឡុង​ទសវត្សរ៍​ឆ្នាំ៦០ នៅពេល​ដែល​ឧត្តមសេនីយ៍ ស្ហាល ដឺហ្គោល សម្រេច​ប្រែក្លាយ​បារាំង​ឲ្យ​ទៅ​ជា​មហាអំណាច​នុយក្លេអ៊ែរ។

នៅក្នុងពេល​ប្រកាស​បង្កើន​ថវិកាការពារជាតិ​នេះ លោក​អេម៉ានុយអែល ម៉ាក្រុង បាន​គូសបញ្ជាក់ថា សម័យកាល​សុខសន្តិភាព ដែល​បារាំង ក៏ដូចជា អឺរ៉ុប ធ្លាប់​​ឆ្លងកាត់ ក្រោយ​ពី​បញ្ចប់​សង្គ្រាម​ត្រជាក់​​មកនោះ កំពុងតែ​ដើរមកដល់​ទីបញ្ចប់​ហើយ​នៅ​ពេលនេះ ជាមួយ​នឹង​សង្គ្រាម​នៅ​អ៊ុយក្រែន។ ដូច្នេះ វាជារឿងចាំបាច់ ដែល​បារាំង​ត្រូវ​ត្រៀមខ្លួន ដើម្បី​ប្រឈម​នឹង​បរិបទ​សន្តិសុខថ្មី។

ចំណុចរបត់​ដ៏ចម្បង​នៃ​យុទ្ធសាស្រ្ត​ការពារជាតិ​របស់​បារាំង​នៅពេលនេះ គឺ​ការ​ងាកចេញ​ពី​យុទ្ធសាស្រ្ត​សង្គ្រាម​ទ្រង់ទ្រាយតូច គឺ​សង្គ្រាម​ប្រឆាំង​ភេរវកម្ម ឬ​​សង្គ្រាម​ទល់​នឹង​ក្រុមប្រដាប់អាវុធផ្សេងទៀត ដែល​ជា​តួអង្គ​មិនមែន​ជា​រដ្ឋ ហើយ​បែរ​មក​ផ្តោត​លើ​យុទ្ធសាស្រ្ត​សង្គ្រាម​ទ្រង់ទ្រាយធំ​វិញ គឺ​សង្គ្រាម​ រវាង​រដ្ឋ និង​រដ្ឋ។

បើ​យើងមើល​ទៅលើ​កញ្ចប់​ថវិកា​ការពារជាតិ ទាំង ៤១៣ពាន់លាន​អឺរ៉ូ ដែល​លោក​ម៉ាក្រុង​ ទើបនឹង​ប្រកាស​ឲ្យដឹង កាល​ពីថ្ងៃ​សុក្រ​កន្លងទៅនេះ យើងឃើញ​ថា ថ្វីដ្បិត​តែ​មុខចំណាយលម្អិត​ត្រូវ​បាន​ដាក់​ជា​ការណ៍សម្ងាត់យោធា ក៏ប៉ុន្តែ ជាគោលៗ មុខចំណាយជាអាទិភាព​​បាន​ឆ្លុះបញ្ចាំង​ អំពី​ការផ្លាស់ប្តូរ​យុទ្ធសាស្រ្ត ដើម្បីត្រៀមខ្លួន​ទប់ទល់​នឹង​សង្គ្រាមទ្រង់ទ្រាយធំ​។ នៅក្នុងនោះ រួមមានជាអាទិ៍៖

ការពង្រឹង​វិស័យការពារដែនអាកាស

លោក​ម៉ាក្រុង​បាន​ឲ្យដឹង​ថា មុខចំណាយទៅលើ​វិស័យ​ការពារដែន​អាកាស​នឹង​ត្រូវ​បង្កើន​យ៉ាងតិច ៥០% ដើម្បី​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធមីស៊ីល​ការពារដែន​អាកាស​​គ្រប់ប្រភេទ​របស់​បារាំង ដោយ​ក្នុងនោះ រាប់ទាំង​ប្រព័ន្ធប្រឆាំងនឹង​ដ្រូន​ផង។ ហើយ​ក្នុងពេល​ជាមួយគ្នា ការចំណាយទៅលើ​​ប្រព័ន្ធមីស៊ីល​ និង​សព្វាវុធ​សម្រាប់​ប្រើ​​ក្នុងការ​វាយប្រហារ​រយៈចម្ងាយ​ឆ្ងាយ ក៏ដូចជា ប្រព័ន្ធ​សព្វាវុធ​ប្រឆាំង​នឹង​នាវាមុជទឹក​ក៏ជា​វិស័យ​អាទិភាព​មួយ​ផងដែរ។

បង្កើន​ថវិកា​ផ្នែក​ចារកិច្ចយោធា

មុខចំណាយដ៏ចម្បងមួយទៀត ដែល​នឹង​ត្រូវ​បង្កើន​យ៉ាងច្រើន​ផងដែរ គឺ​គ្រោង​បង្កើន​រហូត​ដល់​ទៅ ៦០% គឺ​វិស័យ​ចារកិច្ច​ ជាពិសេស ផ្នែក​​ចារកិច្ចយោធា។

ការសម្រេច​ពង្រឹង​ផ្នែក​​ចារកិច្ច​យោធា​នេះ គឺ​ជា​ចំណុច​មួយ​គួរ​ឲ្យ​កត់សម្គាល់ ពីព្រោះ​ថា នៅមុនសង្គ្រាម​អ៊ុយក្រែន នៅ​ក្នុងពេល​ដែល​ចារកិច្ច​អាមេរិក និង​អង់គ្លេស​សុទ្ធតែ​បាន​សន្និដ្ឋាន​ត្រូវ អំពី​គម្រោង​របស់​លោក​ពូទីន ក្នុងការចូលឈ្លានពាន​អ៊ុយក្រែន ចារកិច្ចបារាំងវិញបាន​សន្និដ្ឋាន​ខុស ដែល​នេះ គឺ​ជា​បរាជ័យ​​ដ៏ចម្បង​មួយ​ខាង​ផ្នែក​ចារកិច្ច។ បរាជ័យ​ ​ដែល​ធ្វើ​ឲ្យ​ប្រមុខទីភ្នាក់ងារ​ចារកិច្ច​យោធា​បារាំង​ត្រូវ​បាន​ដកតំណែងប្រមាណ​ជា​មួយខែ​ក្រោយ​រុស្ស៊ី​ចូលឈ្លានពាន​អ៊ុយក្រែន។

ដើម្បីពង្រឹង​វិស័យ​ចារកិច្ច​យោធា នៅ​ក្នុង​បរិបទ​នៃ​ការ​គំរាមកំហែង​ថ្មី​នេះ បារាំង​គ្រោង​បង្កើន កញ្ចប់​ថវិកាសម្រាប់​​ទីភ្នាក់ងារ​ចារកិច្ច​យោធា រហូត​ដល់​ទៅ​ទ្វេដង​ឯណោះ ធៀប​នឹង​កញ្ចប់​ថវិកា​ដែល​មាន​ក្នុងពេល​បច្ចុប្បន្ន​។

ទំនើបកម្ម​សព្វាវុធ​នុយក្លេអ៊ែរ

អាទិភាព​ចម្បងមួយទៀត ហើយ​ប្រហែល​ជា​អាទិភាព​ចម្បង​ជាងគេ​បំផុត នៅ​ក្នុង​កញ្ចប់​ថវិកា​ការពារជាតិ​ថ្មី​នេះ គឺ​វិស័យ​នុយក្លេអ៊ែរ​។

ដើម្បីពង្រឹង​សមត្ថភាពនុយក្លេអ៊ែរ ទុកកំញើញគូសត្រូវ បារាំង​គ្រោង​យក​ថវិកា​មួយផ្នែក​ធំ នៃ​កញ្ចប់​ថវិកា​ទាំង ៤១៣ពាន់​លាន​អឺរ៉ូ ទៅ​ធ្វើទំនើបកម្ម​សព្វាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។ ទំនើបកម្ម​ទាំង​ទៅលើ​ក្បាលគ្រាប់​នុយក្លេអ៊ែរ ទាំង​ប្រព័ន្ធ​មីស៊ីល​បំពាក​់ក្បាលគ្រាប់នុយក្លេអ៊ែរ និង​ទាំង​ប្រព័ន្ធសម្រាប់​បាញ់​មីស៊ីល​នុុយក្លេអ៊ែរ។

គួរបញ្ជាក់ថា បារាំង​គឺ​ជា​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ពិភពលោក​លំដាប់ទីបួន បន្ទាប់​ពី រុស្ស៊ី អាមេរិក និង​ចិន ដោយ​​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ បារាំង​មាន​ក្បាលគ្រាប់នុយក្លេអ៊ែរ​​​សរុប​ជិត ៣០០គ្រាប់។ ក៏ប៉ុន្តែ ​​ចាប់តាំង​ពី​ឆ្នាំ១៩៩៦​មក បារាំង​លែងប្រើ​​​​មីស៊ីល​នុយក្លេអ៊ែរបាញ់​​ចេញ​ពី​ដី​ទៀតហើយ ដោយ​​មានតែ​ប្រព័ន្ធ​មីស៊ីល​នុយក្លេអ៊ែរ​ពីរប្រភេទ​តែប៉ុណ្ណោះ គឺ​ប្រព័ន្ធមីស៊ីល​ផ្លូវអាកាស បំពាក់​លើ​យន្តហោះធុន Rafale និង Mirage 2000 និង​ប្រព័ន្ធមីស៊ីល​ផ្លូវសមុទ្រ បំពាក់​លើ​នាវាមុជទឹក ​ធុន Le Triomphant ​ដែល​ជា​ប្រភេទ​នាវាមុជទឹកដើរដោយថាមពល​នុយក្លេអ៊ែរ។

បច្ចុប្បន្ន​នេះ បារាំង​មាន​នាវាមុជទឹក​ធុន Le Triomphant នេះ ចំនួន ៤គ្រឿង ដោយ​ក្នុងមួយគ្រឿងៗ​បំពាក់​ទៅដោយ​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប ​ចំនួន ១៦ដើម ហើយ​មីស៊ីល​មួយដើមៗ មានបំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរ ចំនួន ៦គ្រាប់។

នៅ​ក្នុងយុទ្ធសាស្រ្ត​នុយក្លេអ៊ែរ​របស់​បារាំង នៅក្នុង​ចំណោម​នាវាមុជទឹក Le Triomphant ទាំង ៤គ្រឿង ត្រូវ​​រាយ​បណ្តាក់​គ្នា ធ្វើ​យ៉ាងណា​ឲ្យ​មាន​យ៉ាងតិច ១គ្រឿង ​ត្រូវ​ដាក់​ពង្រាយ​នៅបាតសមុទ្រ​ជាប់​ជា​ប្រចាំឥតដាច់។ ក៏ប៉ុន្តែ ចាប់តាំង​ពី​ផ្ទុះសង្គ្រាម​អ៊ុយក្រែន​មក បារាំង​បាន​ដាក់​ពង្រាយ​នាវាមុជទឹក​នេះ​រហូត​ដល់​ទៅ ៣គ្រឿង ក្នុងពេល​តែមួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ