អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទ្រនិចនាឡិកា “ថ្ងៃលោកវិនាស” រំកិលទៅមុខជិតដល់ចំណុចចុងក្រោយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃអង្គារ ២៤មករា ក្រុមអ្នក​វិទ្យាសាស្រ្ត​ទទួលបន្ទុក​ចាត់ចែង​នាឡិកា “ថ្ងៃលោកវិនាស” បាន​រំកិល​ទ្រនិច​នាឡិកា​ទៅមុខ គឺ​ទៅត្រឹមតែ ៩០វិនាទី​ប៉ុណ្ណោះ ពី​ចំណុចចុងក្រោយ ដែល​កំណត់​ពី​ការវិនាសហិនហោច​នៃ​មនុស្សជាតិ​នៅលើ​ភពផែនដី​ទាំងមូល។ តើ​នាឡិកា “ថ្ងៃ លោកវិនាស” នេះ គឺ​ជា​អ្វី? មាន​ដើមកំណើតមកពីណា? ហើយ​តើ​វាមាន​សុក្រឹតភាព​ប៉ុណ្ណា?

ទ្រនិចនាឡិកា "ថ្ងៃលោកវិនាស" ចង្អុលត្រង់ចំណុច ៩០វិនាទី មុនកណ្តាលអធ្រាត ដែលតំណាង​ថ្ងៃចុងក្រោយ​​នៃ​មនុស្សជាតិ
ទ្រនិចនាឡិកា "ថ្ងៃលោកវិនាស" ចង្អុលត្រង់ចំណុច ៩០វិនាទី មុនកណ្តាលអធ្រាត ដែលតំណាង​ថ្ងៃចុងក្រោយ​​នៃ​មនុស្សជាតិ © REUTERS / LEAH MILLIS
ផ្សាយពាណិជ្ជកម្ម

នាឡិកា “ថ្ងៃលោកវិនាស” ឬ​ហៅជាភាសាអង់គ្លេស​ថា « Doomsday Clock » ត្រូវបាន​បង្កើតឡើង កាល​ពី​ឆ្នាំ១៩៤៧ ដោយ​អ្នកវិទ្យាសាស្រ្ត​មួយក្រុម ដែល​ធ្លាប់​ជាផ្នែកមួយ​នៃគម្រោងផលិតអាវុធនុយក្លេអ៊ែរ​របស់​អាមេរិក កាល​ពីក្នុង​អំឡុង​សង្គ្រាម​លោកលើកទី២ (​គម្រោងដែលមាន​ឈ្មោះសម្ងាត់​ថា « Manhattan Project »)។

ក្រុមអ្នកវិទ្យាសាស្រ្ត​នេះ ដែលមានឈ្មោះថា « Bulletin of the Atomic Scientists » ហើយ​ដែល​នៅ​ក្នុង​ចំណោម​សមាជិក​ស្ថាបនិក​ ក៏មាន​លោក អាល់ប៊ែរ អាញស្តាញ​ផងដែរ បាន​បង្កើត​នាឡិកា​ “ថ្ងៃលោកវិនាស” ឡើង ដើម្បី​ជានិមិត្តរូប​បង្ហាញ អំពី​​ដំណើរ​ឈាន​ទៅ​រកចំណុចគ្រោះថ្នាក់ នៃ​ការ​វិនាសហិនហោច​មនុស្សជាតិ​​នៅលើ​ភពផែនដី​ទាំងមូល ​ដោយ​សារ​តែ​ស្នាដៃ​របស់​មនុស្សជាតិយើង​ខ្លួនឯងផ្ទាល់។

​កាល​ពី​ដំបូង នាឡិកា “ថ្ងៃលោកវិនាស” នេះ វាស់វែងតែទៅលើ​ហានិភ័យ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​តែ​ប៉ុណ្ណោះ ក៏ប៉ុន្តែ ចាប់តាំង​ពី​ឆ្នាំ២០០៧មក គេបាន​ដាក់បញ្ចូល​ចំណុចវាស់វែង​មួយ​បន្ថែម​ទៀត គឺ​ការប្រែប្រួល​អាកាសធាតុ ដែល​សុទ្ធសឹងតែ​ជា​ផលវិបាក ដែល​បង្កឡើង​ដោយ​មនុស្សយើងខ្លួនឯង។

ជារៀងរាល់ឆ្នាំ ក្រុមអ្នកវិទ្យាសាស្រ្ត អមទៅដោយ​ក្រុមប្រឹក្សា​ផ្តល់​យោបល់​ជា​ច្រើននាក់ ដោយ​នៅ​ក្នុងនោះ​មាន​ទាំង​ជ័យលាភីណូបែល​ ១០នាក់ផង ​សម្រេច​កំណត់​ទីតាំង​នៃ​ទ្រនិចនាឡិកា អាស្រ័យ​ទៅតាម​កម្រិត​​គ្រោះថ្នាក់​នៃ​ការ​វិនាសហិនហោច​មនុស្សជាតិ​ដែល​គេ​បាន​វាយតម្លៃឃើញ ពោលគឺ ទ្រនិចនាឡិកា​អាច​ស្ថិត​នៅ​ទីតាំងដដែល​ ប្រសិនបើ​ហានិភ័យ​នៅដដែល​មិនប្រែប្រួល ទ្រនិចនាឡិកា​​ត្រូវរំកិល​មក​ក្រោយ​ ប្រសិនបើ​ហានិភ័យ​ថយចុះ ហើយ​ វាត្រូវ​រំកិល​ទៅមុខ​ ប្រសិនបើ​ហានិភ័យកើនឡើង ដោយ​ចំណុចចុងក្រោយ​នៃ​ការ​វិនាសភពផែនដី ស្ថិត​នៅ​ត្រង់​ម៉ោង​១២កណ្តាលអធ្រាត។

គួរបញ្ជាក់ថា ចាប់តាំងពី​បង្កើតឡើងមក ទ្រនិចនាឡិកា​នេះ​ត្រូវបាន​គេ​រំកិលថយក្រោយ​ចំនួន ៨ដង និង​ទៅមុខ ១៧ដង គិតជាសរុប ២៥ដង ដោយ​នៅ​ក្នុង​នោះ រំកិល​ទៅដល់ចំណុច​​ឆ្ងាយ​បំផុត​ គឺ ១៧នាទី​មុនកណ្តាល​អធ្រាត កាល​ពី​ឆ្នាំ១៩៩១​កន្លងទៅ នៅពេល​ដែល​សង្គ្រាម​​ត្រជាក់​ត្រូវ​បិទបញ្ចប់ ហើយ​សន្ធិសញ្ញា​កាត់បន្ថយ​អាវុធ​នុយក្លេអ៊ែរ​ត្រូវ​បាន​ចុះហត្ថលេខា ដោយ​​​​ប្រធានាធិបតី​អាមេរិក ចច ប៊ូស និង​ប្រធានាធិបតី​សហភាព​សូវៀត មីកាអែល ហ្ក័របាឆូវ។

កាលពីថ្ងៃអង្គារ ២៤មករា ក្រុមអ្នកវិទ្យាសាស្រ្ត​បាន​សម្រេច​រំកិល​ទ្រនិចនាឡិកា​ទៅមុខ មកនៅត្រឹមតែ ៩០វិនាទី​ប៉ុណ្ណោះមុន​​កណ្តាលអធ្រាត ដែល​ជា​ការ​រំកិល​ទៅ​កៀក​​នឹង​ចំណុចចុងក្រោយ​បំផុត​មិន​ធ្លាប់​មាន ចាប់តាំង​ពី​គេ​បង្កើត​នាឡិកា​នេះឡើង។

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ពន្យល់ថា ការ​សម្រេច​រំកិលទ្រនិចនាឡិកាទៅមុខនៅពេលនេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​វាយតម្លៃ​ទៅលើ​កត្តា​ជាច្រើន​បូកបញ្ចូល​គ្នា រាប់ចាប់តាំង​ពី​វិបត្តិ​អាកាសធាតុ ដែល​ធ្លាក់ចុះ​កាន់តែ​ធ្ងន់ធ្ងរ ទាំង​ការ​គំរាមកំហែង​ផ្នែក​ជីវសាស្រ្ត ដែល​បង្ហាញ​ឲ្យ​ឃើញ តាមរយៈ​ការ​រាតត្បាត​សកល​នៃ​មេរោគ​កូវីដ១៩ ក៏ដូចជា​ការ​គំរាមកំហែង​ផ្នែក​បច្ចេកវិទ្យា ជាដើម ជាពិសេស ​បច្ចេកវិទ្យា​ដែល​ជា​ចលករនៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត។

ក៏ប៉ុន្តែ កត្តា​ដែល​ជា​គ្រោះថ្នាក់​ចម្បងបំផុត​នៅពេលនេះ​ ហើយ​ដែល​ធ្វើ​ឲ្យ​គេសម្រេច​​រំកិលទ្រនិចនាឡិកា​ទៅដល់​កៀក​នឹង​ចំណុច​ចុងក្រោយ​បំផុត​មិន​ធ្លាប់មាន​​ គឺ​សង្គ្រាម​នៅ​អ៊ុយក្រែន ជាពិសេស គឺ​ការ​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ម្តងហើយម្តងទៀត​ដោយ​រុស្ស៊ី​ ដែលកំពុងតែ​ធ្វើ​ឲ្យ​ហានិភ័យ​នៃ​ការប្រឈមមុខដាក់គ្នា​ដោយ​អាវុធ​នុយក្លេអ៊ែរ​ត្រូវ​កើនឡើង​ដល់​កម្រិត​មួយ​ខ្ពស់​បំផុតកម្រនឹងឃើញមាន​នៅ​ក្នុង​ប្រវត្តិសាស្រ្ត។

គួរបញ្ជាក់ថា ទ្រនិចនាឡិកា « Doomsday » នេះ មិនមែន​ជា​ការ​វាស់វែង​ដោយ​សុក្រឹត​ទៅលើ​ការគំរាមកំហែងណាមួយ​ដោយ​ប្រាកដ​នោះទេ ក៏ប៉ុន្តែ វា​ជា​និមិត្តរូប​មួយ សម្រាប់​ឲ្យ​គ្រប់គ្នា​អាច​មើល​ឃើញ​ថា មនុស្សជាតិយើង តាមរយៈ​សកម្មភាព​របស់​យើង​ផ្ទាល់​ខ្លួន​ឯង កំពុងតែ​ធ្វើ​​ដំណើរ​ទៅ​កៀក​​ប៉ុណ្ណា​នឹង​ការ​វិនាសហិនហោច​ ដើម្បី​ជា​ការ​ដាស់ស្មារតី​ឲ្យ​យើង​គិតគូរ​យកចិត្ត​ទុកដាក់ អំពី​បញ្ហា​សំខាន់ៗ រួមមាន​​​បញ្ហា​​រីកសាយភាយ​​សព្វាវុធ​នុយក្លេអ៊ែរ និង​​បញ្ហា​អាកាសធាតុ ជាដើម ដែល​សុទ្ធសឹង​ជា​បញ្ហា​​​កំណត់​ជោគវាសនា​របស់​មនុស្សជាតិយើង​ទាំងមូល។

សម្រាប់​អ្នក​វិទ្យាសាស្រ្ត គ្រោះថ្នាក់​អស់ទាំងនេះ វា​បង្ក​ឡើង​ដោយ​សកម្មភាព​របស់​មនុស្ស​​យើង ដូច្នេះ វា​ជា​ការ​ទទួលខុសត្រូវ​របស់​យើង​គ្រប់គ្នា ដែល​ត្រូវ​ចូលរួម​ចំណែក​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃគ្រោះថ្នាក់ចំពោះខ្លួនឯង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ