អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ្វីជាចំណុចគន្លឹះក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅស៊្វីសឆ្នាំ២០២៣?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សេដ្ឋកិច្ចសកលបន្ដធ្លាក់ថមថយ វិបត្តិសង្គ្រាមអ៊ុយក្រែន បញ្ហាប្រជែងភូមិសាស្ត្រនយោបាយ ការបង្កើនការរឹតបន្ដឹងលើពាណិជ្ជកម្មអន្ដរជាតិ និងវិបត្តិប្រែប្រួលអាកាសធាតុ បានគ្របដណ្ដប់លើប្រធានចម្បងៗ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅក្នុងទីក្រុង Davos ប្រទេសស៊្វីស នៅក្នុងខែមករា ឆ្នាំ២០២៣នេះ។ ក៏ប៉ុន្តែ ក្ដីសង្ឃឹមនៃភាពសុទិដ្ឋិនិយម និងប្រកបដោយការប្រុងប្រយ័ត្ន ក៏នៅតែបន្ដមានផងដែរ លើទស្សនវិស័យសេដ្ឋកិច្ចពិភពលោក​ សម្រាប់ឆ្នាំខាងមុខ។

លោក Ignazio Cassis រដ្ឋមន្ត្រីក្រសួងការបរទេស​ស្វ៊ីស ថ្លែង​ក្នុង​ថ្ងៃ​ទី ១៧ មករា ២០២៣ ពេល​បើក​ជំនួប​កំពូល​វេទិកាសេដ្ឋកិ​ច្ច​ពិភពលោក​
លោក Ignazio Cassis រដ្ឋមន្ត្រីក្រសួងការបរទេស​ស្វ៊ីស ថ្លែង​ក្នុង​ថ្ងៃ​ទី ១៧ មករា ២០២៣ ពេល​បើក​ជំនួប​កំពូល​វេទិកាសេដ្ឋកិ​ច្ច​ពិភពលោក​ © LAURENT GILLIERON / AP
ផ្សាយពាណិជ្ជកម្ម

ជារៀងរាល់​ឆ្នាំ នៅខែមករា នៅក្នុងទីក្រុងDavos ​ប្រទេសស៊្វីសតាមរយៈវេទិកាសេដ្ឋកិច្ចពិភពលោក (The World Economic Forum) បាន​ទទួលស្វាគមន៍ អ្នក​ដឹកនាំពិភពលោក រាប់សិបពាន់នាក់ ទាំងក្នុងវិស័យ​សាធារណៈ ឯកជន អង្គការអន្ដរជាតិ និងស្ថាប័នពាក់ព័ន្ធនានា ដើម្បី​ពិភាក្សាគ្នាអំពីបញ្ហាសកលចម្បងៗ។ តើអ្វីជាចំណុចគន្លឹះក្នុងកិច្ចប្រជុំសកលឆ្នាំ២០២៣នេះ?

សេដ្ឋកិច្ចសកលបន្ដធ្លាក់ថមថយ

ភាពអាប់អួនៅតែបន្ដកើនមាននៅក្នុងសេដ្ឋកិច្ចពិភពលោក ហើយវិ​បត្តិសកលនានា បានបន្ដក្លាយជាប្រធានបទចម្បងៗ នៅក្នុងសន្និសិទ្ធទីក្រុង Davos ប្រទេសស៊្វីស ក៏ប៉ុន្តែ ក្ដីសង្ឃឹមនៃភាពសុទិដ្ឋិនិយម និងប្រកបដោយការប្រុងប្រយ័ត្នក៏នៅមានផងដែរ សម្រាប់ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក សម្រាប់ឆ្នាំខាងមុខ។

លោក Daniel Pinto ប្រធានធនាគារ JP Morgan បានលើកឡើងថា "បញ្ហានានានៅមិនទាន់ត្រលប់មករកភាពល្អប្រសើរវិញនោះទេ ប៉ុន្តែវាស្ថិតនៅក្នុងកម្រិតល្អជាងអ្វីដែលធ្លាប់មានពីមុនមក។"

ផ្អែកតាមរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) សកម្មភាពសេដ្ឋកិច្ចសកលជារួមកំពុងធ្លាក់ចុះច្រើន និងខ្លាំងជាងការរំពឹងទុក។ កម្រិតអតិផរណាបានកើនឡើងខ្ពស់ខ្លាំង ប្រៀបធៀបក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយ។ វិបត្តិនៃការឡើងថ្លៃការចំណាយក្នុងការរស់នៅ ការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុនៅក្នុងតំបន់ភាគច្រើន ការឈ្លានភាពរបស់រុស្ស៊ីលើអ៊ុយក្រែន និងការរីករាលដាលនៃជំងឺកូវីដ១៩ បានរួមចំណែកបន្ថែមទម្ងន់ទៅលើការធ្លាក់ចុះកំណើនសេដ្ឋកិច្ច។ យោងតាមស្ថាប័ននេះ កំណើនសេដ្ឋកិច្ចសកលនឹងមានកម្រិតខ្សោយបំផុតចាប់តាំងពីឆ្នាំ២០០១ លើកលែងតែយើងប្រៀបធៀបជាមួយអំឡុងពេលនៃវិបត្តិហិរញ្ញវត្ថុពិភពលោកនៅឆ្នាំ២០០៨ និងអំឡុងពេលធ្លាក់ចុះខ្លាំង នៅពេលដែលជំងឺកូវីដ១៩កំពុងកើនឡើងខ្លាំង នៅឆ្នាំ២០២០។

សង្គ្រាមអ៊ុយក្រែន និងកត្តាភូមិសាស្ត្រនយោបាយ

សេចក្តីសន្និដ្ឋានរួមទាញចេញពីសន្និសីទគឺថា សម្ព័ន្ធមិត្តរបស់អ៊ុយក្រែនមានបំណងបង្កើនជំនួយអាវុធ និងការគាំទ្រផ្នែកហិរញ្ញវត្ថុទៅឱ្យអ៊ុយក្រែន ក្នុងកម្រិតទ្វេដង ដើម្បីការពារខ្លួនប្រឆាំងនឹងរុស្ស៊ី។ ក៏ប៉ុន្តែ ក៏មានការលើកឡើងអំពីហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច និងការបែងចែកពិភពលោកបន្ថែមទៀត ហើយពួកគេបានលើកទឹកចិត្តឱ្យមានការវិលត្រឡប់មករកតុចរចាវិញឱ្យកាន់តែឆាប់។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ កត្តាភូមិសាស្ត្រនយោបាយមិនសូវជះឥទ្ធិពលខ្លាំងទេលើសេដ្ឋកិច្ចសកល និងប្រព័ន្ធហិរញ្ញវត្ថុអន្ដរជាតិ។ ពិភពលោកពីមុននេះមានទំនាក់ទំនងអន្តរជាតិល្អ និងមានស្ថិរភាព ហើយការជឿទុកចិត្តគ្នារវាងប្រទេសមហាអំណាចមានកម្រិតខ្ពស់។ កត្តានេះអំណោយផលខ្លាំងណាស់ដល់កំណើនសេដ្ឋកិច្ចខ្ពស់ និងការវិនិយោគ។ ក៏ប៉ុន្តែ អ្វីៗបានផ្លាស់ប្ដូរ ជាពិសេស នៅក្រោយការប្រឈមមុខដាក់គ្នារវាងមហាអំណាចចិន និងអាមេរិក រហូតមកដល់ពេលបច្ចុប្បន្ន។ ផ្អែកតាមអ្នកជំនាញ ដោយសារការប្រជែងភូមិសាស្ដ្រនយោបាយនឹងបន្ដកើតមានឡើងនៅច្រើនឆ្នាំខាងមុខ គេមិនគួររំពឹងខ្ពស់អំពីការវិលត្រលប់មកវិញឆាប់ៗនោះទេនូវកំណើនសេដ្ឋកិច្ច និងការវិនិយោគខ្លាំងខ្លាដូចពីមុន។

បញ្ហាពាណិជ្ជកម្មអន្ដរជាតិ

លោកស្រី Ngozi Okonjo-Iweala ប្រធានអង្គការពាណិជ្ជកម្មអន្ដរជាតិ (WTO) បានព្រមានអំពីហានិភ័យនៃការរឹតបន្ដឹងបន្ថែមទៀតលើពាណិជ្ជកម្មអន្ដរជាតិ ព្រោះថាមហាអំណាចពាណិជ្ជកម្មទាំងបី តួយ៉ាង សហរដ្ឋអាមេរិក អឺរ៉ុប និងចិន បានបន្ដជំរុញគោលនយោបាយឧស្សាហកម្មថ្មីរបស់ពួកគេ ហើយវាកាន់តែរឹងបន្ដឹងលើពាណិជ្ជកម្មសេរី។ នយោបាយនេះនឹងបង្កផលប៉ះពាល់ដោយផ្ទាល់លើកម្មករ តម្លៃទំនិញប្រើប្រាសឡើងថ្លៃ និងការបង្អាក់ដល់​ខ្សែច្រវាក់នៃការ​ផ្គត់ផ្គង់សកល​។ ក្នុងន័យនេះ ប្រទេសភាគច្រើនបានបន្ដផ្ដល់ជំនួយដល់ក្រុមហ៊ុនរោងចក្រក្នុងស្រុក និងបង្កើនពន្ធដារលើទំនិញនាំចូល ដើម្បីឱ្យទំនិញក្នុងស្រុកមានប្រៀបជាងទំនិញក្រៅស្រុក ក៏ប៉ុន្តែ វាក៏ផ្ដល់ផលដល់ការឡើងតម្លៃទំនិញនាំចូលផងដែរ។

បញ្ហាអាកាសធាតុ

ពិភពលោកកំពុងប្រឈមមុខនឹងកម្ដៅផែនដីកើនឡើង ១,៥អង្សាសេ ដែលលើសការរំពឹងទុកខ្លាំង។ រលកកំដៅបានឆាបឆេះប្រទេសឥណ្ឌា និងប៉ាគីស្ថាន នៅរដូវក្ដៅឆ្នាំមុន ហើយវាបានឆក់យកជីវិតមនុស្សរាប់លាននាក់។ ហេតុការណ៍ទឹកជំនន់បានសម្លាប់មនុស្សរាប់រយនាក់នៅអាហ្រ្វិកខាងត្បូង។ គេអាចសង្កេតឃើញថា គ្រោះមហន្ដរាយធម្មជាតិបានកើតឡើងនៅជុំវិញពិភពលោក ក្នុងកម្រិតកាន់តែញឹកញាប់ និងកាន់តែមានទំហំធំ។

ជារួម ការឡើងកម្ដៅផែនដី និងបញ្ហាអាកាសធាតុបច្ចុប្បន្ន គឺជាកម្រិតប្រកាសអាសន្ន ដែលមេដឹកនាំពិភពលោកធ្លាប់បាននិយាយថា ពួកគេនឹងព្យាយាមមិនឱ្យផែនដីឡើងកម្ដៅដល់កម្រិតនេះទេ។ ប៉ុន្តែ ការសន្យាដ៏ធំនេះ​មិនទាន់ក្លាយជាគោលនយោបាយអនុវត្តជាក់ស្ដែងនៅឡើយទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ