អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី ពិភពលោក​មិន​អាច​ត្រៀម​លក្ខណៈ​ប្រឈម​នឹង​វិបត្តិរាតត្បាតសកលថ្មី ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​ទី ៣០ មករា​២០២០ អង្គការ​សុខភាពពិភពលោក​បាន​ប្រកាស​ចាត់​ទុក​ជំងឺកូវីដ១៩​ជាភាព​បន្ទាន់​សាធារណៈ​កំរិត​អន្តរជាតិ។ បី​ឆ្នាំក្រោយ នៅថ្ងៃទី ៣០មករា​២០២៣ អង្គការ​សុខភាព​ពិភពលោក​សម្រេច​រក្សា​កំរិត​អាសន្នខ្ពស់​បំផុត​ដដែល ប្រឈម​នឹង​​ជំងឺ​រាតត្បាត​សកលកូវីដ​១៩។ ប៉ុន្តែទោះ​បី​ជាមាន​កូវីដ​១៩​ជា​មេរៀន​ជាក់ស្តែង​ក៏​ដោយ ក៏​ពិភពលោក​បន្ត​ស្ថិតក្នុង​ស្ថានភាព​ប្រហែស​ខ្លាំង​បំផុត​ប្រឈម​នឹង​ជំងឺ​រាតត្បាត​សកល នា​ពេល​អនាគត​​ដែល​អាច​លេច​ឡើង​ទន្ទឹម​នឹងគ្រោះ​មហន្តរាយធម្មជាតិ​ដដែល។ នេះ​បើតាម​ការ​សម្គាល់​ឃើញ​របស់​អង្គការ​កាកបាទក្រហម។ ហេតុ​អ្វី ?

ហេតុអ្វី ពិភពលោក​មិន​អាច​ត្រៀម​លក្ខណៈ​ប្រឈម​នឹង​វិបត្តិរាតត្បាតសកលថ្មី ?
ហេតុអ្វី ពិភពលោក​មិន​អាច​ត្រៀម​លក្ខណៈ​ប្រឈម​នឹង​វិបត្តិរាតត្បាតសកលថ្មី ? © Getty Images/iStockphoto - BlackJack3D
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ក្លាយ​ជា​ជំងឺ​រាតត្បាត​សកលជា​ផ្លូវការ​មក ​កូវីដ​១៩​បាន​សម្លាប់​ជីវិតមនុស្ស​អស់​ជាង​៦លាន​នាក់ នៅទូទាំង​ពិភពលោក។ ​បី​ឆ្នាំក្រោយ​ កូវីដ​នៅ​តែ​បន្ត​ឆក់​យក​ជីវិត​ដោយ​គ្មាន​រអារ​ដដែល។ ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ជា​ថ្មី ជា​រៀង​រាល់​ថ្ងៃ​ ចាប់​តាំងពី​ខែ​ធ្នូ​២០២២មក។ ១៧ម៉ឺន​នាក់​ថែម​ទៀត​បាន​ស្លាប់​ដោយ​កូវីដ១៩ ក្នុង​រយៈ​ពេល​តែ​ពីរ​ខែចុងក្រោយ​មកនេះ។ សម្រាប់​អង្គការ​សុខភាព​ពិភពលោក ​ចំនួនជនរងគ្រោះ​ស្លាប់​​ពិតប្រាកដ​អាច​ច្រើន​ជាង​តួលេខខាង​លើ។ ដោយ​សារ​ការ​រក​ឃើញ​ថ្នាំ​បង្ការ​ ស្ថានភាព​ជា​ទូទៅ​បាន​ប្រសើរ​ឡើង​មួយ​ភាគធំ ប៉ុន្តែ​អង្គការ​សុខភាពពិភពលោក​បាន​សម្រេចនៅ​​ថ្ងៃទី ៣០មករា​២០២៣​ រក្សា​កំរិត​ភាព​អាសន្ន​​កំរិត​ខ្ពស់បំផុត​ដដែល​ប្រឈមនឹងជំងឺ​កូវីដ​១៩។

ដូច្នេះ​​រដ្ឋាភិបាល​ត្រូវ​តែ​បន្ត​អំពាវនាវឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចាក់​ថ្នាំបង្ការ​ទៀត ហើយ​​ត្រូវ​បន្ត​ភាព​ប្រុង​ប្រយ័ត្នខ្ពស់​ដដែល ព្រោះ​មធ្យោបាយ​ដែល​មាន​កន្លង​មក​មិន​គ្រប់​គ្រាន់នឹង​ប្រ​ឈម​ជាមួយ​​គ្រោះ​រាតត្បាត​សកល។ ប្រជាពលរដ្ឋ​ទូទាំង​ពិភពលោក ក៏​ដូច​ជា​រដ្ឋាភិបាល​ប្រទេស​មួយ​ចំនួន​ ភ្ញាក់ផ្អើល​​​ខ្លាំង​ណាស់​ នៅ​ពេល​ជួប​វិបត្តិ​កូវីដ១៩ ហើយ​ចាប់​​យល់អំ​ពី​ភាព​ចាំបាច់​​នៃការ​ត្រៀម​លក្ខណៈ​ប្រឈម​នឹង​គ្រោះ​រាតត្បាត​សកល។

វិបត្តិ​កូវីដ១៩ បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​អំពីកង្វះ​ខាត​ដ៏​ធំធេង​នៃ​ប្រព័ន្ធការពារ និង​កង្វះ​ការ​ត្រៀម​ ដែលមាន​លក្ខណៈ​​រឹង​មាំល្អ។​ មិន​បាន​ត្រៀម​ខ្លួន​ត្រឹម​ត្រូវ​ វិបត្តិកូវីដ​​បាន​បន្សល់​ទុក​នូវ​ផលវិបាក​ជា​ច្រើន។ ដូច្នេះ​បើ​មិន​ចាប់​ផ្តើម​ត្រៀម​លក្ខណៈ​ទប់ទល់​ទេ ពិភពលោក​ច្បាស់​ជា​គ្មាន​លេស​អ្វី​ការពារ​កំហុស​ខ្លួន​ឯង​ឡើយនៅថ្ងៃក្រោយ។ ប៉ុន្តែ​បើ​តាមលោក Jagan Chapagain ​​អគ្គលេខា​សហព័ន្ធ​សង្គម​អន្តរជាតិ​នៃ​អង្គការ​កាកបាទនិង​អឌ្ឍចន្ទ​ក្រហម ឆ្លង​កាត់​មេរៀន​កូវីដ​បី​ឆ្នាំ​ហើយ​ក៏​ពិភពលោក​នៅ​តែ​ពុំ​រាងចាល ពុំ​​មានការ​​​​ត្រៀម​លក្ខណៈទេ។ បណ្តាញ​​មនុស្សធម៌​ដ៏​ធំ​ជាង​គេ​នៅលើ​ពិភពលោកនេះ​​បាន​ព្រមាន​ថាបើ​ទោះ​បី​ជាដឹង​ថា​មាន​ពហុហានិភ័យ ​កាន់​តែខ្ពស់​ខ្លាំង​​​​នាពេល​អនាគតក៏ដោយ ក៏មាន​រដ្ឋាភិបាលច្រើនណាស់​ដែល​​​គ្មាន​​ត្រៀម​ប្រព័ន្ធ​ការពារ​ ឱ្យ​បាន​​​​ប្រសើរ​ជាង​សម័យ​មុន​ឆ្នាំ​២០១៩​។

នាពេល​អនាគត ប្រទេស​នីមួយៗ​ត្រូវ​ត្រៀម​ប្រឈម​នឹង​ពហុហានិភ័យ មិនមែន​​ជា​ហានិភ័យទោល ក្នុង​ពេល​​តែមួយ​ទេ។ សម្រាប់​អង្គការ​កាកបាទនិង​អឌ្ឍចន្ទ​ក្រហម មាន​​វិបត្តិពីរ​អាច​កើត​ឡើង​ក្នុង​ពេល​តែមួយនោះគឺ កំណើន​នៃ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដោយ​ហេតុ​អាកាសធាតុ​ប្រែប្រួល និង​រលក​ជំងឺ​រាតត្បាត​សកល​ ប្រហាក់ប្រហែល​នឹង​កូវីដ​១៩។ នៅ​ ​សតវត្សរ៍​នេះ វិបត្តិ​សុខភាព​​អាច​ផ្ទុះ​ឡើងដំណាល​នឹង​វិបត្តិ​ធម្មជាតិ។ គ្រោះ​ធម្មជាតិដ៏​អាក្រក់ហួសហេតុ​ នឹង​លេច​មាន​កាន់​តែញយ និង​កាន់​តែ​​កំណាចខ្លាំងឡើង ហើយ​សមត្ថភាព​ទប់ទល់​របស់​មនុស្សជាតិ​មាន​កំរិត។ ​ជំងឺរាតត្បាត​សកលថ្មីអាច​នឹង​លេច​ឡើង​ ដ៏​ឆាប់ៗទៀត។ ដូច្នេះ​បើ​មាន​បទសោធន៍​កូវីដ​ហើយ​ ពិភពលោក​នៅ​តែ​​មិន​ពន្លឿន​​វិធានការ​ត្រៀម​ទេ តើ​បាន​នរណា​ធ្វើ​ទៅ​វិញ ?

នៅក្នុង​របាយការណ៍​ អង្គការ​កាកបាទនិង​អឌ្ឍចន្ទ​ក្រហម បាន​ទទូច​បញ្ជាក់​ថា វិបត្តិ​វាយប្រហារ​ខ្លាំង​លើជន​ងាយរងគ្រោះ​ស្រាប់ ហើយ​ការ​បណ្តោយ​ឱ្យ​ជន​ក្រីក្រខ្លាំង​ប្រឈម​នឹង​គ្រោះទាំងនោះ​ គឺ​ជា​ការ​ស្វ័យ​បំផ្លាញ​ខ្លួន​ឯង​ទេ ព្រោះ​ជំងឺ​រាតត្បាត​អាច​នឹង​បំប្លែង ​បក​ត្រលប់​មក​វិញ​ក្នុង​ទម្រង់​គ្រោះថ្នាក់​ខ្លាំង​ជាង​មុន។ ជា​ច្រេះ​ស៊ីរូង​សង្គម​ទៅ​វិញ​ទេ !

ចុះ​តើ​ត្រូវ​ត្រៀម​លក្ខណៈ​ប្រឈម​យ៉ាងណា ?! បណ្តាញ​មនុស្សធម៌ដ៏​ធំ​ជាង​គេ​នៅ​លើ​​ពិភពលោក​ យល់​ថាគេ​ត្រូវ​ពង្រឹង​ ​ការ​ផ្តល់​ទំនុក​ចិត្ត​ ផ្តល់សមធម៌ និង​សកម្មភាព​មូលដ្ឋាន សម្រាប់​យក​មក​ធ្វើ​ជាទម្រ​​​គ្រឹះ​ស្ថាបនា​វិធានការត្រៀម​ប្រឈម​នឹង​វិបត្តិ​ក្រោយៗ។ ប្រសិន​បើ​មនុស្ស​ជាតិ​មាន​ទំនុក​ចិត្ត​លើ​សារសុវត្ថិភាព​ ពួកគេ​នឹង​ព្រម​សម្រប​ខ្លួន​ធ្វើ​តាម​វិធានការ​របស់​អាជ្ញាធរ​សុខាភិបាល​សាធារណៈ​និង​ព្រម​ទៅ​ចាក់​ថ្នាំ​បង្ការ។ ប៉ុន្តែ​ទំនុក​ចិត្ត​ត្រូវ​ស្ថាបនា​ដោយ​ប្រើ​ពេល និង​ជា​ដំណើរបែបបទ​ដែល​មិន​អាច​​រង់ចាំ​ទាល់​តែ​មាន​វិបត្តិ​ផ្ទុះ​ឡើងឡើយ។ នៅ​ពេល​គ្មាន​​ ឬ​មិន​សូវ​មាន​ទំនុក​ចិត្ត គឺ​នយោបាយ​និង​បុគ្គលនិយម​ជា​អ្នក​ឈ្នះ​នាំ​មុខ។ នេះ​ជា​​អ្វី​ដែល​វិបត្តិកូវីដ​បាន​រំលេច​ឱ្យ​ឃើញ។ វិបត្តិ​រាតត្បាត​ជំងឺ បាន​បង្ខូង​វិសមភាព​សង្គម​ដែល​មាន​ស្រាប់​ឱ្យ​កាន់​តែខូង​ជ្រៅ ហើយ​បន្ថែម​ដោយ​ប្រព័ន្ធ​អនាម័យ​អាក្រក់ ​រស់​គរ​ផ្តុំ​ចម្រុះ​គ្នា ខ្វះ​សេវាថែទាំសុខភាព និង​សង្គម​ ព្រមទាំង​កង្វះស្បៀងអាហារ ... ទាំងអស់​សុទ្ធ​តែ​ជា​លក្ខខណ្ឌ​ដ៏​ប្រពៃ​សម្រួល​ការ​ចម្លង​ជំងឺ។​

ផ្តល់​សមធម៌ ដោយ​ត្រូវ​គិត​គូរ​លុប​បំបាត់​ភាព​ងាយ​រងគ្រោះ​ផ្នែក​សុខភាព​និង​សង្គម​សេដ្ឋកិច្ច​ ឱ្យ​បាន​មុន​ផ្ទុះ​វិបត្តិ​ថ្មី។ នេះ​ជា​អនុសាសន៍​របស់​ក្រុម​ការងារ​​អង្គការ​កាកបាទក្រហម​ ដោយ​ណែនាំ​ឱ្យ​រដ្ឋាភិបាល​ផ្តោត​ការ​គិត​គូរ​ដល់​សហគមន៍​មូលដ្ឋាន​។ របាយការណ៍​ក៏​បាន​អំពាវនាវ​ផង​ដែរ ឱ្យ​មាន​ការ​អភិវឌ្ឍផលិតផលថ្នាំ​​ក្នុង​តម្លៃ​ថោក ងាយ​រក្សា​ទុក និង​អាច​ប្រើ​បាន​សម្រាប់​ប្រឈម​នឹង​ជំងឺ​រាតត្បាត។ ពីពេល​នេះ​ដល់​ឆ្នាំ​២០២៥ អង្គការ​ប៉ាន់​ប្រមាណថា​ប្រទេស​នីមួយៗ​ត្រូវ​បង្កើន​ហិរញ្ញវត្ថុ​ជាតិ​សម្រាប់​វិស័យ​សុខាភិបាល​ ឱ្យ​បាន​ដល់​កំរិត ១%​នៃ​ផលិតផល​សរុបក្នុង​ស្រុក។ ចំណែកកញ្ចប់​​ហិរញ្ញវត្ថុ​ពិភពលោក សម្រាប់ផ្នែក​សុខភាព​ ត្រូវ​មាន​ទំហំ​យ៉ាង​តិច ១៥ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ