អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នុយក្លេអ៊ែរស៊ីវិល៖ ទីផ្សារពិភពលោកគ្រប់គ្រងដោយចិននិងរុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងវិស័យ​នុយក្លេអ៊ែរ​ស៊ីវិល បើ​គេ​និយាយ​អំពី​ការ​សាងសង់​រេអាក់ទ័រនុយក្លេអ៊ែរ​ថ្មីៗ ទីផ្សារ​ពិភពលោក​ស្ថិត​ក្រោម​ការ​កាន់កាប់​ដោយ​ប្រទេស​ពីរ គឺ​ចិន និង​រុស្ស៊ី។ នេះ​បើ​យោងតាម​របាយការណ៍ស្តីពី​ឧស្សាហកម្ម​នុយក្លេអ៊ែរ​ពិភពលោក សម្រាប់​ឆ្នាំ២០២២​កន្លងទៅ ដែល​គូសបញ្ជាក់ថា ចិន​ផ្តោត​ការ​សាងសង់​រោងចក្រអគ្គិសនី​ដើរដោយថាមពល​នុយក្លេអ៊ែរ សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ស្រុក​ផ្ទាល់ខ្លួនឯង រីឯ​រុស្ស៊ី​វិញ គឺ​ជា​ប្រទេស​នាំមុខគេ​ខាង​ការនាំចេញ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ទៅ​ក្រៅប្រទេស។

មជ្ឈមណ្ឌលនុយក្លេអ៊ែរ នៅ​បេឡារុស ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​នុយក្លេអ៊ែរ​រុស្ស៊ី Rosatom
មជ្ឈមណ្ឌលនុយក្លេអ៊ែរ នៅ​បេឡារុស ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​នុយក្លេអ៊ែរ​រុស្ស៊ី Rosatom AP - Sergei Grits
ផ្សាយពាណិជ្ជកម្ម

នៅក្នុងរយៈពេល៣ឆ្នាំកន្លងទៅនេះ មាន​​​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​ស៊ីវិល​​ ចំនួន​២៥ ដែល​គេ​ចាប់បើក​ការដ្ឋាន​សាងសង់​ថ្មីៗ នៅ​ទូទាំង​ពិភពលោក​ទាំងមូល ដោយ​គ្រប់​ការដ្ឋាន​​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ទាំង ២៥នោះ ឬមួយ​សាងសង់​នៅ​ក្នុង​ប្រទេស​ចិន ឬមួយ​នៅក្រៅប្រទេស​ចិន ក៏ប៉ុន្តែ សាងសង់​ដោយ​រុស្ស៊ី។

បើរាប់​ជា​ចំនួន​រេអាក់ទ័រ​នុយក្លេអ៊ែរ​វិញ គិត​ត្រឹម​ចុងឆ្នាំ២០២២​កន្លងទៅ មាន​រេអាក់ទ័រ​នុយក្លេអ៊ែរ​សរុប ចំនួន ៥៩រេអាក់ទ័រ ដែល​កំពុង​ស្ថិត​ក្រោម​ការ​សាងសង់​នៅ​ទូទាំង​ពិភពលោក​ទាំងមូល ដោយរាប់​ទាំង​រេអាក់ទ័រ​ដែល​ទើបនឹង​ចាប់បើក​ការដ្ឋាន​សាងសង់ នៅ​ក្នុងរយៈពេល ៣ឆ្នាំ​កន្លងទៅ និង​ទាំង​រេអាក់ទ័រដែល​ចាប់ផ្តើម​សាងសង់​តាំងពីមុន ដោយ​ខ្លះ​ចាប់ផ្តើម​សង់​តាំង​ពី​ឆ្នាំ២០០០​មក​ ក៏ប៉ុន្តែ មិនទាន់សង់​​ចប់សព្វគ្រប់​នៅឡើយ។

យោងតាមរបាយការណ៍ឧស្សាហកម្មនុយក្លេអ៊ែរ​ពិភពលោក (World Nuclear Industry Status Report 2022) ក្នុង​ចំណោម​រេអាក់ទ័រ​ដែល​កំពុង​សាងសង់​នេះ មានរហូតដល់​ទៅ​ប្រមាណ​ជា ៨០% ប្រមូលផ្តុំគ្នា​នៅ​ជុំវិញ​តែ​​រុស្ស៊ី និង​ចិន គឺ ២២រេអាក់ទ័រ​សាងសង់​នៅ​ក្នុង​ប្រទេស​ចិន ហើយ​ ២៥រេអាក់ទ័រ​​សាងសង់​ដោយ​រុស្ស៊ី ក្នុងនោះ ៥រេអាក់ទ័រ​សាងសង់​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ដោយ​ផ្ទាល់ ចំណែក ២០រេអាក់ទ័រផ្សេងទៀត សាងសង់​ដោយ​ក្រុមហ៊ុន​រុស្ស៊ី នៅ​ក្នុង​ប្រទេស​ផ្សេង ជាអាទិ៍ បង់ក្លាដែស បេឡារុស អេហ្ស៊ីប ឥណ្ឌា អ៊ីរ៉ង់ ស្លូវ៉ាគី និង​តួកគី។

កត្តាចម្បងបំផុត ដែល​ធ្វើ​ឲ្យ​រុស្ស៊ី​អាចក្លាយ​ជា​ប្រទេស​ឈានមុខគេ​បំផុត នៅ​ក្នុងការ​នាំចេញ​រេអាក់ទ័រនុយក្លេអ៊ែរ​បែបនេះ គឺ​ការ​ផ្តល់គម្រោង​ជា​កញ្ចប់ ពោលគឺ ក្រុមហ៊ុន​នុយក្លេអ៊ែរ​រុស្ស៊ី (Rosatom) ជាអ្នកទទួលបន្ទុក​សាងសង់ និង​ចេញថ្លៃ​សាងសង់ ហើយ​ក្រោយ​ពី​សាងសង់រួច រុស្ស៊ី​គឺជាអ្នក​ទទួល​ចាត់ចែង និង​ធ្វើ​អាជីវកម្ម​លើ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ហើយ​រំលស់​ថ្លៃ​ចំណាយសាងសង់ តាមរយៈ​ចំណូល​ដែល​បាន​មក​ពី​ការ​លក់់​ថាមពល​អគ្គិសនី។ បន្ថែម​ពីលើ​នេះ​ទៅទៀត កាកសំណល់​នុយក្លេអ៊ែរ​ចេញ​ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នេះ ក៏​​រុស្ស៊ី​ទទួល​រ៉ាប់រងយក​ទៅ​ចាត់ចែង​ផងដែរ។

យើងដឹង​ថា ការសាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ គឺ​ជា​គម្រោង​ដែល​ទាមទារ​ទុន​វិនិយោគ​ច្រើន និង​រយៈពេល​វែង ហើយក្រោយ​ពេល​ដែល​សាងសង់​រួចហើយ គេ​ក៏​ទាមទារ​ចាំបាច់​នូវ​ធនធានមនុស្សដែល​មានចំណេះដឹង​ខាង​នុយក្លេអ៊ែរ​នេះ​ច្រើន​ដែរ ដើម្បី​អាចគ្រប់គ្រង​ដំណើរការ​​​រេអាក់ទ័រនុយក្លេអ៊ែរ ក៏ដូចជា​កាកសំណល់​នុយក្លេអ៊ែរ ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព​បាន។

ដូច្នេះ ​គម្រោង​ជា​កញ្ចប់​ទៅតាម​ម៉ូដែល​របស់​រុស្ស៊ី ​វា​អាច​ធ្វើ​ឲ្យ​ប្រទេស​ដែល​មិន​សូវមាន​ធនធាន​ហិរញ្ញវត្ថុ គ្មាន​បច្ចេកវិទ្យានុយក្លេអ៊ែរ ហើយ​ខ្វះខាត​ធនធាន​មនុស្ស​ក្នុងការ​គ្រប់គ្រង​ចាត់ចែង​រេអាក់ទ័រនុយក្លេអ៊ែរ ក៏ប៉ុន្តែ នៅតែ​អាច​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ដើម្បី​ផលិត​ថាមពលអគ្គិសនី​យក​មកប្រើប្រាស់​បាន។

ជាក់ស្តែង យើងឃើញ​ថា ប្រទេស​ចំណូលថ្មីមួយ​ចំនួន រួមមានជាទិ៍ បង់ក្លាដែស និង​អេហ្ស៊ីប ជាដើម ​អាច​​ចាប់ផ្តើម​ឈាន​ចូល​ក្នុង​វិស័យ​នុយក្លេអ៊ែរ​ស៊ីវិល​ តាមរយៈ​គម្រោង​របស់​រុស្ស៊ី។

ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា គម្រោងបែបនេះ​ក៏​បង្កើត​នូវ​ផលវិបាក​អវិជ្ជមាន​មួយផងដែរ គឺ​វា​ធ្វើ​ឲ្យ​ប្រទេស​ដែល​ទទួល​គម្រោង ត្រូវ​ជាប់​ក្នុង​ចំណង ដោយ​ត្រូវ​ពឹងផ្អែកខ្លាំង​លើ​រុស្ស៊ី នៅ​ក្នុង​រយៈពេល​យូរ​រហូត​ដល់​ទៅ​រាប់​ទសវត្សរ៍​​ទៅ​អនាគត ហើយ​​ពេលខ្លះ គម្រោង​ថាមពល ត្រូវ​ប្រែក្លាយ​ជា​ចំណង​ខាង​ភូមិសាស្រ្ត​នយោបាយ​​ក៏​មាន។

នៅក្នុងករណី​ចិន​វិញ ក្រៅតែ​ពី​គម្រោង​សាងសង់មជ្ឈមណ្ឌល​នុយក្លេអ៊ែរ នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន ចិន​ផ្តោត​ស្ទើរតែ​ទាំងស្រុង​លើ​ការ​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​សម្រាប់​ប្រើប្រាស់ក្នុង​ប្រទេស​ខ្លួនឯងផ្ទាល់ ហើយ​គម្រោង​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​របស់​ចិន​នេះទៀត​សោត ក៏​ត្រូវធ្វើឡើង​ដោយ​ប្រើ​បច្ចេកវិទ្យា​មាន​ប្រភព​ពី​ប្រទេស​ច្រើន​ចម្រុះគ្នា​ផងដែរ គឺមានទាំង​បច្ចេកវិទ្យា​របស់​​រុស្ស៊ី បារាំង កាណាដា អាមេរិក និង​ប្រទេស​ផ្សេង​មួយ​ចំនួន​ផ្សេងទៀត។

​គិតត្រឹម​ឆ្នាំ២០២២​កន្លងទៅនេះ ជាមួយនឹង​ការ​ដាក់​ឲ្យ​ដំណើរការ​រេអាក់ទ័រ​ថ្មីចំនួន​៣គ្រឿង​បន្ថែម​ទៀត ចំនួន​រេអាក់ទ័រនុយក្លេអ៊ែរ​សរុប​របស់​ចិន​បាន​កើនឡើង​ដល់ទៅ ៥៧ ពោលគឺ​ចិន​ត្រូវ​ក្លាយ​ជា​មហាអំណាច​នុយក្លេអ៊ែរ​ស៊ីវិល​ពិភពលោក​លំដាប់​ទី២ ដោយ​ប្រជែង​យក​ឈ្នះ​បារាំង ដែល​មាន​រេអាក់ទ័រ​សរុប ត្រឹម ៥៦ ក៏ប៉ុន្តែ នៅតែ​ស្ថិត​នៅ​ពីក្រោយ​យ៉ាងឆ្ងាយ​ពី​សហរដ្ឋ​អាមេរិក ដែល​ជា​មហាអំណាច​លំដាប់ទីមួយ ជាមួយ​នឹង​ចំនួនរេអាក់ទ័រ​នុយក្លេអ៊ែរ​សរុប​ដល់​ទៅ ៩២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ