អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បំប្លែង​ព័ត៌មាន​ប្រឆាំង​វ៉ាក់សាំង​កូវីដ១៩ ដើម្បី​ជំនួញ​​ឈាម​តាម​អ៊ីនធ័រនែត ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ព័ត៌មាន​មិន​ពិត​ជុំ​វិញ​ការចាក់​ថ្នាំបង្ការ​កូវីដមាន​ច្រើន ​រហូត​ជំរុញគ្រួសារ​ប្រឆាំង​នឹង​ការ​ចាក់​វ៉ាក់សាំង​ខ្លះ មិន​ព្រម​ទទួល​ការ​បញ្ចូល​ឈាម​ដើម្បី​សង្គ្រោះ​ជីវិតទេ​ ព្រោះ​លង់​ក្នុង​គំនិត​ខ្លាច​ឆ្លង​ជាតិ​ថ្នាំ​វ៉ាក់សាំង​ចូល​ក្នុង​ខ្លួន​។ ទន្ទឹម​គ្នា​នោះ ​គំនិត​ប្រឆាំង​នឹង​វ៉ាក់សាំង បាន​បង្កើត​ឱ្យ​មាន​ចលនា​ថ្មី​មួយ គឺ​ចលនា​ស្វែង​រក​ “ឈាម​បរិសុទ្ធ” រីក​សុសសាយ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត។ ចលនា​ឈាម​បរិសុទ្ធ ពិត​ជា​បរិសុទ្ធ​ដូច​ពាក្យ​ឬជា​​របៀប​បោកប្រាស​បែប​ថ្មី​ ?!

បំប្លែង​ព័ត៌មាន​ប្រឆាំង​វ៉ាក់សាំង​កូវីដ១៩ ដើម្បី​ជំនួញ​​ឈាម​តាម​អ៊ីនធ័រនែត ?
បំប្លែង​ព័ត៌មាន​ប្រឆាំង​វ៉ាក់សាំង​កូវីដ១៩ ដើម្បី​ជំនួញ​​ឈាម​តាម​អ៊ីនធ័រនែត ? AP - Lindsey Shuey
ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​​លេច​ជំងឺ​កូវីដ​១៩ភ្លាម មាន​​គំនិត​និង​ការ​​ឃោសនា​បំប៉ោង​ផ្សេងៗ។ ខ្លះ​មាន​ជំនឿថា​មេរោគ​សប្បនិម្មិត​ ខ្លះ​ថា​ជា​មេរោគ​ចិន ... នៅពេល​រក​ឃើញ​ថ្នាំ​បង្ការ ជំនឿ​ផ្សេង​ទៀត​ក៏​មាន​កើត​ឡើង​ទន្ទឹម​គ្នា​ដែរ។ ក្នុងពេល​ដែល​អ្នក​​​ខ្លះមិន​សូវ​ទុក​ចិត្ត​លើ​ប្រសិទ្ធភាព​វ៉ាក់សាំង​ ព្រោះ​រក​ឃើញ​លឿន​ពេក ខ្លះ​ទៀតស៊ុប​នឹង​ជំនឿ​ឃោសនា​ប្រឆាំង​ដាច់ខាត​មិន​ព្រម​ចាក់​ថ្នាំ​បង្ការ​ទេ បើ​ទោះបី​ជា​ពួក​គេ​មាន​សំណាង​ មាន​ថ្នាំការ​ពារ​ពីមេរោគ​​ដ៏​កំណាចៗ​ក៏​ដោយ។

​ជំនឿ​ស៊ុប​ជ្រុលនិយម​ប្រឆាំង​នឹង​ការ​ចាក់​ថ្នាំ​បង្ការ​ បាន​​លេច​ជាចលនា​ មាន​ឈ្មោះ​ថា “ឈាម​បរិសុទ្ធ” ដោយ​ពួកគេ​​ចង់​បង្កើត​ធនាគារ​ស្តុក​ឈាមក្រុម​​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​។ នៅក្នុង​វេបសាយ ​ចលនា​ស្វែង​រកឈាម​បរិសុទ្ធ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិតជា​ច្រើន​ ​ទាក់ទង​នឹង​ការ​បញ្ចូល​ឈាម។ តាម​ទ្រឹស្តី​របស់​ពួកគេ ឈាម​របស់​អ្នក​បាន​ចាក់​ថ្នាំបង្ការ​កូវីដ​១៩ ជា​ឈាម​មិន​ស្អាត​ អាច​ចម្លង​ជាតិ​វ៉ាក់សាំងដែល​ជា​​មធ្យោបាយ​ពង្វៀង​ ការ​ចាក់​បញ្ចូល​មេរោគ​ ឱ្យ​ ​ចូល​ទៅ​ក្នុង​ខ្លួន​ពួកគេ។

មានមូលដ្ឋាន​នៅ​ប្រទេស​ស្វីស ចលនា Safe blood Donation បាន​រៀប​ចំ​ឱ្យ​មាន​ទំនាក់ទំនងដោយ​ផ្ទាល់​​រវាង​អ្នក​ផ្តល់​ឈាមនិង​អ្នក​ត្រូវ​ទទួល​ឈាម ដែល​ពុំ​បាន​ចាក់​វ៉ាក់សាំងដូចគ្នា​ទៀត។ George Della Pietra ស្ថាបនិក​ចលនា​Safe blood Donation បាន​ធានា​​នៅលើ​វេបសាយ​របស់​ខ្លួន​ថា អតិថិជន​អាច​ស្វែង​រក​ឈាម​បរិសុទ្ធ​បាន​ នៅអឺរ៉ុបខាង​លិច នៅអាមេរិក​ខាង​ជើង នៅអាហ្វ្រិក​និង​នៅ​អាស៊ី។

អ្នក​ការពារ​ចលនា​​ “ឈាម​បរិសុទ្ធ” បាន​អំពាវនាវ​ឱ្យ សមាជិក​ក្រុមក្នុង​​ហ្វេសប៊ុក ​ប្រើ​អំពើ​ហិង្សា​លើ​គិលានុបដ្ឋាកបាន​ទទួល​វ៉ាក់សាំង ដោយ​កុហក​ថា​មាន​មនុស្ស​ស្លាប់​ច្រើន​ក្រោយ​ពី​បាន​ចាក់​ថ្នាំ​បង្ការ​កូវីដ​រួច។

លង់​ក្នុងគំនិត​ប្រឆាំង​នឹង​ការ​ចាក់​ថ្នាំបង្ការ​កូវីដ​ ថ្មីៗ​នេះ មាន​ប្តី​ប្រពន្ធ​ជាតិ​នូវែលហ្សេឡង់​ បាន​ជំទាស់​មិន​ឱ្យ​ពេទ្យ​វះកាត់​សង្គ្រោះ​ជីវិត​កូន​ង៉ែត​របស់ខ្លួន​ទេ ព្រោះ​ខ្លាច​កូន​ត្រូវ​ទទួល​​ឈាម​របស់​អ្នក​បាន​ចាក់​ថ្នាំ​បង្ការ​កូវីដ​១៩​។ តុលាការ​បាន​ដក​សិទ្ធិ​ចិញ្ចឹម​កូន​ពី​ប្តីប្រពន្ធ​នោះ​ជា​បណ្តោះ​អាសន្ន​ដើម្បីបំពេញ​ដំណើរបែបបទ​ព្យាបាល​​ក្មេង​បាន។ សំណុំ​រឿង​នេះ​បាន​ក្លាយ​ជា​សញ្ញា​តំណាង​ក្រុម​​ប្រឆាំង​នឹងវ៉ាក់សាំង​កូវីដ និង​​បាន​រីក​សាយ​ភាយ​យ៉ាង​លឿន​ពេញ​អ៊ីនធ័រនែត ដែល​ជា​ការ​​ទាក់ទាញ​ឱ្យ​ចាប់​​អារម្មណ៍លើ​ការ​ឃោសនា​ប្រឆាំង​នឹង​ថ្នាំបង្ការ។ នេះ​បើ​តាម​ការ​លម្អិត​របស់​អ្នក​ស្រី​ជំនាញ​អេពីដេមីសាស្ត្រ​នៅ​សកលវិទ្យាល័យ​អ៊ីលីណ័រ​ រដ្ឋ​Chicagoសហរដ្ឋ​អាមេរិក អ្នកស្រី Katrine Wallace។

ប៉ុន្តែ​ គ្មាន​ភស្តុតាង​បែប​វិទ្យាសាស្ត្រ​ណាដែល​​បញ្ជាក់​ថា ទទួល​ឈាមពី​អ្នក​បាន​ចាក់​វ៉ាក់សាំង​កូវីដ​១៩រួច អ្នក​ទទួល​ដែល​ពុំ​ធ្លាប់​ចាក់​វ៉ាក់សាំង​សោះនោះ នឹង​មាន​​ការការពារ (មាន​ភាព​ស៊ាំ​នឹង​កូវីដ​១៩)​ ក្លាយ​ជា​មនុស្ស​ចាក់​វ៉ាក់សាំង​រួច​ទេ។ នេះ​ជា​ប្រសាសន៍​របស់​អ្នកស្រី Wallace។ ការ​ឃោសនា​របស់​ចលនា​ឈាម​បរិសុទ្ធ​បញ្ច្រាស​ទាំង​ស្រុង​ទៅ​នឹង​វិទ្យាសាស្ត្រ ព្រោះ​សមាសធាតុ​នៃ​វ៉ាក់សាំង​មិនស្ថិត​នៅក្នុង​ប្រព័ន្ធ​ឈាម​ទេ។ ផ្ទុយ​ទៅ​វិញ ​ អំណោយ​ឈាម​របស់​បុគ្គល​បាន​ចាក់​វ៉ាកសាំង​កូវីដ​រួច ជា​ឈាម​ដ៏​មាន​សុវត្ថិភាព​បំផុត​​សម្រាប់​បញ្ចូល​ដល់​អ្នក​ជំងឺ។ នេះ​ជា​ការដាស់​តឿន​រំលឹក​របស់​តំណាង​កាកបាទ​ក្រហម​អាមេរិក។

សូម​បញ្ជាក់​ថា ដើម្បី​អាច​ក្លាយ​ជា​សមាជិក​ក្រុម​ Safe Blood Donation សមាជិក​ម្នាក់ៗ​ត្រូវ​បង់​ថ្លៃ​ចូល​ដំបូង​ចំនួន ៥០អឺរ៉ូ និង​ត្រូវ​បង់​​ថ្លៃ​ប្រចាំ​ខែ២០អឺរ៉ូ​ទៀត។ សម្រាប់​អ្នក​ស្រី​ជំនាញ​រោគរាតត្បាត តើ​នេះ​មិនមែន​ជា​ការ​បំភ័យ​ឆ្លៀត​យក​ចំណេញ​តាម​រយៈ​ការ​ផ្តល់​ព័ត៌មាន​ខុស​ទាំង​ស្រុង​ទេ​ឬ ?!​

ការ​ផ្សំ​គំនិត​គេង​ចំណេញ​ពី​កូវីដ​នៅមាន​ច្រើន​ទៀត។ ក្រៅ​អំពី​បំផុត​គំនិត​ស្វែង​រក​ឈាម​បរិសុទ្ធ នៅ​លើ​បណ្តាញ​មាន​ការ​បំផុស​រក​ទឹក​ដោះ​ម្តាយ​ “បរិសុទ្ធ” (របស់​ស្ត្រី​មិន​ចាក់​វ៉ាក់សាំង) ឬ​ស្ពែម៉ាតូហ្សូអ៊ីតផង។

មក​ដល់​ពេល​នេះ​ គេ​ពិបាក​នឹង​កំណត់​ចំនួន​មនុស្ស​ដែល​កំពុង​ស្វែង​រក​ឈាម​ របស់​មនុស្ស​គ្មាន​ចាក់​វ៉ាក់សាំងកូវីដណាស់ ប៉ុន្តែ​អ្នក​ជំនាញ​យល់​ថា រក​ឈាម​បរិសុទ្ធ​ពិត​ជា​វិញ្ញាសាដ៏​លំបាក​ណាស់ ក្នុង​ប្រទេស​ដែលមាន​អត្រា​ចាក់​ថ្នាំ​បង្ការ​កូវីដ​ខ្ពស់។ នៅ​សហរដ្ឋ​អាមេរិក​ដែល​មាន​អត្រា​ចាក់​វ៉ាក់សាំង​ដល់​ទៅ​៨០% អាជ្ញាធរ​សុខភាព​មិន​បាន​តម្រូវ​ឬ​សួរ​អ្នក​ផ្តល់​ឈាម​ជុំ​វិញ​ការ​ចាក់​ថ្នាំបង្ការ​ទេ។ មន្ទីរ​ពេទ្យ​ក៏​មិន​អាច​ផ្តល់​ព័ត៌មាន​ទាំងអស់​នេះ​ទៅ​អ្នក​ជំងឺ​ដែរ នៅពេល​ទាក់ទងនឹង​ការ​ផ្តល់​ឈាម៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ