អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហ្វូគូស៊ីម៉ា៖ តើការ​បង្ហូរ​ទឹកកាក​សំណល់​វិទ្យុសកម្ម​ចូលទៅ​ក្នុងសមុទ្រ មាន​គ្រោះថ្នាក់​​កម្រឹតណា​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

១២ឆ្នាំ បានកន្លងផុតទៅហើយ បន្ទាប់ពី​ជប៉ុនបានជួបគ្រោះមហន្តរាយនុយក្លេអ៊ែរ ដោយសារតែ​​រលក​យក្ស​​ស៊ូណាមិ បានបោក​បក់​លើ​រោងចក្រ​នុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ា។ ជាង១០ឆ្នាំមកនេះ អ្នកជំនាញនិងអាជ្ញាធរជប៉ុន បានប្រឹងប្រែង​រក​មធ្យោបាយ ដើម្បីទប់ស្កាត់ការបែកធ្លាយសារធាតុវិទ្យុសកម្ម ព្រមទាំងទប់រ៉េអាក់ទ័រនុយក្លេអ៊ែរ ឲ្យស្ថិតក្នុងស្ថិរភាព​ ចៀសវាងករណីផ្ទុះ។​ រដ្ឋាភិបាលជប៉ុន បានសម្រេចបើកភ្លើងខៀវ អនុញ្ញាតឲ្យ​ក្រុមហ៊ុន TEPCO ដែលជាក្រុមហ៊ុន​គ្រប់គ្រង​រោងចក្រ​នុយក្លេអ៊ែរហ៊ូគីឈីម៉ា​​ អាចបង្ហូរកាកសំណល់ទឹក ដែលមានផ្ទុក​សារធាតុវិទ្យុសកម្ម​ ចូលទៅក្នុងសមុទ្រ​។ ប្រតិបត្តិការនេះនឹងត្រូវចាប់ផ្តើមធ្វើ ក្នុងពេលឆាប់ខាងមុខនេះហើយ​ បើទោះបីជា​សហគមន៍​ប្រជាជនមូលដ្ឋាន ព្រមទាំងអង្គការ​ការពារបរិស្ថាន បានសំដែងការជំទាស់យ៉ាងណាក៏ដោយ​។

ស្ថានីយ៍រោងចក្រនុយក្លេអ៊ែរ Fukushima Daiichi មើលពីលើអាកាស ដែលពោរពេញដោយ​ស៊ីទែនស្តុកទឹកកាកសំណល់ផ្ទុកសារធាតុវិទ្យុសកម្ម។ ក្រុង​ Okuma ថ្ងៃទី ១៧មីនា ២០២២
ស្ថានីយ៍រោងចក្រនុយក្លេអ៊ែរ Fukushima Daiichi មើលពីលើអាកាស ដែលពោរពេញដោយ​ស៊ីទែនស្តុកទឹកកាកសំណល់ផ្ទុកសារធាតុវិទ្យុសកម្ម។ ក្រុង​ Okuma ថ្ងៃទី ១៧មីនា ២០២២ AP - Shohei Miyano
ផ្សាយពាណិជ្ជកម្ម

កាកសំណល់ទឹក​ដែល​មានផ្ទុក​សារធាតុវិទ្យុសកម្ម គឺជា​បន្ទុកនៃការទទួលខុសត្រូវដ៏សែនធ្ងន់ របស់អាជ្ញាធរជប៉ុន ព្រមទាំងក្រុមហ៊ុន TEPCO ដែលជាក្រុមហ៊ុន​គ្រប់គ្រោងរោងចក្រនុយក្លេអ៊ែរហ្វ៊ូគីស៊ីម៉ា។ បច្ចុប្បន្ននេះ ក្នុងមួយថ្ងៃៗ ស្ថានីយ៍​នុយក្លេអ៊ែរ​ហ្វ៊ូគីស៊ីម៉ា ដែលរងការខូចខាតដោយរលកយកស៊ូណាមិ កាលពីខែមីនា២០១១នោះ បានផលិត​ចេញជាទឹកកាកសំណល់ផ្ទុកសារធាតុវិទ្យុសកម្ម​ ចំនួន១សែនលីត្រ ជាមធ្យម​។ ទឹកផ្ទុកសារធាតុវិទ្យុសកម្មទាំងនេះ គឺមានរាប់ទាំងទឹកក្នុងស្រទាប់ដី ទឹកភ្លៀងដែល​ស្រោចមកលើ​រោងចក្រហ្វ៊ូគូស៊ីម៉ា និងទឹកដែលគេប្រើ​ប្រាស់ ដើម្បីទប់សីតុណ្ហភាព​រ៉េអាក់ទ័រនុយក្លេអ៊ែរ កុំឲ្យ​ឡើងក្តៅខ្លាំង​ជាដើម​។​

ទឹកទាំងនេះ ត្រូវបាន​គេប្រមូល​យកទៅបន្សុត បន្សាបសារធាតុវិទ្យុសកម្មមួយផ្នែក​ មុននឹងត្រូវគេយក​ទៅ​​ស្តុកទុកនៅទីកន្លែង​មានសុវត្ថិភាព​។ បច្ចុប្បន្ននេះ ទឹកកាកសំណល់ដែលត្រូវគេបន្សុតរួចរាល់ គឺមាន​ចំនួន​ ១លាន៣២ម៉ឺនតោន ដែលគេស្តុកទុកនៅក្នុងស៊ីទែនធំៗ ក្នុងបរិវេននៃ​ស្ថានីយ៍​នុយក្លេអ៊ែរហ្វ៊ូគីស៊ីម៉ា។ ក៏ប៉ុន្តែ ទីតាំងស្តុកទឹកទាំងនេះ កំពុងតែចាល់ខ្លាំង ពេញដល់កម្រិត​៩៦%ហើយ នៃសមត្ថភាពស្តុកទុកនៃបរិវេន។

គឺដោយ​ហេតុនេះហើយ បានជា​ក្រុមហ៊ុន TEPCO បានរិះរកមធ្យោបាយ​ផ្សេងទៀត ដើម្បី​រំដោះ​ទឹកកាកសំណល់ទាំងនេះចេញ។ មធ្យោបាយនោះ គឺការបង្ហូរទឹកទាំងនេះ ចូលទៅក្នុងសមុទ្រ។ ផែនការនេះ ត្រូវបានរដ្ឋាភិបាលជប៉ុន​ សម្រេចអនុញ្ញាត​យល់ព្រមហើយ បន្ទាប់ពីបានពិចារណាអស់ជាច្រើនឆ្នាំ។​ តាមការគ្រោងទុកនៅរដូវផ្ការីកខាងមុខនេះ គេនឹងចាប់ផ្តើមអនុវត្ត ប្រតិបត្តិការបង្ហូរទឹក​កាកសំណល់វិទ្យុសកម្មនេះ ​ចូលទៅក្នុងសមុទ្រ។

តើការបង្ហូរទឹកកាកសំណល់មាន​ផ្ទុក​សារធាតុ​វិទ្យុសកម្មទាំងនេះ ចូលទៅក្នុងសមុទ្រ វាអាច​បង្កគ្រោះថ្នាក់ដែរឬទេ?

ក្រុមហ៊ុន TEPCO បានអះអាងថា អ្នកជំនាញ​គេបានប្រើ​ប្រាស់​បច្ចេកវិទ្យាបន្សុតដ៏ទំនើបបំផុត ដើម្បីកម្ចាត់សារធាតុវិទ្យុសកម្ម​មួយចំនួនធំ ក្នុងចំណោមសារធាតុទាំង​៦២មុខ ដែលមានផ្ទុកក្នុងទឹកកាកសំណល់ទាំងនោះ។ ក៏ប៉ុន្តែTEPCO ទទួលស្គាល់ថា មានសារធាតុមួយមុខ គឺសារធាតុ ទ្រីត្យូម (Tritium) ដែលបច្ចេកវិទ្យារាល់ថ្ងៃនេះ មិនទាន់អាចមានសមត្ថភាព​រំដោះវា ចេញពីទឹកបានទេ។​

យោងតាមអ្នកជំនាញ សារធាតុទ្រីត្យូម អាចបង្កគ្រោះថ្នាក់ ដល់សុខភាពមនុស្សបាន គឺទាល់តែក្នុងបរិមាណច្រើន​។ ដោយឡែក ក្រុមហ៊ុន TEPCO បានអះអាងថា គេនឹង​យកទឹកស្អាតទៅលាយបន្ថែម​ ជាមួយ​ទឹកកាកសំណល់ ដែលមានផ្ទុកសារធាតុទ្រីត្យូម ដើម្បីធ្វើយ៉ាងណាឲ្យ​កម្រិត​វិទ្យុសកម្ម មានទាប មិន​ឲ្យ​លើស​១៥០០becquerels ក្នុងមួយលីត្រ។​ ពោលគឺទាបជាងឆ្ងាយ​ បើប្រៀបធៀបទៅ​នឹង​កម្រិតអតិបរមា ដែលកំណត់ដោយច្បាប់ជប៉ុន ដែលមាន​ ៦០០០០Bq/L។

ផ្អែកតាម​ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ AIEA ដែលចូលរួម​ត្រួតពិនិត្យ​ប្រតិបត្តិការ​បង្ហូរកាកសំណក គឹប្រតិបត្តិការរបស់ TEPCO បានគោរពដោយត្រឹមត្រូវទៅតាមក្រិដ្ឋក្រម លក្ខខណ្ឌសុវត្ថិភាពអន្តរជាតិ ហើយថាការបង្ហូរទឹកកាកសំណល់ទាំងនេះចូលសមុទ្រ គឺវាមិន​បង្កមហន្តរាយ​អ្វី ដល់​បរិស្ថាននោះទេ។

ក៏ប៉ុន្តែ ទោះជាមានការអះអាងយ៉ាងនេះក៏ដោយ ប្រទេសក្បែរខាងជប៉ុន មានចិន និងកូរ៉េខាងត្បូង​ ព្រមទាំងអង្គការការពារបរិស្ថានដូចជាអង្គការ Greenpeace ជាដើម​ បាន​សំដែងមតិរិះគន់ និងជំទាស់ចំពោះប្រតិបត្តិការនេះ​។​ រីឯសហគមន៍​ប្រជានេសាទនៅតំបន់ហ្វ៊ូគីស៊ីម៉ា បានបង្ហាញ​ការព្រួយបារម្ភថា ប្រតិបត្តិការនេះនឹងធ្វើ​ឲ្យ​ពួកគេលែងអាចលក់ទិន្នផលនេសាទរបស់ពួកគេបានតទៅទៀត ដោយសារតែមនុស្ស​ម្នាបារម្ភខ្លាចសារធាតុវិទ្យុសកម្ម​។ ប្រជានេសាទជប៉ុននៅតំបន់​ហ្វ៊ូគូស៊ីម៉ា បានត្អូញត្អែរថា គេបានប្រឹងប្រែងយ៉ាងលំបាកណាស់ ទំរាំទទួលបានទំនុកចិត្តឡើងវិញពីអ្នកទិញទូទៅ បន្ទាប់ពី​មានគ្រោះមហន្តរាយនុយក្លេអ៊ែរនៅឆ្នាំ​២០១១។

បុគ្គលិក​ម្នាក់ កំពុងឈរនៅខាងមុខស៊ីទែនយក្សផ្ទុកទឹកកាកសំណល់មាន​ផ្ទុក​សារធាតុវត្ថុសកម្ម នៅស្ថានីយ៍​នុយក្លេអ៊ែរ Fukushima Daiichi។ ថ្ងៃទី ៣ មីនា ២០២២
បុគ្គលិក​ម្នាក់ កំពុងឈរនៅខាងមុខស៊ីទែនយក្សផ្ទុកទឹកកាកសំណល់មាន​ផ្ទុក​សារធាតុវត្ថុសកម្ម នៅស្ថានីយ៍​នុយក្លេអ៊ែរ Fukushima Daiichi។ ថ្ងៃទី ៣ មីនា ២០២២ AP - Hiro Komae

យ៉ាងណាក៏ដោយ ប្រតិបត្តិការនេះ​កំពុងតែដំណើរការទៅមុខហើយ។ ក្រុមហ៊ុន TEPCO កំពុងតែរៀបចំដាក់​ប្រព័ន្ធ​ចម្រោះទឹក នៅតាម​ឆ្នេរសមុទ្រ ព្រមទាំងបានសាងសង់បំពង់បង្ហូរនៅបាតសមុទ្រ ប្រវែង​១គីឡូម៉ែត្រ ដើម្បីកុំឲ្យទឹកកាកសំណល់នោះ អណ្តែតត្រឡប់​មកឆ្នេរវិញ។ ជាមួយគ្នានេះដែរ លោក Kenichi Takahara តំណាងម្នាក់​របស់​ក្រុមហ៊ុន​TEPCO បាន​បញ្ជាក់ថា គេ​នឹងមិន​បង្ហូរទឹកកាកសំណល់វិទ្យុសកម្ម ម្តងទាំងអស់នោះទេ។​ គឺគេនឹងបង្ហូរ ម្តងបន្តិច ក្នុងមួយថ្ងៃយ៉ាងច្រើនបំផុត ចំនួន៥០០តោន តែប៉ុណ្ណោះ។ ជារួម ក្រុមហ៊ុន TEPCO នឹងតាមដាន​ត្រួតពិ​និត្យ​យ៉ាងម៉ដ្ឋចត់ ធ្វើយ៉ាងណា មិនឲ្យ​ទឹកដែល​មា​ន​សារធាតុទ្រីត្យូម មានកម្រិតលើសពី ២២០០០ពាន់លានបេកេរែល ក្នុងមួយឆ្នាំឡើយ​។​ កម្រិតនេះ គឺជាកម្រិត​ដាក់កំហិតដោយច្បាប់ជប៉ុន ដែលមានជាធរមាន តាំងតែពីមុនមានមហន្តរាយនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ាទៅទៀត។ លោក Kenichi Takahara ប្រតិបត្តិការ​បង្ហូរទឹកកាកសំណល់វិទ្យុសកម្មនេះ គឺនឹងត្រូវចំណាយ​ពេល​ចន្លោះពី ៣០ ទៅ​៤០ឆ្នាំឯណោះ។

ដោយឡែក ដើម្បី​ធ្វើ​ឲ្យ​សហគមន៍ប្រជានេសាទជប៉ុន ស្ថិតនៅ​តំបន់ហ្វ៊ូគូស៊ីម៉ា មានការស្ងប់ចិត្ត ក្រុមហ៊ុន TEPCO បានព្យាយាមអះអាងជាច្រើនលើកច្រើនសារ តាមរយៈការស្រាវជ្រាវសាកល្បង ថា​ទឹកកាកសំណល់ទាំងនេះ នឹងមិនបង្ក​ផលប៉ះពាល់អ្វី ដល់​គុណភាពផលនេសាទសមុទ្រនោះទេ។ TEPCO បានយកត្រី និងសត្វសមុទ្រជាច្រើនរយក្បាល យក​មកសាកល្បង ដោយចំនួន​ពាក់កណ្តាលយកទៅដាក់ក្នុងទឹកសមុទ្រធម្មតា ហើយពាក់កណ្តាល​ទៀត ដាក់ក្នុងទឹក​កាកសំណល់ ដែលគេគ្រោងបង្ហូរចូលសមុទ្រ។ ជាលទ្ធផល គឺត្រីដែលគេដាក់ចូល​ក្នុងទឹកកាកសំណល់វិទ្យុសកម្ម​ គឺសារធាតុ​ទ្រីត្យូម បាន​ជ្រាបចូលក្នុងខ្លួនត្រីក្នុងកម្រិត​មួយ​គួរឲ្យ​កត់សំគាល់។ ក៏ប៉ុន្តែនៅពេល​គេយកត្រីនោះទៅលែងក្នុងទឹកសមុទ្រធម្មតាវិញ គឺកម្រិតសារធាតុទ្រីត្យូម បានរលាយ​បាត់អស់ក្នុងពេលដ៏ខ្លី។  នេះបើតាមការអះអាង របស់លោក Kazuo Yamanaka មន្ត្រីជំនាញ​របស់TEPCO ដែលបានបង្ហាញការសាកល្បងនេះ ផ្សាយផ្ទាល់តាមបណ្តាញ​Youtube។

តែទោះជាយ៉ាងនេះក្តី ការសាកល្បងទាំងអស់នេះ អាចនៅតែមិនគ្រប់គ្រាន់ ដើម្បីធ្វើឲ្យ​ប្រជានេសាទជប៉ុនត្រជាក់ចិត្តនោះទេ។ លោក Masahiro Ishibashi អ្នកនេសាទម្នាក់ បានថ្លែងប្រាប់អ្នកយកព័ត៌មានបារាំង AFP ថាប្រតិបត្តិការបង្ហូរទឹក កាកសំណល់រោងចក្រ​នុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ាចូលសមុទ្រនេះ គឺវានឹងមកបំផ្លាញ​ការប្រឹងប្រែងជាង១០ឆ្នាំមកនេះ របស់​ប្រជានេសាទមូលដ្ឋាន ដែលខំប្រឹងកសាងទំនុកចិត្តជូនដល់អតិថិជនទាំងអស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ