អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សង្គ្រាមអ៊ុយក្រែន៖ បញ្ហាប្រឈមចម្បងរបស់ឥណ្ឌាដែលជាប្រធាន G20

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃពុធ និង​ថ្ងៃ​ព្រហស្បតិ៍​នេះ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​នៃ​ប្រទេស​ G20 កំពុង​ជួប​ប្រជុំគ្នា នៅ​ក្នុង​ទីក្រុង​ញូដេលី ប្រទេស​ឥណ្ឌា។ កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ធ្វើឡើង តែ​មួយសប្តាហ៍​ប៉ុណ្ណោះ ក្រោយ​ពី​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច កាល​ពី​សប្តាហ៍​មុន ដែល​ត្រូវ​បញ្ចប់​ទៅ​ដោយ​មិន​អាច​ចេញ​សេចក្តីថ្លែងការណ៍​រួមមួយបាន ដោយសារ​តែ​បញ្ហា​ចម្រូងចម្រាស​ជុំវិញ​សង្គ្រាម​អ៊ុយក្រែន។ ភាពចម្រូងចម្រាស​ជុំវិញ​សង្គ្រាម​អ៊ុយក្រែន​ ដែលអាច​នឹង​​ក្លាយ​ជា​បញ្ហា​ប្រឈម​ដ៏​ចម្បងមួយ សម្រាប់​ឥណ្ឌា ដែល​ចង់​ឆ្លៀត​ឱកាស​ជា​ប្រធាន​ G20 ក្នុងឆ្នាំ២០២៣​នេះ ដើម្បី​បង្កើន​តួនាទី​របស់​ខ្លួន​នៅលើ​ឆាក​នយោបាយ​ពិភពលោក។

សង្គ្រាមអ៊ុយក្រែន​ធ្លាប់​ជា​បញ្ហា​ចម្រូងចម្រាស​ខ្លាំង​ កាល​ពី​ក្នុង​អំឡុង​ជំនួបកំពូល G20 នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី កាល​ពីឆ្នាំ២០២២
សង្គ្រាមអ៊ុយក្រែន​ធ្លាប់​ជា​បញ្ហា​ចម្រូងចម្រាស​ខ្លាំង​ កាល​ពី​ក្នុង​អំឡុង​ជំនួបកំពូល G20 នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី កាល​ពីឆ្នាំ២០២២ AP - Willy Kurniawan
ផ្សាយពាណិជ្ជកម្ម

ឥណ្ឌា គឺ​​ជា​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​លំដាប់ទី៥ និង​ជា​ប្រទេស​ដែល​កំពុងមាន​កំណើន​សេដ្ឋកិច្ច​ដ៏​លឿន ដូច្នេះ វាគឺជារឿងធម្មតា ដែល​ឥណ្ឌា​រំពឹង​ចង់​ក្លាយ​ជា​ប្រទេស ដែល​មាន​តួនាទី​សំខាន់ នៅ​ក្នុង​កិច្ចការ​ពិភពលោក។ ឥណ្ឌា​ ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ទើបនឹង​រីកលូតលាស់​ថ្មី សំឡឹង​មើល​មកខ្លួនឯង​ជា​ប្រទេស​មហាអំណាច​ថ្នាក់​កណ្តាល​មួយ ដែល​អាច​ដើរតួនាទី​ជា​ស្ពាន​ រវាង​ប្រទេស​កំពុង​អភិវឌ្ឍ និង​ប្រទេស​មាន​ឧស្សាហកម្ម​ជឿនលឿន។

ហេតុដូច្នេះ​ហើយ​បានជា ​ក្នុងនាម​ជា​ប្រធានក្រុម G20 នៅ​ឆ្នាំ២០២៣​នេះ ឥណ្ឌា​ចង់​ផ្តោត​ជា​អាទិភាពទៅលើ​សំណុំរឿង​មួយ​ចំនួន ដែលសុទ្ធសឹង​​​ជា​សំណុំរឿង​សំខាន់ និង​បន្ទាន់ សម្រាប់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ទើបនឹង​រីកលូតលាស់​ថ្មី ក៏ដូចជា​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​ រួមមាន​ជា​អាទិ៍ បញ្ហា​កំណើន​នៃ​បំណុល​របស់​​ប្រទេស​ក្រីក្រ បញ្ហា​​អតិផរណា សន្តិសុខ​ស្បៀង​និង​ថាមពល បដិវត្តន៍​ឌីជីថល រួមទាំង​បញ្ហា​អាកាសធាតុ ជាដើម។

ក៏ប៉ុ​ន្តែ បញ្ហា​ប្រឈម​ដ៏​ធំមួយ សម្រាប់​ឥណ្ឌា គឺ​សំណុំរឿង​ជា​អាទិភាព​អស់​ទាំងនេះ អាច​នឹង​ត្រូវ​គ្របដណ្តប់​ដោយ​បញ្ហា​ចម្រូងចម្រាស ជុំវិញ​សង្គ្រាម​អ៊ុយក្រែន។

គួររំឭកឡើងវិញ​ថា សង្គ្រាមអ៊ុយក្រែន​នេះ​ធ្លាប់បាន​ក្លាយ​ជា​បញ្ហា​ដ៏សែន​ចម្រូងចម្រាស​រួចទៅហើយ នៅ​ក្នុង​អំឡុង​​ជំនួបកំពូល​ G20 កាល​ពី​ឆ្នាំទៅមិញ នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ដោយ​នៅពេលនោះ ប្រទេស​ជា​សមាជិិក​ខ្វែងគំនិតគ្នា​ខ្លាំង ជុំវិញ​ការ​ចេញ​សេចក្តីថ្លែងការណ៍​រួម ដោយមាន​ដាក់បញ្ចូ​លឃ្លា​ថ្កោលទោស​ការឈ្លានពាន​របស់​រុស្ស៊ី​ទៅលើ​អ៊ុយក្រែន។

ថ្មីៗនេះ​ទៀត កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​ G20 កាល​ពីសប្តាហ៍​មុន នៅក្នុង​ប្រទេស​ឥណ្ឌា ក៏​ត្រូវ​ប្រឈម​នឹង​បញ្ហា​ចម្រូងចម្រាស​​ទាក់ទង​នឹង​សង្គ្រាម​អ៊ុយក្រែន​នេះ​ដែរ។ចម្រូងចម្រាស​រហូត​ធ្វើ​ឲ្យ​កិច្ចប្រជុំ​ ត្រូវ​បិទបញ្ចប់​ទៅ ដោយ​មិន​អាច​ចេញ​សេចក្តីថ្លែងការណ៍​រួមមួយបាន។ ហើយ​គេ​រំពឹង​ថា បញ្ហា​ចម្រូងចម្រាស​នេះ​ក៏​ទំនង​ជា​នឹង​ត្រូវ​កើតមាន​ឡើង​ដែរ នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស G20 ដែល​កំពុងប្រព្រឹត្ត​ទៅ នៅ​ទីក្រុង​ញូដេលី នៅ​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍​​នេះ។

បញ្ហា​ចោទចម្បងមួយ សម្រាប់​ឥណ្ឌា គឺ​នៅត្រង់​ថា នៅក្នុងឋានៈ​​ជា​ម្ចាស់ផ្ទះ ឥណ្ឌា​​ត្រូវ​មាន​តួនាទី​​ជា​អ្នក​សម្រួបសម្រួល​ការខ្វែងគំនិតគ្នា​ក្នុង​ចំណោម​ប្រទេស​សមាជិក​ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា ជំហរ​របស់​ឥណ្ឌា​ខ្លួនឯងផ្ទាល់ ចំពោះ​សង្គ្រាម​អ៊ុយក្រែន​ ក៏​ជា​បញ្ហា​ចម្រូងចម្រាស​​​មួយផងដែរ ដោយ​ប្រទេស​មួយ​ចំនួន ជាពិសេស បណ្តា​ប្រទេស​លោកខាងលិច​យល់ថា ឥណ្ឌា​មាន​ជំហរ​លម្អៀង​ទៅ​រករុស្ស៊ី។

តាំងពីដើម​មក ឥណ្ឌាតែងតែ​បាន​បដិសេធ​មិនព្រមថ្កោលទោស​ការឈ្លានពាន​របស់​រុស្ស៊ី​ទៅលើ​អ៊ុយក្រែន​នោះទេ ហើយ​ឥណ្ឌា​ក៏​តែងតែ​បោះឆ្នោត​អនុប្បវាទ​ផងដែរ ​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​អ.ស.ប. ទាំង​ការបោះឆ្នោត​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ ក៏ដូចជា​នៅ​ក្នុង​មហាសន្និបាត​ ដើម្បី​អនុម័ត​សេចក្តីសម្រេច​ថ្កោលទោស​រុស្ស៊ី នៅ​ក្នុង​ការ​ធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែន។

ជាការពិត​ថា ទាក់ទង​នឹង​សង្គ្រាម​អ៊ុយក្រែន​នេះ ឥណ្ឌា​ធ្លាប់​បាន​លើកឡើង អំពី​ការ​ទាមទារ​ឲ្យ​គោរព​ធម្មនុញ្ញ​អ.ស.ប. គោរព​ច្បាប់​អន្តរជាតិ គោរព​អធិបតេយ្យ និង​បូរណភាព​ដែនដី​របស់​រដ្ឋ​, ព្រមាន​ពី​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ហើយ​ថ្នាក់ដឹកនាំ​ឥណ្ឌា ព្រមទាំង​បាន​លើកឡើង​ម្តងជាពីរដង​ថា “សករាជ​បច្ចុប្បន្ន​នេះ មិនមែន​ជា​សករាជ​នៃ​ការធ្វើ​សង្គ្រាម”... ដែល​ទាំងអស់​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​​ជាការ​រិះគន់​ដោយ​ប្រយោល​ចំពោះ​រុស្ស៊ី។

ក៏ប៉ុន្តែ បើទោះបីជាយ៉ាងនេះ​ក៏ដោយ ឥណ្ឌា​តែងតែ​ចៀសវាង​មិន​រិះគន់​រុស្ស៊ី​ដោយ​ត្រង់ៗនោះទេ ហើយ​ក្នុងពេល​ជាមួយគ្នា ឥណ្ឌា​មានតែ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​រុស្ស៊ី​ទៅវិញ ជាពិសេស​​បង្កើន​ការ​ទិញ​ប្រេង​ពី​រុស្ស៊ី ក្នុងពេល​ដែល​បណ្តា​ប្រទេស​លោកខាងលិច នាំគ្នា​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី ហាមឃាត់​ការទិញប្រេង​ និង​ឧស្ម័ន​ពី​រុស្ស៊ី ហើយ​តែងតែ​បាន​ទាមទារ​យ៉ាងទទូច​ឲ្យ​ឥណ្ឌា​ចូលរួម​ដាក់សម្ពាធ​លើ​រុស្ស៊ី​ នៅក្នុងសំណុំរឿង​អ៊ុយក្រែន។

នេះ​ហើយ​ដែល​អាច​ជា​បញ្ហា​ស្មុគស្មាញ ដែល​អាច​ធ្វើ​ឲ្យ​ឥណ្ឌា​ត្រូវ​រង​នូវ​សម្ពាធ​ពី​សំណាក់​ប្រទេស​លោក​ខាងលិច ទាក់ទង​នឹង​ជំហរ​ផ្ទាល់​របស់​ឥណ្ឌា នៅ​ក្នុង​សង្គ្រាម​អ៊ុយក្រែន​ផង ក្នុងពេល​ដែល​ឥណ្ឌា​ខ្លួនឯង​ក្នុងនាម​ជា​ប្រធាន G20 ត្រូវ​ដើរតួនាទី​ជា​អ្នក​សម្រួបសម្រួល​បញ្ហា​ចម្រូងចម្រាស រវាង​ប្រទេស​សមាជិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ