អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើប្រទេស​ស៊្វីស​ទប់ស្កាត់​អតិផរណា​ដោយ​របៀប​ណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេសស៊្វីសបានបញ្ជៀសអតិផរណាដ៏ខ្លាំងក្លា ក្នុងពេលដែលប្រទេសផ្សេងៗទៀតនៅអឺរ៉ុបនៅតែបន្តប្រឈមនឹងការកើនឡើងតម្លៃទំនិញខ្ពស់កប់ពពក។ អតិផរណានៅប្រទេសស៊្វីសបានឡើងត្រឹមតែ៣,៥%នៅក្នុងឆ្នាំ២០២២ ពោលគឺទាបជាងឆ្ងាយពីប្រទេសផ្សេងៗនៅអឺរ៉ុប។ យោងតាមកាសែត CNBC លុយហ្វ្រង់ស្វ៊ីសមានស្ថិរភាពល្អ  ការផ្គត់ផ្គង់ថាមពល និងការគ្រប់គ្រងតម្លៃទំនិញសំខាន់ៗដោយរដ្ឋ គឺជាកត្តាគន្លឹះដែលជួយដល់សេដ្ឋកិច្ចរបស់ប្រទេសនេះអាចប្រឈមនឹងវិបត្តិអតិផរណា។

រថភ្លើងកំពុងបើកបរ​នៅទីក្រុងហ្សុយរីឆ ទីក្រុងសេដ្ឋកិច្ចរបស់ស្វ៊ីស។ ថ្ងៃទី ២១ ឧសភា ២០២២
រថភ្លើងកំពុងបើកបរ​នៅទីក្រុងហ្សុយរីឆ ទីក្រុងសេដ្ឋកិច្ចរបស់ស្វ៊ីស។ ថ្ងៃទី ២១ ឧសភា ២០២២ AP - Kelvin Chan
ផ្សាយពាណិជ្ជកម្ម

ការកើនឡើងនៃតម្លៃទំនិញជាទូទៅ ឬគេស្គាល់ថា ការកើនឡើងអតិផរណា គឺមិនសូវមានកម្រិតខ្ពស់ទេនៅក្នុងប្រទេសស៊្វីស ដែលជាប្រទេសតូចមួយ និងសម្បូរដោយភ្នំ នៅអឺរ៉ុប។ ក្នុងពេលជាមួយគ្នា ប្រទេសជាច្រើននៅទូទាំងពិភពលោកកំពុងប្រឈមនឹងអតិផរណាខ្ពស់។

កម្រិតអតិផរណានៅប្រទេសស្វ៊ីសបានឡើងត្រឹមតែ៣,៥%ក្នុងឆ្នាំ២០២២។ វាជាកម្រិតខ្ពស់ក្នុងរយៈពេល២៩ឆ្នាំចុងក្រោយ។ នៅសហរដ្ឋអាមេរិក កម្រិតអតិផរណាកើនឡើង ៩,១% ចក្រភពអង់គ្លេស (១១,១%) និងតំបន់ចាយប្រាក់អឺរ៉ូ (១០,៦%)។

ធនាគារជាតិស៊្វីសបានលើកឡើងកាលពីខែធ្នូថា អតិផរណានៅស៊្វីសអាចធ្លាក់ចុះជាមធ្យម ២,៤% ក្នុងឆ្នាំ២០២៣ និង១,៨%ក្នុងឆ្នាំ២០២៤។

តើកត្តាអ្វីខ្លះដែលធ្វើឱ្យប្រទេសស៊្វីសអាចទប់ទលនឹងអតិផរណាបច្ចុប្បន្ន?

ស្ដង់ដាររស់នៅខ្ពស់រួចស្រេចស្រាប់នៅស៊្វីស

ស៊្វីសគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលប្រជាជនមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោក ដោយចំណូលជាតិសម្រាប់មនុស្សម្នាក់ៗ គឺមានកម្រិតខ្ពស់ជាងប្រទេសដែលមានសេដ្ឋកិច្ចធំៗផ្សេងទៀត ដូចជាសហរដ្ឋអាមេរិក ជប៉ុន និងអាល្លឺម៉ង់។

នៅស៊្វីស ពលរដ្ឋជាមធ្យមមានទ្រព្យសម្បត្តិប្រហែល៧០ម៉ឺនដុល្លារអាមេរិក ពោលគឺប្រជាជនស៊្វីសមានទ្រព្យសម្បត្តិច្រើនណាស់។ ប្រទេសនេះមានកម្រិតស្ដង់ដារនៃការរស់នៅ និងការប្រើប្រាស់មានកម្រិតខ្ពស់។

ជាលទ្ធផល ពលរដ្ឋស៊្វីសជាទូទៅមិនសូវរងឥទ្ធិពលពីការកើនឡើងតម្លៃទំនិញទេ ព្រោះថាការចំណាយលើទំនិញជាមូលដ្ឋានដើម្បីរស់នៅ ឧទាហរណ៍ ថ្លៃស្នាក់នៅ ថ្លៃម្ហូបអាហារ ថាមពល និងទឹក គឺគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះនៃការចំណាយផ្សេងៗ រួមមាន ការកម្សាន្ដ និងការធ្វើដំណើរ។

លោក Tobias Straumann សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្រ្តសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Zurich បានប្រាប់កាសែត CNBC ថា "ដោយសារតែមនុស្សជាមធ្យមមានទ្រព្យសម្បត្តិច្រើន នោះការចំណាយលើម្ហូបអាហារនៅក្នុងថវិកាសរុបនៃគ្រួសាររបស់ពួកគេគឺមិនធំដូចនៅក្នុងប្រទេសដទៃទៀតទេ"។

ស្ថិរភាពលុយហ្វ្រង់ស៊្វីស និងតម្រូវការលុយស៊្វីសពីសកលលោកក្នុងពេលវិបត្តិ

ហេតុផលមួយទៀតសម្រាប់ស្ថិរភាពតម្លៃទំនិញ គឺវាទាក់ទងនឹងស្ថិរភាពនៃតម្លៃលុយហ្វ្រង់ស្វ៊ីស។ លុយពីហ្វ្រង់ស្វ៊ីសមានតម្លៃល្អ ហើយលុយនេះកាន់តែមានគេចង់បានច្រើន នៅពេលពិភពលោកមានវិបត្តិ។ ហេតុការណ៍នេះបានកើតឡើងរាប់រយឆ្នាំមកហើយ។ ពិភពលោកទុកចិត្តលើលុយស៊្វីស និងសេដ្ឋកិច្ចប្រទេសនេះ។

លុយស៊្វីសបានឡើងថ្លៃជាលំដាប់។ នៅឆ្នាំ២០២២ លុយស៊្វីសកើនតម្លៃស្មើប្រាក់អឺរ៉ូ។ នៅពេលដែលលុយស៊្វីសបន្ដរក្សាស្ថិរភាព និងកើនឡើងតម្លៃ វាអំណោយផលដល់ ប្រទេសស៊្វីស ដែលមានសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើពាណិជ្ជកម្មអន្តរជាតិ ព្រោះថា សម្រាប់បរិមាណលុយស៊្វីសដដែល ប្រជាជនស៊្វីសអាចនាំចូលទំនិញបានច្រើនជាងមុន។

ការផ្គត់ផ្គង់ថាមពលធន់ដោយក្រុមហ៊ុនរដ្ឋ

ប្រទេសស៊្វីសក៏មិនសូវរងផលប៉ះពាល់ពីកត្តាខាងក្រៅផងដែរ ដូចជាឥទ្ធិពលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនជាដើម។

ប្រទេសនេះមានសណ្ឋានដីភ្នំ និងបឹងជាង១៥០០ ហើយវាធ្វើឱ្យប្រទេសស៊្វីសមិនសូវពឹងផ្អែកលើការនាំចូលប្រេង និងឧស្ម័ន ដូចប្រទេសជិតខាងនៅអឺរ៉ុបមួយចំនួន។ នៅស៊្វីស ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលគឺជាកម្មសិទ្ធិរបស់រដ្ឋ ដូច្នេះពួកគេមិនសូវប្រឈមនឹងការប្រែប្រួលទីផ្សារខ្លាំងទេ នៅពេលពិភពលោកប្រែប្រួល។

ការគ្រប់គ្រងតម្លៃលើទំនិញ និងសេវាកម្មដោយយន្ដការរដ្ឋ

ក្រៅពីវិស័យថាមពល តម្លៃអាហាររបស់ប្រទេសស៊្វីសបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំត្រឹមតែ៤% ធៀបនឹងជាង១២% នៅសហរដ្ឋអាមេរិក ជាង១៧% នៅចក្រភពអង់គ្លេស និងជាង២០% នៅអាល្លឺម៉ង់។

ក្នុងចំណោមទំនិញប្រើប្រាស់សំខាន់ៗ ដូចជា ម្ហូបអាហារ ទីកន្លែងស្នាក់នៅ និងការដឹកជញ្ជូន ដែលតំណាងស្ទើរតែមួយភាគបី (៣០%) គឺជាការប្រើប្រាស់ជាមូលដ្ឋាន ហើយវាស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ។ វិស័យទាំងនេះមិនសូវងាយរងគ្រោះនឹងការប្រែប្រួលអតិផរណាទេ។

ការយកពន្ធខ្ពស់លើការនាំចូលទំនិញកសិកម្មក៏មានន័យថា អាហារដែលផលិតក្នុងស្រុក ដូចជាទឹកដោះគោ និងឈីស ត្រូវបានរដ្ឋកំណត់តម្លៃ ហើយវាមិនសូវរងផលប៉ះពាល់ពីការប្រែប្រួលក្នុងទីផ្សារអាហារពិភពលោកទេ។

លោក Jean-Claude Huber អ្នកគ្រប់គ្រងសណ្ឋាគារ Piz Buin Klosters នៅភាគខាងកើតនៃប្រទេសស៊្វីសបាននិយាយថា "យើងព្យាយាមទិញឱ្យបានច្រើនតាមតែអាចធ្វើទៅបាននូវផលិតផលផលិតក្នុងប្រទេស ប៉ុន្តែសូម្បីតែក្នុងតំបន់តូចៗ។ នៅក្នុងរយៈពេលវែង យើងចង់ឱ្យឧស្សាហកម្មក្នុងស្រុកអាចធ្វើការ និងដំណើរការបាន៕"

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ