អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីគម្រោងផ្គត់ផ្គង់អ៊ីដ្រូសែនជប៉ុន-អូស្ត្រាលីមានភាពចម្រូងចម្រាស?

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​ផ្តល់​លុយ ១ពាន់៥រយលាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​ផលិត​អ៊ីដ្រូសែន​នៅ​អូស្រ្តាលី ដើម្បី​ដឹកយក​មក​ផ្គត់ផ្គង់​តម្រូវការ​នៅ​ក្នុង​ប្រទេស​ជប៉ុន។ នេះ​ជា​គម្រោង​ដ៏ធំសម្បើម​មួយ ហើយ​ក៏​ជា​គម្រោង​ដែល​មាន​ភាពចម្រូងចម្រាស​ច្រើន​ផងដែរ។ គេដឹង​ថា អ៊ីដ្រូសែន​គឺ​ជា​ប្រភេទ​ថាមពល ដែល​មិន​បញ្ចេញ​ឧស្ម័ន​កាបូនិក ដូច្នេះ គួរតែ​មាន​ប្រយោជន៍​ក្នុងការ​ជួយ​ទប់ស្កាត់​ការឡើងកម្តៅផែនដី។ ក៏ប៉ុន្តែ តើ​ហេតុអ្វី​បាន​ជា​គម្រោងនេះ​ត្រូវ​ប្រឈម​នឹង​បញ្ហា​ចម្រូងចម្រាស​បែបនេះ​ទៅវិញ?

អ៊ីដ្រូសែន​អាច​ត្រូវ​ចាត់ទុក​ជា​ថាមពល​បៃតង ដែល​មិន​បញ្ចេញ​ឧស្ម័ន​កាបូនិក ប្រសិនបើ​វាត្រូវ​បាន​ផលិត​ឡើង​ដោយ​មិនប្រើ​ថាមពល​ផូស៊ីល
អ៊ីដ្រូសែន​អាច​ត្រូវ​ចាត់ទុក​ជា​ថាមពល​បៃតង ដែល​មិន​បញ្ចេញ​ឧស្ម័ន​កាបូនិក ប្រសិនបើ​វាត្រូវ​បាន​ផលិត​ឡើង​ដោយ​មិនប្រើ​ថាមពល​ផូស៊ីល © AP/Business Wire
ផ្សាយពាណិជ្ជកម្ម

គម្រោងផ្គត់ផ្គង់​ថាមពល​អ៊ីដ្រូសែន ដែល​គេ​ឲ្យឈ្មោះ​ជា​ភាសាអង់គ្លេស​ថា Hydrogen Energy Supply Chain ហៅកាត់ថា HESC ធ្លាប់​បាន​ទទួល​ទុនវិនិយោគពី​សំណាក់​រដ្ឋាភិបាល​ជប៉ុន និង​អូស្រ្តាលី ក្នុងទំហំទឹកប្រាក់​​ជាង ៣០០លាន​ដុល្លារ​រួចមកហើយ កាល​ពីពេល​កន្លងមក សម្រាប់​ដំណាក់កាល​សិក្សាសាកល្បង។ ទុនវិនិយោគបន្ថែម ចំនួន ១ពាន់៥រយលាន​ដុល្លារ ដែល​រដ្ឋាភិបាល​ជប៉ុន​ទើបនឹង​សម្រេច​ផ្តល់​បន្ថែម​នៅពេលនេះ គឺ​សម្រាប់​ដំណាក់កាល​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ឈាន​ទៅ​ផលិត និង​ធ្វើ​អាជីវកម្ម​ថាមពល​អ៊ីដ្រូសែន នៅ​ក្នុងរង្វង់​ឆ្នាំ២០៣០​ខាងមុខ។

គម្រោង​នេះ​មាន​គោលដៅ​ផលិត​ឧស្ម័នអ៊ីដ្រូសែន​ជាជំហានដំបូង​ក្នុង​ចន្លោះ​ពី ៣ម៉ឺន ទៅ ៤ម៉ឺនតោន​ក្នុងមួយឆ្នាំ មុននឹង​ត្រូវ​បង្កើន​បន្តិចម្តងៗ រហូត​​ដល់​ជាង ២០ម៉ឺនតោន​ក្នុង​មួយ​ឆ្នាំ ដោយ​ឧស្ម័ន​អ៊ីដ្រូសែន​នេះ ដែល​ផលិត​ចេញ​ដំបូង​ជា​ឧស្ម័ន នៅ​ក្នុង​ប្រទេស​អូស្រ្តាលី នឹង​ត្រូវ​បំប្លែងជា​អ៊ីដ្រូសែន​រាវ ដើម្បី​ដឹកតាមកប៉ាល់​ទៅ​ផ្គត់ផ្គង់​តម្រូវការ​នៅ​ក្នុងប្រទេស​ជប៉ុន។

លុយវិនិយោគ​នៅ​ក្នុង​គម្រោ​ងនេះ ត្រូវ​បាន​រដ្ឋាភិបាល​ជប៉ុន​យក​ចេញ​ពី​មូលនិធិ​អភិវឌ្ឍ​បច្ចេកវិទ្យាថាមពល​បៃតង ហើយ​បើ​យោងតាម​ក្រុមហ៊ុន​គ្រប់គ្រង​គម្រោង ថាមពល​អ៊ីដ្រូសែន ដែល​ផលិត​ចេញ​ពី​គម្រោង​នៅ​អូស្រ្តាលី​នេះ នឹង​ជួយ​ឲ្យ​ជប៉ុន​អាច​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ប្រមាណ​ជា​ជិត ២លានតោន​ក្នុងមួយឆ្នាំៗ ពោលគឺ ស្មើ​នឹង​ការ​បញ្ចេញ​ឧស្ម័ន​ដោយ​រថយន្តប្រើ​ប្រេង​រហូតដល់ទៅ​ ៣៥ម៉ឺន​គ្រឿង​ឯណោះ។

ក៏ប៉ុន្តែ ថ្វីដ្បិតតែ​អ៊ីដ្រូសែន​ជា​ប្រភេទ​ថាមពល​មិនបញ្ចេញ​ឧស្ម័ន​កាបូនិក នៅ​ក្នុង​ដំណាក់កាល​ប្រើប្រាស់ នៅក្នុងដំណាក់​កាល​ផលិតវិញ វា​គឺ​ជា​រឿងផ្សេង។ ប្រសិនបើ​ការផលិត​អ៊ីដ្រូសែន​ត្រូវ​ធ្វើឡើង​ដោយ​ប្រើ​អគ្គិសនី​ទៅ​​បំបែក​ម៉ូលេគុល​ទឹក ​តាមវិធី​អេឡិចត្រូលីស ហើយ​ថាមពល​អគ្គិសនី​នេះ​ទៀតសោត​មានប្រភព​ចេញ​ពី​ថាមពល​បៃតង អ៊ីដ្រូសែន​ប្រភេទ​នេះ​ទើបគេ​ចាត់ទុក​ថា​ជា​ថាមពល​បៃតង ដោយ​មិន​បញ្ចេញ​ឧស្ម័នកាបូនិក​ទាំង​ក្នុង​ដំណាក់កាល​ប្រើប្រាស់ និង​ក្នុង​ដំណាក់កាល​ផលិត។

​បញ្ហា​ចោទចម្បង​នៃ​គម្រោង​ផ្គត់ផ្គង់​អ៊ីដ្រូសែន​អូស្រ្តាលី-ជប៉ុន (HESC) គឺនៅត្រង់​ថា អ៊ីដ្រូសែន​នឹង​មិន​ត្រូវ​​ផលិត​ដោយ​ប្រើ​វិធី​អេឡិចត្រូលីស​នេះទេ ផ្ទុយទៅវិញ គឺ​ផលិត​ចេញ​ពី​​​ធ្យូងថ្ម (Coal gasification) ដែល​ជា​ប្រភពចម្បង​នៃ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក។

យោងតាម​ការ​សិក្សាដោយ​វិទ្យាស្ថានស្រាវជ្រាវឯករាជមួយ​របស់​អូស្រ្តាលី ​ចុះផ្សាយ កាលពីឆ្នាំ​ទៅមិញ ការផលិត​អ៊ីដ្រូសែន​ដោយ​ធ្យូងថ្ម នៅ​ក្នុងគម្រោង​អូស្រ្តាលី-ជប៉ុន​នេះ នឹង​ត្រូវ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ក្នុងចន្លោះ​ពី​ជិត ៣លាន ទៅជិត ៤លានតោន​ក្នុងមួយឆ្នាំ ពោលគឺ ច្រើនជាង​​បរិមាណ​​ឧស្ម័នកាបូនិក​ដែល​អាច​កាត់បន្ថយ​ក្នុង​ដំណាក់កាល​ប្រើប្រាស់​អ៊ីដ្រូសែន​រហូតដល់​ទៅ​ជិត​ពីរដងឯណោះ។

ដូច្នេះ បើ​គិតជាសរុប​ទៅ គម្រោង​នេះ​មិនត្រឹមតែ​មិន​អាច​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​បាន​នោះទេ ក៏ប៉ុន្តែ មានតែ​នាំ​ឲ្យ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក​ត្រូវកើនឡើង​ទៅវិញ។ ហេតុដូច្នេះហើយ​បាន​ជា​គម្រោង​នេះ​មាន​​បញ្ហា​ចម្រូងចម្រាស​ច្រើន ដោយ​ត្រូវ​ប្រឈម​នឹង​ការ​រិះគន់ ជាពិសេស ​ពី​សំណាក់​អង្គការ និង​សកម្មជន​ការពារបរិស្ថាន។

ជាការពិត​ថា នៅក្នុង​គម្រោង​ផ្គត់ផ្គង់​អ៊ីដ្រូសែន​អូស្រ្តាលី-ជប៉ុន​​នេះ គេគ្រោង​ប្រើ​បច្ចេកវិទ្យា ដើម្បី​ស្រូបយក​ឧស្ម័នកាបូនិក​ពី​ការ​ផលិត​អ៊ីដ្រូសែន​ រួចហើយ​យក​ទៅ​ស្តុក​ទុក នៅ​ក្រោមដីបាតសមុទ្រ​អូស្រ្តាលី។ ក៏ប៉ុន្តែ បញ្ហា​ចោទ គឺ​នៅត្រង់​ថា គិតមកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ បច្ចេកវិទ្យា​ស្រូប​ឧស្ម័នកាបូនិក​​នៅមិនទាន់​មាន​ប្រសិទ្ធភាព​នៅឡើយ ហើយ​គេ​ក៏​នៅមិនទាន់​ដឹង​ប្រាកដ​ច្បាស់​​នៅឡើយ​ដែរ​​ថា តើ​បច្ចេកវិទ្យានេះ​នឹង​អាច​រួចរាល់​ដាក់​ឲ្យ​ដំណើរការ​បាន​ទាន់ពេល ជាមួយ​នឹង​ការ​ដាក់​ឲ្យ​ដំណើរការ​គម្រោង​ផលិត​អ៊ីដ្រូសែន​នៅ​អូស្រ្តាលី​នេះ​​ដែរ​ឬ​ក៏​អត់។

ហេតុដូច្នេះហើយ​បាន​ជា​អង្គការការពារបរិស្ថាន​មួយ​នៅ​អូស្ត្រាលី (Environment Victoria) បាន​​ទទូច​​ថា នៅ​ក្នុងពេល​ដែល​បច្ចេកវិទ្យា​ស្រូប​ឧស្ម័នកាបូនិក​នៅមិនទាន់​​មាន​ប្រសិទ្ធភាព​បែបនេះ គេ​មិនគួរ​បង្កើត​គម្រោង​ផលិត​អ៊ីដ្រូសែន​ដោយ​ប្រើ​​​ធ្យូងថ្ម​នោះទេ ប្រសិនបើ​គេពិតជា​​មាន​ចេតនា​ចង់​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ពិតមែន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ