អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ជាស្នាដៃរបស់អ៊ុយក្រែន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាង ៥ខែក្រោយមក សំណួរនៅតែ​ចោទឡើងជុំវិញ ការ​បំផ្ទុះ​បំពង់​បង្ហូរឧស្ម័ន Nord Stream នៅ​ក្នុង​សមុទ្រ​បាល់ទិក។ សេចក្តីរាយការណ៍ថ្មីចុងក្រោយ ដោយសារ​ព័ត៌មាន​លោកខាងលិច​ បង្ហាញ​ថា ការបំផ្ទុះបំពង់បង្ហូរឧស្ម័ននេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​ក្រុម​អ្នកគាំទ្រ​អ៊ុយក្រែន ក៏ប៉ុន្តែ ការលើកនេះ​ត្រូវ​បាន​ច្រានចោល​ដោយ​រដ្ឋាភិបាល​ក្រុង​កៀវ។

រូបភាព​ថត​នៅថ្ងៃទី២៧​កញ្ញា​២០២២ បង្ហាញ​ពី​ពពុះ​ទឹកសមុទ្រ បង្ក​ឡើង​ដោយ​ឧស្ម័ន​ដែល​លេចធ្លាយចេញ​ពី​ការផ្ទុះ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream
រូបភាព​ថត​នៅថ្ងៃទី២៧​កញ្ញា​២០២២ បង្ហាញ​ពី​ពពុះ​ទឹកសមុទ្រ បង្ក​ឡើង​ដោយ​ឧស្ម័ន​ដែល​លេចធ្លាយចេញ​ពី​ការផ្ទុះ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream AP
ផ្សាយពាណិជ្ជកម្ម

បំពង់​បង្ហូរ​ឧស្ម័ន Nord Stream ដែល​មាន​ពីរខ្សែ (Nord Stream 1 និង Nord Stream 2)​ តភ្ជាប់​ពី​រុស្ស៊ី ឆ្លងកាត់​​សមុទ្រ​បាល់ទិក​មក​ប្រទេស​អាល្លឺម៉ង់ ត្រូវ​ផ្ទុះ​ទាំងពីរ​ខ្សែ កាល​ពីថ្ងៃ​ទី២៦កញ្ញា​កន្លងទៅ ហើយ​ភ្លាមៗ​ក្រោយ​ពី​ហេតុការណ៍ផ្ទុះបំពង់​បង្ហូរឧស្ម័ន​នេះ គេនាំគ្នា​ដាក់​ការសង្ស័យ​ទៅលើ​រុស្ស៊ី។ ក៏ប៉ុន្តែ សម្មតិកម្មនេះ​ត្រូវ​ចោទ​ជា​សំណួរ​ចម្បងមួយ​ថា តើ​​រុស្ស៊ី​ចាំបាច់​ត្រូវ​បំផ្ទុះបំពង់​ឧស្ម័ន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​នេះធ្វើ​អ្វី បើ​រុស្ស៊ី​គឺ​ជា​ម្ចាស់​បំពង់​បង្ហូរឧស្ម័ននេះ​ស្រាប់​ ហើយ​រុស្ស៊ី​អាច​បិទ ឬ​បើក​ការ​បង្ហូរឧស្ម័ន​តាមបំពង់នេះ​បាន​គ្រប់ពេល​ទៅតាម​ការ​ចង់​បាន​។

កាលពី​ដើមខែកុម្ភៈ​កន្លងទៅនេះ អ្នក​កាសែត​ស៊ើបអង្កេត​ដ៏ល្បីឈ្មោះ​មួយ​រូប​របស់​អាមេរិក (Seymour Hersh) បាន​ចុះផ្សាយ​អត្ថបទ​មួយ (ជាអត្ថបទ​ផ្ទាល់ខ្លួន​ ចុះផ្សាយ​លើ​ Blog ផ្ទាល់ខ្លួន  មិនតាមរយៈ​ស្ថាប័ន​ព័ត៌មាន)​ ចោទប្រកាន់​អាមេរិក​ថា ជា​អ្នក​បំផ្ទុះបំពង់​បង្ហូរឧស្ម័ន​ Nord Stream នៅ​ក្នុង​​ប្រតិបត្តិការ​សម្ងាត់​ ​ដែល​​មាន​កិច្ចសហប្រតិបត្តិការ​ពី​សំណាក់​ន័រវែស ហើយ​​ធ្វើ​ឡើង ក្នុង​អំឡុង​សមយុទ្ធ​អូតង់ នៅ​ក្នុង​តំបន់​សមុទ្រ​បាល់ទិក។

ក៏ប៉ុន្តែ កាលពីថ្ងៃអង្គារ ៧មីនា​នេះ កាសែត The New York Times បានចុះផ្សាយ​ ដោយ​ដកស្រង់​ប្រភព​ពីមន្ត្រីអាមេរិក​ដែល​មិន​បញ្ចេញ​ឈ្មោះ​ថា ​ព័ត៌មានចារកិច្ច​​ថ្មី​ចុងក្រោយ​បង្ហាញ​ថា ការ​បំផ្ទុះ​បំពង់​បង្ហូរឧស្ម័ន Nord Stream ត្រូវ​បាន​ធ្វើឡើង​ដោយ​ក្រុម​បុគ្គលឯកជន ដែល​គាំទ្រ​អ៊ុយក្រែន ក៏ប៉ុន្តែ គេ​មិនមាន​ភស្តុតាង​​​បញ្ជាក់ថា​ លោកប្រធានាធិបតី​ហ្សេឡិនស្គី ឬ​ក៏​មន្រ្តី​របស់​លោក​​មាន​ជាប់ពាក់ព័ន្ធ​នៅ​ក្នុង​ប្រតិបត្តិការ​នេះ​ដែរ​ឬ​ក៏​អត់​​នោះទេ។

នៅថ្ងៃអង្គារ​នេះ​ដែរ កាសែត​អាល្លឺម៉ង់ Die Zeit ព្រមទាំងបណ្តាញ​ព័ត៌មាន​ផ្សេងទៀត​នៅ​អាល្លឺម៉ង់ ក៏​បាន​ចេញផ្សាយ​លទ្ធផល​ស៊ើបអង្កេត​ដាច់ដោយឡែក​មួយទៀត​ផងដែរ។ ជា​ការស៊ើបអង្កេត​ធ្វើឡើង​​រួមគ្នា​ដោយ​បណ្តាញ​ព័ត៌មាន​អាល្លឺម៉ង់ ដោយ​តាមរយៈ​ការ​ស៊ើបអង្កេត​នេះ គេ​បានរកឃើញ​ថា អាជ្ញាធរ​អាល្លឺម៉ង់​ក៏​បាន​រកឃើញ​តម្រុយ​​​ ពី​ការ​ជាប់ពាក់ព័ន្ធ​ជាមួយ​នឹង​ក្រុមបុគ្គលឯកជន​អ៊ុយក្រែន​នេះ​ដែរ ពោលគឺ ស្រដៀងគ្នា​ទៅនឹង​អ្វី​ដែល​បានចុះផ្សាយ​ដោយកាសែត The New York Times

យោងតាម​​ការ​ស៊ើបអង្កេត​អាល្លឺម៉ង់​​ ប្រតិបត្តិការ​បំផ្ទុះបំពង់​បង្ហូរឧស្ម័ន​ Nord Stream ត្រូវ​បាន​ធ្វើឡើង​ដោយ​មនុស្ស ៦នាក់ (ប្រុស ៥នាក់ ស្រីម្នាក់) ធ្វើ​ដំណើរតាមនាវា​​មួយគ្រឿង ចេញ​ពី​កំពង់ផែ Rostock នៅ​ប៉ែក​ខាង​ជើង​ប្រទេស​អាល្លឺម៉ង់ ទៅកាន់​កោះមួយ​របស់​ដាណឺម៉ាក ដែល​មាន​ទីតាំង​នៅ​ត្រង់​ម្តុំ​ដែល​មាន​ហេតុការណ៍ផ្ទុះ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream

គិតមកទល់នឹង​ពេលនេះ ក្រុមស៊ើបអង្កេត​អាល្លឺម៉ង់​នៅ​មិន​ទាន់​អាច​កំណត់​អត្តសញ្ញាណ​ជន​ទាំង ៦នាក់​នេះ​បាន​នៅឡើយទេ ដោយសារ​តែ​ពួកគេ​ប្រើប្រាស់​លិខិតឆ្លង​ដែន​ក្លែងក្លាយ ដែល​ធ្វើ​ឡើង​ដោយ​អ្នក​ជំនាញ​អាជីព។ ក៏ប៉ុន្តែ គេអាច​កំណត់​បានថា នាវាដែល​ជាប់សង្ស័យ​ក្នុង​ប្រតិបត្តិការ​នេះ គឺ​ជា​ប្រភេទ​នាវាកម្សាន្ត​ ​ជួល​​ដោយ​ក្រុមហ៊ុន​មួយ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ ហើយ​មាន​ម្ចាស់​ជា​ជនជាតិ​អ៊ុយក្រែន។

មួយថ្ងៃ​ក្រោយ​ការ​ចុះផ្សាយ​ដោយបណ្តាញ​សារព័ត៌មាន រដ្ឋអាជ្ញាអាល្លឺម៉ង់​បាន​សេចក្តីប្រកាស​ព័ត៌មាន​មួយ​​នៅថ្ងៃ​ពុធ​ដោយ​បាន​បញ្ជាក់ថា​​ ក្រុមស៊ើបអង្កេត​អាល្លឺម៉ង់​​ពិត​ជា​បានរកឃើញ​នាវាកម្សាន្ត​ដែល​ជាប់​សង្ស័យ​ក្នុង​ហេតុការណ៍​ផ្ទុះ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream ​​​នេះ​មែន ព្រមទាំង​បាន​​ចូល​ឆែកឆេរ និង​រកឃើញ​តម្រុយ​ជាតិផ្ទុះនៅលើ​នោះ កាល​ពី​ពាក់កណ្តាល​ខែ​មករា​កន្លងទៅ។

ទោះជាយ៉ាងណា ​អាល្លឺម៉ង់ ក៏ដូចជា​អាមេរិក និង​អង្គការ​អូតង់ ​បាន​បង្ហាញ​នូវ​ភាព​ប្រយ័ត្នប្រយែង ដោយ​បាន​លើកឡើង​ថា គិត​រហូតមកទល់នឹង​ពេលនេះ ការស៊ើបអង្កេត​នៅមិនទាន់​ចប់​សព្វគ្រប់ ហើយ​ក៏​មិនទាន់​បាន​​រកឃើញ​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​ធ្វើការ​សន្និដ្ឋាន​ណាមួយ​បាន​ច្បាស់លាស់​នៅឡើយនោះទេ។

ពីក្រុង​កៀវវិញ រដ្ឋាភិបាល​អ៊ុយក្រែន​បាន​បដិសេធ​ថា ខ្លួន​មិនមានជាប់ពាក់ព័ន្ធ​ណាមួយ​នឹង​ហេតុការណ៍ផ្ទុុះ​បំពង់​បង្ហូរឧស្ម័ន​នេះទេ។ ចំណែក​អ្នកនាំពាក្យ​វិមាន​ក្រេមឡាំងវិញ អះអាង​ថា ការចុះផ្សាយ​ដោយ​បណ្តាញ​ព័ត៌មាន​ថ្មីៗចុងក្រោយ​នេះ គឺ​​គ្រាន់តែ​ជាផ្នែក​មួយ​នៃ​យុទ្ធនាការ ដើម្បី​បំភាន់​មតិសាធារណៈ​តែ​ប៉ុណ្ណោះ។ បំភាន់មតិ ដើម្បី​​បង្វែរ​ការសង្ស័យ​ពី​អ្នក​ទទួលខុសត្រូវ​ពិតប្រាកដ ដែល​បើតាម​រុស្ស៊ី គឺ​សហរដ្ឋ​អាមេរិក។

រុស្ស៊ី​ក៏​បាន​បង្ហាញ​នូវការ​មិនសប្បាយចិត្ត​ផងដែរ ដែល​ខ្លួន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ក្នុងការ​ស៊ើបអង្កេត​លើ​ករណី​បំផ្ទុះបំពង់​បង្ហូរ​ឧស្ម័ននេះ។ ការស៊ើបអង្កេត ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ធ្វើឡើង​រួមគ្នា​ដោយ​អាល្លឺម៉ង់ ស៊ុយអែត និង​ដាណឺម៉ាក។ ជាថ្មីម្តងទៀត រុស្ស៊ី​បន្តទាមទារ​​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ជាលក្ខណៈអន្តរជាតិ តាមរយៈ​​ការ​អនុម័ត​សេចក្តីសម្រេច​ នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ