អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ឈ្វេងយល់អំពីការដួលរលំធនាគារដ៏ធំមិនធ្លាប់មាននៅអាមេរិកចាប់តាំងពីឆ្នាំ២០០៨

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​ទូទាំង​ពិភពលោក កំពុងតែ​រំជើបរំជួល​យ៉ាងខ្លាំង ក្រោយ​ពី​មាន​ការដួលរលំ​ធនាគារ​ឈ្មោះ SVB (Silicon Valley Bank) ​ដែល​ជា​ធនាគារ​ដ៏ធំមួយ នៅ​អាមេរិក កាលពីថ្ងៃ​សុក្រ។ ការដួលរលំ​ធនាគារ​ដ៏ធំ​មួយនេះ​​កំពុងតែ​ធ្វើ​ឲ្យ​មាន​ក្តីបារម្ភ អំពី​ការ​រីករាលដាល ទៅ​ជា​វិបត្តិ​ហិរញ្ញវត្ថុ​ទ្រង់ទ្រាយ​ធំ ដូចកាល​ពី​វិបត្តិ​ហិរញ្ញវត្ថុ​សកល កាល​ពី​ឆ្នាំ២០០៨​កន្លងទៅ។ តើ​ហេតុអ្វី​បាន​ជា​ធនាគារ​ដ៏ធំមួយ ស្រាប់តែ​ត្រូវ​ដួលរលំ​ភ្លាមៗ ក្នុងរយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​បែបនេះ?

ប៉ូលិស​នៅ​មុខអគារ​ធនាគារ Silicon Valley Bank (SVB) កាល​ពីថ្ងៃ​សុក្រ ១០មីនា ២០២៣
ប៉ូលិស​នៅ​មុខអគារ​ធនាគារ Silicon Valley Bank (SVB) កាល​ពីថ្ងៃ​សុក្រ ១០មីនា ២០២៣ © AFP
ផ្សាយពាណិជ្ជកម្ម

ធនាគារ​អាមេរិក ដែល​រលំ កាល​ពីថ្ងៃ​សុក្រ​កន្លងទៅនេះ មាន​ឈ្មោះ​ថា Silicon Valley Bankហៅកាត់ដោយខ្លីថា SVBភាគច្រើន​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ប្រភេទ Startup នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា។ SVB គឺ​ជាធនាគារ​ដ៏ធំលំដាប់ទី ១៦ នៅ​អាមេរិក មាន​ទ្រព្យសកម្ម​​រហូត​ដល់​ទៅ​ជាង ២០០ពាន់លាន​ដុល្លារ គិត​ត្រឹម​ចុងឆ្នាំ២០២២​កន្លងទៅ។

មូលហេតុ​ដែល​នាំ​ឲ្យ​ធនាគារ SVB ត្រូវ​ដួលរលំ​នៅពេលនេះ បើ​និយាយ​ឲ្យខ្លី គឺ​មក​ពី​​​អតិថិជន​ នាំ​គ្នា​សម្រុក​ទៅដក​លុយ​ចេញ​ពី​ធនាគារ។ ក៏ប៉ុន្តែ ​ដំណើរដើមទង រហូត​នាំ​ទៅ​ដល់​ចលនា​សម្រុក​ទៅ​ដក​លុយ​យ៉ាងគំហុក​នេះ គឺ​វាមាន​ជាប់ទាក់ទង​ទៅនឹង​កត្តា​ច្រើន​ផ្សេងទៀត។

បញ្ហា​ចម្បង​របស់​ធនាគារ SVB គឺ​​ចាប់ផ្តើម​ចេញ​ពី​ការ​ដំឡើង​អត្រា​ការប្រាក់​ដោយ​ធនាគារ​កណ្តាល​អាមេរិក។ ការដំឡើង​អត្រា​ការប្រាក់​ដោយ​ធនាគារ​កណ្តាល​នេះ វា​គឺ​ជា​វិធានការ​ចម្បង ដើម្បី​ទប់ស្កាត់​វិបត្តិ​អតិផរណា ក៏ប៉ុន្តែ វាបង្កើត​ជា​បញ្ហា​ សម្រាប់ធនាគារ SVB ដែល​ធ្លាប់តែ​ទាញ​ផលចំណេញ​ពី​លំហូរសាច់ប្រាក់ ដោយសារ​អត្រាការប្រាក់ទាប។

បញ្ហា​ចម្បង​ទីមួយ គឺ​នៅត្រង់ថា ការដំឡើង​អត្រា​ការប្រាក់​ វា​ធ្វើ​ឲ្យ​លំហូរសាច់ប្រាក់​ទៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​​​មិន​សូវ​សម្បូរ​ដូចមុន ធ្វើ​ឲ្យ​កំណើន​ទីផ្សារ​មូលបត្រ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ត្រូវ​យឺតយ៉ាវ​ជាងមុន បង្ក​នូវ​ផលប៉ះពាល់​ទៅដល់​ការរកស៊ី​របស់​ SVB ដែល​ផ្តោត​ចម្បង​ទៅលើ​វិស័យ​បច្ចេកវិទ្យា។

បន្ថែម​ពីលើ​នេះ​ទៅទៀត ការដំឡើង​អត្រា​ការប្រាក់​ដោយ​ធនាគារ​កណ្តាល វា​ក៏​ធ្វើ​ឲ្យ​​ប៉ះពាល់​យ៉ាងខ្លាំង​ផងដែរ ទៅលើ​តម្លៃ​មូលបត្រ​បំណុល​រយៈពេល​វែង។

នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ មូលបត្រ​បំណុលរយៈពេល ១០ឆ្នាំ ​របស់​រតនាគារ​អាមេរិក អាច​ផ្តល់​ការប្រាក់​រហូតដល់​ទៅ ៣,៩% ឯណោះ ក្នុងពេល​ដែល​មូលបត្រ​បំណុល​​ប្រមាណ​ជា ២១ពាន់​លាន​ដុល្លារ ​ដែល​ធនាគារ SVB មាន​ក្នុងដៃ ហើយ​ដែល​ភាគច្រើន​ជា​មូលបត្រ​បំណុល​រតនាគារ​អាមេរិក អាច​ផ្តល់​ការប្រាក់​ត្រឹមតែ​ ១,៧៩% ប៉ុណ្ណោះ។

ក្នុងពេល​ជាមួយគ្នា ការធ្លាក់​ចុះ​នៃ​លំហូរវិនិយោគ​​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា ធ្វើ​ឲ្យ​ក្រុមហ៊ុន Startup ដែល​ជា​អតិថិជន​របស់​ SVB ហើយ​ដែល​កន្លងមក​នាំគ្នា​យក​លុយ​មក​ទុក​ក្នុង​ធនាគារ ក៏​ចាប់ផ្តើម​នាំគ្នា​មក​ដក​លុយ​ពីធនាគារ​វិញ ដើម្បី​យក​ទៅ​ផ្គត់ផ្គង់​តម្រូវការ​លំហូរ​សាច់ប្រាក់​របស់​ខ្លួន។

ប្រឈម​នឹង​តម្រូវការ​សាច់ប្រាក់​ដើម្បី​បើក​ឲ្យ​អតិថិជន​នេះ ធនាគារ SVB ​ក៏​បានលក់​ចេញ​មូលបត្រ​​ទាំង ២១ពាន់លាន​ដុល្លារ ដោយ​សុខចិត្ត​ខាត​លុយ​រហូត​ដល់​ទៅ ១,៨ពាន់លាន​ដុល្លារ ហើយ​កាល​ពីថ្ងៃ​ពុធ ៨មីនា ក្រៅពី​បាន​ប្រកាស​ឲ្យដឹង​ពី​ការ​ខាត​លុយ ១,៨ពាន់លាន​ដុល្លារ​នេះ ធនាគារ SVB ​បាន​ប្រកាស​ផងដែរ ដាក់​​លក់​ភាគហ៊ុន​ថ្មី​​របស់​ខ្លួន​ចំនួន ២,២៥ពាន់ដុល្លា ដើម្បី​​ប្រមូល​លុយ​មក​បំពេញ​តម្រូវការ​សាច់ប្រាក់។

ក៏ប៉ុន្តែ ដំណឹង​មិនល្អ​​ទាំងពីរ​ផ្ទួនៗ​គ្នា គឺ​ធនាគារ​ខាតលុយ​​ផង ហើយ​ត្រូវការ​សាច់ប្រាក់​ផង​បែបនេះ វាធ្វើ​ឲ្យ​ភាគហ៊ុន​របស់​ SVB ត្រូវ​ធ្លាក់ដាំដូង ហើយ​ភាគហ៊ុន​ថ្មី ដែល​ត្រូវ​លក់​ ដើម្បី​ប្រមូលលុយ​មក​បំពេញ​តម្រូវការ​សាច់ប្រាក់ ក៏​មិនមាន​អ្នក​ចង់ទិញ។ ក្នុងពេល​ជាមួយគ្នា អតិថិជន​មាន​លុយ​ទុក​ក្នុង​ធនាគារ ក៏​នាំគ្នា​ភ័យ ហើយ​សម្រុក​មក​ដកលុយ​ចេញ​ពី​ធនាគារវិញ។

គ្រាន់តែ​នៅ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍​មួយ ធនាគារ SVB បាន​ទទួល​បញ្ជា​ដកលុយ​ពី​អតិថិជន គិតជាទឹកប្រាក់​សរុប​រហូតដល់​ទៅ ៤២ពាន់លាន​ដុល្លារ។ ចំណែក​តម្លៃ​ភាគហ៊ុន​វិញ ត្រូវ​ធ្លាក់​ចុះ​រហូតដល់​ទៅ ៦០%។

ចូល​ដល់​ថ្ងៃ​​សុក្រ ត្រឹមតែ ៤៨ម៉ោង ក្រោយ​ពី​ប្រកាស​ខាតលុយ និង​លក់​ភាគហ៊ុនថ្មី ធនាគារ SVB ក៏​ត្រូវ​រលំ ដោយ​ការលក់​ភាគហ៊ុន​របស់​ធនាគារ​នៅលើ​ទីផ្សារ​ត្រូវ​បានបញ្ឈប់ ធនាគារ​ទាំងមូល​ត្រូវ​បាន​អាជ្ញាធរ​បិទទ្វារ ហើយ​ទ្រព្យ​របស់​ធនាគារ​ត្រូវ​បាន​យក​មក​ដាក់​ក្រោម​ការ​ចាត់ចែង​ជា​បណ្តោះអាសន្ន​ដោយ​រដ្ឋាភិបាលសហព័ន្ធអាមេរិក។

ដើម្បី​ស្តារ​ទំនុកចិត្ត​លើ​ប្រព័ន្ធ​ធនាគារ និង​ជាពិសេស ដើម្បី​រំងាប់​ក្តីបារម្ភ​របស់​សាធារណជន និង​បញ្ចៀស​ការ​សម្រុក​ទៅ​ដក​លុយ​ពី​ធនាគារ រដ្ឋាភិបាល​របស់​លោក​ចូ បៃដិន បាន​​​ប្រកាស​ចេញមុខ​ធានា​​លើ​លុយតម្ក​ល់​របស់​អតិថិជន​ធនាគារ។ ក៏ប៉ុន្តែ គេ​នៅមិនទាន់​អាច​ដឹង​​ប្រាកដ​នៅឡើយទេ​ថា តើ​ការ​ចេញ​មុខធានា​របស់​រដ្ឋាភិបាល​នេះ​អាច​នឹង​ទប់ទល់​ការរីករាលដាល​នៃវិបត្តិ​នេះ​បាន​ប៉ុណ្ណា ដោយ​ជាក់ស្តែង គេ​សង្កេតឃើញ​ថា គិត​ត្រឹម​ថ្ងៃ​ចន្ទ​នេះ តម្លៃភាគហ៊ុន​នៅលើ​ទីផ្សារ នៅស្ទើរតែ​គ្រប់​កន្លែង​នៅ​ទូទាំង​ពិភពលោក នៅតែ​បន្ត​ធ្លាក់​ចុះ​ខ្លាំង​នៅឡើយ ជាពិសេស ភាគហ៊ុន​របស់​ធនាគារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ