អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រឈម​នឹង​​ការ​ផ្តុំគ្នា​រករឿង​ពី​លោក​ខាងលិច ចិន​ប្តេជ្ញា​ពង្រឹង​សមត្ថភាព​បច្ចេកវិទ្យា​ទំនើប​ដោយ​​​ខ្លួនឯង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាមួយនឹងការចូលកាន់ការងារ នៃរដ្ឋាភិបាលថ្មីរបស់ចិន ចិន​បាន​ប្រកាសគំរោងដ៏ធំជាច្រើន ដើម្បី​ធ្វើកំណែទម្រង់លើ​ស្ថាប័នខ្លួន​ ជាពិសេសនៅក្នុងវិស័យស្រាវជ្រាវ​​បច្ចេកវិទ្យាទំនើប​។ ជាការធ្វើកំណែទម្រង់ ដែលចិនអះអាងថា ដើម្បីពង្រឹងសមត្ថភាព និងស្វ័យភាព​របស់ចិនខ្លួនឯង នៅក្នុងវិស័យបច្ចេកវិទ្យាទំនើប ដោយមិនពឹងបច្ចេកវិទ្យាគេ ខណៈដែលបច្ចុប្បន្ននេះ ក្រុមប្រទេសលោកខាងលិច កំពុងតែផ្តុំគ្នា រករឿងចិនកាន់តែខ្លាំង នៅក្នុងវិស័យយុទ្ធសាស្ត្រ​នេះ​​។

អេក្រង់ធំ ផ្សាយបន្តផ្ទាល់រូបភាព​ស្បថចូលកាន់តំណែងអាណត្តិទី​៣ របស់​លោកស៊ី ជីនពីង ក្នុងវិមានរដ្ឋសភាចិន។ ក្រុងប៉េកាំង ថ្ងៃទី ១១ មីនា ២០២៣
អេក្រង់ធំ ផ្សាយបន្តផ្ទាល់រូបភាព​ស្បថចូលកាន់តំណែងអាណត្តិទី​៣ របស់​លោកស៊ី ជីនពីង ក្នុងវិមានរដ្ឋសភាចិន។ ក្រុងប៉េកាំង ថ្ងៃទី ១១ មីនា ២០២៣ AP - Andy Wong
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃអង្គារសប្តាហ៍​កន្លងទៅ រដ្ឋាភិបាលថ្មីរបស់ចិន បានប្រកាសនូវផែនការធ្វើកំណែទម្រង់ជាច្រើន ទៅលើស្ថាប័នរដ្ឋ។ ផែនការ​កំណែទម្រង់ស៊ីជំរៅ ដែលនឹងត្រូវអនុម័តជាផ្លូវការ​ដោយសភាប្រជាមានិតចិន នៅថ្ងៃសុក្រខាងមុខនេះ​។ អ្វីដែលជាការកត់សំគាល់ធំបំផុតនោះ គឺផែនការកំណែទម្រង់ ទៅលើវិស័យ​បច្ចេកវិទ្យាទំនើប

​តាមរយៈផែនការ​កំណែទម្រង់នេះ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបរបស់ចិន​ នឹង​​ត្រូវពង្រឹង​តួនាទី​ទទួលខុសត្រូវ ដូចជាក្នុងការរៀបចំសម្របសម្រួល និងជួយជំរុញឲ្យ​ការស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យា ក្លាយចេញជា​លទ្ធផល​ជាក់ស្តែង​ ក្នុងការអនុវត្ត។​ ក្រសួងដ៏សំខាន់នេះ នឹងមានកាតព្វកិច្ចផងដែរ ធ្វើយ៉ាងណា ផ្តល់សន្ទុះឲ្យ​មានប្រសិទ្ធភាពខ្ពស់បំផុត ដល់បណ្តាញ​ស្រាវជ្រាវ រកគំនិតច្នៃប្រឌិតថ្មី និង​ក្នុងវិស័យវិទ្យាសាស្ត្រ និង​បច្ចេកវិទ្យាទំនើប​។​

ចិននឹងបង្កើតផងដែរ នូវស្ថាប័ន​ថ្មីមួយ ឈ្មោះថាការិយាល័យជាតិគ្រប់គ្រងទិន្នន័យ ដែលនឹងមានតួនាទី ចាត់ចែង​គ្រប់គ្រងទិន្នន័យ​លើបណ្តាញអ៊ីនធ័រនិត។ ស្ថាប័នថ្មីនេះ ក៏នឹងត្រូវ​​ជួយលើកកំពស់ជាទូទៅ ដល់វិស័យសេដ្ឋកិច្ច​លើ​បណ្តាញបច្ចេកវិទ្យា និង​រៀបចំបង្កើតហេដ្ឋារចនាសម្ព័ន្ធ​ថ្មីនិងចាំបាច់ ​ដើម្បី​អភិវឌ្ឍន៍វិស័យនេះ។ អំណេះតទៅ សហគ្រាស អាជ្ញាធររដ្ឋ អ្នកស្រាវជ្រាវ ក៏ដូចជា​វិស្វករចិនទាំងអស់ នឹងត្រូវរួម​កម្លាំងគ្នា ប្រឹងប្រែងទាំងអស់គ្នា ដើម្បីពង្រឹងសមត្ថភាព​ជាតិ ក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍​ផលិត​។ ជាផែនការដ៏ចាំបាច់ ដើម្បីឲ្យចិនអាចមាន​កម្លាំង ប្រឈមជាមួយ​ការដាក់ឧបសគ្គ កាន់តែច្រើនឡើងៗ ពីសំណាក់រដ្ឋាភិបាលអាមេរិក និង​បក្សពួក​សម្ព័ន្ធមិត្តលោកខាងលិច មកលើ​ក្រុមហ៊ុន​បច្ចេកវិទ្យារបស់ចិន​។

​គួរកត់សំគាល់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិននិងអាមេរិក ដែលជាមហាអំណាចសេដ្ឋកិច្ច​​ធំបំផុតទាំង២ បាន​ចាប់ផ្តើម​ប្រកួតប្រជែងគ្នាកាន់តែខ្លាំង និងយ៉ាងចំហបំផុត នៅក្នុងវិស័យ​បច្ចេកវិទ្យាទំនើប តួយ៉ាងដូចជាក្នុងវិស័យ​ផលិត​​ឧបករណ៍សឺមីកុងដុកទ័រ។ ឧបករណ៍នេះ គឺជាធាតុផ្សំយ៉ាងសំខាន់ ដែលគេត្រូវការជាចាំបាច់ ដើម្បីផលិត​សម្ភារៈបច្ចេកវិទ្យាទំនើប ដូចជាទូរស័ព្ទដៃស្មាតហ្វូន រថយន្តទំនើប ឬក៏​គ្រឿងអាវុធយុទ្ធភណ្ឌទំនើប​ផ្សេងៗ។​ ដោយ​លើកឡើង ពីហេតុផល​សន្តិសុខជាតិ រដ្ឋាភិបាលអាមេរិក បានចេញបទបញ្ជា ដាក់ទណ្ឌកម្ម​ទៅលើសហគ្រាសចិន ដែល​ផលិត​ឧបករណ៍​សឺមីកុងដុកទ័រ។ អាមេរិក​បាន​ហាមឃាត់​មិន​ឲ្យ​ក្រុមហ៊ុនចិនទាំងនោះ អាច​ទទួលយកបច្ចេកវិទ្យាទំនើប​របស់អាមេរិក យកទៅប្រើ​ដើម្បី​ផលិត​ឧបករណ៍​សឺម៉ីកុងដុកទ័រនៅចិន​។​

នៅក្នុងពេល​ប្រកាសអំពីផែនការកំណែទម្រង់ កាលពីថ្ងៃអង្គារសប្តាហ៍​មុន លោក Xioa Jie អគ្គលេខាធិការ​រដ្ឋាភិបាល​​ចិន បាន​លើក​ឡើងថា អំណេះតទៅ ចិនត្រូវតែប្រឹងប្រែងប្រឈមជាមួយ​ ការលំបាក ឧបសគ្គ​ជាច្រើន ដែល​ត្រូវបាន​ដាក់​ដោយ​ការប្រកួតប្រជែងអន្តរជាតិ នៅក្នុងវិស័យ​វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ លោកទទួលស្គាល់ថា ឧបសគ្គទាំងនេះ គឺវាគួបផ្សំបន្ថែម ដោយ​ការប្រមូល​ផ្តុំ​គ្នារបស់បរទេស ដើម្បីធ្វើបាប និង​ដាក់សំពាធមកលើចិន​។ ដូច្នេះ ចិនត្រូវតែរៀបចំ​ ពង្រឹងសមត្ថភាពខ្លួន ក្នុងវិស័យវិទ្យាសាស្រ្ត​​ បច្ចេកវិទ្យា​ ធ្វើយ៉ាងណា អាចយកឈ្នះឧបសគ្គលំបាកទាំងនេះ ហើយ​និងឈានទៅមាន​ស្វ័យភាព មិនពឹងអ្នកដ៏ទៃ នៅក្នុងវិស័យនេះ។

សូមបញ្ជាក់ថា ក្រៅពីផែនការធ្វើកំណែទម្រង់ស្ថាប័នរដ្ឋ រដ្ឋាភិបាលថ្មីរបស់ចិន ក៏មានគម្រោងផងដែរ ក្នុងការកាត់បន្ថយ​បុគ្គលិកចំនួន​៥% ពី​តាមស្ថាប័ន​រដ្ឋ​។ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហ័រ បុគ្គលិកទាំងនេះនឹងត្រូវគេដកយកទៅដាក់ វិស័យ​មួយចំនួន​ផ្សេងទៀតដែលត្រូវការសមត្ថភាពនិងកម្លាំង​។​ ក្រៅពីនេះ អង្គភាព​គ្រប់គ្រងវិស័យធនាគារនិង​ធានារ៉ាប់រ៉ងចិនបច្ចុប្បន្ននេះ នឹងត្រូវជំនួសដោយ ស្ថាប័នថ្មីមួយ ដែលនឹងមានតួនាទីគ្រប់គ្រងវិស័យហិរញ្ញវត្ថុទាំងមូលតែម្តង។ នៅក្នុងសុន្ទរកថា ចូលកាន់តំណែងអាណត្តិទី៣ លោក​ប្រធានាធិបតីស៊ី ជីនពីងបានថ្លែងថា ចិនត្រូវពង្រឹងសមត្ថភាពខ្លួន​ក្នុងការផលិត។ លោក​បន្តថា ប្រទេសដែលមានប្រជាជន​ ដល់ទៅ​១៤០០លាននាក់ដូចជាចិន មិនអាចពឹងអ្នកណាផ្សេង ក្រៅពីពឹងខ្លួនឯងឡើយ ដើម្បីឈានទៅ​កសាង​វិស័យ​កាម្មន្តសាលខ្លាំងរឹងមាំ ទំនើបថ្មី ហើយ​កាន់តែគោរពបរិស្ថាន​ធម្មជាតិ​។​

គួរកត់សំគាល់ដែរថា បច្ចុប្បន្ននេះ​ ខណៈដែលសេដ្ឋកិច្ចសកល​លោក​កំពុងតែជួបវិបត្តិរាំងស្ទះរួចទៅហើយ សេដ្ឋកិច្ចចិនកំពុងតែរងសំពាធ ដោយ​សារតែ​ប្រទេស​លោក​ខាងលិចជាច្រើន ចាប់​ផ្តើមងាកមុខ​ចេញពីចិន។ ប្រទេសខ្លះ ដូចជា ឥណ្ឌា និងវៀតណាមជាដើម បាន​ក្លាយ​ជាគូប្រកួតប្រជែងរបស់ចិន នៅលើទីផ្សារផលិត​កម្ម​។ ចិនត្រូវប្រឹងគ្រប់មធ្យោបាយ ដើម្បីទាក់ទាញ​ក្រុមហ៊ុន​បរទេស ឲ្យ​បន្តវិនិយោគ ឬបញ្ជាទិញជាមួយក្រុមហ៊ុនខ្លួន​។

តាមការគ្រោងទុក រដ្ឋសភាប្រជាមានិតចិន នឹងបោះឆ្នោតអនុម័តផែនការកំណែទម្រង់ទាំងអស់របស់រដ្ឋាភិបាល នៅថ្ងៃសុក្រទី ១៧មីនា។ លទ្ធផល​បោះឆ្នោតគាំទ្រជាឯកច្ឆ័ន្ទ ដែល​នឹងគ្មាននរណាភ្ញាក់ផ្អើល​នោះទេ។ លោក Changhao Wei អ្នកស្រាវជ្រាវម្នាក់នៅ​សកលវិទ្យាល័យ Yale សហរដ្ឋអាមេរិក បានពន្យល់ថា តាមធម្មតា សភាចិន​តែងតែបោះឆ្នោត​គាំទ្រ ផែនការកំណែទម្រង់ ដែលរដ្ឋាភិបាល​ដាក់ស្នើមក នៅរៀងរាល់​ពេលចាប់ផ្តើម​អាណត្តិ៥ឆ្នាំថ្មី របស់​ប្រធានាធិបតី​ចិន។ លោកអះអាងថា ទំនាក់ទំនងរវាងស្ថាប័នរដ្ឋ ជាមួយនឹងគណបក្ស​កុម្មុយនីស្តចិន ក៏អាចមាន​ការវិវឌ្ឍន៍ថ្មីបន្ថែមដែរ ជាមួយនឹងផែនការកំណែទម្រង់លើកនេះ។ ជាងនេះទៀត គឺវាអាចទៅរួច ដែលលោក​ស៊ី ជីនពីង និង​គណបក្សកុម្មុយនីស្តចិន នឹងប្រើប្រាស់​ផែនការកំណែទម្រង់នេះ ដើម្បី​រឹតបន្តឹងក្តាប់អំណាចគ្រប់គ្រងកាន់តែខ្លាំងឡើងថែមទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ