អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីភ្ញៀវទេសចរអន្ដរជាតិបានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ២០២២?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការធ្វើដំណើររបស់ភ្ញៀវទេសចរអន្តរជាតិ ក្នុងកម្រិតសកល បានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ២០២២ ហើយទំនងអាចកើនឡើងដល់ជិតអត្រាពីមុនវិបត្តិជំងឺកូវីដ១៩។ នៅកម្ពុជា វិស័យទេសចរណ៍បានរួមចំណែកយ៉ាងចម្បងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងការបង្កើតការងារដោយផ្ទាល់រាប់ម៉ឺនកន្លែងជូន​ប្រជាជន។

ទេសចរ​ បរទេស មកទស្សនា ​នៅ​ភ្នំបាក់ខែង​សៀមរាប។
ទេសចរ​ បរទេស មកទស្សនា ​នៅ​ភ្នំបាក់ខែង​សៀមរាប។ ©ចាន់ ស៊ីណា
ផ្សាយពាណិជ្ជកម្ម

ក្រោយរយៈពេលបីឆ្នាំបន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ ការធ្វើដំណើររបស់ភ្លៀវទេចរអន្ដរជាតិនៅទីបំផុតបានត្រលប់មកវិញ។ ផ្អែកតាមតួលេខផ្លូវការ វិស័យទេសចរណ៍ក្នុងកម្រិត​សកល​បាន​ស្ទុះ​ងើប​ឡើង​វិញ​យ៉ាង​ខ្លាំង​នៅ​ឆ្នាំ២០២២ និងបានកើនឡើងក្នុង​ចំនួន​ច្រើន​ជាង​ពីរ​ដង​ធៀប​នឹង​រយៈ​ពេល​ពីរ​ឆ្នាំ​មុន។

ការប៉ាន់ប្រមាណចុងក្រោយបង្ហាញថា ការធ្វើដំណើររបស់ភ្ញៀវទេសចរអន្តរជាតិអាចឈានដល់កម្រិតពី ៨០ភាគរយទៅ៩៥ភាគរយស្មើនឹងកម្រិតមុនវិបត្តិជំងឺកូវីដ១៩ នៅក្នុងឆ្នាំ២០២៣នេះ។

ភ្ញៀវទេសចរអន្ដរជាតិ

ឆ្នាំ២០២០គឺជាឆ្នាំដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តទេសចរណ៍ ព្រោះថាពិភពលោកទាំងមូលត្រូវបង្ខំបិទប្រទេសរៀងៗខ្លួន ដើម្បីទប់ស្កាត់ជាមួយការរីករាលដាលនៃជំងឺកូវីដ១៩។ ក្នុងឆ្នាំ២០២១ ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិបានកើនឡើងត្រឹមតែ១១ភាគរយប៉ុណ្ណោះ ព្រោះថាការរឹតបន្តឹងលើការធ្វើដំណើរនៅតែមាន ហើយបានកើតឡើងក្នុងរយៈពេលយ៉ាងយូរ និងនៅក្នុងតំបន់ជាច្រើននៃពិភពលោក។

មកដល់ថ្ងៃនេះ វាមានរយៈពេលជិតបីឆ្នាំទៅហើយ បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា កូវីដ១៩គឺជាជំងឺរាតត្បាត។ ប៉ុន្តែ មកដល់ឆ្នាំនេះ ភាពសុទិដ្ឋិនិយមហាក់បានត្រលប់មកវិញសម្រាប់វិស័យទេសចរណ៍។ អគ្គលេខាធិការអង្គការ UNWTO លោក Zurab Pololiksahvili បានលើកឡើងនៅក្នុងកម្មវិធីវិស័យទេសចរណ៍មួយនៅទីក្រុងបែរឡាំងឆ្នាំ២០២៣នេះថា "ទេសចរណ៍សកលតែងតែត្រឡប់មកវិញ"។

ចាប់តាំងពីឆ្នាំ១៩៨០ ចំនួនភ្ញៀវទេសចរអន្តរជាតិបានកើនឡើងយ៉ាងខ្លាំងពី ២៧៧លាននាក់ទៅជិត១,៥ពាន់លាននាក់ នៅឆ្នាំ២០១៩។ ក្នុងនោះ ភ្លៀវទេសចរយ៉ាងច្រើនមានប្រភពពី​ប្រទេសចិន

ក្តីសង្ឃឹមពីការកើនឡើងនៃចំនួនភ្លៀវទេសចរចិន

យោងតាមកាសែតរដ្ឋចិន The China Daily ប្រជាជនចិនអាចធ្វើដំណើរដោយសេរី ទៅកាន់គ្រប់ផ្នែកនៃពិភពលោក ដោយសារការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ប្រទេសចិន ក្នុងរយៈពេល ៤ទស្សវត្សរ៍កន្លងមកនេះ។ ប្រៀបធៀបនឹងរយៈពេល៤០ឆ្នាំមុន ការធ្វើដំណើរទេសចរណ៍ទៅបរទេស ឬក្នុងស្រុក គឺត្រឹមជាក្តីស្រមៃសម្រាប់ប្រជាជនចិនទូទៅប៉ុណ្ណោះ។

ស្ថានភាពបានផ្លាស់ប្តូរយ៉ាងខ្លាំង ក្នុងរយៈពេលបួនទសវត្សរ៍កន្លងមកនេះ។ ស្ថិតិបង្ហាញថា ក្នុងឆ្នាំ២០១៩ ប្រជាជនចិនបានធ្វើដំណើរទៅក្រៅប្រទេស ក្នុងចំនួន ១៥៥លាននាក់ ដែលធ្វើឱ្យប្រទេសចិន ក្លាយជាប្រទេសដែលមានអ្នកទេសចរអន្តរជាតិច្រើនជាងគេបំផុត នៅលើពិភពលោក ដោយនាំមុខប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិកដែលស្ថិតនៅលំដាប់ទីពីរ និងទីបី។

ប្រជាជនចិនបានចំណាយប្រាក់ ១៣០ពាន់លានដុល្លារអាមេរិក នៅក្រៅប្រទេស និងជិត ១ទ្រីលានដុល្លារអាមេរិក លើការធ្វើដំណើរក្នុងស្រុក។ ការកើនឡើងការធ្វើដំណើររបស់ប្រជាជនចិនបង្ហាញពីការកើនឡើងកម្រិតជីវភាពរបស់ប្រជាជនចិន។

វិស័យទេសចរណ៍កម្ពុជា

នៅកម្ពុជាឯណោះវិញ ភ្លៀវទេសចរអន្តរជាតិមានចំនួន ២,២៨លាននាក់ នៅក្នុងឆ្នាំ២០២២ ពោលគឺកើនឡើងជាង១ពាន់ភាគរយ រីឯភ្លៀវទេសចរជាតិគឺជិត១៤លាននាក់ (កើនឡើងជិត២០០ភាគរយ)។ នៅកម្ពុជាបច្ចុប្បន្ន ចំណូលទេសចរណ៍អន្តរជាតិត្រូវប៉ាន់ប្រមាណថាទទួលបានជាង ១ ៤១៥លានដុល្លារអាមេរិក ហើយវិស័យនេះបានបង្កើតមុខរបរ និងការងារទេសចរណ៍ដោយផ្ទាល់ចំនួនជាង ៣២ម៉ឺននាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ