អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើការទទួលយកលុយយ័នរបស់រុស្ស៊ីមានន័យយ៉ាងណាសម្រាប់លុយដុល្លារអាមេរិក?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការដាក់ទណ្ឌកម្មរបស់លោកខាងលិចមកលើប្រទេសរុស្ស៊ីបានជំរុញឱ្យប្រទេសនេះស្វះស្វែងរកមធ្យោបាយផ្សេងៗ នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុអន្ដរជាតិ។ នាពេលថ្មីៗ ក្រោយទស្សនកិច្ចរ​បស់ លោក ស៊ី ជីនពីង នៅរុស្ស៊ី មេដឹកនាំរុស្ស៊ី លោក វ្លាដឺមៀរ ពូទីន បានប្រកាសពីការប្រើប្រាស់លុយយ័ននៅក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន។ហេតុអ្វីរុស្ស៊ី និងចិនធ្វើបែបនេះ? ហើយតើទង្វើនេះមានន័យយ៉ាងណាសម្រាប់លុយដុល្លារអាមេរិក?

តើការទទួលយកលុយយ័នរបស់រុស្ស៊ីមានន័យយ៉ាងណាសម្រាប់លុយដុល្លារអាមេរិក?
តើការទទួលយកលុយយ័នរបស់រុស្ស៊ីមានន័យយ៉ាងណាសម្រាប់លុយដុល្លារអាមេរិក? REUTERS - ATHIT PERAWONGMETHA
ផ្សាយពាណិជ្ជកម្ម

នាពេលថ្មីៗ ក្រោយទស្សនកិច្ចរបស់ លោក ស៊ី ជីនពីង នៅរុស្ស៊ី ប្រធានាធិបតីរុស្ស៊ី លោក វ្លាដឺមៀរ ពូទីន បានប្រកាសពីការទទួលយកប្រាក់យ័នជារូបិយប័ណ្ណសំខាន់មួយ សម្រាប់ការរក្សាទុនបម្រុងអន្តរជាតិរបស់ខ្លួន សម្រាប់ប្រើប្រាស់ក្នុងវិស័យពាណិជ្ជកម្មអន្ដរជាតិ និងសូម្បីតែប្រើប្រាស់នៅក្នុងប្រព័ន្ធធនាគារផងដែរ។

ការផ្លាស់ប្តូរនេះបានធ្វើឱ្យប្រទេសរុស្ស៊ីក្លាយជាឧទាហរណ៍មួយដ៏កម្រ ក្នុងនាមជាប្រទេសដែលទទួលយកប្រាក់យ័នជាលុយបម្រុងអន្ដរជាតិរបស់ខ្លួន ជាជាងប្រើប្រាស់លុយដុល្លារអាមេរិក ឬលុយអឺរ៉ូ។ តើទង្វើនេះមានន័យយ៉ាងណាសម្រាប់ឧត្តមភាពនៃលុយដុល្លារអាមេរិក?

ឧត្តមភាពនៃលុយដុល្លារអាមេរិកក្នុងប្រវត្តិសាស្រ្ដជាង១០០ឆ្នាំ

ក្នុងប្រវត្តិសាស្រ្ដមនុស្សជាតិ លុយជាតិរបស់ប្រទេសមួយនឹងក្លាយជា លុយ​បម្រុងរបស់សកលលោក នៅពេលណាប្រទេសនោះមានសេដ្ឋកិច្ចធំជាងគេបំផុត ជាឧទាហរណ៍ លុយដុល្លារអាមេរិកបច្ចុប្បន្ន បាន​ក្លាយជា ​លុយ​បម្រុងអន្ដរជាតិ ជំនួស លុយផោនអង់គ្លេស ក្រោយសង្គ្រាមលោកលើកទីពីរ។

ដោយសារតែឧត្តមភាពនៃលុយដុល្លារ និងសេដ្ឋកិច្ចដ៏ធំបំផុតលំដាប់កំពូលទីមួយលើលោក រដ្ឋាភិបាលអាមេរិកត្រូវគេមើលឃើញថាបានបន្ដប្រើប្រាស់លុយដុល្លារជាអាវុធ ដើម្បីដាក់ទណ្ឌកម្មលើប្រទេសផ្សេងៗ តួយ៉ាងណា ការដាក់ទណ្ឌកម្មលើរុស្ស៊ីក្នុងពេលបច្ចុប្បន្ន។

អាមេរិកបន្ដប្រើប្រាស់ដុល្លារអាមេរិកជាអាវុធហិរញ្ញវត្ថុ

នៅក្នុងឆ្នាំ២០១២ អាមេរិកបានដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ដោយកាត់ផ្តាច់ធនាគារអ៊ីរ៉ង់ចេញពីប្រព័ន្ធលុយដុល្លារអាមេរិក។ នៅក្នុងឆ្នាំ២០១៤ អាមេរិកដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី បន្ទាប់ពីរុស្ស៊ីឈ្លានពានយកតំបន់ Crimea និងផ្នែកមួយនៃភាគខាងកើតអ៊ុយក្រែន។

នៅក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន រុស្ស៊ីត្រូវបានកាត់ផ្ដាច់ស្ទើរតែទាំងស្រុងពីប្រព័ន្ធហិរញ្ញវត្ថុរបស់សកលលោកដែលកំពុងគ្របដណ្ដប់ដោយអាមេរិក។ ជាលទ្ធផល រុស្ស៊ីមិនអាចប្រើប្រាស់ទុនបម្រុងអន្ដរជាតិរបស់ខ្លួនភាគច្រើនបានទេ ព្រោះថាធនាគាររុស្ស៊ីមួយចំនួនត្រូវបានដាក់ទណ្ឌកម្មដោយលោកខាងលិច និងសហរដ្ឋអាមេរិក។ រុស្ស៊ីមានទុនបម្រុងបរទេសច្រើន ប្រមាណ ៦១០ពាន់លានដុល្លារអាមេរិក (គិតត្រឹមថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២)។ រុស្ស៊ីគឺជាប្រទេសដែលមានទុនបម្រុងច្រើនបំផុតលំដាប់ទី៤ នៅពីក្រោយតែ ចិន ជប៉ុន និងស្វ៊ីស។

ការដាក់ទណ្ឌកម្មលើរុស្ស៊ី និងសញ្ញាព្រមានចំពោះចិន

ការដាក់ទណ្ឌកម្មនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅកាន់ពិភពលោកជាពិសេស សម្រាប់ប្រទេសចិន។ រដ្ឋាភិបាលចិនចាត់ទុកថា ទង្វើនេះគឺជាជម្រើសនុយក្លេអ៊ែរ ក្នុងចំណោមទណ្ឌកម្មហិរញ្ញវត្ថុ។ មូលហេតុនេះហើយដែលតាំងពីក្នុងឆ្នាំ២០១៥ ប្រទេសចិនបានចាប់ផ្តើមបង្កើតប្រព័ន្ធទូទាត់អន្តរធនាគារឆ្លងព្រំដែនរបស់ខ្លួន។ ក៏ប៉ុន្តែ ប្រព័ន្ធលុយយ័នចិននេះមានការរីកចម្រើនយឺតនៅឡើយ។

អ្នកជំនាញចិនកំពុងជំរុញឱ្យរដ្ឋាភិបាលចិនបង្កើនជម្រើសផ្សេងៗពីប្រព័ន្ធលុយដុល្លារអាមេរិក តួយ៉ាង ការពន្លឿនការធ្វើអន្តរជាតិភាវូបនីយកម្មប្រាក់យ័ន និងការប្រើប្រាស់ប្រាក់យ័នឌីជីថល។ ក្នុងសង្គមចិនជាក់ស្ដែង នាពេលបច្ចុប្បន្ន វាមិនមែនជារឿងថ្មីនោះទេក្នុងការប្រើប្រាស់លុយឌីជីថល។ ប្រជាជនចិនរាប់រយលាននាក់កំពុងប្រើប្រាស់សេវាកម្ម Alipay និង WeChat Pay ដោយស្កេនលេខកូដ QR នៅលើអេក្រង់ស្មាតហ្វូនរបស់ខ្លួន ជំនួសលុយក្រដាស។

ក្រោយទស្សនកិច្ចរបស់ លោក ស៊ី ជិនពីង នៅរុស្ស៊ី ប្រធានាធិបតីរុស្ស៊ីបានប្រកាសពីការប្រើប្រាស់លុយយ័ន។ យន្ដការនេះទំនងធ្វើឡើងដើម្បីជំរុញល្បឿននៃការជំនួសលុយដុល្លារអាមេរិកផងដែរ។

តើរុស្ស៊ីប្រើប្រាស់លុយយ័ននឹងមានន័យយ៉ាងណាសម្រាប់ឧត្តមភាពនៃលុយដុល្លារអាមេរិក?

នាពេលបច្ចុប្បន្ន សេដ្ឋកិច្ចចិនមានការរីកចម្រើនកាន់តែធំ និងតំណាងជាង១ភាគ៥នៃសេដ្ឋកិច្ចពិភពលោក។ តួនាទីលុយយ័នចិនមានកំណើន ហើយប្រទេសម្ដងមួយៗបានទទួលយកលុយយ័ន ជាពិសេស បណ្ដាប្រទេសដែលទទួលរងទណ្ឌកម្មពីអាមេរិក ដូចរុស្ស៊ីបច្ចុប្បន្ន។ ក៏ប៉ុន្តែ លុយយ័ននៅស្ថិតក្នុងកំណើនយឺតយ៉ាវនៅឡើយ បើប្រៀបធៀបជាមួយនឹងទំហំសេដ្ឋកិច្ចចិន។ បច្ចុប្បន្ន សេដ្ឋកិច្ចចិនមានទំហំ១ភាគ៥នៃសេដ្ឋកិច្ចសកល ប៉ុន្តែលុយយ័នមានភាគរយតិចណាស់នៃចរាចរណ៍លុយអន្តរជាតិ។

យោងតាមធនាគារ The Bank for International Settlements លុយយ័នចរាចរណ៍ត្រឹមតែ២%ប៉ុណ្ណោះក្នុងកម្រិតសកលក្នុងឆ្នាំ២០១៩។ ចរាចរណ៍លុយយ័ននេះនៅកម្រិតតិចតួចណាស់ បើប្រៀបធៀបទៅនឹងលុយដុល្លារអាមេរិក ដែលមានការចរាចរណ៍ ៤៤ភាគរយនៃប្រតិបត្តិការប្តូរប្រាក់បរទេសទូទាំងពិភពលោក។ លុយអឺរ៉ូតំណាងប្រហែលជិត៤០% បន្ទាប់មក លុយយ៉េនជប៉ុន និងលុយផោនអង់គ្លេសតំណាងប្រហែល ៥%។

យោងតាមអ្នកជំនាញភាគច្រើន ប្រាក់ដុល្លារអាមេរិកនៅតែជាស្តេចគ្មានគូប្រជែង ក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ហើយដុល្លារដើរតួនាទីជាលុយបម្រុងពិភពលោក ក្នុងពេលបច្ចុប្បន្ន។ ដូច្នេះ ទោះរុស្ស៊ីទទួលលុយយ័នចិន ក៏ការជំនួសតំណែងលុយដុល្លារអាមេរិកអាចត្រូវការពេលវេលាយូរទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ