អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ឈ្វេងយល់អំពីបទចោទប្រកាន់ទៅលើលោកដូណាល់ត្រាំដោយតុលាការញូវយ៉ក

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃអង្គារ ៤មេសា លោក​ដូណាល់ ត្រាំ បាន​ចូលខ្លួន​ទៅ​តុលាការ​នៅ​ញូវយ៉ក ដើម្បី​ទទួល​ការចោទប្រកាន់​ពីបទល្មើសព្រហ្មទណ្ឌ​​ចំនួន ៣៤។ ជាបទចោទប្រកាន់ ដែល​លោក​អតីតប្រធានាធិបតី​អាមេរិក​បដិសេធ​មិន​ទទួលកំហុស ព្រមទាំង​បាន​បរិហាររិះគន់​ថា ជា​ការ​ចោទប្រកាន់ដែល​មាន​ចរិតនយោបាយ និង​ជា​ការជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី ដែល​រូបលោក​គឺ​ជា​បេក្ខជន។ តើអ្វីទៅជា​បទចោទទាំង ៣៤ ហើយ​បទល្មើស​នេះ​អាច​នឹង​ត្រូវ​ប្រឈម​នឹង​ទោស​អ្វីខ្លះ?

លោកដូណាល់ ត្រាំ នៅ​ក្នុង​សវនាការ​​តុលាការ​ញូវយ៉ក ដើម្បីស្តាប់​ការចោទប្រកាន់ ថ្ងៃអង្ការ ៤ មេសា ២០២៣
លោកដូណាល់ ត្រាំ នៅ​ក្នុង​សវនាការ​​តុលាការ​ញូវយ៉ក ដើម្បីស្តាប់​ការចោទប្រកាន់ ថ្ងៃអង្ការ ៤ មេសា ២០២៣ © REUTERS / ANDREW KELLY
ផ្សាយពាណិជ្ជកម្ម

បទចោទប្រកាន់​ដោយ​តុលាការ​ញូវយ៉ក ទៅលើ​លោក​ដូណាល់ ត្រាំ ថ្វីដ្បិត​តែ​មាន​ទាំង​អស់​ដល់​ទៅ ៣៤ ក៏ប៉ុន្តែ ​ជា​បទល្មើសតែមួយប៉ុណ្ណោះ គឺ​បទក្លែងបន្លំកំណត់ត្រាគណនេយ្យក្រុមហ៊ុន ហើយ​ការក្លែងបន្លំ​នេះទៀតសោត ថ្វីដ្បិត​តែ​មាន ៣៤ដង បង្កើត​ទៅជា​បទចោទប្រកាន់​ដល់ទៅ ៣៤ ក៏ប៉ុន្តែ វាជាប់ពាក់ព័ន្ធតែ​នឹង​អង្គហេតុ​តែមួយប៉ុណ្ណោះ គឺ​ការ​បង់លុយ​ទៅ​ឲ្យ​តារាសម្តែង​កុនអាសអាភាស ដើម្បីបិទមាត់​កុំ​ឲ្យ​លេចធ្លាយ​រឿងអាស្រូវ នៅ​ក្នុង​អំឡុង​ពេល​ដែល​លោក​ដូណាល់ ត្រាំ ធ្វើ​​យុទ្ធនាការឃោសនា​បោះឆ្នោត​ប្រធានាធិបតី កាល​ពី​ឆ្នាំ២០១៦​កន្លងទៅ។

មែនទែនទៅ នៅ​ក្នុងច្បាប់​អាមេរិក ការបង់លុយ​ទៅ​ឲ្យ​តារាកុន​អាសអាភាស​នេះ​វា​មិនមែន​ជា​រឿងខុសច្បាប់នោះទេ។ អ្វីដែល​តុលាការ​ចោទប្រកាន់​ថា​ជា​រឿង​ខុសច្បាប់ គឺ​នៅត្រង់​ថា លុយ​ដែល​បង់​ទៅ​ឲ្យ​តារាកុនអាសអាភាស​នេះ ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​គណនេយ្យ​ក្រុមហ៊ុន​របស់​លោក​ដូណាល់ ​ត្រាំ​ថា​ជា​មុខចំណាយ​លើថ្លៃមេធាវី ដែល​បង្កើត​ទៅជា​បទល្មើស​ក្លែងបន្លំ​កំណត់ត្រា​គណនេយ្យក្រុមហ៊ុន។

តាមធម្មតា បទល្មើស​ក្លែងបន្លំ​កំណត់ត្រា​គណនេយ្យ​ក្រុមហ៊ុន​នេះ​ទៀតសោត ទៅតាម​ច្បាប់​ក្នុង​រដ្ឋ​ញូវយ៉ក ក៏​វា​មិនមែន​ជា​បទល្មើស​ធ្ងន់ធ្ងរ​នោះដែរ គឺ​ត្រឹមជាបទល្មើស​ដែល​អាច​ជាប់ទោស​ពន្ធនាគារ​ក្រោម​១២ខែ ឬ​ត្រូវ​​ពិន័យជាលុយតែប៉ុណ្ណោះ (class A misdemeanor)។

ក៏ប៉ុន្តែ តុលាការ​បាន​ចោទប្រកាន់​លោក​ដូណាល់ត្រាំ ពីបទ​ក្លែងបន្លំ​កំណត់ត្រា​គណនេយ្យ​ក្រុមហ៊ុន​ ដោយ​មាន​ស្ថានទម្ងន់ទោស ពោលគឺ​ ក្លែងបន្លំ​ក្នុង​ចេតនា​ប្រព្រឹត្ត ឬ​បិទបាំង​បទល្មើស​ណាមួយផ្សេងទៀត (class E felony)។

នៅក្នុងសេចក្តីសម្រេច​ចោទប្រកាន់​លើ​លោក​ដូណាល់​ត្រាំ ដែល​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ កាល​ពីថ្ងៃ​អង្គារ​កន្លងទៅនេះ រដ្ឋអាជ្ញា​មិន​បាន​បញ្ជាក់​លម្អិត​​ថា តើ​បទល្មើស ដែល​លោក​ដូណាល់ ត្រាំ​ ចេតនា​ប្រព្រឹត្ត ឬ​បិទបាំង ដោយ​ក្លែងបន្លំ​កំណត់ត្រា​ក្រុមហ៊ុន​នេះ គឺ​ជាបទល្មើស​អ្វីពិតប្រាកដ​នោះទេ។ ក៏ប៉ុន្តែ បើ​មើល​ទៅលើ​ទឡ្ហីករណ៍​នៃ​ការចោទប្រកាន់ ក៏ដូចជា ការថ្លែងផ្ទាល់មាត់​ផ្សេងទៀត គេ​អាច​មើល​ឃើញ​ពីតម្រុយខ្លះៗ​ថា បទល្មើស​នេះ អាច​ទាក់ទង​ទៅនឹង​ការ​បំពាន​ច្បាប់​បោះឆ្នោត និង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​យុទ្ធនាការឃោសនា​បោះឆ្នោត ហើយ​តួអង្គ​សំខាន់ នៅ​ក្នុង​សំណុំរឿងនេះ ហើយ​ដែល​អាច​នឹង​ជា​សាក្សី​សំខាន់​ផងដែរ គឺ​អតីត​មេធាវី​របស់​លោក​ដូណាល់ ត្រាំ ឈ្មោះ ម៉ៃឃើល កូហ៊ែន (Michael Cohen)។

ម៉ៃឃើល កូហ៊ែន គឺ​ជាអ្នកដែល​បាន​ចាត់ចែង​ចរចា និង​បង់លុយ​ទៅ​ឲ្យ​តារាកុនអាសអាភាស Stormy Daniels ហើយ​ដោយសារ​តែ​ការ​លាក់បាំង​រឿង​​បង់​លុយ​ទៅ​ឲ្យ Stormy Daniels នេះ ម៉ៃឃើល កូហ៊ែន ត្រូវ​បាន​តុលាការ​កាត់ទោស កាល​ពី​ឆ្នាំ​២០១៨​កន្លងទៅ ​ដាក់ពន្ធនាគារ​រយៈពេល ៣ឆ្នាំ ពីបទល្មើស​នឹង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​យុទ្ធនាការឃោសនា​បោះឆ្នោត។ នៅ​ក្នុង​សំណុំរឿងនេះ ម៉ៃឃើល កូហ៊ែន​បាន​សារភាព​ថា ខ្លួនពិត​ជា​បាន​បង់លុយ​ទៅ​ឲ្យ​ Stormy Daniels មែន ដោយ​ដំបូង​ប្រើ​លុយ​ផ្ទាល់​ខ្លួនឯង ហើយ​បន្ទាប់​មក​ទៀត ទើប​លោក​ដូណាល់ ត្រាំ សងលុយ​នេះ​មកវិញ ដោយដាក់​ថា​ជា​លុយថ្លៃមេធាវី។

ដូច្នេះ ជា​រួមមកវិញ តុលាការ​យល់ឃើញ​ថា លោកដូណាល់ ត្រាំ បង់លុយ​ទៅ​ឲ្យ​តារា​កុន​អាសអាភាស ដើម្បី​បំបិទ​រឿង​អាស្រូវ នៅ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត គឺ​ក្នុងគោលដៅ​ការពារបេក្ខភាព​ប្រធានាធិបតី​របស់​លោក ដូច្នេះ លុយ​នេះ​​ត្រូវ​ចាត់ទុក​ថា​​ជា​ការ​ចំណាយ​ឃោសនាបោះឆ្នោត ហើយ​​​ការលាក់បាំង​ការចំណាយ​ឃោសនាបោះឆ្នោត គឺ​ជា​ទង្វើ​ល្មើសនឹង​ច្បាប់​បោះឆ្នោត ដូច្នេះ ការក្លែងបន្លំ​កំណត់ត្រា​គណនេយ្យ​ក្រុមហ៊ុន​ ដោយ​បង្វែរ​មុខចំណាយ ដែល​បង់​ទៅ​ឲ្យ​តារាកុនអាសអាភាស ទៅ​ដាក់​ជា​មុខចំណាយ​ទៅលើ​ថ្លៃមេធាវី វា​គឺ​ជា​ការ​ក្លែងបន្លំ ក្នុងចេតនា​ប្រព្រឹត្តបទល្មើស​ច្បាប់​បោះឆ្នោត ដូច្នេះ វា​បង្កើត​ទៅជា​​បទក្លែងបន្លំ​​កំណត់ត្រា​គណនេយ្យក្រុមហ៊ុន ដោយ​មាន​ស្ថានទម្ងន់ទោស ដែល​តាម​ច្បាប់​នៅរដ្ឋញូវយ៉ក ​អាច​នឹង​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធគារ​រហូត​ដល់​ទៅ ៤ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ