អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ធនាគារ ADB៖ សេដ្ឋកិច្ច​កម្ពុជាងើបឡើងលឿន ដោយសារវិស័យ​វិស័យ​ទេសចរណ៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

ផ្អែកតាមការចេញផ្សាយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាពេលថ្មីៗ កំណើននៃការនាំចេញដ៏រឹងមាំ និងការងើបឡើងវិញនៃវិស័យទេសចរណ៍នៅកម្ពុជា បានរួមចំណែកបង្កើនល្បឿននៃកំណើនសេដ្ឋកិច្ច និងកាត់បន្ថយឱនភាពថវិកា នៅឆ្នាំ២០២២។ ទោះជាយ៉ាងណា កម្ពុជាចាំបាច់ត្រូវបង្កើនការវិនិយោគបៃតងជាវិស័យអាទិភាព និងជាវិស័យយុទ្ធសាស្ត្រ ដើម្បីរក្សាកំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់ខ្លួន។

ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ប្រាង្គ​ប្រាសាទ​អង្គរ​វត្ត​ដ៏ល្បី​ល្បាញ​របស់​កម្ពុជា​។
ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ប្រាង្គ​ប្រាសាទ​អង្គរ​វត្ត​ដ៏ល្បី​ល្បាញ​របស់​កម្ពុជា​។ រូបភាពឯកសារ
ផ្សាយពាណិជ្ជកម្ម

សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ត្រូវបាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ក្នុង​រង្វង់ ៥,៥ ភាគរយ​នៅ​ឆ្នាំ២០២៣ និង ៦ភាគរយ​ក្នុង​ឆ្នាំ២០២៤ ក៏ព្រោះ​ការ​ស្ទុះ​ងើប​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍ និង​កំណើន​ខ្ពស់​ក្នុង​វិស័យ​សេវាកម្ម​។ នេះបើយោងតាមការចេញផ្សាយថ្មី នៅក្នុងគេហទំព័រផ្លូវរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

នាយកធនាគារ ADB ប្រចាំប្រទេសកម្ពុជា លោក Jyotsana Varma បានមានប្រសាសន៍ថា “ទោះបីជាតម្រូវការពិភពលោកមានកម្រិតចុះខ្សោយក៏ដោយ ក៏សេដ្ឋកិច្ចរបស់កម្ពុជាបានបន្តដំណើរការល្អនៅឆ្នាំ២០២២ ព្រោះការងើបឡើងវិញនៃវិស័យទេសចរណ៍។ សេដ្ឋកិច្ចរបស់កម្ពុជាបង្ហាញភាពវិជ្ជមានជាមួយនឹងកំណើនសេដ្ឋកិច្ចរឹងមាំ ការកាត់បន្ថយឱនភាពគណនីចរន្ត និងអតិផរណាមានកម្រិតមធ្យមនៅឆ្នាំ២០២៣។

របាយការណ៍របស់ ADB បានចេញផ្សាយក្រោយចំណងជើងថា ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (The Asian Development Outlook- ADO) សម្រាប់ខែមេសា ឆ្នាំ២០២៣។ របាយការណ៍នេះបានលើកឡើងថា វិស័យទេសចរណ៍ត្រូវបានរំពឹងថានឹងកើនឡើង៧,៣% នៅឆ្នាំ២០២៣ ហើយមានកំណើន ៦,៨% នៅឆ្នាំ២០២៤។ កម្រិតអតិផរណា ឬការឡើងថ្លៃទំនិញជាទូទៅ ត្រូវគេរំពឹងថានឹងមានកម្រិតមធ្យមក្នុងអត្រាជាមធ្យម៣% ក្នុងឆ្នាំ២០២៣ និង៤%នៅឆ្នាំ២០២៤។ របាយការណ៍នេះក៏បាននិយាយថា កម្ពុជាត្រូវបន្ដខិតខំប្រឹងប្រែងបន្តទៀត ក្នុងការពង្រីកការវិនិយោគបៃតង ដើម្បីរក្សាកំណើនសេដ្ឋកិច្ចរយៈពេលវែង។

សេដ្ឋកិច្ចរបស់កម្ពុជាបានកើនឡើងប្រមាណ ៥,២% ក្នុងឆ្នាំ២០២២ ដោយសារការកើនឡើងនៃតម្រូវការពីបរទេស សម្រាប់ផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជា។ កត្តានេះបានជំរុញឱ្យមានការរស់ឡើងវិញនៃតម្រូវការអាហារ និងកន្លែងស្នាក់នៅ ហើយនិងកំណើនពាណិជ្ជកម្មក្នុងស្រុក ការដឹកជញ្ជូន និងទំនាក់ទំនង។ នៅពេលណាមនុស្សមានទំនុកចិត្តក្នុងការធ្វើដំណើរ ហើយការរឹតបន្តឹងលើការធ្វើដំណើរត្រូវបានលុបចោល នោះការមកដល់របស់ភ្ញៀវអន្តរជាតិនឹងស្ទុះងើបឡើងវិញយ៉ាងខ្លាំងដល់ប្រហែល ២,៣លាននាក់ក្នុងឆ្នាំ២០២២។ តួលេខនេះកើនឡើងពីប្រហែល ២០ម៉ឺននាក់ក្នុងឆ្នាំ២០២១។ ទោះជាយ៉ាងណា កំណើននៃវិស័យកសិកម្មបានធ្លាក់ចុះនៅឆ្នាំ២០២២ ព្រោះតែតម្លៃប្រេងឥន្ធនៈកើនឡើង និងវត្ថុធាតុដើមក្នុងកសិកម្មផ្សេងទៀត។

កំណើននៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញពាក់ព័ន្ធត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ ដោយសារតែតម្រូវការខាងក្រៅមានកម្រិតខ្សោយ ជាពិសេស នៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុប ដែលជាទិសដៅនាំចេញដ៏សំខាន់របស់កម្ពុជា។ ទោះជាយ៉ាងណា វិស័យឧស្សាហកម្មនៅតែបន្តទទួលបានអត្ថប្រយោជន៍ពីការកែទម្រង់គោលនយោបាយវិនិយោគ រួមទាំងច្បាប់វិនិយោគឆ្នាំ២០២១ ដែលបានបង្កើតឱ្យមានសេវាកម្មច្រកចេញចូលតែមួយ សម្រាប់អ្នកវិនិយោគ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗ។

ទិន្នផលឧស្សាហកម្មត្រូវបានគេរំពឹងថានឹងកើនឡើង ៥,៨% ក្នុងឆ្នាំ២០២៣ មុនពេលបង្កើនល្បឿនដល់ ៧,៨% នៅឆ្នាំ២០២៤។ កំណើននៅក្នុងវិស័យសាងសង់ត្រូវបានគេរំពឹងថានឹងនៅតែមានកំណើនយឺតយ៉ាវ។ វិស័យកសិកម្មត្រូវបានព្យាករណ៍ថានឹងកើនឡើង ១,១%នៅឆ្នាំនេះ និង១,២% ក្នុងឆ្នាំ២០២៤ ដែលត្រូវបានជំរុញដោយផលិតកម្មដំណាំ សម្រាប់ការនាំចេញ។

លោក Jyotsana Varma បានបន្ថែមថា "ហានិភ័យចំពោះទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា រួមមាន កំណើនសេដ្ឋកិច្ចខ្សោយនៅសហរដ្ឋអាមេរិក និងអឺរ៉ុបដែលជាប្រភពនៃការនាំចេញកម្ពុជា កម្រិតខ្ពស់នៃបំណុលឯកជន កំណើនតិចជាងការរំពឹងទុកនៃការមកដល់នៃភ្ញៀវទេសចរ និងការធ្លាក់ចុះនៃការវិនិយោគផ្ទាល់ពីសាធារណៈរដ្ឋប្រជាមានិតចិន ការកើនឡើងតម្លៃថាមពលខ្ពស់ និងបញ្ហាអាកាសធាតុដែលប៉ះពាល់ដល់ផលិតភាពកសិកម្មនៅកម្ពុជា។”

ធនាគារ ADB កំពុង​អនុវត្ត​គម្រោង​វិនិយោគ​ចំនួន ២,៤ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា ដោយ​ផ្តល់​កម្ចី​ប្រចាំឆ្នាំ​ជា​មធ្យម​ជាង ៣៥០លាន​ដុល្លារ​ ពី​ឆ្នាំ២០១៦ ដល់​ឆ្នាំ ២០២២។ ធនាគារ ADB ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៦ និងមានសមាជិកចំនួន៦៨ប្រទេស ក្នុងនោះមាន ៤៩ប្រទេសមកពីតំបន់អាស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ