អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីជប៉ុនយឺតយ៉ាវខ្លាំងក្នុងវិស័យរថយន្តអគ្គិសនី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងពេល​បច្ចុប្បន្ន​នេះ នៅ​ក្នុង​ពេល​ដែល​ពិភពលោក​កំពុង​ស្វះស្វែង​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ ដើម្បី​ទប់ស្កាត់​ការ​ឡើងកម្តៅផែនដី ទីផ្សារ​រថយន្តអគ្គិសនី​​ក៏​កំពុងតែ​ស្គាល់​នូវ​កំណើន​យ៉ាងលឿន​ជាប់ជាប្រចាំផងដែរ។ ក៏ប៉ុន្តែ នៅ​ក្នុង​ចរន្ត​នៃ​កំណើន​វិស័យ​រថយន្តអគ្គិសនី​នេះ គេ​សង្កេតឃើញ​ថា ជប៉ុន ដែល​ជា​ប្រទេស​នាំមុខគេ​មួយ​ក្នុង​វិស័យ​ឧស្សាហកម្ម​យានយន្ត ហើយ​ដែល​កន្លងមក​​ ធ្លាប់​ជា​ជើងឯកខាង​រថយន្តអគ្គិសនី តែបែរកំពុងតែ​ដើរតាម​ពីក្រោយ​គេ​ទៅវិញ។ តើនេះ​បណ្តាល​មក​ពី​មូលហេតុអ្វី?

បច្ចុប្បន្ន​ ជប៉ុនគ្រប់គ្រងចំណែកទីផ្សារ​​ត្រឹម​ក្រោម ៥% ប៉ុណ្ណោះ នៃ​ទីផ្សារ​រថយន្តអគ្គិសនី​ពិភពលោក
បច្ចុប្បន្ន​ ជប៉ុនគ្រប់គ្រងចំណែកទីផ្សារ​​ត្រឹម​ក្រោម ៥% ប៉ុណ្ណោះ នៃ​ទីផ្សារ​រថយន្តអគ្គិសនី​ពិភពលោក AP - Eugene Hoshiko
ផ្សាយពាណិជ្ជកម្ម

កាលពីជាង១០ឆ្នាំមុន កាលណា​និយាយ​ពី​ទីផ្សារ​រថយន្តអគ្គិសនី គឺ​គេ​និយាយ​ពី​ជប៉ុន។ ជប៉ុន​គ្រប់គ្រងចំណែក​ទីផ្សារ​រថយន្តអគ្គិសនី​រហូតដល់​ទៅ​ប្រមាណ​ពី ៧០% ទៅ ៩០% នៅទូទាំង​ពិភពលោក ហើយ​រថយន្តអគ្គិសនី​ដំបូងៗ​គេ ដែល​ចេញលក់​នៅលើ​ទីផ្សារ គឺ​ជា​ម៉ាក​របស់​ជប៉ុន ជាពិសេស គឺ​ចេញ​ពីក្រុមហ៊ុនមីតស៊ូប៊ីស៊ី និងនីសាន់។

ក៏ប៉ុន្តែ ជាង​១០ឆ្នាំក្រោយមក យោងតាម​តួលេខ​​ចេញផ្សាយ​ដោយសារព័ត៌មាន​ជប៉ុន Nikkei នៅ​ក្នុង​ឆ្នាំ២០២២​កន្លងទៅ ការលក់​​រថយន្តអគ្គិសនី​​ដែល​មាន​​ប្រមាណ​ជា​ ៧លាន​គ្រឿង​នៅ​ទូទាំង​ពិភពលោក​ ម៉ាកដែល​នាំមុខគេ គឺ​ BYD របស់​ចិន ដែល​លក់​ដាច់​រហូត​ដល់​ទៅ​ជិត ៣លាន​គ្រឿង, Tesla របស់​អាមេរិក​ស្ថិត​នៅលំដាប់ទីពីរ លក់​បាន​ជាង ២លាន​គ្រឿង, ម៉ាកធំៗ​របស់​អឺរ៉ុប រួមមាន Volkswagen របស់​អាល្លឺម៉ង់ និង Renault របស់​បារាំង ជាដើម លក់​បាន ជាង ១លាន​គ្រឿង ចំណែក​រថយន្តអគ្គិសនី​របស់​ជប៉ុនវិញ ទាំង​​តូយ៉ូតា ហុងដា និង​នីសាន់ បូកបញ្ចូលគ្នា លក់ចេញ​បាន​ត្រឹមតែ​ប្រមាណ​ជា ២០ម៉ឺន​គ្រឿងតែ​ប៉ុណ្ណោះ។

ដូច្នេះ គិតជា​ចំណែក​ទីផ្សារ ក្រុមហ៊ុន​ចិន​គ្រប់គ្រង​ប្រមាណ​ជា ៤០% អាមេរិក ៣០% អឺរ៉ុប ២០% ចំណែក​ក្រុមហ៊ុន​ជប៉ុន​វិញ គ្រប់គ្រងចំណែក​ទីផ្សារមិនដល់ ៥% ផង នៃ​ទីផ្សារ​រថយន្តអគ្គិសនី​ពិភពលោកបច្ចុប្បន្ន។

កត្តាចម្បង​បំផុត ដែល​ធ្វើ​ឲ្យ​ជប៉ុន​មាន​ភាពយឺតយ៉ាវខ្លាំង ហើយ​ដើរ​តាមពីក្រោយ​គេ​យ៉ាងដាច់ឆ្ងាយ នៅ​ក្នុង​ការ​អភិវឌ្ឍ​រថយន្តអគ្គិសនី​ គឺ​ដោយសារតែ​ជប៉ុន​ផ្តោត​អាទិភាពចម្បង​​ទៅលើ​រថយន្ត Hybrid ពោលគឺ​ប្រភេទរថយន្ត​កូនកាត់ ដែល​មាន​ម៉ូទ័រ​ប្រើ​ប្រេង និង​អគ្គិសនី​លាយឡំគ្នា។

ក្រុមហ៊ុន​ជប៉ុន​ផ្តោត​អាទិភាព​ចម្បង​ទៅលើ​រថយន្ត Hybrid នេះ ម្យ៉ាង ដោយសារ​តែ​នេះ​ជា​បច្ចេកវិទ្យា ដែល​ជប៉ុន​នាំមុខគេ​ស្រាប់ ហើយដែល​ប្រទេស​ផ្សេង​ទៀត​ពិបាក​នឹង​ជ្រៀតចូល​មក​ប្រជែង​ដណ្តើមទីផ្សារ​ជាមួយ។ ម្យ៉ាងទៀត ដោយសារតែជប៉ុន​មិន​សូវ​មាន​ជំនឿចិត្ត​ទៅលើ​ទីផ្សារ​រថយន្តអគ្គិសនី។

ក្រុមហ៊ុន​ជប៉ុន ជាពិសេស ក្រុមហ៊ុន​តូយ៉ូតា យល់ថា សក្តានុពល​នៃ​ការប្រើប្រាស់​រថយន្តអគ្គិសនី គឺមានតិចតួច បើប្រៀបធៀបនឹង​រថយន្ត Hybrid ដោយសារ​តែ​រថយន្តអគ្គិសនី​ទាមទារ​ឲ្យ​មាន​ការបោះទុនវិនិយោគ​ច្រើន ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស ទៅលើ​ការសង់​ទីតាំង​បញ្ចូល​អាគុយ​រាយជា​បណ្តាញ​នៅ​ទូទាំង​ប្រទេស ក្នុងពេល​ជាមួយគ្នា សក្តានុពល​នៃ​ការកាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ដោយ​រថយន្តអគ្គិសនី​ក៏​មិន​សូវ​ជា​មានច្រើន ដោយសារតែ​ថាមពល​អគ្គិសនី ដែល​ផលិតចេញ​ពី​ថាមពល​បៃតង​ នៅមានតិចតួចនៅឡើយ ដែល​ជា​ហេតុធ្វើ​ឲ្យ​រថយន្តអគ្គិសនី នៅតែ​បន្តពឹងផ្អែកខ្លាំង​លើ​អគ្គិសនី ផលិត​ចេញ​ពី​ថាមពល​ផូស៊ីល ដែល​ជា​ប្រភព​​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ដដែល​ជាដដែល។

ដូច្នេះ ទៅតាម​ឡូហ្ស៊ិច​​របស់​ជប៉ុន ​រថយន្តប្រភេទ Hybrid ថ្វីដ្បិតតែ​មិនកាត់បន្ថយ​ការប្រើប្រេង​ទាំងស្រុង ក៏ប៉ុន្តែ ងាយស្រួលប្រើជាង អាច​ទាក់ទាញ​អ្នក​ប្រើប្រាស់​ឲ្យ​ងាកចេញ​ពី​រថយន្តប្រើប្រេងសុទ្ធសាធ ដូច្នេះ វា​អាច​ជួយ​កាត់បន្ថយ​​ការ​បញ្ចេញ​ឧស្ម័ន​​បាន​ក្នុងកម្រិត​មួយ​សមរម្យ គ្រាន់បើ​ជាង​រថយន្តអគ្គិសនី ដែល​ស្មុគស្មាញ​ក្នុងការ​ប្រើប្រាស់ ហើយ​ដែល​​នៅ​ទីបំផុត​ទៅ មិនអាច​ទាក់ទាញ​អ្ន​កប្រើប្រាស់​ឲ្យ​ងាក​ចេញ​ព​ី​រថយន្តប្រើប្រេងសុទ្ធសាធ​បាន​ ដូច្នេះ ​បែរជា​មិន​មានប្រសិទ្ធភាព​ក្នុងការ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ទៅវិញ។

ទោះជាយ៉ាងណា នៅក្នុងពេល​បច្ចុប្បន្ន​នេះ គេ​សង្កេតឃើញ​មាន​ដំណើរវិវឌ្ឍមួយចំនួន ដែល​អាច​ជា​កត្តា​ជំរុញ​វិស័យ​រថយន្តអគ្គិសនី​​ឡើងវិញ​នៅ​ជប៉ុន។

កាលពី​ឆ្នាំ២០២២​កន្លងទៅនេះ ការលក់​រថយន្តអគ្គិសនី នៅ​ក្នុង​ប្រទេស​ជប៉ុន បាន​កើនឡើង​រហូតដល់​ទៅ​ជិត​៣ដង​ធៀបនឹង​ឆ្នាំ២០២១ ក្នុងពេល​ដែល​រដ្ឋាភិបាល​ជប៉ុន​ក៏​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​​ជំរុញ​ឲ្យ​ប្រជាជន​ទិញ​រថយន្តអគ្គិសនី​​មក​ប្រើប្រាស់ ជាពិសេស តាមរយៈ​ការ​ផ្តល់​ជំនួយ​ដោយ​ផ្ទាល់ ដល់​អ្នក​ទិញ​រថយន្តអគ្គិសនី​ថ្មីៗ និង​ការ​បោះទុនវិនិយោគ​ទៅលើ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​ជប៉ុន​គ្រោង​បង្កើន​ទីតាំង​បញ្ជូល​អាគុយ​រថយន្តអគ្គិសនី ពី​ប្រមាណ​ជា ៣ម៉ឺន​កន្លែង​ក្នុងពេល​បច្ចុប្បន្ន ឲ្យឡើងទៅដល់ ១៥ម៉ឺន​កន្លែង នៅ​ទូទាំង​ប្រទេស នៅ​ត្រឹម​ឆ្នាំ២០៣០ខាងមុខ។

សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ជប៉ុន ដំណើរវិវឌ្ឍ​នៃ​ទីផ្សារ​ក្នុងស្រុក​ជប៉ុន​នេះ វាមកបន្ថែម​ពីលើ​ដំណើរវិវឌ្ឍ​នៃទីផ្សារ​ពិភពលោក ដែល​គេ​សង្កេតឃើញ​ថា កំណើន​នៃ​ការ​លក់​រថយន្តអគ្គិសនី នៅ​ទូទាំង​ពិភពលោក​ចេះតែ​បន្ត​កើនឡើង​ជាប់ជា​ប្រចាំ ដោយ​​កាល​ពី​ឆ្នាំ២០២២​កន្លងទៅ ចំនួន​រថយន្តអគ្គិសនី ដែល​ត្រូវ​បាន​លក់​ចេញ គិតជាសរុប​នៅ​ទូទាំង​ពិភពលោក​បាន​កើនឡើង​រហូតដល់​ទៅ​ប្រមាណ​ជា ៥០% បើធៀប​ទៅនឹង​ឆ្នាំ២០២១។

លើសពីនេះ​ទៅទៀត បណ្តា​ប្រទេស​ជាច្រើន ជាអាទិ៍ សហរដ្ឋ​អាមេរិក និង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប ដែល​ជា​ទីផ្សារ​ដ៏​សំខាន់​មួយ​របស់​ក្រុមហ៊ុន​ផលិតរថយន្តជប៉ុន ក៏​កំពុងតែ​ដាក់​ចេញ​នូវ​គោលនយោបាយ ដែល​ជំរុញ​​វិស័យ​​​រថយន្តអគ្គិសនី ក៏ដូចជា​ការរឹតបន្តឹង​វិធាន​បរិស្ថាន ក្នុងគោលដៅ​ឈាន​ទៅ​ហាមឃាត់​ទាំងស្រុង​ការ​លក់​រថយន្តប្រើប្រេង នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំខាងមុខ។

ហេតុដូច្នេះហើយ​បាន​ជា នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គេឃើញ​​ក្រុមហ៊ុន​ផលិតរថយន្ត​ជប៉ុន​បាន​នាំគ្នា​ប្រកាស​វិនិយោគ​កាន់តែ​ច្រើន​​ទៅលើ​ការ​ផលិត​រថយន្តអគ្គិសនី ដើម្បី​ព្យាយាម​សម្របខ្លួន​ទៅតាម​ដំណើរវិវឌ្ឍ​ជាក់ស្តែង នៅលើ​ទីផ្សារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ