អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើបញ្ញាសិប្បនិម្មិតអាចបង្កផលប៉ះពាល់អ្វីខ្លះដល់ទីផ្សារការងារ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងមួយរយៈកាលចុងក្រោយ​នេះ គេសង្កេតឃើញ​ថា បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​កំពុង​រីកចម្រើន​យ៉ាងលឿនទៅមុខ​គួរ​ឲ្យ​កត់សម្គាល់។ ជឿនលឿនខ្លាំង រហូត​​ធ្វើ​ឲ្យ​អ្នក​ជំនាញ​ជាច្រើន​បង្ហាញ​នូវក្តីបារម្ភ ហើយ​នាំគ្នា​ធ្វើ​ញត្តិទាមទារ​ឲ្យ​ផ្អាក​ការអភិវឌ្ឍ​បញ្ញាសិប្បនិម្មិត​ជា​បណ្តោះអាសន្ន ដោយ​នៅ​ក្នុង​ចំណោម​ក្តីបារម្ភ​របស់​អ្នកជំនាញ​នេះ ក៏មាន​ដែរ ផលប៉ះពាល់​ចំពោះ​ទីផ្សារ​ការងារ​។ តើ​ភាពជឿនលឿន​នៃ​បច្ចេកវិទ្យាសិប្បនិម្មិត​នេះអាច​នឹង​បង្ក​នូវ​ផលប៉ះពាល់​អ្វីខ្លះ​ដល់​ការងារ​របស់​មនុស្សយើង?

របាយការណ៍​របស់​ធនាគារ Goldman Sachs ព្យាករ​ថា បញ្ញាសប្បនិម្មិត​អាច​នឹង​ជំនួស​ការងារ​មនុស្ស​រហូតដល់​ទៅ ៣០០លាននាក់ នៅ​ទូទាំង​ពិភពលោក
របាយការណ៍​របស់​ធនាគារ Goldman Sachs ព្យាករ​ថា បញ្ញាសប្បនិម្មិត​អាច​នឹង​ជំនួស​ការងារ​មនុស្ស​រហូតដល់​ទៅ ៣០០លាននាក់ នៅ​ទូទាំង​ពិភពលោក © AP
ផ្សាយពាណិជ្ជកម្ម

បញ្ញាសិប្បនិម្មិត ដែលគេច្រើន​ហៅកាត់​ពីភាសាអង់គ្លេសថា អេអាយ (AI) មិនមែន​ជា​រឿងថ្មីនោះទេ។ អ្វីដែល​ថ្មី គឺ​វា​មានភាពជឿនលឿនខ្លាំង​ជាងមុន និង​មានមុខងារទូលំទូលាយជាងមុន ដែល​អាច​ឲ្យ​គេកែច្នៃ​យក​ទៅប្រើប្រាស់​​នៅ​ក្នុង​វិស័យ​កាន់តែ​ទូលាយ ហើយដែល​មាន​សក្តានុពល​​បង្កើត​ជា​មុខងារ​ស្វ័យប្រវត្តិ​ជំនួស​ការងារ​របស់​មនុស្ស​បាន​កាន់តែច្រើន​ជាងមុន។

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ខ្លះ រួមមាន​ដូចជា Midjourney ឬក៏ DALL-E ជាដើម ​អាច​បង្កើត​ជារូបភាព​បាន​យ៉ាង​លឿន និង​យ៉ាង​ស្អាត ដែល​មនុស្ស​ភាគច្រើន​មិន​អាច​ធ្វើ​បាន។ បញ្ញាសិប្បនិម្មិត​ខ្លះទៀត អាច​បង្កើត​ជា​​​បទភ្លេង ឬ​បង្កើត​ជា​សំឡេង​មនុស្ស​និយាយ ទៅតាម​​​អត្ថបទ។ រឹតតែជឿនលឿន​ជាងនេះ​ទៅទៀត គឺ​បញ្ញាសិប្បនិម្មិត​ថ្មីចុងក្រោយ ដែលគេ​តែងតែ​នាំគ្នា​និយាយ​ទៅដល់ នៅ​ក្នុង​រយៈពេល​ប៉ុន្មានខែចុងក្រោយ​នេះ គឺ ChatGPT របស់​ក្រុមហ៊ុន OpenAI ហើយ​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការលើ​ប្រព័ន្ធ Microsoft

ChatGPT អាច​សន្ទនាឆ្លងឆ្លើយ​​ជាមួយមនុស្ស​​ អាច​សរសេរអត្ថបទ (ជា​អត្ថបទ​តែងសេចក្តី ជាអត្ថបទ​ព័ត៌មាន ឬ​ជា​រឿងប្រលោមលោក) អាច​សរសេរ​កូដកុំព្យូទ័រ ឬ​រចនា​វេបសាយ​ពីដើម​ដល់ចប់​ដោយ​ចេញត្រឹម​​ពី​គំនូសព្រាង ហើយ​អ្វីដែល​ធ្វើ​ឲ្យ​អ្នកជំនាញ​រឹតតែ​ភ្ញាក់​ផ្អើល​ជាងនេះ​ទៅទៀត គឺ​សមត្ថភាព​របស់ ChatGPT ក្នុងការ​ឆ្លើយសំណួរ​វិញ្ញាសារប្រឡង​ថ្នាក់​សកលវិទ្យាល័យ​ ក្នុង​មុខជំនាញ​ដ៏លំបាក​ពីរ​ គឺ​ជំនាញ​វេជ្ជសាស្ត្រ និង​មេធាវី។

នៅក្នុងការ​ធ្វើ​តេស្ត​ដោយ​អ្នក​ជំនាញ​នៅ​សកលវិទ្យាល័យ​អាមេរិក ChatGPT អាចប្រឡងជាប់​ក្នុងវិញ្ញាសារមេធាវី ចំណែក​ក្នុង​វិញ្ញាសារ​ថ្នាក់​វេជ្ជសាស្រ្ត​វិញ អាច​​ឆ្លើយ​ត្រូវ​រហូតដល់​ទៅ​ក្នុង​រង្វង់ ៦០% ដែល​ជា​កម្រិតខ្ពស់​មិន​ធ្លាប់​​អាច​ធ្វើ​បាន​ដោយ​បញ្ញាសិប្បនិម្មិត​កាល​ពីមុន។

កាលពីចុងខែមីនា​កន្លងទៅនេះ ក្រុមអ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​ធនាគារ Golmand Sachs របស់​អាមេរិក បាន​ចេញផ្សាយ​របាយការណ៍​មួយ​ ដោយ​បាន​កត់សម្គាល់ថា បញ្ញាសិប្បនិម្មិត ដែល​មាន​សមត្ថភាព​បង្កើត​មាតិកា (អត្ថបទ រូបភាព ឬ​សំឡេង) ក្នុងគុណភាព​មួយ ដែល​គេ​មិន​អាច​បែងចែក​បាន​ថា មួយណា​បង្កើត​ដោយ​បញ្ញាសិប្បនិម្មិត មួយណា​បង្កើត​ដោយ​មនុស្ស វា​គឺ​ជា​ចំណុច​របត់​ដ៏​ចម្បងមួយ ហើយគេ​​ព្យាករ​ថា នៅ​ក្នុង​ដំណើរវិវឌ្ឍ​នេះ បញ្ញាសិប្បនិម្មិត​អាច​នឹង​ជំនួស​ការងារ​មនុស្ស​រហូត​ដល់​ទៅប្រមាណ​ជា ៣០០លាននាក់ នៅ​ទូទាំង​ពិភពលោក​ទាំងមូល ដោយ​គិត​ជាមធ្យម​ការងារ​ប្រមាណ​ជា ១៨% អាចនឹង​ត្រូវ​ធ្វើ​​ដោយ​បញ្ញាសិប្បនិម្មិត។ ក៏ប៉ុន្តែ ការជំនួសការងារ​មនុស្ស ដោយ​បញ្ញាសិប្បនិម្មិត​នេះ​ក៏អាស្រ័យផងដែរ ទៅលើ​ប្រភេទ​ការងារ និង​ទៅតាម​ប្រទេស​នីមួយៗ។

ជារួម ការងារ​ដោយដៃ​ ត្រូវ​រងនូវផលប៉ះពាល់​តិច​ជាង​ការងារ​ដោយប្រើ​បញ្ញា។ ជាអាទិ៍ នៅក្នុងរបាយការណ៍ គេ​បាន​ព្យាករ​ថា នៅ​ក្នុង​វិស័យ​សំណង់ មុខងារ​ត្រឹមតែ​ប្រមាណ​ជា ៦% ប៉ុណ្ណោះ ដែល​អាច​នឹង​ត្រូវ​ជំនួស​ដោយ​បញ្ញាសិប្បនិម្មិតបាន រីឯ​មុខងារ​ក្នុង​ផ្នែក​រដ្ឋបាល និង​ក្នុងវិជ្ជាជីវៈ​ផ្នែក​ច្បាប់​​វិញ អាច​នឹង​ត្រូវ​ប៉ះពាល់​ខ្លាំងជាងគេ ដោយ​មាន​មុខងារ​រហូតដល់​ទៅប្រមាណ​ពី ៤៤% ទៅ ៤៦% អាច​នឹង​ត្រូវ​ជំនួសដោយ​បញ្ញាសិប្បនិម្មិត។

នេះ​មានន័យថា បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន ដែល​​ការងារ​ដោយដៃ​មាន​អត្រា​ទាប​ជាង​ការងារ​ដោយប្រើ​បញ្ញា ​អាច​នឹង​ត្រូវ​ប៉ះពាល់​ច្រើន​ជាង​ប្រទេស​កំពុងអភិវឌ្ឍ។ តាមការព្យាករ នៅ​ក្នុង​ប្រទេស​ជឿនលឿន ដូចជា អាមេរិក និង​ប្រទេស​នៅ​អឺរ៉ុប​ជាដើម ​ការងារ​រហូតដល់​ទៅប្រមាណ​ជា ២ភាគ៣ អាច​នឹង​ត្រូវ​ប៉ះពាល់​ក្នុង​កម្រិតណាមួយ ហើយ​​ប្រមាណ​ជា ១ភាគ៤ អាច​នឹង​ត្រូវ​ជំនួស​ដោយ​បញ្ញាសិប្បនិម្មិត​ទាំងស្រុង។

ទោះជាយ៉ាងណា យោងតាម​របាយការណ៍​របស់​​ Goldman Sachs ការដាក់ពង្រាយ​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​​ជា​លក្ខណៈទូលំទូលាយ អាច​នឹង​ជួយ​បង្កើន​ផលិតភាព​ការងារ និង​​ជួយជំរុញ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​បាន​ដល់​ទៅ ៧% ក្នុងមួយឆ្នាំៗ សម្រាប់​រយៈពេល ១០ឆ្នាំ។ កំណើន​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​នេះ អាច​នឹង​នាំ​ទៅដល់​ការ​បង្កើត​ជា​ប្រភេទ​ផលិតផល ឬ​សេវាកម្ម​ថ្មី ​ហើយ​​បង្កើត​ជា​ប្រភេទ​មុខងារ​ថ្មី​​សម្រាប់​មនុស្ស ​ជំនួស​មុខងារ​ដែល​ត្រូវ​ដាក់​ឲ្យ​ធ្វើ​ជា​ស្វ័យប្រវត្តិ​ដោយ​បញ្ញាសិប្បនិម្មិត។

អ្វីដែល​គេ​ពិបាក​នឹង​ព្យាករ គឺ​នៅត្រង់​ថា តើ​ប្រភេទមុខងារ​ថ្មី​ ដែល​បង្កើតឡើងនេះ វា​អាច​មាន​គ្រប់គ្រាន់ សម្រាប់​ស្រូបយក​អ្នកដែល​បាត់បង់​ការងារ​ដោយ​បញ្ញាសិប្បនិម្មិត​បាន​ដែរ​ឬ​ទេ? ​​នៅ​ក្នុងពេល​ដែល​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​នេះ​ចេះបន្ត​រីកចម្រើន​ជឿនលឿន​ទៅមុខ​ក្នុងល្បឿន​យ៉ាងលឿន​ដូចជាសព្វថ្ងៃនេះ តើ​ល្បឿន​នៃ​ការ​បង្កើត​ប្រភេទ​ការងារ​ថ្មី​វា​អាច​ទាន់​ល្បឿន​នៃ​ការបាត់បង់​ការងារ​ ដែល​ត្រូវ​ជំនួស​​ដោយ​សិប្បនិម្មិត​បានដែរ​ឬ​ក៏​យ៉ាងណា?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ