អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​ខ្យល់​ពុល និងកម្ដៅខ្លាំង​បូក​រួម​បញ្ចូល​គ្នា អាចធ្វើឲ្យ​សុខភាពមនុស្ស​ ប្រឈមគ្រោះថ្នាក់​កាន់តែធ្ងន់ធ្ងរ​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការកើនឡើងបញ្ហាប្រឈមដំណាលគ្នា ពោលគឺការកើនឡើងកម្រិតសីតុណ្ហភាពកាន់តែខ្ពស់ ក្នុងអត្រាកំណត់ត្រាកាន់តែក្ដៅ និងការកើនឡើងនៃការបំពុលបរិយាកាស បានបង្កហានិភ័យខ្លាំងណាស់ ដល់សុខភាពមនុស្ស និងការធ្វើឱ្យសេចក្ដីស្លាប់កាន់តែផុយស្រួយ។ ស្ថិតិបង្ហាញថា នៅក្នុងថ្ងៃដែលមានការបំពុល និងកម្ដៅឡើងក្ដៅខ្លាំងព្រមគ្នា នោះហានិភ័យនៃការស្លាប់បានកើនឡើងដល់កម្រិត ២១%។ អត្រានេះគឺមានកម្រិតខ្ពស់ណាស់។ ហេតុអ្វី?

ហេតុអ្វី​ការបំពុល និងកម្ដៅខ្លាំង​បូក​រួម​បញ្ចូល​គ្នាអាចធ្វើសុខភាព និងសេចក្ដី​ស្លាប់កាន់តែធ្ងន់ធ្ងរ​?
ហេតុអ្វី​ការបំពុល និងកម្ដៅខ្លាំង​បូក​រួម​បញ្ចូល​គ្នាអាចធ្វើសុខភាព និងសេចក្ដី​ស្លាប់កាន់តែធ្ងន់ធ្ងរ​? AP - Wally Santana
ផ្សាយពាណិជ្ជកម្ម

ហានិភ័យសុខភាពដែលកើតមានឡើង ហើយជាប់ទាក់ទងទៅនឹងអាកាសធាតុ កាន់តែវិវត្តន៍ទៅកម្រិតប្រកាសអាសន្ន។ ក្នុងនោះ ពិភពលោកកំពុងប្រឈមបញ្ហាចម្បងពីរ ពោលគឺ ទីមួយ ការកើនឡើងនៃសីតុណ្ហភាពកាន់តែក្ដៅក្នុងអត្រាកំណត់ត្រាកាន់តែខ្ពស់ និងទីពីរ ការកើនឡើងនៃការបំពុលបរិយាកាស ពីព្រោះតែសកម្មភាពផ្សេងៗទាំងពីមនុស្ស និងធម្មជាតិ ដូចជា ការកើនឡើងនៃការបំពុលពីផ្សែងយានជំនិះគ្រប់ប្រភេទ និងភ្លើងឆេះព្រៃជាដើម។

នាពេលបច្ចុប្បន្ន ត្រឹមតែបញ្ហាតែមួយក្នុងចំណោមបញ្ហាចម្បងទាំងពីរខាងលើគឺវាល្មមធំគ្រប់គ្រាន់ ដែលអាចធ្វើឱ្យមនុស្សមានបញ្ហាសុខភាព ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងអាចធ្វើឱ្យមនុស្សដែលមានបញ្ហាសុខភាពស្រេចស្រាប់ឱ្យកាន់តែមានកម្រិតធ្ងន់ធ្ងរបន្ថែមទៀត។

តើវានឹងមានអ្វីកើតឡើង នៅពេលដែលបញ្ហាទាំងពីរកើនឡើងព្រមគ្នា ពោលគឺពិភពលោកត្រូវឡើងកម្ដៅ និងការបំពុលកាន់តែខ្លាំង?

យោងតាមសារព័ត៌មាន Vox នៅក្នុងឆ្នាំ២០២៣នេះ តំបន់អាស៊ីមួយផ្នែកធំកំពុងត្រូវ រងផលប៉ះពាល់យ៉ាងខ្លាំងពីអាកាសធាតុក្ដៅខ្លាំង ជាពិសេស ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ នៅទូទាំងប្រទេសចិន ឥណ្ឌា បង់ក្លាដែស និងប្រទេសថៃ ការឡើងកម្ដៅមានកម្រិតខ្ពស់លើសពី៤០អង្សា។ ស្ថិតិចុងក្រោយបង្ហាញថា យ៉ាងហោចណាស់ មនុស្ស១៣នាក់បានស្លាប់ រហូតមកដល់ពេលនេះ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលក្នុងប្រទេសឥណ្ឌា ព្រោះតែអាកាសធាតុក្ដៅខ្លាំង។ នៅក្នុងប្រទេស​ថៃ ​កំណត់ត្រា​សីតុណ្ហភាពក្តៅឡើងៗកាន់តែមានកម្រិតខ្ពស់ នាប៉ុន្មានឆ្នាំចុងក្រោយ រីឯ នៅក្នុងប្រទេសចិន មានបណ្ដាខេត្តយ៉ាងច្រើនសុទ្ធតែបានឆ្លងកាត់ការឡើងកម្ដៅមិនធ្លាប់មាន។ កាលពីឆ្នាំមុន រលកកម្ដៅបានឆាបឆេះប្រទេសឥណ្ឌា និងប៉ាគីស្ថាន នៅរដូវក្ដៅឆ្នាំនេះ ហើយវាបានឆក់យកជីវិតមនុស្សរាប់លាននាក់។

នៅជាប់ប្រទេសកម្ពុជា ប្រទេសឡាវក៏បានប្រឈមជាមួយកំណត់ត្រាថ្មីនៃការឡើងកម្ដៅផងដែរ។ ប្រទេសនេះសម្បូរទៅដោយព្រៃឈើ និងមានប្រជាជនតិច ប៉ុន្តែការឡើងកម្ដៅនៅឆ្នាំនេះគឺមានរហូតដល់ ៤២,៧អង្សា។ វាជាកំណត់ត្រាមិនធ្លាប់មានក្នុងប្រទេសឡាវ។ នៅកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករណ៍ថា សីតុណ្ហភាពកម្ពុជាអាចឡើងដល់ជិត៤០អង្សា នៅអំឡុងរដូវប្រាំងនេះ។

ងាកទៅទ្វីបអាមេរិក និងអឺរ៉ុប បណ្ដាប្រទេសក្នុងតំបន់ក៏បាននិងកំពុងប្រឈមនឹងបញ្ហានេះផងដែរ។ អាមេរិកខាងលិចបានឆ្លងកាត់ការគំរាមកំហែងទ្វេដងនៃការឡើងកម្ដៅ និងការបំពុលកាន់តែមានកម្រិតខ្ពស់។ នៅអូស្ត្រាលីភាគខាងកើត គេអាចប្រទះឃើញរដូវក្តៅខ្លាំង ហើយភ្លើងឆេះព្រៃក៏មានកម្រិតកាន់តែគ្រោះថ្នាក់ ជាពិសេស កាលពីឆ្នាំ២០១៩ និងឆ្នាំ២០២០។ វាជាកម្រិតកម្ដៅដ៏សាហាវនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសនេះ។ នៅរុស្ស៊ី ភ្លើងឆេះព្រៃបានកើតឡើងក្នុងកម្រិតដ៏ធំបំផុតរបស់ខ្លួនក្នុងកំណត់ត្រាកាលពីឆ្នាំមុន។ នៅទ្វីបអឺរ៉ុប រលកកម្ដៅក្ដៅខ្លាំងបានវាយលុកពាសពេញប្រទេសតួកគី ក្រិក អេស្ប៉ាញ និងប្រទេសបារាំង កាលពីឆ្នាំមុន។

ថ្មីៗនេះ អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Southern California បង្ហាញថា ហានិភ័យនៃការស្លាប់របស់មនុស្សកាន់តែកើនឡើង នៅពេលដែលពិភពលោកត្រូវប្រឈមដំណាលគ្នានៃការកើនឡើងសីតុណ្ហភាពកាន់តែក្តៅខ្លាំង និងការបំពុលកាន់តែច្រើន។ តួលេខបង្ហាញថា ការស្លាប់របស់មនុស្សម្នាក់បានកើនឡើងក្នុងអត្រា ៦,១% នៅថ្ងៃដែលមានសីតុណ្ហភាពក្ដៅខ្លាំង និងក្នុងអត្រា ៥% នៅថ្ងៃដែលមានការបំពុលខ្លាំង នេះបើយើងធៀបជាមួយថ្ងៃដែលមិនក្តៅខ្លាំង។ ប៉ុន្តែ នៅក្នុងថ្ងៃដែលមានលក្ខខណ្ឌទាំងពីរព្រមគ្នា នោះហានិភ័យនៃការស្លាប់បានកើនឡើងដល់កម្រិត ២១%។ អត្រានេះគឺមានកម្រិតខ្ពស់ណាស់។

លោក Francesca Dominici សាស្ត្រាចារ្យផ្នែកជីវសាស្ត្រនៅសកលវិទ្យាល័យ Harvard បានមានប្រសាសន៍ថា នៅពេលដែលរលកកម្ដៅ និងការបំពុលកាន់តែខ្លាំង សារធាតុភាគល្អិតតូចៗពីការបំពុល និងកម្ដៅ អាចជ្រាបចូលយ៉ាងជ្រៅទៅក្នុងសួត និងចរន្តឈាមរបស់មនុស្ស។ ​ជាលទ្ធផល វាអាច​បង្ក​ឱ្យ​មាន​ជំងឺ​សរសៃឈាម​បេះដូង បញ្ហា​ផ្លូវដង្ហើម និង​មហារីក។ លើសពីនេះ នៅពេលដែលភាគល្អិតតូចៗទាំងនោះមានប្រតិកម្មជាមួយនឹងសីតុណ្ហភាពក្ដៅខ្លាំង និងប្រឈមជាមួយពន្លឺព្រះអាទិត្យ ពួកវាអាចធ្វើឱ្យផលប៉ះពាល់លើសុខភាពកាន់តែអាក្រក់ទៅៗ ហើយអាចបង្កឱ្យមានផលប៉ះពាល់ដល់ផ្លូវដង្ហើមដូចជា ជំងឺហឺត និងការស្លាប់ជាដើម។

អង្គការឧតុនិយមពិភពលោកបានលើកឡើងថា សីតុណ្ហភាពជាមធ្យមរបស់ពិភពលោកកំពុងកើនឡើងកម្ដៅ និងអាចនឹងឆ្លងផុតកម្រិត១,៥អង្សា។ វាជាកម្រិតកម្ដៅប្រកាសអាសន្ន ដោយអ្នកជំនាញ អំពីការឡើងកម្ដៅផែនដី។

យោងតាមអ្នកជំនាញ នៅពេលដែលការប្រែប្រួលអាកាសធាតុកាន់តែបង្កើនល្បឿន ហើយពិភពលោកកាន់តែក្ដៅ និងកាន់តែមានការបំពុលបរិស្ថាន យើងនឹងបន្តជួបប្រទះនូវព្រឹត្តិការណ៍ឡើងកម្ដៅកាន់តែញឹកញាប់ កាន់តែខ្លាំងខ្លា និងមានរយៈពេលកាន់តែយូរជាងនេះ។ ជាលទ្ធផល ការបំពុល និងផលប៉ះពាល់លើសុខភាពក៏កាន់តែមានច្រើនផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ