អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ្នកជំនាញ​ជឿថា ចិនកំពុងតែ​បង្កើនទំហំចំនួន​ក្បាលគ្រាប់​នុយ​ក្លេអ៊ែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រមាណ​១០ឆ្នាំចុងក្រោយនេះ​ ចិនបាន​ធ្វើ​ទំនើបកម្មយ៉ាងខ្លាំង លើ​វិស័យ​យោធា ទាំងផ្នែកសមត្ថភាពកងទាហាន ទាំងគ្រឿងសព្វាវុធរបស់ខ្លួន។ ស្ថិតក្នុងបរិបទ​ប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើង ជាមួយអាមេរិក ជុំវិញសំណុំរឿងកោះតៃវ៉ាន់ ចិន​ហាក់ដូចជាបាន​និងកំពុង តែបង្កើនទំហំ​ចំនួន​ក្បាលគ្រាប់​នុយក្លេអ៊ែរផងដែរ។ នេះបើ​ផ្អែកតាម​ការវិភាគរបស់​អ្នកជំនាញ​ក្នុងវិស័យនេះ​។ ផ្អែកតាម​ប៉ាន់ស្មានរបស់​ក្រសួងការពារជាតិអាមេរិក នៅរវាងឆ្នាំ​២០៣៤ ចំនួន​ក្បាលគ្រាប់​នុយក្លេអ៊ែររបស់ចិន នឹងកើនសរុប​ចំនួន​១៥០០គ្រាប់។

អ្នកទស្សនាលើកគ្រវីទង់ជាតិចិន ពេលឃើញ​​ក្បួន​ដង្ហែរ​មីស៊ីលបាលីស្ទីក DF-41 ដែលអាចបំពាក់ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ នៅក្នុង​ឱកាសខួប​លើកទី​៧០ នៃការបង្កើត​គណបក្សកុម្មុយនីស្តចិន។ ក្រុងប៉េកាំង ថ្ងៃទី ១តុលា ២០១៩
អ្នកទស្សនាលើកគ្រវីទង់ជាតិចិន ពេលឃើញ​​ក្បួន​ដង្ហែរ​មីស៊ីលបាលីស្ទីក DF-41 ដែលអាចបំពាក់ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ នៅក្នុង​ឱកាសខួប​លើកទី​៧០ នៃការបង្កើត​គណបក្សកុម្មុយនីស្តចិន។ ក្រុងប៉េកាំង ថ្ងៃទី ១តុលា ២០១៩ © AP - Mark Schiefelbein
ផ្សាយពាណិជ្ជកម្ម

ពី​៣៥០គ្រាប់ឡើ់ងទៅ១៥០០គ្រាប់

ចិន​បាន​ធ្វើការសាកអាវុធនុយក្លេអ៊ែរ នៅឆ្នាំ​១៩៦៤។ តាំងតែពីនោះមក ចិន​បានសន្យានឹងមិន​ពង្រីកទំហំចំនួន​​ក្បាល​គ្រាប់នុយក្លេអ៊ែររបស់ខ្លួនទេ ហើយក៏​នឹង​មិន​ប្រើប្រាស់អាវុធនុយក្លេអ៊ែរមុនដែរ ប្រសិនបើខ្លួនមិនរងការវាយ​ប្រហារ​ដោយ​អាវុធរបៀបនេះទេនោះ។ យោងតាមវិទ្យាស្ថានស្រាវជ្រាវ​សន្តិភាព ស្ថិតនៅទីក្រុង​ស្តុកខូម Sipri បច្ចុប្បន្ននេះចិន​មាន​ក្បាលគ្រាប់​នុយក្លេអ៊ែរចំនួន ៣៥០គ្រាប់។ ពោលគឺតិងជាងគេឆ្ងាយ ដូចយ៉ាងរុស្ស៊ី មាន​៤៤៧៧គ្រាប់ អាមេរិក មាន​៣៧០៨គ្រាប់​។​

ក៏ប៉ុន្តែ អំណេះតទៅ ចិនទំនងហាក់ដូចជាមិនចង់ស្ថិតនៅក្នុងស្ថានភាពនេះតទៅទៀតទេ។ លោក Matt Korda អ្នកជំនាញសហព័ន្ធវិទ្យាសាស្ត្រអាមេរិក ដែល​តាមដានឃ្លាំមើល​ការរីកសាយភាយអាវុធនុយក្លេអែរ បានឡើងថា ចិន​នឹងប្រឹងបន្ថែមចំនួន​ក្បាល​គ្រាប់នុយក្លេអ៊ែរឲ្យ​បានច្រើន​។ យោងតាមរបាយការណ៍​មួយ​ របស់ក្រសួងការពារជាតិអាមេរិក ចេញផ្សាយ​កាលពីខែវិ​ច្ឆិកា គឺនៅរវាង​ឆ្នាំ​២០៣៥​ ចិន​អាច​នឹងមាន​ក្បាល​គ្រាប់នុយក្លេអ៊ែរ សរុបចំនួន​១៥០០គ្រាប់។

ដូចគ្នាដែរ ​លោក David Logan សាស្ត្រាចារ្យនៅ Naval War College ដែលជាវិទ្យាស្ថាន​ស្រាវជ្រាវនិងសិក្សា​ផ្នែក​កងទ័ពជើងទឹកអាមេរិក បានវិភាគឃើញថា ចិន​កំពុងតែព្យាយាម​​ពង្រីក ពង្រឹងសមត្ថភាព និង​ធ្វើ​ទំនើបកម្ម​ ទៅលើកម្លាំង​សមត្ថភាព​នុយក្លេអ៊ែរ ខ្លាំងជាងពេលណាៗទាំងអស់។ អ្នកជំនាញ​រូបនេះបន្ថែមថា អំឡុងពេលនេះ ​ចិនកំពុងប្រើគ្រប់មធ្យោបាយ​ ដើម្បី​ផលិត​ក្បាលគ្រាប់នុយក្លេអ៊ែរបន្ថែម ​ឲ្យបាន​ចំនួន​​​ច្រើន និង​ថែម​ទាំង​ពង្រឹង​សមត្ថភាព​អាវុធបាញ់​បង្ហោះ​ក្បាល​គ្រាប់ទាំងនោះផង ដោយ​មានទាំង​បាញ់ពីដី ពីលើអាកាស និង​ពីក្នុងទឹកសមុទ្រ​។ ស្ថិតនៅក្នុងទិសដៅនេះដែរ ចិនបាននិងកំពុងសាងសង់ យ៉ាងលឿនរហ័ស នូវប្រព័ន្ធជើងទម្របាញ់បង្ហោះមីស៊ីល​បាលីស្ទីកអន្តរទ្វីប។ យោងតាម​ក្រសួងការពារជាតិអាមេរិក បច្ចុប្បន្នចិនមាន​បំពង់ទម្របាញ់មីស៊ីលប្រភេទនេះ ចំនួន​៣០០គ្រឿងហើយ។

រុស្ស៊ីសន្យាជួយ​

គួរកត់សំគាល់ថា មហាយក្សចិន តែងតែអះអាងជានិច្ចជាកាលថា ខ្លួន​នឹងរក្សាកម្លាំង​សព្វាវុធនុយក្លេអ៊ែរ ឲ្យស្ថិតនៅ​ទាបបំផុត ក្នុងកម្រិតចាំបាច់ដើម្បីតែការពារសន្តិសុខជាតិ​ប៉ុណ្ណោះ។ ហើយ​កាលពីខែមុន ក្នុងពេលជួបជាមួយលោក​ពូទីន លោកស៊ី ជីនពីង បានប្រកាស​ថា “សង្គ្រាមនុយក្លេអ៊ែរ នឹងមិន​អាចផ្ទុះឡើងបាន​ជាដាច់ខាត”។ ក៏ប៉ុន្តែទន្ទឹមគ្នានេះ យោងតាម ក្រុមសម្ព័ន្ធអន្តរជាតិ ដើ​ម្បី​លប់បំបាត់អាវុធនុយក្លេអ៊ែរ បាន​ឲ្យ​ដឹងថា ក្នុងឆ្នាំ​២០២១ រដ្ឋាភិបាលចិនបានចំណាយ​ប្រាក់ប្រមាណ ជិត​១២ពាន់​លាន​ដុល្លារ ទៅលើវិស័យសព្វាវុធនុយក្លេអ៊ែរ។ ពោលគឺស្មើនឹង១ភាគ៣ នៃទំហំទឹកប្រាក់ដែលអាមេរិក​បានចំណាយ​លើវិស័យនេះ​​។

តែយ៉ាងណាក៏ដោយ អ្នកជំនាញ​ខ្លះបានលើកឡើងថា ការអភិវឌ្ឍន៍​វិស័យសព្វាវុធនុយក្លេអ៊ែររបស់ចិន គឺអាចមាន​ឧបសគ្គច្រើន។​ ការផលិត​ក្បាលគ្រាប់​នុយក្លែអ៊ែរ ត្រូវការ​ជាចាំបាច់ នូវ​ធាតុហ្វីស៊ីល (Matière fissile) ដែលមានស្នូលអាតូមិក ហើយសមត្ថភាពនិង​បច្ចេកវិទ្យាផលិត​របស់ចិននៅមានកម្រិត។ ក្នុងបញ្ហានេះ អ្នកជំនាញជឿថា រុស្ស៊ីទំនងជាអាចជួយចិន​បាន​។

សូមរំលឹកថា ​កន្លងមកថ្មីៗនេះ ប្រធានាធិបតី​​ចិននិងរុស្ស៊ី បានប្រកាសសន្យា រួមសហការគ្នា​ក្នុង​វិស័យ​នុយក្លេអ៊ែរ។ អ្នកជំនាញបច្ចេកវិទ្យា​​​ថាមពល​នុយក្លេអ៊ែររបស់រុស្ស៊ី បានសុខចិត្ត​យល់ព្រមជួយចិន នៅក្នុងគម្រោង​សាសង់ រ៉េអាក់ទ័រល្បឿនលឿន ដែលអាច​ផលិត​ចេញជា ធាតុហ្វីស៊ីល ក្នុង​បរិមានច្រើន យ៉ាងឆាប់រហ័ស។ ផ្អែកតាម​ប៉េកាំង​ កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ គឺ​ពាក់ព័ន្ធតែលើវិស័យនុយក្លេអ៊ែរស៊ីវីលតែប៉ុណ្ណោះ។ តែយ៉ាងណា អ្នកជំនាញជឿ​ថា​ អាចនឹង​ឆក់ឱកាស​ប្រើបច្ចេកវិទ្យានេះ ដើម្បីផលិត ធាតុ​ហ្វីស៊ីល​ ឲ្យ​បានច្រើន ទុកប្រើ​ក្នុងគ្រាប់បែក​បរមាណូ។

បង្កើនសមត្ថភាពចម្រាញ់ធាតុព្លុយតូនីញ៉ូម

ផ្អែកតាមលោក Matt Korda ចិនពិតជាអាច​មាន​ផ្លូវ បង្កើនសកម្មភាពចម្រាញ់ធាតុព្លុយតូនីញ៉ូម ក្នុងទំហំមួយច្រើន តាមរយៈបច្ចេកវិទ្យា​ ​រ៉េអាក់ទ័រណឺត្រុងរហ័ស ដែលរុស្ស៊ីនឹងប្រគល់ឲ្យ​។ ក៏ប៉ុន្តែសម្រាប់ពេល​នេះ​ មិនទាន់មានសញ្ញាអ្វីមួយបញ្ជាក់ថា ចិនចង់ធ្វើបែបនេះ​នោះទេ។ លោក Gregory Kulacki អ្នកជំនាញ​ចិននៅ​ Union of Concerned Scientists បាន​លើកឡើងថា ទំហំស្តុក​របស់ចិន​មានទាបខ្លាំងណាស់។ លោកអះអាងថា យោងតាមប្រភពព័ត៌មាន ជាមួយនឹង​រ៉េអាក់ទ័រដែលផលិតធាតុអ៊ីហ្សូតូបហ្វីស៊ីល​ (Isotopes fissiles) បែបរហ័ស របស់រុស្ស៊ី​ គឺចិនមិនអាច​មានលទ្ធភាព​ចម្រាញ់ធាតុព្លុយតូនីញ៉ូម ឲ្យ​បានលឿនរហ័ស ដូចអ្វីដែលខ្លួនចង់បាន បាននោះ​ទេ ។

ប្រាប់ទៅអាមេរិកថា "​កុំចង់សាក!"

គួរកត់សំគាល់ដែរថា ជាទូទៅរដ្ឋមន្ត្រីក្រសួង​ការពារជាតិអាមេរិក តែងតែមានទំនោរបំផ្លើស ឬបំប៉ោងតួលេខខ្លះ ដើម្បី​ធ្វើឲ្យស្ថានការណ៍​កាន់តែអាសន្ន ហើយ​ទាមទារសុំថវិកាចំនាយ​ឲ្យ​បានច្រើនពីសភាខុសហ្ក្រេស។ តែទន្ទឹមគ្នានេះ ចិន​ក៏​មានហេតុផលគ្រប់គ្រាន់ដែរ ដែលតម្រូវឲ្យខ្លួនត្រូវតែពង្រឹងសមត្ថភាព​​សព្វាវុធនុយ​ក្លេអ៊ែរ។ លោក David Logan សាស្ត្រាចារ្យនៅ Naval War College ពន្យល់ថា មេដឹកនាំចិនបារម្ភថា អាមេរិកអាចនឹង​បើកការវាយ​ប្រហារនុយក្លេអ៊ែរមកលើចិនមុន ហើយដែលនឹងកម្ទេចសមត្ថភាពចិន មិន​ឲ្យវាយបកទៅវិញបាន​។ ដូច្នេះ ការពង្រឹងសមត្ថភាពរបស់ចិន គឺសំដៅឆ្លើយតប បិទផ្លូវ​កុំ​ឲ្យលទ្ធភាពនេះ អាចកើតឡើងបាន​។

បន្ថែមពីនេះទៀត ការប្រឹងប្រែងរបស់ចិននៅក្នុងវិស័យនេះ គឺចង់ប្រាប់ទៅភាគីអាមេរិក ឲ្យ​ពិចារណាឲ្យបានច្បាស់ ព្រោះអាមេរិកនឹងខាតបង់ខ្លាំង បើហ៊ានលូកដៃចូលក្នុងសំណុំរឿងតំបន់​ ។ លោក Ankit Panda អ្នកជំនាញនៅ មូលនិធិ Carnegie ដើម្បី​សន្តិភាពអន្តរជាតិ បាន​ពន្យល់ថា ចិនចង់ប្រើ​កម្លាំងសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន កំញើញប្រាប់ទៅអាមេរិក ថាមិនត្រូវលូកដៃចូល​ក្នុងបញ្ហាច្រកសមុទ្​រតៃវ៉ាន់។ ទោះបីចិនអះអាងថា ចង់ឱបក្រសោប​កោះតៃវ៉ាន់ មកក្នុងមហាគ្រួសារចិនវិញ ដោយសន្តិវិធីក្តី តែចិនមិន​បាន​បដិសេធ ថានឹងមិន​ប្រើ​កម្លាំងសោះនោះឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ