អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នៅឥណ្ឌា ប្រជាជន​កាន់សាសនា​ហិណ្ឌូនិង​អ៊ីស្លាម ​ចោទប្រកាន់គ្នា​ពីបញ្ហាបង្កើតកូន​ច្រើន

ចុះផ្សាយ​នៅ​ថ្ងៃ៖

​តាំង​ពី​ពេល​ដែល អង្គការសហប្រជាជាតិ​ ចេញផ្សាយ​របាយការណ៍​ពី​ចំនួនកំណើន​ប្រជាជនឥណ្ឌានឹងកើនឡើងច្រើន​លើសប្រជាជនចិន​មក គឺ ធ្វើឲ្យ ប្រជាជន​ឥណ្ឌា​កាន់សាសនាហិណ្ឌូ ​ និង​ អ្ន​កកាន់​សាសនា​អ៊ីស្លាមនៅក្នុងស្រុក​ កាន់តែ​បញ្ឆេះ​កំហឹង​ដាក់​គ្នា​ខ្លាំងឡើង​ៗដែរ​។ នៅផ្ទៃក្នុងប្រទេសឥណ្ឌា  បណ្តាអ្នកកាន់សាសនាហិណ្ឌូ ជាតិនិយមជ្រុល បានអង្អុលមុខពួកអ្នកកាន់សានាអ៊ីស្លាម ថាបង្កើតកូនច្រើនដើម្បីចង់គ្រប់គ្រងប្រទេសឥណ្ឌា​​។​ ចំណែកឯ អ្នកកាន់សាសនាអ៊ីស្លាម ចោទវិញថា អ្នកកាន់សាសនាហិណ្ឌូកំពុងតែបំប៉ោងបំភ្លៃ ហើយនិង រើសអើងជនជាតិភាគតិច។ ​ ​

ស្ត្រី​ចំណាស់​ឥណ្ឌា កាន់សាសនាអ៊ីស្លាម ថ្លែងទុក្ខសោក​ ក្រោយពី​ស្វាមី​ត្រូវ​ចាប់ខ្លួន ហើយ​កូន​ៗ​ឈឺ​ និង​ត្រូវ​អាជ្ញាធរ​ចោទ​ថា​ជា​«ជន​បរទេស»​។
ស្ត្រី​ចំណាស់​ឥណ្ឌា កាន់សាសនាអ៊ីស្លាម ថ្លែងទុក្ខសោក​ ក្រោយពី​ស្វាមី​ត្រូវ​ចាប់ខ្លួន ហើយ​កូន​ៗ​ឈឺ​ និង​ត្រូវ​អាជ្ញាធរ​ចោទ​ថា​ជា​«ជន​បរទេស»​។ AP - Anupam Nath
ផ្សាយពាណិជ្ជកម្ម

ពាក់កណ្តាល​ឆ្នាំ​នេះ ឥណ្ឌា ​វ៉ាដាច់​ ចិន ខាង​បង្កើត​កូន។​  ប្រជាជនឥណ្ឌា នឹង​កើនដល់ ១,៤២៨៦ ពាន់លាននាក់ ហើយ ចិន មានប្រជាជន ១,៤២៥៧ ពាន់លាននាក់។ នេះជា​ទិន្នន័យរបស់​អង្គការ​សហប្រជាជាតិ ​ដែល​ផ្សាយ​ព្រោង​ព្រាត​ ក្នុង​ខែមេសា​កន្លងទៅ។​

«អ៊ីស្លាម​ត្រួតត្រាឥណ្ឌា»

ផ្ទៃក្នុងប្រទេសឥណ្ឌា  គឺបញ្ហាកំណើត​កូន​ច្រើន​​​នេះ ​បង្កឲ្យ​មាន​ការ​រើស​អើង​ប្រកាន់​គ្នា​ ចំណោម​​រង្វង់ប្រជា​​ពលរដ្ឋ​ឥណ្ឌា​ខ្លួន​ឯង ដែល​និយម​​និកាយ​សាសនា​ផ្សេងគ្នា។ ពួកឥណ្ឌា​កាន់​សាសនា​​ហិណ្ឌូ​ ​បញ្ឆេះ​កំហឹង ​និង​សាបព្រោះ​ភាព​ស្អប់ខ្ពើម​ទៅលើ​​​ពួកមូស្លិម​កាន់​សាសនា​​អ៊ីស្លាម​ ព្រមទាំង​ចោទ​ថា ពួក​អ៊ីស្លាម​ខំប្រឹង​បង្កើត​កូន​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​ច្រើន​ជាង​ពួក​ហិណ្ឌូ ​អាច​ត្រួតត្រា​ប្រទេស​ឥណ្ឌា​ទាំងមូល​ ហើយ​និងចង់​​បង្កើត​ច្បាប់​សាសនា​​អ៊ីស្លាម «សារីយ៉ា Charia» ជំនួស​ច្បាប់​រដ្ឋធម្មនុញ្ញ ​ហិណ្ឌូនិយម ​តែម្តង។ ​

ទិន្នភាព​នេះ មានក្នុង​ជី​វភាព​រស់​នៅប្រចាំថ្ងៃ​ និង​នៅ​លើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​។ នៅ​រដ្ឋ​ឧត្តរប្រទេស (ឬ Uttar Pradesha)​ ឱសថការីម្នាក់ ឈ្មោះ អមីត អ៊ុតបាយ្យាយ (Amit Upadhyay )មាន​អ្ន​កគាំទ្រ​ ៤ ម៉ឺននាក់នៅក្នុង​បណ្តាញសង្គម ហ្វេសបុក បា​នស្រោច​គំនិត​អើសអើង​ប្រឆាំង​នឹង​​ ជនជាតិឥណ្ឌា​ ភាគតិច កាន់តែសាសនា​អ៊ីស្លាម​។ អ្នក​លក់​ឱសថ ជាតិ​និយមសាសនាហិណ្ឌូ​ រូបនេះ​  បាន​ផ្សាយ​ក្នុងបណ្តាញ​សង្គម​ និង​ឃោសនា​ប្រាប់​អតិថិជន​ទៅទិញ​ថ្នាំ ជាពួក​ហិណ្ឌូ​ ថា «​ត្រូវតែ​នាំ​គ្នា​​បង្កើតកូន​ឲ្យបាន​​ច្រើន​ ឲ្យ​ច្រើន​ជាង​ពួក​អ៊ីស្លាម។ បើ​មិន​ដូច្នេះទេ ពួក​អ៊ីស្លាម​ នឹង​​ក្លាយ​ជាអ្ន​កបង្ក​គ្រោះថ្នាក់​​ គំរាម​កំហែង ហើយ​និង​លុប​បំបាត់​សាសនា​ហិណ្ឌូ​ នៅ​ស្រុក​ឥណ្ឌា​ហើយ​»។ បុរស​ម្នាក់​នេះ ផ្សព្វផ្សាយ​គំនិតអើសអើងបែបៗ​ដូច្នេះ​នេះ ជា​ប្រចាំ​ និង​តែងតែ​មាន​អ្នក​តាម​ដាន​ចូលចិត្ត​ច្រើនដែរ ​​​។

ការឃោសនា​បែបៗ​នេះ នៅប្រទេស​ឥណ្ឌា ពុំ​មែន​មានតែ​នៅក្នុង​ចំណោម​ប្រជាពលរដ្ឋ​សាមញ្ញ​ទេ សូម្បីតែ​ ​ពួក​អ្ន​កនយោបាយនិង​អ្នក​ច្បាប់​​​ នៅ​រដ្ឋ​សភាជាតិ​ ក៏មាន​ដែរ។ គំនិត​​ជំរុញ​ឲ្យ​ពួក​ហិណ្ឌូ​បង្កើន​ចំនួន​កូន​ឲ្យ​ច្រើន ឲ្យ​លើស​ពួក​អ៊ីស្លាម​នេះ គឺ​អ្នក​នយោបាយ​ជាតិ​និយម​ជ្រុល បំផុស​ការ​គិតនេះ​​ច្រើន​ឆ្នាំដែរមកហើយ។​ ឧទាហរណ៍​ជាក់ស្តែង គឺ​ពួក​អ្នក​នយោបាយ​របស់​គណប​ក្ស​ Bharatiya Janata Party (BJP)  បក្សកាន់​អំណាច​របស់លោកនាយករដ្ឋមន្ត្រី​ ណារិន្ទ្រា ម៉ូឌី ​និង​ដែល​ប្រកាន់​នយោបាយ​ហិណ្ឌូ​និយម​។​ ក្នុង​២០១៩ អ្នក​តំណាង​រាស្ត្រ រាកិស្ហ សិង្ហា (Rakesh Sinha) មកពីបក្ស​អំណាច​នេះ បាន​ផ្តួច​ផ្តើម​រៀបចំ សំណើ​ច្បាប់​ កំណត់​ចំនួន​កូន ឲ្យ​មា​នត្រឹម​ ២ នាក់​។ នេះក៏​​ព្រោះតែគេ​យល់​ឃើញថា ក្នុង​គ្រួសារ​កាន់​សាសនា​អ៊ីស្លាម​ ប្តី​អាច​មាន​ប្រពន្ធច្រើន​និងកូន​ច្រើនពេក​។ សំណើ​ច្បាប់ក្នុង​ស្មារតី​បែបនេះ ត្រូវ​អ្នក​តំណាង​រាស្ត្រ​ ដល់ទៅ ១២៤ នាក់​ឯណោះ បាន​គាំទ្រ។​

បុគ្គល​ល្បីល្បាញម្នាក់ទៀត​ លោក​ ឥស្សារ ឡល (Ishwar Lal)​ ដែល​ស្និទ្ធ​នឹង​បក្ស​ហិណ្ឌូ​និយម​នេះ ក៏​បាន​ថ្លែង​បែប​ចំអក​ឌឺដង​ផង​ នៅទីសាធារណៈ​ថា«ពួក​ហិណ្ឌូ រៀប​អាពាហ៍​ពិពាហ៍​​តែម្តង និង​មាន​កូន​តែ ២ ប៉ុន្តែ​ ចំណែក​ឯ ពួក​អ៊ីស្លាម រៀប​ការ​ ៤ - ៥ ដង​ ហើយ​មា​ន​កូន​ ក៏​​ច្រើនសន្ធឹក​​ ស្ទើរតែ​អាច​បង្កើត​ក្រុម​កីឡា ​១ ក្រុម ​បា​នទៅហើយ»​។ 

​តើ​នៅឥណ្ឌា ពួក​មូស្លិមកាន់​សាសនា​អ៊ីស្លាម ពិតជា​មា​នចំនួន​ច្រើន​ជាងពួក​ហិណ្ឌូ មែនឬទេ​?​

ចម្លើយ គឺថា​ នៅឥណ្ឌា​​ ពួកមូស្លិមកាន់សាសនាអ៊ីស្លាម ជា​ក្រុម​ជនជាតិ​ភាគតិច ហើយ​មាន​ចំនួន​តិច​ជាង​ពួក​ហិណ្ឌូឆ្ងាយណាស់។ តាម​ការ​សិក្សា​របស់​មជ្ឈមណ្ឌល​អាមេរិក​ខាង​ជញ្ជឹង​គិត ​Pew Reaserche Center គឺបាន​បញ្ជាក់​ឲ្យឃើញថា ​សូម្បីតែ​នៅពេល​ពាក់​កណ្តាល​សតវត្សរ៍​ទី​២១នេះ ក៏​ពលរដ្ឋ​ឥណ្ឌា​ជន​ជាតិ​ភាគតិចកាន់​សាសនាអ៊ីស្លាម នៅតែ​មាន​ចំនួន​តិចជាងពួក​ឥណ្ឌា​កាន់​សាសនា​ហិណ្ឌូ ឆ្ងាយដែរ​។ ពោលគឺ នៅឆ្នាំ​២០៥០ ពួក​ឥណ្ឌាអ៊ីស្លាម​ អាច​កើនឡើងដល់ ៣១១ លាន​នាក់ ចំណែក ឯ ពួក​ហិណ្ឌូ ១,៣ ពាន់លាននាក់ ឯណោះ​។ ចំពោះ​អត្រា​បង្កើត​កូន​វិញ ២ទសវត្សរ៍ចុងក្រោយ​ ពួក​ឥណ្ឌាអ៊ីស្លាម​ បាន​ថយ​ចុះ​ស្ទើរតែពាក់កណ្តាល​។ ការ​សិក្សា១​នៅឆ្នាំ​២០២១ បញ្ជាក់ថា នារី​ឥណ្ឌា​កាន់​សាសនា​អ៊ីស្លាមម្នាក់ អាចផ្តល់​កំណើត​កូន​ ជា​មធ្យម ២,៣ នាក់​។ ផ្ទុយ​ពី​រយៈ​ពេល​២០ឆ្នាំមុន ដែល​ នារីមូស្លិមឥណ្ឌា​ម្នាក់ បង្កើត​កូន​ ជាមធ្យម ៤ ទៅ​៥ នាក់​ឯណោះ។ ​​

«ដើម្បី​កេង​ចំណេញ​នយោបាយ»

លោកបណ្ឌិត ឃុរៃស្ហី​ (S.Y. Quraishi) ជា​អតីត​ស្នងការ​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ឥណ្ឌា ហើយ​រូប​លោក​ក៏​ជា​អ្ន​កកាន់​សាសនា​អ៊ីស្លាម​ម្នាក់​ដែរ បា​នវិភាគ​ពិចារណា​និងសរសេរ​​ច្រើនពី ​ពួក​ក្រុម​ជាតិ​និយម​ជ្រុល​ហិណ្ឌូ។ លោកបណ្ឌិត​ថា ពួក​នេះ​ឃោសនា​បំភ្លៃ​ព័ត៌មាន​​ស្តី​ពី​អត្រា​កំណើត​ ព្រោះ​ដើម្បី​កេង​ចំណេញ​នយោបាយ។​​

នេះអាច​ឲ្យ​គេ​ឆ្លុះ​បញ្ចាំង​ឃើញ​ពី​​ទង្វើ​របស់​បក្ស​កាន់​អំណាច​នៅឥណ្ឌា។​ រដ្ឋាភិបាល​របស់​​នាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី មិន​បាន​ប្រកាសចំនួន​សិក្សា​​​​ប្រជាសាស្រជា​ផ្លូវ​ការ​​ទេ ពីព្រោះអាច​ទំនង​ជា​ចង់​ទុក​ឲ្យ​មាន​ការ​បកស្រាយ​ផ្សេងគ្នាៗ​ចំពោះ​ចំនួន​បង្កើត​កូនផង​ ​ហើយ​ម្យ៉ាងទៀត ក៏ព្រោះ​តែ​បារម្ភ​ខ្លាចពីការ​រិះគន់​ចំពោះ​អ​ត្រាអត់​ការ​ងារធ្វើ​ ​ដ៏ច្រើន​ក្នុង​ចំណោម​យុវជន។ ប្រជាជន​ឥណ្ឌា ជិត​ពាក់​កណ្តាល មា​នអាយុតិច​ជាង​៣០ឆ្នាំ ហើយ​ដែល​កំពុង​តែស្រេក​ឃ្លាន​ក្នុងការ​ប្រលូកចូល​ក្នុងវិស័យ​ការងារ​។ ប្រសិន​​​បើរដ្ឋាភិបាល​ឥណ្ឌា​ប្រកាសចំណុច​នេះ ជាផ្លូវការ​ គឺ​មិន​នាំ​ផល​ល្អ ហើយថែមទាំងអាច​ជះផល​អាក្រក់​ដល់​ការ​បោះឆ្នោត​ជាតិ​ នៅឆ្នាំ​ខាង​មុខ​នេះ​។

ចំពោះ​ប្រទេស​ឥណ្ឌា​ផ្ទាល់​ ក្រៅពីបញ្ហា​​កង្វះការងារ  កំណើន​ខ្លាំង​ខាង​ប្រជាសាស្ត្រ​ គឺនឹងនាំ​ឲ្យ​បង្ក​ជា​បញ្ហា​ចំណោទប្រឈម​ខ្លាំង ​វិបត្តិ​សង្គម មាន​ទាំង​ពី​ការសិក្សា រចនាសម្ព័ន្ធ ទឹក ភ្លើង... ពិសេស​ទៅទៀត​ គឺ​ ​វិសមភាពអ្នក​មាន​អ្ន​កក្រ, កង្វះ​លំនៅ​ដ្ឋាន​សមរម្យ​នៅក្នុង​ទីក្រុង...​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ