អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

IMF៖ គ្រោះថ្នាក់នៃវិស័យហិរញ្ញវត្ថុ និងធនាគារឆ្នាំ២០២៣?

ចុះផ្សាយ​នៅ​ថ្ងៃ៖

របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បានបង្ហាញអំពី ភាពងាយរងគ្រោះនៅក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ សម្រាប់ឆ្នាំ២០២៣នេះ។ បញ្ហានេះបានក្លាយជាចំណុចត្រូវផ្តោតយ៉ាងសំខាន់ ហើយការភ័យខ្លាចនៃការឆ្លងវិបត្តិនេះទៅប្រព័ន្ធហិរញ្ញវត្ថុទាំងមូល រួមទាំងស្ថាប័នហិរញ្ញវត្ថុមិនមែនធនាគារ ក៏បានក្លាយជាប្រធានបទក្ដៅផងដែរ។ ហេតុអ្វី?

IMF៖ គ្រោះថ្នាក់នៃវិស័យហិរញ្ញវត្ថុ និងធនាគារឆ្នាំ២០២៣?
IMF៖ គ្រោះថ្នាក់នៃវិស័យហិរញ្ញវត្ថុ និងធនាគារឆ្នាំ២០២៣? AP - Seth Wenig
ផ្សាយពាណិជ្ជកម្ម

បើមើលនៅលើផ្ទៃទឹកខាងលើ សេដ្ឋកិច្ចពិភពលោកហាក់ដូចជាត្រៀមខ្លួនរួចរាល់ ដើម្បីស្ទុះងើបឡើងវិញបន្តិចម្តងៗ ក្រោយត្រូវប្រឈមជាមួយវិបត្តិជំងឺកូវីដ១៩ និងឥទ្ធិពលនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ក្នុងនោះ សេដ្ឋកិច្ច​ចិន​កំពុង​ស្ទុះ​ងើប​ឡើង​វិញ ​បន្ទាប់​ពី​ការ​បើកចំហ​សេដ្ឋកិច្ច​របស់​ខ្លួន។ ការរំខានដល់ខ្សែច្រវាក់នៃការផ្គត់ផ្គង់ទំនិញនៅទូទាំងពិភពលោកគឺមានភាពធូរស្រាលជាងមុន នៅពេលដែលតម្លៃថាមពល និងតម្លៃស្បៀងអាហារសកលកំពុងធ្លាក់ចុះ។ ក្នុងពេលដំណាលគ្នា កម្រិតអតិផរណា ឬការឡើងថ្លៃទំនិញជាទូទៅក៏មានកម្រិតធ្លាក់ចុះផងដែរ។

ផ្អែកតាមការព្យាករចុងក្រោយរបស់មូលនិធិរូបិយវត្ថុអន្ដរជាតិ ឬគេស្គាល់ថា IMF កំណើនសេដ្ឋកិច្ចសកលនឹងមានកម្រិត ២,៨ភាគរយនៅឆ្នាំ២០២៣នេះ មុនពេលកើនឡើងតិចតួចដល់ ៣ភាគរយនៅឆ្នាំ២០២៤។

ក៏ប៉ុន្តែ បើមើលនៅក្នុងជម្រៅផ្ទៃទឹក បញ្ហា និងមានភាពផុយស្រួយកំពុងកើតមានឡើង ព្រោះតែបញ្ហាអស្ថិរភាពនៅក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យធនាគារ ដែលបានកើតឡើងនាពេលថ្មីៗនេះ។ ការព្រួយបារម្ភគឺថា ការរឹតបន្តឹងគោលនយោបាយហិរញ្ញវត្ថុ តួយ៉ាងការអនុវត្តនយោបាយដំឡើងអត្រាការប្រាក់ដើម្បីដោះស្រាយបញ្ហាអតិផរណា ក្នុងរយៈពេល ១២ខែកន្លងមកនេះ កំពុងចាប់ផ្តើមមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យហិរញ្ញវត្ថុ។

យោងតាមស្ថាប័នអន្ដរជាតិ IMF អ្វីដែលពិភពលោកត្រូវប្រឈមថ្មី គឺ បញ្ហានៅក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ។ ភាពងាយរងគ្រោះក្នុងវិស័យធនាគារ បានក្លាយជាចំណុចត្រូវផ្តោតជាសំខាន់ ហើយការភ័យខ្លាចនៃការឆ្លងវិបត្តិនេះទៅប្រព័ន្ធហិរញ្ញវត្ថុទាំងមូល រួមទាំងស្ថាប័នហិរញ្ញវត្ថុមិនមែនធនាគារ ក៏បានក្លាយជាប្រធានបទក្ដៅផងដែរ។ ហេតុអ្វី?

ពីមុនវិបត្តិសង្គ្រាម ពិភពលោកមានកម្រិតអតិផរណាទាប ឬទំនិញមិនសូវមានការកើនឡើងតម្លៃ រីឯអត្រាការប្រាក់សម្រាប់កម្ចីក៏មានកម្រិតទាបផងដែរ។ ក៏ប៉ុន្តែ ក្រោយមក ពិភពលោកត្រូវប្រឈមវិបត្តិផ្ទួនៗ ធនាគារកណ្ដាលនៃប្រទេសយ៉ាងច្រើនលើពិភពលោក បានរឹតបន្តឹងយ៉ាងខ្លាំងលើគោលនយោបាយរូបិយវត្ថុ។ ជាលទ្ធផល វាបានបង្កឱ្យមានផលប៉ះពាល់យ៉ាងច្រើននៅក្នុងវិស័យធនាគារ និងស្ថាប័នដែលពឹងផ្អែកច្រើនលើកម្ចី។

ឥឡូវនេះ នយោបាយដំឡើងអត្រាការប្រាក់បានធ្វើឱ្យកម្ចីងាយស្រួលត្រូវបានបង្អាក់ ហើយ ថ្លៃដើមនៃហិរញ្ញប្បទាន (Cost of funding) ឬការទទួលបានមូលនិធិ ក៏មានការកើនឡើងផងដែរ។ ដូច្នេះ អ្នកផ្ដល់កម្ចី ឬអ្នកផ្ញើប្រាក់នឹងត្រូវចំណាយច្រើនជាងមុន ដើម្បីដំណើរការប្រតិបត្តិការរបស់ខ្លួន។ នៅក្នុងស្ថានភាពនេះ ស្ថាប័នហិរញ្ញវត្ថុដែលធ្លាប់ពឹងផ្អែកខ្លាំងលើប្រភពលុយដែលមានការប្រាក់ទាប ត្រូវរងផលប៉ះពាល់ខ្លាំងណាស់ ក្នុងការកែប្រែម៉ូឌែលអាជីវកម្មរបស់ខ្លួន។

នាពេលចុងក្រោយ អស្ថិរភាពហិរញ្ញវត្ថុបានកើតឡើងនៅក្នុងចក្រភពអង់គ្លេស និងភាពចលាចលនៃវិស័យធនាគារនាពេលថ្មីៗនេះបានកើតឡើងនៅក្នុងសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ ក្នុង​ករណី​ទាំង​ពីរ​នេះ អាជ្ញាធរ​បាន​ចាត់​វិធានការ​លឿនរហ័ស និង​ខ្លាំង ហើយ​អាច​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​វិបត្តិ​រហូត​មក​ដល់​ពេល​នេះ។ ក៏ប៉ុន្តែ ប្រព័ន្ធហិរញ្ញវត្ថុទាំងមូលនៅតែមានបញ្ហាដ៏គួរឱ្យបារម្ភនៅឡើយ។

នៅក្នុងកម្រិតសកល ការបរាជ័យដែលគេមិននឹកស្មានដល់របស់ធនាគារចំនួនពីរ នៅសហរដ្ឋអាមេរិក នៅខែមីនា ឆ្នាំ២០២៣ និងការដួលរលំនៃទំនុកចិត្តនៅក្នុងធនាគារស៊្វីស Credit Suisse បានធ្វើឱ្យអ្នកដាក់ប្រាក់បញ្ញើនៅធនាគារ និងនៅស្ថាប័នមិនមែនធនាគារ ឬអ្នកវិនិយោគ ត្រូវវាយតម្លៃឡើងវិញនូវសុវត្ថិភាពនៃប្រាក់បញ្ញើ របស់ខ្លួន ហើយព្យាយាមដកប្រាក់ពីស្ថាប័ន និងការវិនិយោគដែលពួកគេយល់ថាងាយរងគ្រោះ។

ជាទូទៅ នៅពេលមានវិបត្តិ អ្នកវិនិយោគដែលភ័យស្លន់ស្លោតែងតែព្យាយាមដកសាច់ប្រាក់របស់ពួកគេភ្លាមៗ ដូចដែលពួកគេបានធ្វើជាមួយធនាគារ Credit Suisse។ ដូច្នេះ ស្ថាប័នហិរញ្ញវត្ថុដែលមានបំណុលខ្ពស់ ពួកគេនឹងមានហានិភ័យខ្លាំងណាស់ ប្រឈមនឹងស្ថានភាពបែបនេះ។

នៅក្នុងកម្រិតប្រទេស ​ប្រទេស​ដែល​មាន​មូលដ្ឋានសេដ្ឋកិច្ចទន់​ខ្សោយ ក៏អាចក្លាយជាគោលដៅនៃហានិភ័យបន្ទាប់ផងដែរ។ ការរឹតបន្តឹងយ៉ាងខ្លាំងនៃលក្ខខណ្ឌហិរញ្ញវត្ថុសកល និងភាពតក់ស្លុតលើហានិភ័យ អាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើលក្ខខណ្ឌនៃការផ្ដល់កម្ចី និងហិរញ្ញវត្ថុសាធារណៈ ជាពិសេសនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍។ ប្រទេសទាំងនោះអាចរងគ្រោះព្រោះត្រូវប្រឈមនឹងការដកប្រាក់យ៉ាងគំហុកពីអ្នកវិនិយោគបរទេស។

នៅពេលដែលអ្នកវិនិយោគបង្ខំដកលុយច្រើន វាធ្វើឱ្យលុយបរទេស ជាឧទាហរណ៍ លុយដុល្លារអាមេរិកធ្លាក់ចុះបរិមាណ ដូច្នេះវាអាចបង្កឱ្យលុយបរទេសឡើងថ្លៃ រីឯលុយជាតិត្រូវធ្លាក់តម្លៃខ្លាំង និងភ្លាមៗ។ ស្ថានភាពនេះអាចបង្កឱ្យមានចលាចលតម្លៃលុយ និងតម្លៃទំនិញផងដែរ។ វាក៏អាចបង្កឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ហើយទំនុកលើការវិនិយោគ និងការចំណាយនឹងធ្លាក់ចុះ។ នៅក្នុងសេណារីយ៉ូអាក្រក់បំផុត សេដ្ឋកិច្ចជាតិត្រូវជាប់គាំង ធ្លាក់ក្នុងវិបត្តិ ហើយចំណូលរបស់ប្រជាពលរដ្ឋនឹងអាចឈានដល់ការធ្លាក់ចុះខ្លាំង។

ផ្អែកតាមអនុសាសន៍របស់ស្ថាប័នអន្ដរជាតិ IMF ការអនុវត្តនយោបាយហិរញ្ញវត្ថុដោយប្រុងប្រយ័ត្ន និងទាន់ពេលវេលាគឺមានភាពចាំបាច់ណាស់ នាពេលឥឡូវនេះ ដើម្បីការពារទាំងប្រព័ន្ធហិរញ្ញវត្ថុ និងសកម្មភាពសេដ្ឋកិច្ចទាំងមូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ