អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កំណើនវិស័យថាមពលសូឡាអាចបង្កើតបញ្ហាចោទរឿងចាត់ចែងសំណល់ផ្ទាំងសូឡា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងរបាយការណ៍ ចេញផ្សាយ កាល​ពីថ្ងៃទី២៥ ឧសភា កន្លងទៅ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ បាន​ព្យាករ​ថា ការវិនិយោគ​ទៅលើ​ថាមពល​បៃតង នៅក្នុងឆ្នាំ២០២៣​នេះ នឹង​ត្រូវ​កើនឡើង​លើស​ថាមពល​ផូស៊ីល ហើយ​ក្នុង​ចំណោម​ថាមពល​បៃតងនេះ វិស័យ​ដែល​នាំមុខគេ គឺ​ថាមពល​សូឡា។ កំណើន​ដ៏លឿន​នៃ​វិស័យថាមពល​សូឡា​នេះ វា​គឺ​ជា​ដំណឹងល្អមួយ សម្រាប់​​ការ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន ទប់ស្កាត់​ការ​ឡើងកម្តៅផែនដី។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា វា​ក៏​អាច​ចោទ​ជា​បញ្ហា​ចម្បងមួយផងដែរ គឺ​កំណើន​នៃ​កាកសំណល់​ពី​ផ្ទាំងសូឡា​ដែល​គេ​លែងប្រើ ហើយ​ដែល​អាច​នឹង​ត្រូវ​បង្ក​ជា​ការ​បំពុល​បរិស្ថាន។

តាមការព្យាករ សំណល់ពីផ្ទាំងសូឡា​ចាស់ៗ អាច​នឹង​ត្រូវកើនឡើង​រហូតដល់​ទៅ​ជាង ១០លានតោន​ ក្នុងមួយឆ្នាំ នៅ​ត្រឹម​ឆ្នាំ២០៥០
តាមការព្យាករ សំណល់ពីផ្ទាំងសូឡា​ចាស់ៗ អាច​នឹង​ត្រូវកើនឡើង​រហូតដល់​ទៅ​ជាង ១០លានតោន​ ក្នុងមួយឆ្នាំ នៅ​ត្រឹម​ឆ្នាំ២០៥០ AP
ផ្សាយពាណិជ្ជកម្ម

យោងតាម​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ គិតត្រឹម​ឆ្នាំ២០២១​កន្លងទៅ បរិមាណ​អគ្គិសនី ដែល​ផលិត​ចេញ​ពី​ថាមពល​សូឡា មាន​​រហូតដល​់ទៅ​​ជាង ១លាន​មេហ្កាវ៉ាត់​ឯណោះ គិត​ជា​សរុប​នៅ​ទូទាំង​ពិភពលោក​ទាំងមូល។ គិត​ជា​ចំនួន​ផ្ទាំង​សូឡា​វិញ គឺ​មាន​រហូតដល់​ទៅ ប្រមាណ​ជា ២ពាន់៥រយលាន​ផ្ទាំង ដែល​ត្រូវ​បាន​គេ​ដាក់​ដំឡើង ហើយផ្ទាំងសូឡា​ត្រូវ​បាន​គេ​ដំឡើង​ប្រើប្រាស់​កាន់តែ​ច្រើន សំណល់​ដែល​បង្កើតឡើង ពី​ផ្ទាំងសូឡា​ចាស់ៗ​​ក៏​នឹង​ត្រូវ​កើនឡើងច្រើន​ទៅតាម​នោះផងដែរ។

ជាទូទៅ ផ្ទាំងសូឡា​នីមួយៗ គេ​អាច​ប្រើបាន​ក្នុងចន្លោះ​ពី ២៥ឆ្នាំ ទៅ៣០ឆ្នាំ ក៏ប៉ុន្តែ បច្ចេកវិទ្យា​សូឡា គឺ​ជា​បច្ចេកវិទ្យា​ដែល​មាន​ការវិវឌ្ឍ​ជឿនលឿន​ទៅមុខ​យ៉ាងលឿន​ជាប់ជា​ប្រចាំ ធ្វើ​ឲ្យ​គេ​អាច​ផលិត​ផ្ទាំងសូឡា​បាន​កាន់តែទំនើប ​អាច​ផលិត​អគ្គិសនី​បាន​កាន់តែ​មាន​ប្រសិទ្ធភាព។ ដូច្នេះ ផ្ទាំងសូឡា​ចាស់ៗ​ត្រឹម​អាយុ ១០ ទៅ ១៥ឆ្នាំ ដែល​គេ​នៅ​អាច​ប្រើ​បាន​ច្រើន​ឆ្នាំ​តទៅមុខទៀត ក៏​ត្រូវ​គេ​ផ្លាស់ចេញ ដើម្បី​ដំឡើង​ផ្ទាំងសូឡា​ថ្មី ដែល​អាច​ផលិត​អគ្គិសនី​បាន​ច្រើន​ជាង និង​ក្នុង​តម្លៃ​ថោកជាង។

ទាំងនេះ ជា​កត្តា​ធ្វើ​ឲ្យ​សំណល់​ពី​ផ្ទាំងសូឡា​ចាស់ៗ ក៏​ត្រូវ​កើនឡើង​រឹតតែ​ខ្លាំង ដោយ​គេ​បាន​ព្យាករ​ថា នៅ​ត្រឹម​ឆ្នាំ២០៣៥ខាងមុខនេះ សំណល់​ពី​ផ្ទាំងសូឡា​​​នៅ​ទូទាំង​ពិភពលោក​ទាំងមូល​​នឹង​ត្រូវ​កើនឡើង​រហូតដល់​ទៅ​ជាង ១លាន​តោន​ក្នុងមួយឆ្នាំ ហើយ​ចំនួន​នេះ​នឹង​ត្រូវ​កើនឡើង​ដល់​ទៅ​ជាង ១០លាន​តោន នៅ​ត្រឹម​ឆ្នាំ២០៥០​ខាងមុខ។

គួរបញ្ជាក់ថា សំណល់​ពីផ្ទាំងសូឡា​ចាស់ៗ​ទាំងនេះ ជា​ប្រភេទ​សំណល់​ដែល​មាន​ហានិភ័យ ហើយ​នៅ​ក្នុង​សហភាព​អឺរ៉ុប គេ​ចាត់បញ្ចូល​សំណល់​ពី​ផ្ទាំង​សូឡាចាស់ៗ​ ទៅ​ក្នុង​ប្រភេទ​សំណល់​អេឡិចត្រូនិក ដែល​មិន​អាច​យក​ទៅ​ចោល​ជាមួយ​សំរាម​ធម្មតា​បាននោះទេ ពោលគឺ ​ចាំបាច់​ត្រូវ​តែ​ចាត់ចែង​​​ដោយ​ប្រយ័ត្នប្រយែង ជាពិសេស គឺ​​ជំរុញ​ឲ្យ​មាន​ការ​កែច្នៃ​កាកសំណល់ ដើម្បីយក​ទៅ​ប្រើ​ឡើងវិញ។

បញ្ហា​ចោទ គឺ​នៅត្រង់​ថា គិត​មកទល់នឹង​ពេល​បច្ចុប្បន្ន​នេះ ឧស្សាហកម្ម​កែច្នៃសំណល់​ពីផ្ទាំងសូឡា​នេះ នៅមាន​ភាព​យឺតយ៉ាវ​ខ្លាំង​នៅឡើយ ដោយសារ​តែ​វា​ជា​មុខជំនួញ ដែល​មិន​សូវ​ផ្តល់​ប្រាក់ចំណេញ ទើប​មិន​សូវ​ទាក់ទាញ​វិនិយោគបានច្រើន។

គួរបញ្ជាក់ថា សារធាតុ​ដែល​មាន​នៅ​ក្នុង​ផ្ទាំងសូឡា គឺ​មាន​ផ្ទាំងកញ្ចក់​ដែល​ស្រោបពីលើ អាលុយមីញ៉ូម​ដែល​នៅ​ស្រោបជុំវិញ ចំណែក​នៅ​ខាងក្នុង Solar Cells គឺ​មាន​សឺមីកុងឌុចទ័េ និង​សារធាតុ​មាន​តម្លៃ​ខ្លះទៀត ជាអាទិ៍ ប្រាក់ និង​ទង់ដែង។

ប្រាក់ និង​ទង់ដែង​នេះ ជា​ប្រភេទ​លោហៈ​មានតម្លៃ ក៏ប៉ុន្តែ វា​មាន​តិចតួច ហើយ​ពិបាក​កែច្នៃ​ចេញ​ពី​សំណល់​ផ្ទាំងសូឡា។ ចំណែក​​សារធាតុ​ដែល​ងាយស្រួល​កែច្នៃ ហើយ​មាន​បរិមាណ​ច្រើន​ជាងគេ គឺ​កញ្ចក់។ ក៏ប៉ុន្តែ កញ្ចក់ ដែល​គេ​កែច្នៃ​ចេញ​ពី​ផ្ទាំងសូឡា​ចាស់ៗនេះ ​មាន​គុណភាព​អន់ មិនអាច​យក​ទៅ​ផលិត​ផ្ទាំងសូឡា​ថ្មីបាន។

ហេតុដូច្នេះហើយ​បាន​ជា​មាន​អ្នក​ជំនាញ​ជាច្រើន​បាន​លើកឡើង​ថា ដើម្បី​បង្កើន​សកម្មភាព​កែច្នៃ​សំណល់​ពី​ផ្ទាំងសូឡា ហើយ​បញ្ចៀស​ផលវិបាក​ធ្ងន់ធ្ងរ​ទៅដល់​បរិស្ថាន​ទៅថ្ងៃ​អនាគត គឺ​ចាំបាច់​ត្រូវតែ​មាន​វិធាន ដាក់ចេញ​ដោយ​រដ្ឋាភិបាល ដើម្បី​កំណត់​កាតព្វកិច្ច​ឲ្យ​ក្រុមហ៊ុន​​ដែល​ផលិត ឬ​នាំចូល​ផ្ទាំងសូឡា ចាំបាច់​ត្រូវតែ​កែច្នៃ​សំណល់​​ពី​ផ្ទាំង​សូឡា​នេះ​ឲ្យ​បាន នៅ​ក្នុង​អត្រា​ណាមួយ​ជាកំហិត ដូចជា នៅ​ក្នុង​​សហភាព​អឺរ៉ុប​ ជាដើម ច្បាប់​កំណត់​​តាំង​ពី​ឆ្នាំ២០១២​កន្លងទៅ​ថា សំណល់​ពី​ផ្ទាំង​សូឡា​នេះ ចាំបាច់​ត្រូវតែ​យក​ទៅ​​កែច្នៃ​ឡើងវិញ​ឲ្យ​បាន​យ៉ាងតិច ៨០%។

ការដាក់​កាតព្វកិច្ច​បែបនេះ វាជា​សម្ពាធមួយ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ចំណាយ​ទៅលើ​កែច្នៃ​សំណល់​ផ្ទាំងសូឡា ហើយ​បង្កើន​វិនិយោគ ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​កែច្នៃ​សំណល់​ផ្ទាំងសូឡា​នេះ​ឲ្យកាន់តែ​មាន​ប្រសិទ្ធភាព ពោលគឺ អាច​ទាញ​យក​សារធាតុ​ដើម​បាន​កាន់តែច្រើន និង​ក្នុង​តម្លៃទាប ដែល​បន្តិចម្តងៗ វា​នឹង​អាច​ធ្វើ​ឲ្យ​ឧស្សាហកម្ម​កែច្នៃ​សំណល់​ផ្ទាំងសូឡានេះ​ ក្លាយ​ជា​មុខជំនួញ​ដែល​អាច​ផ្តល់​ប្រាក់ចំណេញ ហើយ​អាច​ទាក់ទាញ​វិនិយោគ​បាន​កាន់តែច្រើន។

គួរបញ្ជាក់ថា គិតមកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ គេ​មាន​បច្ចេកវិទ្យា​ ដែល​អាច​កែច្នៃ​សំណល់​ពី​ផ្ទាំង​សូឡា​បាន​រហូតដល់​ទៅ ៩៥% ហើយ​ក្រុមហ៊ុន​​មួយ​នៅបារាំង ដែល​​គ្រោង​នឹង​សម្ពោធ​ដាក់​ឲ្យ​ដំណើរការរោងចក្រ​កែច្នៃ​សំណល់ផ្ទាំង​សូឡា​ទ្រង់ទ្រាយធំ នៅ​ក្នុង​ពេល​ឆាប់ៗ​​ខាងមុខនេះ រំពឹង​ថា នឹង​អាច​កែច្នៃ​សំណល់​ផ្ទាំងសូឡានេះ​បាន​កាន់តែ​មាន​ប្រសិទ្ធភាព​ជាងនេះ​ទៅទៀត គឺ​បាន​​រហូត​ដល់​ទៅ​ ៩៩% ជាពិសេស គឺ​អាច​ទាញ​យក​លោហៈ​មាន​តម្លៃ រួមមាន​ ​ប្រាក់ និង​ទង់ដែង បាន​ច្រើន​ជាង​បច្ចេកវិទ្យាមុនៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ