អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើសេដ្ឋកិច្ចចិននឹងមានទំហំធំជាងសេដ្ឋកិច្ចអាមេរិកនៅពេលណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

រហូតមកដល់ពេលនេះ ការព្យាករដែលថាសេដ្ឋកិច្ចចិនអាចនឹងមានទំហំធំជាងសេដ្ឋកិច្ចអាមេរិកនៅក្នុងពេលឆាប់ៗខាងមុខ ត្រូវបានពន្យារពេលទៅកាន់តែឆ្ងាយជាងមុន។ យោងតាមស្ថាប័ន The Capital Economics ប្រសិនបើសេដ្ឋកិច្ចចិនមិនអាចកើនខ្ពស់ជាងសេដ្ឋកិច្ចអាមេរិកនៅពាក់កណ្តាលសតវត្សរ៍នេះទេ នោះរឿងនេះនឹងមិនអាចកើតមានតែម្ដង។ ហេតុអ្វី?

តើសេដ្ឋកិច្ចចិននឹងមានទំហំធំជាងសេដ្ឋកិច្ចអាមេរិកនៅពេលណា?
តើសេដ្ឋកិច្ចចិននឹងមានទំហំធំជាងសេដ្ឋកិច្ចអាមេរិកនៅពេលណា? © Chinatopix via AP
ផ្សាយពាណិជ្ជកម្ម

ការពិភាក្សាគ្នាថា សេដ្ឋកិច្ចចិននឹងមានទំហំធំជាងសេដ្ឋកិច្ចអាមេរិកនៅក្នុងពេលឆាប់ៗខាងមុខ បានចាប់ផ្ដើមមានសម្ទុះខ្លាំងនៅពាក់កណ្ដាលឆ្នាំ២០០០ ព្រោះថា សេដ្ឋកិច្ចចិនមានកំណើនលឿនរហ័ស អត្រាកំណើនប្រចាំឆ្នាំមានកម្រិតខ្ពស់ ចំនួនប្រជាជនចិនច្រើន ហើយចិននៅមានសក្តានុពលច្រើនទៀតនៅថ្ងៃខាងមុខ។

ក៏ប៉ុន្តែ គិតត្រឹមឆ្នាំ២០២៣ សេដ្ឋកិច្ចដុលរបស់អាមេរិកស្មើប្រហែល ២០ទ្រីលានដុល្លារអាមេរិក រីឯសេដ្ឋកិច្ចដុលរបស់ចិនស្មើប្រហែល១៦ទ្រីលានដុល្លារអាមេរិក ឬស្មើប្រហែល ៨០%នៃសេដ្ឋកិច្ចអាមេរិក។ ដូច្នេះ ចិនត្រូវការ២០%ទៀតដើម្បីតាមទាន់សេដ្ឋកិច្ចអាមេរិក។

តើចិននឹងត្រូវការពេលប៉ុន្មានឆ្នាំទៀត?

រហូតមកដល់ពេលនេះ ការព្យាករត្រូវពន្យារពេលទៅកាន់តែឆ្ងាយជាងមុន។ ជាឧទាហរណ៍ ស្ថាប័ន Goldman Sachs កាលពីឆ្នាំ២០១១ បានព្យាករណ៍ថាសេដ្ឋកិច្ចចិននឹងស្មើសេដ្ឋកិច្ចអាមេរិកនៅឆ្នាំ២០២៦ ក៏ប៉ុន្តែស្ថាប័នដដែលនេះបានប្ដូរការព្យាករឡើងវិញទៅឆ្នាំ២០៣៥ (ពន្យារពេល១០ឆ្នាំ)។ ស្ថាប័ន OECD បានព្យាករណ៍កាលពីឆ្នាំ២០២១ថា សេដ្ឋកិច្ចចិននឹងមានទំហំស្មើសេដ្ឋកិច្ច  អាមេរិកនៅឆ្នាំ២០៣០។

ហេតុអ្វី?

អាចមានកត្តាច្រើន រួមមាន មូលហេតុចម្បងដំបូងគឺពាក់ព័ន្ធនឹងការកែប្រែអត្រាប្ដូរប្រាក់របស់លុយយ័នធៀបនឹងលុយដុល្លារអាមេរិក។ នាពេលបច្ចុប្បន្ន ទំហំសេដ្ឋកិច្ចចិនមិនកើនខ្លាំង មិនមែនដោយសារកំណើនសេដ្ឋកិច្ចយឺតពេកនោះទេ ប៉ុន្តែដោយសារកត្តាចម្បងមួយ គឺ អត្រាប្តូរប្រាក់របស់លុយយ័ន។ តាំងពីឆ្នាំ២០១៥ លុយយ័នបានធ្លាក់តម្លៃធៀបនឹងលុយដុល្លារអាមេរិក។ ដូច្នេះ នៅពេលគេគិតទំហំសេដ្ឋកិច្ចចិនជារង្វាស់លុយដុល្លារអាមេរិក ហើយនិងមានការកែប្រែកម្រិតអតិផរណា ទំហំសេដ្ឋកិច្ចចិនក៏មានកម្រិតទាបជាង នៅពេលលុយជាតិធ្លាក់តម្លៃ។

មូលហេតុចម្បងទីពីរពាក់ព័ន្ធនឹងអត្រាកំណើតរបស់ប្រជាជនថយចុះ និងអត្រាមនុស្សចាស់កើនឡើង។ គិតត្រឹមឆ្នាំ២០២២ ចំនួនប្រជាជនចិនបានធ្លាក់មកចំណាត់ថ្នាក់ទី២ ក្រោមប្រទេសឥណ្ឌា។ យោងតាមការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន (NBS) បានឱ្យដឹងថា ចំនួនប្រជាជនរបស់ប្រទេសនេះបានធ្លាក់ចុះនៅឆ្នាំ២០២២ មកនៅត្រឹម ១,៤ពាន់លាននាក់ ពោលគឺធ្លាក់ចុះប្រហែល ៨៥ម៉ឺននាក់ធៀបកាលពីឆ្នាំមុន។

អាចមានកត្តារួមផ្សំគ្នាច្រើននៅពីក្រោយការធ្លាក់ចុះនេះ តួយ៉ាង ឥទ្ធិពលនៃគោលនយោបាយកូនតែមួយ ដែលរដ្ឋាភិបាលចិនបានអនុវត្តនៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០  (ប៉ុន្តែបានបញ្ចប់នៅឆ្នាំ២០១៦) ការផ្លាស់ប្តូរអាកប្បកិរិយាចំពោះការរៀបការរបស់ប្រជាជនចិន និងបញ្ហាប្រឈមនៃការចំណាយលើការចិញ្ចឹមកូននៅក្នុងទីក្រុងថ្លៃៗរបស់ប្រទេសចិន។

ចំនួន​ប្រជាជន​ធ្លាក់​ចុះ​បាន​បន្ថែម​បញ្ហា​ប្រជាសាស្ត្រ​ដែល​ចិន​កំពុង​ប្រឈម​មុខ​រួច​ទៅ​ហើយ។ ចំនួនប្រជាជនរបស់ប្រទេសនេះកាន់តែចាស់ទៅៗ ហើយកម្លាំងពលកម្មរបស់ចិនក៏កាន់តែថយចុះ ដែលបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើមនុស្សជំនាន់ក្រោយ។

មូលហេតុចម្បងចុងក្រោយគឺអត្រាផលិតភាពធ្លាក់ចុះ។ លោក Frederic Neumann ប្រធានអ្នកសេដ្ឋកិច្ចប្រចាំតំបន់អាស៊ីរបស់ធនាគារ HSBC បានលើកឡើងថា “សេដ្ឋកិច្ចចិនកំពុងឈានចូលដំណាក់កាលអន្តរកាលដ៏សំខាន់មួយដែលចិនលែងអាចពឹងផ្អែកលើកម្លាំងពលកម្មដ៏សម្បូរបែប និងមានតម្លៃប្រកួតប្រជែង ដើម្បីជំរុញវិស័យឧស្សាហកម្ម និងកំណើនសេដ្ឋកិច្ចដូចមុនទៀតហើយ”។ លោកបានបន្ថែមថា នៅពេលដែលកម្លាំងពលកម្មចាប់ផ្តើមធ្លាក់ចុះ កំណើនផលិតភាពជារួមក៏អាចធ្លាក់ចុះផងដែរ ដូច្នេះចិនត្រូវធ្វើយ៉ាងបង្កើនផលិតភាពសម្រាប់កម្លាំងពលកម្មម្នាក់ៗឱ្យបានខ្ពស់ជាងមុន តាមរយៈការបណ្ដុះបណ្ដាលជំនាញឱ្យកាន់តែខ្ពស់។

អង្គការសហប្រជាជាតិបានព្យាករណ៍ថា ការធ្លាក់ចុះកម្លាំងពលកម្មអាចនឹងកើនឡើងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ ហើយអំឡុងឆ្នាំ២០៣០ ក្រុមប្រជាជនចិនវ័យចន្លោះ១៥ដល់៦៤ឆ្នាំនឹងធ្លាក់ចុះច្រើនជាង១០០លាននាក់។ កត្តាទាំងនេះត្រូវគេរំពឹងថានឹងបន្ថយកំណើនសេដ្ឋកិច្ចចិន។

ទោះជាល្បឿននៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនអាចនឹងយឺតជាងមុន ប៉ុន្តែចិននឹងនៅតែជាសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ពិភពលោក។

ស្ថាប័ន The Capital Economics បានព្យាករណ៍នៅឆ្នាំ២០២៣ថា “ប្រសិនបើសេដ្ឋកិច្ចចិនមិនអាចវ៉ាដាច់សេដ្ឋកិច្ចអាមេរិកនៅពាក់កណ្តាលសតវត្សរ៍នេះទេ នោះរឿងនេះនឹងមិនអាចកើតមានតែម្ដង៕”

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ