អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បារាំង៖ តើអ្វីខ្លះដែលបានរុញក្មេងជំទង់ឲ្យ​ហិង្សា កម្រោលចូល​ បង្កកុបកម្មពាសពេញប្រទេស?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បារាំងបាន​ឆ្លងកាត់​ស្ថានភាពចលាចលហិង្សា កុបកម្មសឹងពាសពេញប្រទេស ​អស់​មួយ​សប្តាហ៍​កន្លងមកនេះ បន្ទាប់ពីមានករណី​ក្មេងជំទង់ម្នាក់ឈ្មោះ ណាហ៊ែល ត្រូវបាន​នគរបាលបាញ់​បណ្តាលឲ្យ​ស្លាប់​ កាលពីថ្ងៃអង្គារទី​២៧មិថុនា​ នៅជាយខាងលិចទីក្រុងប៉ារីស។ ក្រោយ​ហេតុការណ៍ ចលនាកុបកម្ម​ហិង្សាបាន​ផ្ទុះ​ឡើងជារៀងរាល់យប់ តាមទីក្រុងនានាសឹងពាសពេញប្រទេស ដោយ​ក្រុម​កុបករ​ ភាគច្រើនជាក្មេងជំទង់ ទាំងហ្វូងៗ​ បាននាំគ្នា​​ដុតរថយន្ត បង្កអគ្គីភ័យតាមអគារ​ និងវាយបំផ្លាញ​ទ្រព្យសម្បត្តិសាធារណៈ យ៉ាងហិង្សាជាទីបំផុត​។ តើកត្តាអ្វីខ្លះ ដែលបានជំរុញឲ្យ​ក្មេងជំទង់នៅបារាំង​ អាយុត្រឹម១២ ១៣ឆ្នាំ ចេញធ្វើសកម្មភាពហិង្សាយ៉ាងកំរោល​ ប្រឆាំងសង្គម ប្រឆាំងសមត្ថកិច្ចបែបនេះ?

ក្រុមក្មេងស្ទាវ កំពុងតែដុតបំផ្លាញរថយន្ត នៅតំបន់​ Nanterre ជាយខាងលិចក្រុងប៉ារីស ថ្ងៃទី២៩ មិថុនា២០២៣
ក្រុមក្មេងស្ទាវ កំពុងតែដុតបំផ្លាញរថយន្ត នៅតំបន់​ Nanterre ជាយខាងលិចក្រុងប៉ារីស ថ្ងៃទី២៩ មិថុនា២០២៣ AP - Christophe Ena
ផ្សាយពាណិជ្ជកម្ម

នៅយប់ទី​៧ អំពើកុបកម្មហិង្សា ហាក់​បានថមថយ​ច្រើន នៅទូទាំងប្រទេសបារាំង។ អស់មួយសប្តាហ៍ ដែល​សមត្ថកិច្ច​ នគរបាលបារាំង ជាច្រើនពាន់នាក់ បានព្យាយាម​​ទប់ទល់យ៉ាងលំបាកលំបិន ដើម្បី​បំបែក​ក្រុម​កុបករដ៏ហិង្សា នៅតាមទីក្រុងនានា សឹងពាសពេញបារាំង។ រូបភាពជាច្រើន ត្រូវបានគេផ្សព្វផ្សាយ​តាមបណ្តាញសង្គម និងពាសពេញពិភពលោក បង្ហាញ​ឲ្យ​ឃើញ​ រថយន្តឆេះខ្លោចតាមដងផ្លូវ អគ្គីភ័យឆេះអគារ ហាងទំនិញ​ឆាបឆេះ ឬបាក់បែក​ និងខ្លះត្រូវក្រុម​ជនឆក់ឱកាស ចូលទៅលួចប្រមូលទំនិញ យ៉ាងអនាធិបតេយ្យ​បំផុត​។​ តាមការលើកឡើង របស់លោក​ប្រធានសហព័ន្ធនយោជកបារាំង គឺ​ការខូចខាតប្រមាណ​៧ថ្ងៃមកនេះ គឺមិនក្រោម​១ពាន់​លានអឺរ៉ូនោះទេ។

វាយបំផ្លាញសាលារៀន បណ្ណាល័យ ...

ក្រុមកុបករ បានវាយបំផ្លាញផងដែរ នូវ​សាលារៀន សាលាមតេយ្យ សាលាឃុំសង្កាត់ បណ្ណាល័យ ស្នងការដ្ឋាននគរបាល​ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនផ្សេងទៀត។ ជាអំពើហិង្សាយ៉ាងកម្រោល ដែល​ធ្វើ​ឲ្យ​គ្រប់​មនុស្សទូទៅ ដែល​មានការពិចារណា ទោះបន្តិចបន្តួច ងឿងឆ្ងល់ មិនអាចយល់បាន​ថាហេតុអ្វី ហេតុអ្វីបាន​ជាកុបករទាំងអស់​នេះ ធ្វើសកម្មភាពហិង្សាបែបនេះ​?

យោងតាមតួលេខក្រសួងមហាផ្ទៃ គិតត្រឹមព្រឹកថ្ងៃអង្គារ ទី​៤កក្កដា សមត្ថកិច្ចបានចាប់ខ្លួន​កុបករហិង្សា ចំនួន ៣៩១៥នាក់ ដែលក្នុង​នោះ មាន១២៤៤នាក់ គឺជាអនីតិជន។ កុបករទាំងអស់ មានអាយុ​មិនលើសពី​៣០ឆ្នាំទេ ហើយ​អ្វីដែល​គួរឲ្យកត់សំគាល់​បំផុត គឺភាគច្រើន សុទ្ធតែក្មេងជំទង់ប្រុស​ៗ​ អាយុ ត្រឹម ១២ ១៣ឆ្នាំប៉ុណ្ណោះ។ យុវជន និងក្មេងជំទង់ទាំងនោះ ភាគច្រើនមានដើមកំណើតក្រុមគ្រួសារ មកពីបណ្តាប្រទេស​​អាហ្វ្រិក និង​តំបន់​ម៉ាហ្ក្រេប។​

យោងតាម​មន្ត្រីម្នាក់ ធ្វើការនៅសាលាក្រុងNanterre ជាទីដែល​ផ្តើម​ផ្ទុះ​អំពើកុបកម្ម​ទាំងនេះ គឺយុវជន​ក្មេងជំទង់ ដែលបានធ្វើកុបកម្ម មានលាយឡំគ្នាច្រើន ខ្លះមានការងារធ្វើបន្តិចបន្តួច ខ្លះអត់ការងារធ្វើ តែលតោលពពាក់ពពូន​ នៅតែតាមក្រោមអគារក្នុង​តំបន់ដែលពួកគេ​រស់នៅ។ ភាគច្រើនលើសលុប គឺពួកគេបាន​បោះបង់ចោលការសិក្សា ហើយខ្លះទៀត បានធ្លាក់ចូលទៅក្នុង​បណ្តាញ​ទុច្ចរិត លួចឆក់ប្លន់ និងជួញដូរគ្រឿងញៀនជាដើម​។

ស្អប់គុំគួនខ្លាំងទៅលើនរគបាល​

លោក​ Olivier Galland សង្គមវិទូបារាំង ជំនាញ​ផ្នែកយុវជន បាន​លើកឡើងថា ចំណុចរួមមួយរបស់​យុវជនកុបករហិង្សាទាំងនេះ គឺការស្អប់គុំគួនទៅលើនគរបាល​បារាំង។ នៅពេលដែលមានហេតុការណ៍​អកុសលនីមួយកើតឡើង ជាក់ស្តែងដូចជាករណី​ ក្មេងជំទង់អាយុ​១៧ឆ្នាំ ដែលត្រូវនគរបាល​បាញ់​បណ្តាលឲ្យស្លាប់ កាលពីថ្ងៃទី​២៧មិថុនា​ដោយសារក្មេងជំទង់រូបនេះមិនព្រមឈប់រថយន្តទៅតាមការឃាត់នោះ គឺវាមាន​បំផ្ទុះបំផុសកំហឹងគុំគួន ដែលមាននៅក្នុងចិត្តរបស់យុវជនក្មេងៗ។

ជាងនេះទៀត ដោយសារពួកគេខ្លះ​ ធ្វើសកម្មភាពទុច្ចរិតឆក់ប្លន់ លួចបន្លំ ជួញគ្រឿងញៀនជាដើម គឺធ្វើឲ្យ​ពួកគេតែងត្រូវបាន​នគរបាលឃាត់សួរនាំ ជាញឹកញាប់។ ការសួរនាំ ដែលអាចពេលខ្លះ មានជាការសំឡុត គំរាម ឬអាចមានលក្ខណៈរើសអើងមើលងាយ​ប្រកាន់ពូជសាសន៍ ជាដើម។ល។ បរិបទនេះ ធ្វើឲ្យ​តំបន់ដែលពួកគេរស់នៅជាទូទៅ ក្លាយជាតំបន់​ពពាក់ពពូន ហិង្សា ត្រូវនគរបាលសង្ស័យ ដែលវាបង្កើតជាវប្បធម៌​ពាលា បំពានច្បាប់ ផ្គើននគរបាល ផ្គើនសមត្ថកិច្ច​។

ទន្ទឹមគ្នានេះទៀត យោងតាមការអង្កេតសង្គមសាស្ត្រ ទឹកចិត្តពុះកញ្ជ្រោលខឹងស្អប់គុំគួន​មកលើសមត្ថកិច្ចរដ្ឋបារាំង គឺមួយ​ផ្នែកកើតចេញ​ពី​ការ​រស់នៅមិនចុះសម្រុង​ក្នុងសង្គម។ យុវជន​ទាំងនោះ ភាគច្រើនលើសលុប​ កើតក្នុងវង់ត្រកូលគ្រួសារអ្នកកាន់សាសនាអ៊ីស្លាម ដែល​យល់ថាសង្គមបារាំង ជាសង្គមស្អប់ខ្ពើមពួកគេ រើសអើងពួកគេ​ បោះបង់ចោលពួកគេ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ចរន្តសាសនា​អ៊ីស្លាមជ្រុលនិយម បានរីកសាយភាយខ្លាំងណាស់ ក្នុងចំណោម​យុវជន​ដែលរស់នៅតាមតំបន់​ក្រីក្រ ជាយ​ទីក្រុងធំៗ។​

បណ្តាញសង្គមជាមធ្យោបាយ

ក្នុងរយៈពេល​៧ថ្ងៃកន្លងមកនេះ ដែលមានផ្ទុះអំពើហិង្សាកុបកម្មយ៉ាងកម្រោល មានមនុស្ស​ជាច្រើននាក់ ដែលធ្វើការងារសង្គម តាម​សមាគមន៍នានា បានអះអាងថា បានព្យាយាមសួរនាំ និយាយជាមួយយុវជន​ក្មេងៗដែលជាកុបករ ដើម្បីពន្យល់ឃាត់ពួកគេ។ តែអ្វីដែលជាការសង្កេតឃើញជាទូទៅ គឺយុវជន ក្មេងជំទង់ទាំងនោះ ងប់វក់ក្នុង​ភ្លើងកំហិងរបស់ពួកគេ មិនអាចស្តាប់ហេតុផលពីនរណាបានទាំងអស់។​

លើសពីកត្តាកំហិងពុះកញ្ជ្រោលនេះ អ្វីដែលបានជំរុញធ្វើ​ឲ្យ​កុបកម្មហិង្សាប៉ុន្មានថ្ងៃមកនេះ មានទ្រង់ទ្រាយធំ ទប់មិនឈ្នះ គឺបណ្តាញសង្គម។ ជាការពិត បណ្តាញ​សង្គមមិនមែនជាប្រភពនៃបញ្ហាទេ តែបណ្តាញ​សង្គម គឺជា​មធ្យោបាយ ដែលធ្វើ​ឲ្យ​កុបកម្មហិង្សា រីកសាយភាយយ៉ាងលឿនរហ័ស។​ នៅលើ​បណ្តាញ Snapchat និង Instagram ជាដើម ពួកក្មេង​ជំទង់ទាំងនេះ ចែកចាយ​ដំណឹង រៀបចំណាត់ជួបគ្នា កំណត់ទីតាំង​ដុតត្រង់នេះ វាយត្រង់នោះ ធ្វើឲ្យ​សមត្ថកិច្ច​តាមសឹងតែមិនទាន់។​

ជាងនេះទៀត ក្រុមក្មេងស្ទាវទាំងអស់នេះ បានថែមទាំងប្រកួតប្រណាំងគ្នាតាមបណ្តាញសង្គម ថាអ្នកណាក្រុមណា ធ្វើឡូយអស្ចារ្យជាងគេ បាញ់កាំជ្រួចផ្កាភ្លើងបាន​ច្រើនជាងគេ ដុតឡានបានច្រើនជាងគេ ឬចូលវាយកំទេចអគារបាន​លឿនជាងគេជាដើម។ល។ ការប្រកួតប្រជែង សំញ៉ែញភាពអស្ចារ្យ តាមលក្ខណៈក្មេងខ្វះការពិចារណា ដែលពួកគេបង្ហាញតាមវីដេអូ ផ្សាយបន្ត​ផ្ទាល់តាមបណ្តាញសង្គមនានា​។ កត្តាទាំងអស់នេះ គួបផ្សំគ្នា ធ្វើឲ្យ​ពួកគេ កាន់តែ​កម្រោល ព្រោះពួកគេគិតថាខ្លួនឯងសម្បើម​អស្ចារ្យខ្លាំង។

កុបកម្ម​ហិង្សាកក្រើកប្រទេសរយៈពេល​៧ថ្ងៃមកនេះ វាបាន​ដាស់សតិស្មារតីរដ្ឋាភិបាលបារាំង និងអ្នកនយោបាយគ្រប់ជាន់ថ្នាក់ ឲ្យ​មើលឃើញអំពីបញ្ហា ជំងឺ ដំបៅស៊ីរូងក្នុងសង្គម ដែលកើតចេញពី​ភាពមិនចុះសម្រុងគ្នា រវាងយុវជន និង​កម្លាំងសមត្ថកិច្ច​អាជ្ញាធររដ្ឋ។ សង្គមវិទូ Oliver Galland បាន​លើកឡើងថា ក្មេង​ជំទង់ហិង្សា ធ្វើកុបកម្ម​ពាសពេញប្រទេសបែបនេះ ទោះជាមានហេតុផលអ្វីក៏ដោយ តែលោក​យល់ថា វាគឺជាកំហុសនៃប្រព័ន្ធអប់រំបារាំង។ គេមិនអាចទំលាក់កំហុសទាំងស្រុង ទៅលើ​ឪពុកម្តាយ​ ដែលមិនប្រៀនប្រដៅតម្រង់ផ្លូវកូននោះទេ ព្រោះជាទូទៅ អាណាព្យាបាលមិនអាចធ្វើអ្វីបានច្រើនឡើយ ប្រឈមនឹងបញ្ហាក្មេងជំទង់ហិង្សាបែបនេះ​។ ផ្ទុយទៅវិញ សម្រាប់​លោក លោក​យល់ថា គឺសាលារៀន គឺប្រព័ន្ធអប់រំ ដែល​បាន​បរាជ័យ មិនអាចតម្រង់ផ្លូវយុវជនទាំងនោះ ឲ្យ​ក្លាយ​ជា​ពលរដ្ឋល្អក្នុងសង្គម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ