អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីរុស្ស៊ីបានបាត់បង់សតវត្សទី២១របស់ខ្លួនទោះគ្មានសង្គ្រាម?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទោះបីមិនមានសង្គ្រាមជាមួយអ៊ុយក្រែន រុស្ស៊ីបានមើលឃើញពីការដើរថយក្រោយនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងច្រើន នៅសតវត្សរ៍ទី២១នេះ។ អត្រាកំណើតធ្លាក់ចុះ អត្រាមរណៈកើនឡើង កម្រិតច្នៃប្រឌិតដើរថយក្រោយ រួមផ្សំនឹងការកើនឡើងអំពើពុករលួយសុទ្ធតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរសម្រាប់វឌ្ឍនភាពប្រទេស។ ប្រឈមនឹងផលលំបាកនៃសង្គ្រាម ស្របពេលដែលប្រជាជនរុស្ស៊ីរាប់សែននាក់បានចាកចេញពីប្រទេស តើគេអាចនិយាយថារុស្ស៊ីបានបាត់បង់សតវត្សទី២១របស់ខ្លួនដែរឬយ៉ាងណា?

ហេតុអ្វីរុស្ស៊ីបានបាត់បង់សតវត្សទី២១របស់ខ្លួនទោះគ្មានសង្គ្រាម?
ហេតុអ្វីរុស្ស៊ីបានបាត់បង់សតវត្សទី២១របស់ខ្លួនទោះគ្មានសង្គ្រាម? AFP - VALERY SHARIFULIN
ផ្សាយពាណិជ្ជកម្ម

គិតមកដល់ថ្ងៃនេះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានអូសបន្លាយពេលច្រើនជាង៥០០ថ្ងៃទៅហើយ។ សង្គ្រាមនេះបានបង្កផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមយ៉ាងធ្ងន់ធ្ងរមិនថាលើប្រទេសរុស្ស៊ី និងអ៊ុយក្រែនផ្ទាល់ ប៉ុន្តែឥទ្ធិពលរបស់វាបានរីករាលដាលទៅកាន់ពិភពលោកទាំងមូល។

នាពេលថ្មីៗ ផ្អែកតាមបទវិភាគរបស់លោក Fareed Zakaria នៃសារព័ត៌មាន CNN បង្ហាញថា បញ្ហាដ៏ធំបំផុតរបស់រុស្ស៊ីមិនមែនសង្គ្រាមនោះទេ ប៉ុន្តែវាជាការបាត់បង់សតវត្សរ៍ទី២១របស់ខ្លួន។ ហេតុអ្វី?

អ្វីដែលជាបំណងប្រាថ្នារបស់រុស៊្សីដែលកំពុងដឹកនាំដោយ លោក វ៉្លាឌីមៀរ ពូទីន ថាអាចវាយលុកឈ្លានពានអ៊ុយក្រែនបានសម្រេច និងនៅក្នុងពេលដ៏ខ្លី ត្រូវបរាជ័យ។ ក៏ប៉ុន្តែ អ៊ុយក្រែនក្រោមជំនួយឧបត្ថម្ភយ៉ាងច្រើនពីប្រទេសសម្ព័ន្ធមិត្តលោកខាងលិច បានទប់ទល់ និងវាយបកទៅរុស្ស៊ីវិញ។ រហូតមកដល់ពេលបច្ចុប្បន្ន រុស្ស៊ីថែមទាំងត្រូវប្រឈមនឹងបញ្ហានៃការបែកបាក់ផ្ទៃក្នុងផងដែរ តួយ៉ាង ជាមួយក្រុមទាហានស៊ីឈ្នួលរបស់ខ្លួន។

នៅក្នុងសៀវភៅ "The Third Wave" និពន្ធដោយលោក Samuel Huntington មានខ្លឹមសារសំខាន់មួយបង្ហាញថា នៅក្នុងរបបផ្តាច់ការដូចរុស្ស៊ីបច្ចុប្បន្ន ការបែកបាក់គ្នានៅក្នុងចំណោមឥស្សរជននយោបាយដែលកំពុងកាន់អំណាចគឺជាសញ្ញាអវិជ្ជមានបង្ហាញអំពីភាពទន់ខ្សោយនៃប្រព័ន្ធដឹកនាំទាំងមូល។ នៅពេលណាដែលសមាជិកសំខាន់ៗនៃប្រព័ន្ធដឹកនាំបែកបាក់ នោះជារឿយៗ វាអាចបង្កឱ្យមានការផ្លាស់ប្តូរកាន់តែធំឡើងៗ។ ផ្ទុយទៅវិញ នៅពេលដែលគេមិនអាចមើលឃើញការបែកបាក់ នោះវាក៏មានន័យថា មេដឹកនាំផ្តាច់ការប្រហែលជាអាចបន្ដដឹកនាំប្រទេសតទៅទៀត។

ដើម្បីស្វែងយល់ពីការតស៊ូអំណាចនៅក្នុងប្រព័ន្ធដឹកនាំរបស់រុស្ស៊ី គេអាចស្វែងយល់អំពីអ្វីដែលលោក Winston Churchill បានធ្លាប់លើកឡើងថា នយោបាយរបស់ប្រព័ន្ធដឹកនាំរុស្ស៊ី គឺដូចទៅនឹងស្ថានភាពនៃការប្រយុទ្ធគ្នារវាងចចកមួយក្រុម នៅក្រោមកម្រាលព្រំ។ អ្នក​មើលពី​ក្រៅ​អាច​ត្រឹម​តែ​ឮ​សូរ​សំឡេងគ្រហឹមរបស់ចចកទាំងនោះ ហើយ​ពេលគេ​ឃើញ​ឆ្អឹង​ហោះ​ចេញ​ពី​ក្រោមមក នោះគេអាចច្បាស់ថានរណា​ជា​អ្នក​ណា​ឈ្នះ។

ទោះជាយ៉ាងណា អ្វីដែលរុស្ស៊ីត្រូវប្រឈមតាំងពីមុនមានសង្គ្រាមជាមួយអ៊ុយក្រែនគឺ សញ្ញាអវិជ្ជមាននៃការអភិវឌ្ឍនៅក្នុងប្រទេសខ្លួនតែម្ដង។ ស្ថិតិអាចធ្វើឱ្យយើងភ្ញាក់ផ្អើល។ ជាឧទាហរណ៍ កុមារជនជាតិរុស្ស៊ីម្នាក់អាយុ១៥ឆ្នាំសព្វថ្ងៃនេះមានអាយុកាលសង្ឃឹមរស់ជាមធ្យមដូចទៅនឹងកុមារអាយុ១៥ឆ្នាំនៅប្រទេសហៃទីដែលជាប្រទេសក្រីក្រ និងមានការអភិវឌ្ឍតិចតួចបំផុត។ នៅត្រង់ចំណុចនេះ គេត្រូវចាំថា រុស្ស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានជាងគេបំផុតរបស់ពិភពលោក បើគិតអំពីធនធានធម្មជាតិដែលរុស្ស៊ីមាន។ លើសពីនេះ រុស្ស៊ី គឺជាសង្គមមួយដែលមានទីក្រុងច្រើន ការអភិវឌ្ឍឧស្សាហកម្ម កម្រិតនៃការអប់រំ និងកម្រិតអក្ខរកម្មដែលធ្លាប់អាចប្រៀបធៀបទៅនឹងបណ្ដាប្រទេសអឺរ៉ុប ហើយអាចប្រហែលមានកម្រិតលើសពីប្រទេសអឺរ៉ុបខ្លះផ្សេងទៀតផងដែរ។

ក៏ប៉ុន្តែ ផ្អែកតាមឯកសារស្រាវជ្រាវចេញផ្សាយកាលពីខែសីហា ឆ្នាំ២០២២ ដោយលោក Nicholas Eberstadt បង្ហាញថា អស់​រយៈពេល​បី​ទសវត្សរ៍​មក​ហើយ​ដែល​រុស្ស៊ី​បាន​និង​កំពុង​មើលឃើញអំពី​ចំនួន​ប្រជាជន​ថយ​ចុះ។ អត្រាមនុស្សស្លាប់មានច្រើនជាងអត្រាកំណើត លើកលែងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥។ ជាក់ស្ដែង រឿងនេះក៏បានកើនឡើងនៅក្នុងបណ្ដាប្រទេសឧស្សាហកម្មផ្សេងៗផងដែរ ក៏ប៉ុន្ដែអ្វីដែលកើតឡើងនៅរុស្ស៊ីគឺលើសពីការរំពឹងទុក។

នៅឆ្នាំ២០១៩ មុនពេលវិបត្តិជំងឺកូវីដ១៩ និងសង្គ្រាមជាមួយអ៊ុយក្រែន អង្គការសុខភាពពិភពលោក (WHO) បានប៉ាន់ប្រមាណថា កុមារអាយុ១៥ឆ្នាំនៅក្នុងប្រទេសរុស្ស៊ីមានអាយុសង្ឃឹមរស់ត្រឹម៥៣,៧ឆ្នាំទៀតប៉ុណ្ណោះ ដែលដូចគ្នាទៅនឹងនៅប្រទេសហៃទី និងទាបជាងអាយុសង្ឃឹមរស់ នៅក្នុងប្រទេសយេម៉ែន ម៉ាលី និងស៊ូដង់ខាងត្បូងទៅទៀត។ កុមារស្វីសដែលមានអាយុដូចគ្នាអាចរំពឹងរស់បានយូរជាងកុមាររុស៊្សី១៣ឆ្នាំឯណោះ។

ជាទូទៅ ការអប់រំមានទំនាក់ទំនងកើនឡើងជាមួយនឹងសុខភាពល្អ ប៉ុន្តែរឿងនេះមិនបានកើនឡើងទេនៅក្នុងប្រទេសរុស្ស៊ី។ ស្ថិតិបង្ហាញថា រុស្ស៊ី​ជា​ប្រទេស​ដែល​មាន​កម្រិត​អប់រំខ្ពស់ ដូចទៅនឹងបណ្ដាប្រទេសជឿនលឿនបំផុតនៅលើពិភពលោក ប៉ុន្តែបែរជាមាន​អត្រា​មរណៈ ដូចប្រទេសមានកម្រិតអភិវឌ្ឍតិចតួចទៅវិញ។

មើលឱ្យលម្អិតកាន់តែជ្រៅ រុស្ស៊ីបច្ចុប្បន្នមានការអភិវឌ្ឍសេដ្ឋកិច្ចកម្រិតអាក្រក់ជាងសហភាពសូវៀតទៅទៀត។ ក្នុងឆ្នាំ២០១៩ ប្រទេសរុស្ស៊ីបានជាប់ចំណាត់ថ្នាក់នៅពីក្រោយប្រទេសអូទ្រីសក្នុងការដាក់ពាក្យសុំប័ណ្ណប៉ាតង់អន្តរជាតិ (សំដៅដល់ប៉ាតង់នៃរបកគំហើញថ្មីៗ) ទោះបីជារុស៊្សីមានចំនួនប្រជាជន១៦ដងលើសអូទ្រីសក៏ដោយ។ នៅក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម ការទទួលបានប៉ាតង់ច្នៃប្រឌិតគឺសំខាន់ណាស់។ សព្វថ្ងៃនេះ ចំណាត់ថ្នាក់របស់រុស្ស៊ីគឺដូចទៅនឹងរដ្ឋអាឡាបាម៉ា ក្នុងការទទួលបានប៉ាតង់ប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក (វាជាស្តង់ដារមាសសម្រាប់ក្រុមហ៊ុននានានៅជុំវិញពិភពលោក) ទោះបីជារុស្ស៊ី មានប្រជាជនជិត៣០ដងលើសរដ្ឋនេះក៏ដោយ។ ដោយសារសង្គ្រាម និងការចាកចេញរបស់ប្រជាជនរុស្ស៊ី រាប់សែននាក់ តួលេខនៃរបកគំហើញថ្មី និងការទទួលបានប៉ាតង់ទំនងកាន់តែធ្លាក់ចុះ។

តើហេតុអ្វីរឿងនេះអាចកើតឡើង? ផ្អែកតាមសៀវភៅ "Russia Against Modernity" លោក Alexander Etkind បានពន្យល់ថា លោក ពូទីន បានបង្កើតរដ្ឋប៉ារ៉ាស៊ីតមួយ ដែលទទួលបានប្រាក់ចំណូលភាគច្រើនដោយសារតែធនធានធម្មជាតិជាជាងការអភិវឌ្ឍវិស័យឧស្សាហកម្មប្រកបដោយការច្នៃប្រឌិត ហើយវាមិនសូវផ្តល់សុខុមាលភាពដល់ប្រជាជនរបស់ខ្លួននោះទេ។ លោក Alexander Etkind បានសរសេរថា អំពើពុករលួយគឺតែងតែកើតមានច្រើននៅក្នុងរបបដឹកនាំដូចរុស្ស៊ីបច្ចុប្បន្ន។

សរុបជារួម ទោះបីមិនមានសង្គ្រាមជាមួយអ៊ុយក្រែន រុស្ស៊ីបានបាត់បង់ការអភិវឌ្ឍយ៉ាងច្រើនសម្រាប់ប្រទេសខ្លួនទៅហើយ នៅសតវត្ស៍ទី២១នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ