អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុ​អ្វី​ឆ្នាំ​នេះ​បារាំង​លា​កម្រាលព្រំ​ទទួល​ឥណ្ឌា​ជា​ភ្ញៀវ​​កិត្តិយស​ ​​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង បាន​អញ្ជើញ​លោកនាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិនដ្រា ម៉ូឌី ជា​ភ្ញៀវ​កិត្តិយស​ ក្នុង​កម្មវិធី​​បុណ្យ​ជាតិ ថ្ងៃទី ១៤​កក្កដា។ នេះ​ជា​និម្មតរូប​បញ្ជាក់ឱ្យ​ឃើញ​​អំពី​កិច្ចសហប្រតិបត្តិការ​កាន់​តែ​ប្រសើរឡើងៗ​រវាង​បារាំង​និង​ឥណ្ឌា​ ដែល​កំពុង​សាកល្បង​ចាប់​ចំណែក​របស់​ខ្លួន នៅ​ក្នុង​ពិភពលោក​ដ៏​កាន់​តែ​តាន​តឹង​ មាន​តែ​ភាព​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​ឡើង​រវាង​ចិន​និ​ងអាមេរិក។

លោកប្រធានាធិបតី​បារាំង និង​លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា នៅវិមាន​អេលីហ្សេ ឆ្នាំ​២០២២
លោកប្រធានាធិបតី​បារាំង និង​លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា នៅវិមាន​អេលីហ្សេ ឆ្នាំ​២០២២ AP - Francois Mori
ផ្សាយពាណិជ្ជកម្ម

លោកនាយករដ្ឋមន្ត្រី​ឥណ្ឌា ​ម៉ូឌី រង​ការ​រិះគន់​ថា​កំពុងបែក​ទៅ​​ដឹកនាំ​ប្រទេសរបៀប​ផ្តាច់ការ​ និង​ប្រើ​នយោបាយ​បង្ក្រាប​ប្រជាពលរដ្ឋ​ជា​ជនជាតិ​ភាគ​តិច​អ៊ីស្លាម​ជាង​១៩៥​លាន​នាក់ ឥត​ត្រាប្រណី​ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​បារាំង​ជ្រើសរើសអញ្ជើញ​​​ ​ជា​ភ្ញៀវ​កិត្តិយស មក​អង្គុយ​ក្បែរ​ប្រធានាធិបតី​នៅ​លើ​វេទិកា​ នា​ឱកាស​ដង្ហែក្បួន​ព្យុះ​ហយាត្រា​ ក្នុង​ថ្ងៃ​បុណ្យ​ជាតិ​ ថ្ងៃទី​១៤​កក្កដាទៅ​វិញ?

មកពី​ទំនាក់ទំនង​ជាមួយ​ឥណ្ឌា ជា​ចំណង​មិន​អាច​ខ្វះ​បានទេ។ នេះ​ជា​ចម្លើយ​ដ៏​ខ្លី​របស់​ទីប្រឹក្សា​វិមាន​ប្រធានាធិបតី។ ឥណ្ឌា​ជាមាន​តួនាទី​​ស្នូល​​ក្នុង​សំណុំ​រឿង​ពិភពលោកចម្បងៗ ព្រោះ​ឥណ្ឌា​ជា​មហា​អំណាច​ពិភពលោក​លំដាប់​ទី៥ ជាមហា​អំណាច​ទី​មួយ​ផ្នែក​ប្រជាជន (​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​បំផុត​នៅលើ​ពិភពលោក) និង​ជា​ប់​លេខ​បី​ពិភពលោក​ខាង​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់។ ដូច្នេះ​គ្មាន​អ្វី​អាចទៅ​រួច​​ដោយ​គ្មាន​ឥណ្ឌា​ទេ ក្នុង​វិស័យ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ប្រែប្រួល​អាកាសធាតុ។

សម្រាប់​ទស្សនកិច្ច​ផ្លូវរដ្ឋ​ជា​លើក​ទី​បួន នៅក្នុង​ប្រទេស​បារាំង ក្រោមអាណត្តិ​របស់​លោក​ប្រធានាធិបតីម៉ាក្រុង​​ ​ដែល​ចាប់​ផ្តើម​ពី​ថ្ងៃ ព្រហស្បតិ៍​ទី ១៣​កក្កដា​ទៅ ​ភ្ញៀវកិត្តិយស​​ ម៉ូឌី នឹង​អង្គុយក្បែរ​ម្ចាស់​ផ្ទះ​ទស្សនា​ក្បួន​ព្យុះហយាត្រា ដែល​មានយោធា​​ឥណ្ឌា និង​យន្តហោះ​ប្រដេញ​រាហ្វាល់ឥណ្ឌាបី​គ្រឿង​ ចូល​រួម​ដង្ហែក្នុង​ថ្ងៃ​បុណ្យជាតិបារាំង​ដែរ។ ​លោក​ម៉ូឌី នឹង​ទទួល​ទាន​អាហារ​ពេល​ល្ងាច ​ជាមួយ​ប្រធានាធិបតី​បារាំង នៅ​វិមាន​អេលីហ្សេ នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ជា​លក្ខណៈ​ឯកជន និងបន្ទាប់​មក​​នៅ​ល្ងាច​ថ្ងៃ​សុក្រ នៅ​សារមន្ទីរ​Louvres មុន​នឹង​ចេញ​ទៅ​មើល​កាំជ្រួច​ជាមួយ​គ្នា។

មានមូលហេតុច្រើន​ដែល​ជំរុញ​ប្រធានាធិបតី​បារាំង​ស្វាគមន៍​នាយករដ្ឋមន្ត្រី​ឥណ្ឌា​យ៉ាង​ពិសេស​ដូច្នេះ។ ដំបូង គឺ​មូលហេតុ​ការទូត ៖ ក្នុង​ខណៈ​ដែល​បារាំង​ហាក់​ឯកា ឬ​រង​ការ​តវា​ច្រើន​ក្នុង​រង្វង់​អឺរ៉ុប និង​សម្ព័ន្ធ​អាត្លង់ទិក (អូតង់) វា​ជា​ប្រការ​ល្អ​ដែល​បារាំងបើក​ចំហ​ទៅ​រក​ក្រុមប្រទេស​ធំៗ​ក្នុង​ចំណោម​ក្រុម​ប្រទេស​កំពុង​លូតលាស់ ដូច​យ៉ាង​ប្រេស៊ីល អាហ្វ្រិកខាង​ត្បូង និង​ឥណ្ឌា​។

បារាំង​របស់​លោក​ម៉ាក្រុង ចង់​​មាន​ចំណែក​នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក និង​ចង់​ធ្វើ​ស្ពាន​ភ្ជាប់​ក្រុមសេរីនិយម ​លោក​ខាងលិច និង​ជាតិ​ភាគ​ច្រើន​ក្នុង​តំបន់។​ មហាយក្ស​ឥណ្ឌា​ មាន​ទំនាក់ទំនងសាំញ៉ាំ​ណាស់​​ជាមួយ​​​ចិន​ តែគោរព​​​​នយោបាយ​ការទូត​ពហុនិយម​ ដូច​បារាំង​ដែរ។ ប្រទេសប្រទេស​ទាំងពីរ មាន​ជំហរ​មិន​ប្រកាន់​ខ្សែ បក្ស​សម្ព័ន្ធ ថា​ត្រូវ​តែ​កាន់​ខាង​នេះ ឬ​ប្លុក​នោះ​ទេ ហើយ​មាន​​​យុទ្ធសាស្ត្រ​ដូច​គ្នា ជាពិសេស​យុទ្ធសាស្ត្រ​នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ដែល​មាន​ទិស​ដៅ​​ចង់ទប់ទល់​នយោបាយ​វាតទីនិយម​របស់​ចិនផង និង​នយោបាយ​ពង្រីក​ឥទ្ធិពល​របស់​អាមេរិកក្នុង​តំបន់ផង។ សូម​បញ្ជាក់​ថាបារាំងក៏​​មា​ន​ដែន​ដី​មួយ​ចំនួន ​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ដែល​គេ​ហៅ​​ដែនដី​នាយសមុទ្ទ​បារាំង។

បារាំង​និង​ឥណ្ឌាបង្ហាញ​ឆន្ទៈ​​ចង់​ដើរ​តួនាទី​ជា​មហាអំណាច​លំនឹង មាន​សមត្ថភាព​និយាយ​រក​គ្រប់​ភាគី។ ថ្វីបើ​លោក​ម៉ាក្រុង ហាក់​ដក​ខ្លួន​ចេញឆ្ងាយ​​ពី​លោក​ពូទីន​មែន តែ​លោក​ម៉ូឌី នៅ​បន្ត​រក្សា​ទំនាក់ទំនង​ជា​ប្រពៃណី​ជាមួយ​ម៉ូស្គូ​ជា​និច្ច​ ដោយ​បដិសេធ​មិន​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​អ្នក​ឈ្លានពាន​អ៊ុយក្រែន ហើយ​ក៏​មិន​ថ្កោលទោស​ទង្វើ​របស់​រុស្ស៊ីដែរ។

ជាង​នេះទៅ​ទៀត មហាអំណាច​នុយក្លេអ៊ែរ​ទាំងពីរ បាន​ចង​ភ្ជាប់​គ្នា​ដោយ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ ចំណាស់​២៥​ឆ្នាំ​ហើយ ជាក់ស្តែង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារ​ជាតិ និង​ការ​ទិញ​យន្តហោះ​រ៉ាហ្វាល់​ពី​បារាំង។ បើ​តាម​គេហទំព័រ​សារព័ត៌មាន​ la Tribune ការ​បញ្ជា​ទិញ​យន្តហោះ​រ៉ាហ្វាល់​ប្រភេទ​ហោះ​ពី​នាវាផ្ទុក​យន្តហោះ ២៦​គ្រឿង និង​នាវាមុជទឹក​បី​គ្រឿង ទំនង​ជា​អាច​នឹង​ត្រូវ​ចុះ​ហត្ថលេខា​ក្នុង​ទស្សនកិច្ច​នេះ​ផង។ ប៉ុន្តែ​ពុំ​ទាន់​មាន​ការ​បញ្ជាក់​ជា​ផ្លូវការ​ណាមួយ​ទេ គិត​មក​ទល់​នឹង​ថ្ងៃអង្គារ​ទី ១១​កក្កដា។

កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​អវកាស​និង​ផ្កាយ​រណប អន្តរកាល​ថាមពល​ ក៏​ជាមូល​ហេតុសំខាន់​​មួយទៀត​ដែល​បារាំង​មិន​អាច​មើល​រំលង​​ឥណ្ឌាបាន​ឡើយ។

អ៊ីចឹង​ត្រូវ​ធិប​បញ្ហា​សិទ្ធិមនុស្ស​? លោក​ម៉ូឌី ទើប​នឹង​បញ្ចប់​ទស្សនកិច្ច​ដោយជោគជ័យ​នៅអាមេរិក ដោយ​​គ្មានទេ​ការ​ធ្វើ​​ពហិការទ្រង់ទ្រាយ​ធំ​​ប្រឆាំង​នឹងលោក​ម៉ូឌី ព្រោះ​បញ្ហា​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​ឥណ្ឌា។ ដូច្នេះ​បើ​តាម​អ្នក​ការទូត​ ប្រមុខ​ជាតិ​និយម​ឥណ្ឌា​អាច​ងាក​ទៅរក​អាមេរិក បើ​បារាំង​រារាំង​ប្រយោជន៍ឥណ្ឌា​​ដោយ​ហេតុ​សិទ្ធិមនុស្ស។ នេះ​ហើយ​ជា ​Real Politik៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ