អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើវៀតណាមមើលឃើញយ៉ាងណារវាងអាមេរិក និងចិន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អស់រយៈពេលរាប់ទសវត្សរ៍ វៀតណាមដែលជាប្រទេសមានអំណាចមធ្យម តែងតែព្យាយាមរក្សាតុល្យភាពរវាងមហាអំណាចិន និងសហរដ្ឋអាមេរិក ដោយមាននយោបាយអាទិភាពមួយ "ចិនទីមួយ អាមេរិកបន្ទាប់"។ ក៏ប៉ុន្តែ នៅពេលដែលការប្រជែងគ្នារវាងចិន និងអាមេរិកកាន់តែកើនឡើង ស្ថានភាពហាក់បង្ខំឱ្យវៀតណាមត្រូវខ្វល់ខ្វាយពិចារណាកាន់តែខ្លាំងលើនយោបាយការបរទេសរបស់ខ្លួន។ តើវៀតណាមមើលឃើញយ៉ាងណារវាងអាមេរិក និងចិន?

តើវៀតណាមមើលឃើញយ៉ាងណារវាងអាមេរិក និងចិន?
តើវៀតណាមមើលឃើញយ៉ាងណារវាងអាមេរិក និងចិន? AP - Evan Vucci
ផ្សាយពាណិជ្ជកម្ម

ថ្មីៗនេះ លោក Joe Biden ប្រធានាធិបតីអាមេរិក បានមើល​រំលងកិច្ចប្រជុំកំពូលអាស៊ាន នៅ​ទីក្រុង Jakarta ប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែបែរជាបាន​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ទី១០ ខែ​កញ្ញាទៅវិញ។ ផ្អែកតាមការចេញផ្សាយរបស់សារព័ត៌មាន The Economist លោក Joe Biden គឺ​ជា​ប្រធានាធិបតី​អាមេរិក​ទី​ប្រាំ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេសវៀណាម ហើយការធ្វើដំណើរលើកនេះពិតជាមានសារៈសំខាន់បំផុតចាប់តាំងពីជំនាន់លោកស្រី Bill Clinton ក្នុងឆ្នាំ២០០០។

តើវៀតណាមមើលឃើញយ៉ាងណារវាងអាមេរិក និងចិន?

ការ​ប្រជែង​គ្នា​រវាង​អាមេរិក និង​ចិន​បានក្លាយជាប្រធានបទ​យ៉ាងសំខាន់ ​សម្រាប់នយោបាយការបរទេស​វៀតណាម។ នេះបើយោងតាមលោក Nguyen Cong Tung សាស្រ្ដាចារ្យនៅសាកលវិទ្យាល័យជាតិតៃវ៉ាន់ ដែលបានចុះផ្សាយអត្ថបទវិភាគមួយនៅគេហទំព័រសកលវិទ្យាល័យជាតិសិង្ហបុរី។

នៅក្នុងបញ្ហាប្រជែងដណ្តើមឥទ្ធិពលគ្នានេះ វៀតណាមគឺជាតួអង្គសំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នាពេលកន្លងមក វៀតណាមបានគ្រប់គ្រងទំនាក់ទំនងរបស់ខ្លួនបានយ៉ាងល្អជាមួយអាមេរិក និងចិន ទោះបីជាត្រូវប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងក៏ដោយ។

គោលនយោបាយការពារជាតិ ទេបួន

នៅក្នុងនយោបាយវៀតណាម រដ្ឋវៀតណាមតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយយូរយាលរបស់ខ្លួនក្នុងការមិនមានសម្ព័ន្ធភាពយោធា ប៉ុន្តែអាចមានភាពបត់បែន និងអនុវត្តន៍ទៅតាមភាពជាក់ស្តែង នៅក្នុងយុទ្ធសាស្ត្រការទូតរបស់ខ្លួន។ គោលនយោបាយការពារជាតិ “ទេបួន - four-nos” នេះ ត្រូវបានគូសបញ្ជាក់នៅក្នុងសៀវភៅសស្ដីពីការពារជាតិវៀតណាមឆ្នាំ២០១៩។ នយោបាយ “ទេបួន” រួមបញ្ចូល “ទេចំពោះសម្ព័ន្ធភាពយោធា” “ទេចំពោះការចងភាគីជាមួយប្រទេសមួយប្រឆាំងនឹងប្រទេសមួយផ្សេងទៀត” “ទេចំពោះមូលដ្ឋានយោធាបរទេស” និង “ទេចំពោះការប្រើកម្លាំង ឬការគំរាមកំហែងប្រើកម្លាំងក្នុងទំនាក់ទំនងអន្តរជាតិនោះទេ”។

ទោះជាយ៉ាង​ណា នយោបាយនេះបាន​ប្រែប្រួល​បន្តិច​ម្តងៗ។ ចាប់តាំងពីឆ្នាំ២០២១មក មេដឹកនាំវៀតណាម រួមទាំងនាយករដ្ឋមន្ត្រី Pham Minh Chinh បានចាប់ផ្តើមនិយាយថា វៀតណាម "ជ្រើសរើសអ្វីដែលត្រឹមត្រូវ និងយុត្តិធម៌ និងមិនប្រកាន់ភាគីណាទេ"។ នៅក្នុងឃ្លានេះ ពាក្យ​គន្លឹះដូចជា “ត្រឹមត្រូវ និង​យុត្តិធម៌” (lẽ phải, công lý) គឺមានន័យថា វៀតណាម​អាច​បត់​បែន​បាន​ ហើយក៏អាចមានការ​បកស្រាយច្រើនផងដែរលើអត្ថន័យរបស់វា។ នេះ​ជា​សញ្ញា​ដល់រដ្ឋាភិបាលចិន និងអាមេរិក​ថា វៀតណាម​អាចប្រកាន់​ខ្ជាប់​នូវ​គោល​នយោបាយ “ទេ​បួន” ក៏ប៉ុន្តែវៀតណាម​ក៏នៅ​តែ​បើក​ចំហ​ចំពោះ​លទ្ធភាព​នៃ​ការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ​ជាមួយ​មហាអំណាច​ខាងក្រៅ​ផ្សេងទៀត ប្រសិនបើ “សិទ្ធិ ​យុត្តិធម៌ និង​ផលប្រយោជន៍​ជាតិ” របស់វៀតណាម​ត្រូវ​បាន​បំពាន​ដោយ​ភាគី​ម្ខាងទៀត។

ប្រវតិ្តសាស្រ្តបង្រៀនវៀតណាមថា វាជារឿងប្រថុយណាស់ក្នុងការពឹងផ្អែកលើមហាអំណាចមួយប្រឆាំងនឹងប្រទេសមួយទៀត ព្រោះវៀតណាមតែងតែខាតបង់ខ្លាំង នៅពេលណាដែលមហាអំណាចទាំងនោះត្រូវគ្នាវិញ។

"ចិនទីមួយ អាមេរិកបន្ទាប់"

ទីតាំងភូមិសាស្ត្រ​គឺ​ជា​ផ្នែក​មួយដ៏ចម្បងបំផុត នៅក្នុងនយោបាយការបរទេសរបស់​វៀតណាម​។ ប្រទេស​វៀតណាម​ស្ថិត​នៅ​ជាប់​នឹង​ប្រទេស​ចិន​ដែល​បាន​ធ្វើ​អាណានិគម​លើខ្លួន អស់​រយៈពេល​ជាង ១០០០ឆ្នាំ​។ កត្តានេះធ្វើឱ្យវៀតណាមដឹងច្បាស់ណាស់ ក្នុងការពិចារណាលើប្រតិកម្ម និងផលប្រយោជន៍របស់ចិន មុនពេលដែលវៀតណាមសម្រេចចិត្តត្រូវសហការជាមួយសហរដ្ឋអាមេរិក ឬមហាអំណាចខាងក្រៅផ្សេងទៀត។ ជាឧទាហរណ៍ វៀតណាមមានការស្ទាក់ស្ទើរក្នុងការបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយអាមេរិកដល់កម្រិតយុទ្ធសាស្ត្របន្ថែមទៀតលើវិស័យការពារជាតិ និងសន្តិសុខ ដោយសារតែមានការព្រួយបារម្ភថា ទង្វើបែបអាចជាសញ្ញានៃការប្រឆាំងចិន។

ប្រវត្តិសាស្ត្របង្រៀន​វៀតណាម​ម្ដង​ទៀត នោះគឺ "ចិនទីមួយ អាមេរិកបន្ទាប់"។ នេះប្រហែលជាមូលហេតុដែលមេដឹកនាំវៀតណាមជាច្រើន បានព្យាយាមបង្ហាញថាប្រទេសចិនគឺជារឿង “អាទិភាពកំពូល” នៅក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។

ទង្វើសំខាន់ជាងវាចា។ ជាឧទាហរណ៍ ពីមុនវៀតណាមបង្កើនទំនាក់ទំនងជាមួយអាមេរិក ក្នុង “ភាពជាដៃគូយុទ្ធសាស្ត្រ strategic partnership” មេដឹកនាំជាន់ខ្ពស់វៀតណាមជាច្រើនបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន។ អគ្គលេខាធិកា Nguyen Phu Trong បានធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងក្នុងខែតុលា ឆ្នាំ២០២២ ហើយសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Truong Thi Mai បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងក្នុងខែមេសា ឆ្នាំ២០២៣។

អស់រយៈពេលរាប់ទសវត្សរ៍ យុទ្ធសាស្រ្តការទូតរបស់វៀតណាមក្នុងការរក្សាតុលភាពរវាងសហរដ្ឋអាមេរិក និងចិន ហាក់មានប្រសិទ្ធភាព ក៏ប៉ុន្តែវាហាក់លឿនពេកក្នុងការវាយតម្លៃថាតើវិធីសាស្រ្តនេះគឺត្រឹមត្រូវ ហើយបន្ដឋិតថេរទៅមុខតទៀត ព្រោះថា​វាក៏​អាស្រ័យ​លើ​ថាតើ​ការ​ប្រជែង​គ្នា​រវាង​អាមេរិក និង​ចិន​នឹង​ទៅ​ដល់​កម្រិត​ណា។ សម្រាប់មេដឹកនាំជាន់ខ្ពស់វៀតណាម ពួកគេតែងតែចង់មើលឃើញថា សហរដ្ឋអាមេរិក និងចិននឹងមាននយោបាយល្អមួយ សម្រាប់គ្រប់គ្រងប្រទេសអំណាចមធ្យមដូចជាវៀតណាមដែលចង់មានផ្លូវឯករាជ្យរបស់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ