អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីតម្លៃទំនិញជាទូទៅនៅអាស៊ីកើនខ្លាំង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

មិនខុសពីសហរដ្ឋអាមេរិក និងអឺរ៉ុបដែលកំពុងប្រឈមទល់នឹងការកើនឡើងថ្លៃទំនិញខ្លាំង ក្នុងអត្រាខ្ពស់បំផុតមិនធ្លាប់មាន នៅក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយ នៅអាស៊ីឯណោះវិញ តម្លៃទំនិញជាទូទៅក៏កំពុងកើនឡើងផងដែរ។ វិបត្តិសង្គ្រាមរុស្ស៊ីអ៊ុយក្រែនដែលបង្កឱ្យតម្លៃថាមពេលកើនឡើង និងវិបត្តិកូវិដ១៩នៅចិនដែលបង្អាក់ដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល គឺជាមូលហេតុចម្បងនៃវិបត្តិឡើងថ្លៃទំនិញ នៅអាស៊ី នាពេលបច្ចុប្បន្ន។

ហេតុអ្វី​ទំនិញជាទូទៅ ឡើង​ថ្លៃខ្លាំង នៅអាស៊ី ?
ហេតុអ្វី​ទំនិញជាទូទៅ ឡើង​ថ្លៃខ្លាំង នៅអាស៊ី ? © Internet
ផ្សាយពាណិជ្ជកម្ម

យោងតាមកាសែត TIME ពិភពលោកបច្ចុប្បន្នកំពុងប្រឈមនឹងការកើនឡើងខ្លាំងនៃអត្រាអតិផរណា។ ការកើនឡើងតម្លៃម្ហូបអាហារ និងថាមពល រួមមាន ឧស្ម័ន និងប្រេងឥន្ទនៈ បានកើនឡើងយ៉ាងខ្លាំងនៅក្នុងទ្វីបអាស៊ី។

ក្នុងពេលជាមួយគ្នា អតិផរណានៅសហរដ្ឋអាមេរិកបច្ចុប្បន្នបានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល៤០ឆ្នាំចុងក្រោយ។ បណ្ដាប្រទេសអឺរ៉ុបក៏កំពុងប្រឈមនឹងការកើនឡើងកម្រិតអតិផរណាខ្ពស់បំផុតផងដែរ ចាប់តាំងពីការបង្កើតប្រាក់អឺរ៉ុប នៅឆ្នាំ១៩៩៩។

អ្វីទៅជាអតិផរណា? នៅពេលដែលថ្លៃទំនិញជាទូទៅកើនឡើងក្នុងរយៈពេលណាមួយ គេហៅជាភាសាបច្ចេកទេសថា “អតិផរណា”។ តម្លៃទំនិញកើនឡើងនឹងធ្វើឱ្យលុយធ្លាក់តម្លៃ ហើយអាចទិញទំនិញបានក្នុងចំនួនតិចទៅៗ។ ជាលទ្ធផល អំណាចទិញរបស់អ្នកប្រើប្រាស់ក៏នឹងធ្លាកចុះផងដែរ។

ក្នុងការអនុវត្តជាក់ស្ដែង ការកើនឡើងកម្រិតថ្លៃទំនិញ និងបើស្ថិតក្នុងកម្រិតខ្ពស់ខ្លាំងពេក វាអាចនឹងបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច ហើយអ្នកដែលត្រូវរងផលប៉ះពាល់ខ្លាំងជាងគេ គឺក្រុមប្រជាពលរដ្ឋក្រីក្រដែលមានប្រាក់ចំណូលទាប។

នៅតំបន់អាស៊ី កម្រិតអតិផរណាកំពុងកើនឡើងនៅស្ទើរគ្រប់ប្រទេស មិនថានៅចិន ឥណ្ឌា ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ និងកូរ៉េខាងត្បូង។ ការកើនឡើងតម្លៃទំនិញជាទូទៅមានកម្រិតខ្ពស់ជាងការរំពឹងទុកខ្លាំង។ នៅប្រទេសនូវែលសេឡង់ អត្រាអតិផរណាបានកើនឡើងខ្ពស់បំផុត ក្នុងរយៈពេល២២ឆ្នាំចុងក្រោយ។

ការឡើងថ្លៃទំនិញបានធ្វើឱ្យថ្លៃផលិតកម្មក្នុងវិស័យឧស្សាហកម្មនានាកើនឡើងផងដែរ។ ជាលទ្ធផល ទំនិញដាក់លក់លើទីផ្សារនឹងកើនឡើង។

ផ្អែកតាមអ្នកជំនាញ ការផ្ទុះឡើងនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន គឺជារបត់ពិភពលោកដែលបង្កឱ្យទំនិញជាទូទៅឡើងថ្លៃ។ ដោយសាររុស្ស៊ី និងអ៊ុយក្រែនជាប្រទេសផ្គត់ផ្គង់karនាំចេញប្រេងឥន្ទនៈ និងឧស្ម័នទៅកាន់ពិភពលោក ក្នុងទំហំយ៉ាងច្រើន ដូច្នេះសង្គ្រាមរុស្ស៊ីអ៊ុយក្រែនបានបង្កឱ្យតម្លៃថាមពល និងប្រេងឥន្ធនៈឡើងថ្លៃខ្លាំង។ វាក៏បានជំរុញឱ្យតម្លៃវត្ថុធាតុដើម និងតម្លៃទំនិញផ្សេងៗកើនឡើងផងដែរ ព្រោះថាថាមពលជាកត្តាផលិតកម្មដ៏សំខាន់ ដើម្បីប្រើប្រាស់យកទៅផលិតផលិតផលអ្វីផ្សេងៗ មិនថាក្នុងវិស័យកសិកម្ម ឬវិស័យឧស្សាហកម្ម។

តម្លៃថាមពលកើនឡើងក៏បានជំរុញឱ្យថ្លៃដឹកជញ្ជូន និងថ្លៃអាហារកើនឡើងខ្លាំងដល់កម្រិតខ្ពស់បំផុតផងដែរ។

ឥណ្ឌា ដែលជាប្រទេសមានប្រជាជនច្រើនជាងគេទីពីរនៅលើពិភពលោក ក៏កំពុងប្រឈមនឹងការកើនឡើងខ្លាំងនូវតម្លៃអាហារ និងថាមពល។ ជាឧទាហរណ៍ ហាងលក់បន្លែកញ្ចប់មួយនៅទីក្រុង Mumbai បានបង្កើនតម្លៃកញ្ចប់បន្លែទៅលក់ ៤៥០រូពី ឬស្មើជិត ៦ដុល្លារអាមេរិក។ នេះមានន័យថាបន្លែរបស់ហាងនេះកើនឡើងប្រហែល ៨០% បើប្រៀបធៀបនឹងពីរបីសប្តាហ៍មុន។

នៅជប៉ុន តម្លៃទំនិញប្រើប្រាស់ទូទៅ ដោយមិនរាប់បញ្ចូលអាហារស្រស់ បានកើនឡើង ០,៦% ក្នុងខែកុម្ភៈធៀបនឹងឆ្នាំមុន។ ការកើនឡើងនេះមានកម្រិតខ្ពស់បំផុតក្នុងរយៈពេលពីរឆ្នាំចុងក្រោយ។ រីឯនៅក្នុងប្រទេសចិន តម្លៃផលិតកម្មបានកើនឡើង ៨,៣% ធៀបនឹងឆ្នាំមុន។ នៅក្នុងប្រទេសចិន វិធានការតឹងរ៉ឹងដើម្បីទប់ស្កាត់ការកើនឡើងជំងឺកូវីដ១៩ ក៏បានរួមចំណែកបង្កើនកម្រិតថ្លៃទំនិញជាទូទៅផងដែរ។

ចិនគឺជាប្រទេសដែលនាំចេញច្រើនបំផុតរបស់ពិភពលោក។ ដូច្នេះហើយ នៅពេលចិនមានបញ្ហា ហើយកាត់បន្ថយការផលិត និងការនាំចេញ នោះតម្លៃទំនិញនៅក្នុងបណ្ដាប្រទេសដែលនាំចូលទំនិញពីចិន ក៏នឹងឡើងថ្លៃផងដែរ ដោយសារខ្វះខាតទំនិញប្រើប្រាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ