អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ខួបអូតង់៧៥ឆ្នាំ៖ អូតង់ខ្លាំង និងរីកធំជាងមុន ប៉ុន្តែនៅភ័យនឹងស្រមោលរបស់លោកដូណាល់ ត្រាំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

បង្កើតឡើង​នៅថ្ងៃទី ៤​មេសា ១៩៤៩ ដើម្បីទប់ទល់​ឥទ្ធិពលរបស់​សហភាពសូវៀត សម្ព័ន្ធអាត្លង់ទិក​ខាងជើង អង្គការ​អូតង់ នៅថ្ងៃព្រហស្បតិ៍ទី ៤មេសានេះ ប្រារព្ធ​ខួប​៧៥ឆ្នាំ​របស់ខ្លួននៅទីស្នាក់កណ្តាល​អូតង់ នៅទីក្រុង​ព្រុចស៊ែល ប្រទេស​ប៊ែលហ្សិក។ នៅចំពោះមុខ​សង្រ្គាមរុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន អង្គការ​អូតង់​កំពុង​ប្រឈមមុខ​នឹង​ភាពមិនច្បាស់លាស់ ដោយសារ​តែ​ស្រមោល​របស់​លោក​ដូណាល់ ត្រាំ​ដែល​អាច​ឈ្នះឆ្នោត មកដឹកនាំ​អាមេរិក​សាជាថ្មី។ មានអាយុ​៧៥ឆ្នាំ តើ​អូតង់​ពិតជា​ចាស់គំរិល​ហួសសម័យ ដូច​ការលើកឡើង​របស់​អតីត​ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ឬ​ជាស្ថាប័ន​ដែល​ស្លាប់​មិន​ដំណើរការ ដូច​ពាក្យរិះគន់​របស់​ប្រធានាធិបតី​បារាំង​ដែរឬទេ?

កងទ័ពអាមេរិក​ប្រចាំការ​នៅប្រទេស​ប៉ូឡូញ នៅក្នុងក្របខ័ណ្ឌ​អង្គការ​អូតង់
កងទ័ពអាមេរិក​ប្រចាំការ​នៅប្រទេស​ប៉ូឡូញ នៅក្នុងក្របខ័ណ្ឌ​អង្គការ​អូតង់ AP - Nathan Posner
ផ្សាយពាណិជ្ជកម្ម

គិត​មកត្រឹមថ្ងៃនេះ ​ថ្ងៃទី ៤​មេសា​ឆ្នាំ​២០២៤ មាន​រយៈពេល ៧៥ឆ្នាំគត់ ដែល​អង្គការ​អូតង់ត្រូវ​បាន​បង្កើតឡើង ដើម្បី​ទប់ទល់​នឹង​ការពង្រីក​ឥទ្ធិពល​របស់​សហភាពសូវៀត។ នៅថ្ងៃ​ខួប​៧៥ឆ្នាំ របស់អូតង់ រដ្ឋមន្រ្តី​ការបរទេស​របស់ប្រទេស​សមាជិក​អូតង់ ទាំង​៣២​ជួបប្រជុំគ្នា នៅ​ទីស្នាក់ការរបស់អូតង់ នៅទីក្រុង​ព្រុចស៊ែល ប្រទេស​ប៊ែលហ្សិក។

នៅក្នុងប្រវត្តិ​សាវតារ ៧៥​ឆ្នាំ​របស់ខ្លួន សម្ព័ន្ធអាត្លង់ទិក​ខាងជើង​អូតង់ ខ្លាំង រួបរួម និង​រីកធំខ្លួន​ជាងពេលណាៗទាំងអស់។ នេះ​ជា​ប្រសាសន៍​របស់​អគ្គលេខាធិការ​អង្គការ​អូតង់ នៅ​ថ្ងៃពុធទី ៣មេសា មួយថ្ងៃ​មុន​ខួប​៧៥ឆ្នាំ​របស់​អូតង់។

នៅ​ថ្ងៃ​ទី​៤​មេសា ឆ្នាំ ១៩៤៩ មានតែ ប្រទេសនៅ​អឺរ៉ុប និង​អាមេរិកខាងជើង ​ចំនួន ១២ប៉ុណ្ណោះ​ដែលបាន​ស្រាក់ដៃ​គ្នាបង្កើត​សម្ព័ន្ធ​កម្លាំង​អាត្លង់ទិក ដើម្បី​ប្រឈម​ទប់ទល់​នឹង​ការពង្រីក​ឥទ្ធិពល​របស់​សហភាព​សូវៀត ក្រោយ​ចប់​សង្រ្គាមលោក​លើក​ទី២។ ៧៥ឆ្នាំក្រោយ ចំនួន​សមាជិក​អូតង់​បានកើនឡើង ពី​១២ ដល់​៣២ប្រទេស។

អូតង់​ខ្លាំង​ជាងមុន ដោយ​បាន​ពង្រីក​វិសាលភាព​របស់ខ្លួន នៅទឹកដីអឺរ៉ុប តាមរយៈ ការចូលជា​សមាជិក​របស់​ប្រទេស​ហ្វាំងឡង់ និង​ស៊ុយអែត​ដោយសារ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ សង្រ្គាម​អ៊ុយក្រែន​ជា​ការវាយ​ទូងស្គរ​ដាស់​ឲ្យ​ប្រទេសជិតខាង​រុស្ស៊ី ជាពិសេស​ប្រទេស​នៅ​អឺរ៉ុបខាងជើង ដូចជា​ហ្វាំងឡង់ និងស៊ុយអែតដែលសុខចិត្ត​បោះចោលគោលការណ៍​អព្យាក្រឹត​របស់ខ្លួន ដើម្បីចុះចូល​ក្នុងសម្ព័ន្ធអូតង់ ក្នុងក្តីសង្ឃឹម​ទទួលបានការការពារ​ពីមាត្រា​ទី​៥​របស់​អូតង់។

សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែននៅ​ទឹកដី​អឺរ៉ុប នៅ​ក្បែរ​ប្រទេសសមាជិក​របស់​អូតង់ ដូចជា​ប៉ូឡូញ រូម៉ានី បាន​ធ្វើ​ឲ្យ​ពាក្យ​ចោទប្រកាន់ ដែលថា អូតង់​ចាស់គំរិល​លែង​មាន​ន័យ។ នៅ​ពេល​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​នៅឆ្នាំ ២០១៧ លោក​ដូណាល់ ត្រាំ ធ្លាប់​បង្កើត​ក្តី​មន្ទិល​សង្ស័យ​ក្នុងចំណោម​ប្រទសសមាជិកអូតង់ នៅពេល​លោក​និយាយ​រិះគន់​អូតង់​ថា ជា​អង្គការ​ចាស់​គំរិល ហួសសម័យ។ ចាស់គំរិល ព្រោះតែ​តែ​អូតង់ ផ្តោតសំខាន់តែ​រឿងរុស្ស៊ី ប៉ុន្តែ មិនមែន​ក្រុមភេរវនិយម។ លោក​ដូណាល់ ត្រាំ​កាលណោះ​ចង់​ឲ្យអូតង់​ងាកបែរ​ទៅជួយអាមេរិក នៅក្នុងរឿងប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម​ដែលសកម្មខ្លាំង នៅស៊ីរី និង​អ៊ីរ៉ាក់។ ប៉ុន្តែ ការប្រែប្រួល​ស្ថានការណ៍នយោបាយ នៅ​អឺរ៉ុបសព្វថ្ងៃនេះ ជាមួយ​ការធ្វើសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន បាន​ធ្វើ​​ឲ្យ​សំដី​របស់​លោក​ដូណាល់ ត្រាំ​ចាស់គំរិល ហួសសម័យ ទៅវិញ។ សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន នៅទឹកដី​អឺរ៉ុប បាន​បញ្ជាក់​អត្ថន័យកម្មវត្ថុ​របស់​អូតង់​ដែលចាត់ទុក​រុស្ស៊ីជា​គោលដៅ​អាទិភាព​របស់​អូតង់។ ចង់ ឬមិនចង់ អូតង់​ត្រូវ​ត្រលប់​មក​ប្រឈម​នឹង​សត្រូវចាស់​រុស្ស៊ី ដែលតាមពិត​ជាហេតុផល​ចំបង​ឲ្យគេ​បង្កើត​អង្គការអូតង់ កាលពី​៧៥ឆ្នាំមុន។

លោកម៉ាក្រុងធ្លាប់​ថា អូតង់​ដែល​ជា​ស្ថាប័នស្លាប់ មិនដំណើរការ នៅក្នុងក្រសែភ្នែក​របស់​លោកប្រធានាធិបតីបារាំង

ពាក្យ​រិះគន់​របស់​លោក​ប្រធានាធិបតីបារាំង ដែលថា អូតង់ ជា​ស្ថាប័ន​ស្លាប់​មិនដំណើរការ វិញ ក៏​លែង​ត្រូវដែរ។ លោក​ម៉ាក្រុង​បាននិយាយ​ពាក្យនេះ នៅមុន​មាន​សង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន នៅក្នុងកាលៈទេសៈ​មួយ ដែល​សមាជិក​អូតង់​កំពុង​បែកប្រេះឆា ដោយសារ​ផលប្រយោជន៍ផ្ទាល់ខ្លួន។ លោកម៉ាក្រុង​ធ្លាប់បាននិយាយ​ថា អូតង់ មានតែ​ដង្ហើម បេះដូង ប៉ុន្តែ ខួរក្បាលស្ពឹក មិនដំណើរការ ព្រោះថា អូតង់​កាលពី​៥ឆ្នាំ​មុន គ្មាន​លទ្ធភាព​ចាត់ចែង អារកាត់អ្វី នៅពេល ប្រទេស​សមាជិក​ដូចជា​អាមេរិក​សម្រេច​អត្តនោម័តដកទ័ព​ចេញពីស៊ីរី លែង​ជួយ​កងកម្លាំងគួដឌីស្ថាន និងបណ្តោយ​ទុក​ឲ្យ​តួកគី​ដែលជា​សមាជិក​របស់អូតង់​វាយប្រហារ​ទៅលើ​ក្រុមនេះ​យ៉ាងសន្ធប់។ ការវាយប្រហារ​របស់តួកគី​ទៅលើ​ក្រុមគួដឌីស្ថាន​បាន​ប៉ះពាល់​ដល់​បេសកកម្ម​របស់​បារាំង​នៅស៊ីរី ដែលកំពុងជួយ​ក្រុមនេះ​នៅ​ស៊ីរី ដើម្បីប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​ភេរវនិយម។

នៅ​៥ឆ្នាំក្រោយការរិះគន់របស់​ប្រធានាធិបតីបារាំង អូតង់​ចាប់រស់រវើក សកម្ម​ជាងមុនឆ្ងាយណាស់។ ប្រទេស​នៅអឺរ៉ុប​ដែលជា​សមាជិក​របស់អូតង់​រួមទាំងបារាំងខ្លួន​ឯង​ផង បាន​ជំរុញ​វិស័យការពារ​ជាតិ តាមរយៈ​ការបង្កើន​ថវិកាកងទ័ព និង​ជំរុញ​ឧស្សាហកម្ម​យោធា។ អូតង់​ផ្ទាល់​បាន​ព្យាយាម​សម្របសម្រួល​ប្រមូលផ្តុំ​ប្រទេស​សមាជិ​កឲ្យរួបរួមគ្នា នៅក្នុង​សមយុទ្ធ​ទ្រង់ទ្រាយ​ដ៏ធំ​មិនធ្លាប់មាន។ សមយុទ្ធ​រយៈពេល ៣ខែ របស់អូតង់​ដែលមានការចូលរួម​ពីកងទ័ពរាប់ពាន់នាក់​របស់ប្រទេស​សមាជិកទាំង​៣២​របស់អូតង់មានគោលដៅ ចង់​បង្ហាញ​សាច់ដុំ ព្រមាន​រុស្ស៊ីកុំ​ឲ្យសំឡឹង​ចង់​ឈ្លានពាន​ប្រទេស​សមាជិកអូតង់។ ដ

ការគំរាមកំហែង​អូតង់​មិនមែន​មាន​មក​តែ​ពី​ខាងក្រៅ ពី​ខាងកើត គឺរុស្ស៊ី ប៉ុន្តែ គ្រោះថ្នាក់ ធ្វើ​ឲ្យ​អូតង់​អស្ថិរភាព ក៏​អាច​ផ្ទុះចេញពី​ខាងក្នុង ពីខាងលិច

ជាមួយ​ការកើនឡើង​សមាជិក​ដល់​៣២​ប្រទេស សម្ព័ន្ធអាត្លង់ទិក​អូតង់​ខ្លាំងជាងមុន​មែន ប៉ុន្តែ វាក៏ផុយស្រួយ និង​អស្ថិរភាព​ខ្លាំង​ណាស់​ដែរ។ រុស្ស៊ី​ដែល​កំពុង​មានប្រៀប​លើ​អ៊ុយក្រែន ក្នុងសមរភូមិ ជា​រឿងឈឺក្បាល បញ្ហា​ដ៏មួយ​ដែល​អូតង់​ត្រូវ​រក​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់បំផុត ដើម្បី​ទប់ទល់​កុំ​ឲ្យ​សង្រ្គាមឈ្លានពាន​របស់រុស្ស៊ី ហៀហូរចូល​ដល់​ប្រទេស​អឺរ៉ុប​ផ្សេងទៀត ដែលជា​សមាជិក​របស់អូតង់។

ប៉ុន្តែ នៅមាន​បញ្ហាមួយទៀត ដែលធ្វើ​ឲ្យប្រទេស​សមាជិក​របស់អូតង់ នៅ​មិនស្រណុក ខ្វល់ខ្វាយជាប់រហូត នោះគឺ​ស្រមោល​របស់​លោកដូណាល់ ត្រាំ ដែល​អាច​ឈ្នះឆ្នោត នៅ​ចុងឆ្នាំនេះ ដើម្បី​ត្រលប់មក​ដឹកនាំ​អាមេរិក​សាជាថ្មី។ នៅមិន​ទាន់​ឈ្នះឆ្នោត ចូល​កាន់តំណែង​ផង លោកដូណាល់ ត្រាំ កាលពី​ខែ​កុម្ភៈ កន្លងទៅ នៅពេល​កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នៅ​រដ្ឋ​ការ៉ូលីន​ខាងត្បូង បាន​ធ្វើ​ឲ្យ​សមាជិក​អូតង់​រំជើបរំជួល​ម្តងហើយ នៅពេលលោកនិយាយ​ទៅ​កាន់អ្នកគាំទ្រ​របស់លោកថា បើសិន​លោក​ឈ្នះឆ្នោត កា្លយជាប្រធានាធិបតីអាមេរិក នោះ លោកនឹង​មិនជួយ​ប្រទេស​សមាជិក​អូតង់​ណា ដែល​មិន​បង់វិភាគទាន​ចូល​កេស​អូតង់។ តាំងពីនៅ​ជា​ប្រធានាធិបតី​អាមេរិក ក្នុងអាណត្តិ​មុនម្ល៉េះ លោក​ដូណាល់ ត្រាំ​ធ្លាប់​ប្រើពាក្យ​គំរាម និងរិះគន់​ប្រទេស​នៅ​អឺរ៉ុបថា បង់លុយ មិនគ្រប់គ្រាន់ ក្នុងកេស​អូតង់ និង​កេងប្រវ័ញ្ច​លើកម្លាំងអាមេរិក​ដើម្បីជួយ​ការពារ​អឺរ៉ុប។ ដូច្នេះ សម្រាប់លោកត្រាំ បើសិន ចង់​ឲ្យអាមេរិក​ជួយ ប្រទេស​នៅអឺរ៉ុប ត្រូវ​បង់​យ៉ាងហោច ២%​នៃផលិត​ផល​ក្នុងស្រុកសរុបទៅក្នុង​អង្គការអូតង់។ ថ្មីៗនេះ លោក​នៅធ្លាប់​និយាយ​ដោយ​គ្មានខ្លាច​រអែងថា នៅពេល​ជួបសន្ទនា​ជាមួយ​មេដឹកនាំអឺរ៉ុបម្នាក់​ដែល​សួរថា តើអាមេរិក​នឹង​ជួយ​ប្រទេស​របស់​លោកដែរឬទេ លោកត្រាំ​បានឆ្លើយថា បង់លុយ​ចូលអូតង់សិនទៅ។ បើសិន គេ​មិនព្រម នោះលោក​មានតែជំរុញ​ឲ្យរុស្ស៊ី​វាយប្រហារ​ប្រទេស​អឺរ៉ុប​នោះមុនគេ។

សម្រាប់​អ្នកជំនាញ បញ្ហា​របស់លោកដូណាល់ ត្រាំ មិនមែនត្រឹមតែ​គំនិត ពាក្យព្រមាន​របស់​លោក​តែ​ប៉ុណ្ណោះទេ ប៉ុន្តែ គឺ​ភាពមិនច្បាស់លាស់ គំនិត​ជំហរនយោបាយ​របស់អាមេរិក ក្រោមការដឹកនាំ​របស់លោក ដែល​គេ​មិន​អាច​ស្មានទុក​ជាមុន។ គ្រាន់តែ​សារធ្វីត គំរាម​របស់​លោកដូណាល់ ត្រាំ អាច​ធ្វើ​ឲ្យ​សម្ព័ន្ធមិត្តអូតង់ រញ្ជួយ ធ្លាក់ចុះខ្សោយ នៅចំពោះមុខ​សត្រូវ ដូចជា​រុស្ស៊ី និងគូប្រជែង​ដូចជា​ចិន។ ការគំរាម​ដោះដៃ​របស់អាមេរិក មិន​ជួយសម្ព័ន្ធមិត្ត ជាសញ្ញាមិន​ល្អ មិនជួយស្តារមុខមាត់របស់អូតង់ ដែល​ចង់​ដើរតួជា​អ្នកជំរុញ​សន្តិភាព នៅក្នុងពិភពលោក​មួយដែល​កំពុង​អង្រួន​ដោយ​បញ្ហាអសន្តិសុខ សង្រ្គាមប្រដាប់អាវុធ នៅអាហ្វ្រិក តំបន់​ដើមបូព៌ា និងការប្រកួតប្រជែង​មីស៊ីល អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង និងអ៊ីរ៉ង់។

តើអាមេរិក​អាច​ដកខ្លួន​ចេញ​ពី​អូតង់?

ឆ្លើយដោយគ្មានអល់អែក គឺ​មិនអាច​រស់បានដាច់ខាត។ អូតង់​មិនអាច​គ្មាន​អាមេរិកបានទេ។ អាមេរិក​ដែលជា​ក្បាលម៉ាស៊ីនដឹកនាំអូតង់ មាន​ទាហាន​របស់ខ្លួន ជាង ១សែននាក់ ដែលពង្រាយនៅក្នុងទឹកដីអឺរ៉ុប។ នៅពេល​មានភាពតានតឹង​ខ្លាំង នៅឆ្នាំ ១៩៨៩ នៅក្នុង​សម័យ​សង្រ្គាមត្រជាក់ អាមេរិក​មានកងទ័ព​របស់ខ្លួន ដល់ទៅជាង​៣សែននាក់ នៅ​ទ្វីបអឺរ៉ុប។ អាមេរិក​ផ្តល់ថវិកា​ច្រើនជាងគេ​ប្រមាណ ៦០០លាន​ដុល្លារ ក្នុងកញ្ចប់ថវិកា​យោធា​របស់អូតង់។

គេ​អាច​និយាយ​ថា បើសិន​អាមេរិក​ដកខ្លួន នោះអូតង់​នឹង​ដួលរលំតែម្តង។ ប៉ុន្តែ សេណារីយ៉ូ នេះ​ទំនង​មិនអាច​កើតឡើង​បានទេ ទោះ​អាមេរិក​ស្ថិតក្រោមការដឹកនាំ​របស់ប្រធានាធិបតី មិន​នឹងន ដូចជា​លោកដូណាល់ ត្រាំ។ ដោយសារ​មូលហេតុ ពីរ។ ទី១ អាមេរិក​កាលពី ខែធ្នូ​ចុងឆ្នាំមុន បានធ្វើច្បាប់មួយរួចហើយ ដើម្បី​បង្ការ ទប់ស្កាត់​ការដកខ្លួន​របស់អាមេរិក​ចេញពីអូតង់។ ច្បាប់នេះ ត្រូវបានធ្វើឡើង ដើម្បី​កុំ​ឲ្យប្រធានាធិបតី​ណាមួយ​មាន​គំនិត​ចង់​ដក​អាមេរិក​ចេញពីបក្ស​សម្ព័ន្ធអូតង់។ តាមច្បាប់​ប្រឆាំង​នឹង​ការដកខ្លួន​ចេញ​ពី​អូតង់ ប្រធានាធិបតីអាមេរិក​មិនអាច​ព្យួរ ឬ​ដកខ្លួនចេញពី​អូតង់​ដោយ​គ្មាន​ច្បាប់អនុញ្ញាត ឬ​គ្មាន​ការយល់ព្រមព្រៀង សំឡេង ២ភាគ៣​នៅព្រឹទ្ធសភា​បានទេ។ លើសពីនោះ ប្រធានាធិបតីអាមេរិក​ត្រូវ​ជូនដំណឹង នៅ​៦​ខែ​មុន​ប្រកាស​ចេតនា​របស់ខ្លួន ចង់​ដក​ខ្លួន​ចេញ​ពី​អូតង់។ ហេតុផលទី២ ដែលធ្វើ​ឲ្យ​អូតង់​មិនអាច​ចុះខ្សោយបាន ទោះមាន​លោកដូណាល់ ត្រាំ​ជា​ប្រធានធិបតីអាមេរិក គឺ​ប្រទេស​អឺរ៉ុប នៅពេល​នេះ​ភ្ញាក់រលឹក ស្រាក់ដៃ​គ្នា ជំរុញ​វិស័យ​ការពារ​របស់ខ្លួន តាមរយៈ​ការដំឡើង​កញ្ចប់​ថវិកា​យោធា ដើម្បី​ពង្រឹង​សមត្ថភាព ប្រព័ន្ធ​ការពារ​របស់ខ្លួន កាន់តែ​រឹងមាំ​ជាងមុន ដើម្បី​កាត់បន្ថយ​ការពឹង​អាស្រ័យ​លើ​អាមេរិក​ដូចមុន។ អឺរ៉ុប​អាច​លែង​ជឿជាក់​លើជំនួយអាមេរិកទៀតហើយ ព្រោះសូម្បីតែកញ្ចប់ជំនួយ​សម្រាប់កងទ័ព​អ៊ុយក្រែន ប្រមាណ ៦០ពាន់លានដុល្លារក៏ត្រូវជាប់គាំងនៅ​ព្រឹទ្ធសភាអាមេរិក ដោយសារ​ការបោះឆ្នោតប្រឆាំង​របស់​សមាជិកព្រឹទ្ធសភា​ដែលមាននិន្នការ​ទៅរកលោកដូណាល់ ត្រាំ។

នៅចំពោះមុខជំហរ​មិនប្រាកដប្រជារបស់អាមេរិក អឺរ៉ុប​ចាំបាច់​ត្រូវតែ​ពង្រឹង​សមត្ថភាព​ការពារខ្លួនឯង​ព្រោះថា​ភ្លើងសង្រ្គាម​រុស្ស៊ី នៅ​អ៊ុយក្រែន​នឹង​អាច​ឆាបឆេះ ចូល​ក្នុង​ទឹកដី​អឺរ៉ុប នៅថ្ងៃ​ណាមួយ បើសិន​អឺរ៉ុប​នឹង​ខ្វះ​ការប្រយ័ត្នប្រយែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ