អូឡាំពិកបារីស២០២៤៖ ១០០ថ្ងៃមុនការសម្ពោធ តើបារាំងបានត្រៀមខ្លួនរួចរាល់ហើយឬនៅ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៥៦
គិតចាប់ពីថ្ងៃទី១៧មេសានេះទៅ គឺនៅសល់១០០ថ្ងៃគត់ ដែលកម្មវិធីប្រកួតកីឡាអូឡាំពិក២០២៤នៅទីក្រុងប៉ារីស នឹងចាប់ផ្តើមជាផ្លូវការ។ មានមតិខ្លះ បានបង្ហាញការព្រួយបារម្ភជាច្រើនចំណុច ថាហេដ្ឋារចនាសម្ព័ន្ធកីឡា ព្រមទាំងបណ្តាញដឹកជញ្ជូនបារាំង នៅមិនទាន់រៀបចំស្រេចបាច់ ដើម្បីទទួលកីឡាករនិងអ្នកទស្សនារាប់សែននាក់ឡើយ។ ហើយទន្ទឹមនឹងនេះ ក៏មានផងដែរ នូវការព្រួយបារម្ភស្តីពីបញ្ហាសន្តិសុខ ដោយសារតែមានការគំរាមធ្វើភេរវកម្ម នៅថ្ងៃបើកសម្ពោធការប្រកួត។
តើគិតត្រឹមពេលនេះ ដំណើរការនៃការរៀបចំ និងការសាងសង់ផ្សេងៗ បានរួចរាល់អ្វីខ្លះ នៅខ្វះអ្វីខ្លះ? ហើយថាតើអ្វីៗនឹងអាចដំណើរការដោយរលូន ដូចការរំពឹងទុកដែរឬទេ?
សំណង់ហេដ្ឋារចនាសម្ព័ន្ធធំៗរួចរាល់ទាំងស្រុង
ជាការពិតណាស់ វាតែងតែមានមនុស្សមួយចំនួន ដែលមិនពេញចិត្ត ហើយរិះគន់ជានិច្ច ថាខ្វះអញ្ចេះខ្វះអញ្ចោះ។ តែតាមពិតទៅ បើនិយាយអំពីសំណង់ហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលបារាំងត្រូវសាងសង់ដើម្បីទទួលរៀបចាំការប្រកួតកីឡាអូឡាំពិកនៅប៉ារីសនេះ គឺបានរួចរាល់សឹងតែទាំងស្រុងហើយ។ យោងតាម គណៈកម្មាធិការរៀបចំការប្រកួត និងក្រុមហ៊ុនSolideo ដែលជាអ្នកទទួលបន្ទុកប្រគល់សំណង់ទាំងអស់ គឺគេបានគោរពកាលបរិច្ឆេទសាងសង់ ដូចអ្វីដែលគ្រោងទុក។ មិនត្រឹមតែប៉ុណ្ណោះទេ គឺតម្លៃនៃការចំណាយសាងសង់ បានឡើងលើសបន្តិចបន្តួចតែប៉ុណ្ណោះ បើប្រៀបធៀបទៅកញ្ចប់ថវិកាដែលគេគ្រោង។
សំណង់ភូមិអូឡាំពិក ដើម្បីទទួលកីឡាករឲ្យស្នាក់នៅ ត្រូវបានប្រគល់និងបើកសម្ពោធឲ្យដំណើរការហើយ កាលពីចុងខែកុម្ភៈ ដោយតម្លៃចំណាយសាងសង់បានកើនលើសការកំណត់ប្រមាណតែ១០០លានអឺរ៉ូប៉ុណ្ណោះ។ បច្ចុប្បន្ននេះ ក្រុមការងារកំពុងតែបំពាក់គ្រឿងសង្ហារឹម។ ដូចគ្នាដែរ ភូមិមួយទៀតសម្រាប់អ្នកសារព័ត៌មានទូទាំងពិភពលោក ក៏ត្រូវបានបើកសម្ពោធរួចរាល់ដែរ កាលពីដើមខែមីនា។ សំណង់ភូមិអូឡាំពិកទាំង២នេះ គឺគេនឹងកែច្នៃយកធ្វើជាផ្ទះរស់នៅ និងជាទីតាំងការិយាល័យធ្វើការ នៅក្រោយការប្រកួតកីឡាំអូឡាំពិកចប់។ មានអ្នកកក់ទិញផ្ទះទាំងនេះ សឹងតែអស់ទៅហើយ។
ចំណែកសំណង់ថ្មីដ៏ធំមួយទៀត ឈ្មោះ Arena Porte La Chapelle ខាងជើងក្រុងប៉ារីស ក៏រួចរាល់ហើយដែរ។ ទីនេះគឺជាកន្លែងសម្រាប់ប្រកួតវិញ្ញាសារកីឡាវាយសី និងកីឡាកាយសម្ព័ន្ធ។ រីឯទីតាំងប្រកួតវិញ្ញាសារកីឡាទឹកទាំងអស់ ដែលស្ថិតនៅជិតពហុកីឡាដ្ឋានជាតិបារាំង ក៏បានបើកសម្ពោធរួចរាល់ហើយដែរ។
ជាសរុប គឺសំណង់ធំៗជាប់យូរអង្វែង គឺរួចរាល់អស់ហើយ។ ហេដ្ឋារចនាសម្ព័ន្ធខ្លះទៀត ជាការកែច្នៃជួលជុល យកទីតាំងដែលមានស្រាប់យកមកប្រើ ជាក់ស្តែង ដូចជាវិមានGrand Palais ដ៏ល្អវិចិត្រនៅកណ្តាលក្រុងប៉ារីស ដែលគេនឹងយកធ្វើជាទីតាំងប្រកួតកីឡាលោតសេះ និងកីឡាចាក់សាប។ ដោយឡែក នៅមានសំណង់មួយចំនួយទៀត ដែលគេគ្រោងសាងសង់បណ្តោះអាសន្ន ហើយរូសចេញវិញពេលចប់ការប្រកួត។ ជាក់ស្តែង សំណង់ទីតាំងប្រកួត នៅខាងក្រោមក្បែរជើង Tour Eiffel តែម្តង សម្រាប់ទទួលការប្រកួតកីឡាបាល់ទាល់ងងឹតភ្នែក និងកីឡាបាល់បោះលើខ្សាច់។ បច្ចុប្បន្ននេះ ការរដ្ឋានចាប់ផ្គុំសំណង់បណ្តោះអាសន្ននេះ បានចាប់ផ្តើមហើយ នៅក្បែរ Tour Eiffel។
កម្មវិធីបើកសម្ពោធលើដងទន្លេសែន ប្រឈមនឹងការគំរាមភេរវកម្ម
ទាក់ទិននឹងកម្មវិធីបើកបើកសម្ពោធការប្រកួតវិញ ដែលបារាំងគ្រោងរៀបចំធ្វើ នៅលើដងទន្លេសែននោះ គឺមានការបារម្ភខ្លាំងណាស់អំពីបញ្ហាសន្តិសុខ ការគំរាមភេរវកម្មជាដើម។ ការរៀបចំពិធី ធ្វើនៅទីហាលវាល តាមដងទន្លេសែន ដែលឆ្លងកាត់ក្រុងប៉ារីសទាំងមូល គឺវាមិនដូចយើងរៀបចំនៅក្នុងពហុកីឡាដ្ឋានទេ។ ពោលគឺអាជ្ញាធរបារាំង ត្រូវតែរៀបចំកម្លាំង និងផែនការច្បាស់លាស់ណាស់ ដើម្បីការពារសន្តិសុខចេញចូល។ កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ លោកម៉ាក្រុងបានប្រកាសថា បើកៀកថ្ងៃនោះមែនទែន មានការបារម្ភខ្លាំងពីសន្តិសុខ គឺគេមានជម្រើស២ទៀត។ ជម្រើសទី១ គឺកម្មវិធីបើកសម្ពោធការប្រកួតនឹងត្រូវធ្វើ នៅតែតំបន់ទីលាន Trocadero ខាងមុខTour Eiffel តែប៉ុណ្ណោះ។ ហើយជម្រើសទី២ គឺលើកទៅធ្វើក្នុងពហុកីឡាដ្ឋានជាតិបារាំង តែម្តង ប្រសិនបើមានការបារម្ភខ្លាំងពីបញ្ហាភេរវកម្ម។
តែយ៉ាងណាសម្រាប់ពេលនេះ លោក Gérald Darmanin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បានធានាអះអាងថា អាជ្ញាធរបារាំង និងគណៈកម្មាធិការរៀបចំ នៅតែធ្វើការដើរឆ្ពោះទៅកាន់កម្មវត្ថុដែលគ្រោងទុកដដែល គឺរៀបចំប្រារព្ធរាត្រីបើកសម្ពោធការប្រកួត ថ្ងៃទី២៦កក្កដា នៅលើដងទន្លេសែន។ តែទន្ទឹមនឹងនេះ ស្រីពេជ្រ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គេបានបន្ថយចំនួនមនុស្សចូលរួមទស្សនា ពី៦សែននាក់ ឲ្យមកនៅត្រឹមតែ ៣២៦០០០នាក់ប៉ុណ្ណោះ។ ផ្អែកតាមលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅ៧ថ្ងៃមុនថ្ងៃបើកសម្ពោធ គេនឹងដាក់រនាំងសន្តិសុខ ព័ទ្ធតាមបណ្តោយដងទន្លេសែន ទាំងសងខាង ចាប់ពីស្ពានBercy ទៅដល់ Trocadero ។ អ្នកដែលចង់ចូល ឬឆ្លងកាត់តំបន់នេះ គឺត្រូវបង្ហាញ QR កូដ និងអត្តសញ្ញាបណ្ណ។ ហើយនៅថ្ងៃបើកសម្ពោធការប្រកួតវិញ ការរឹតបន្តឹងសន្តិសុខ នឹងធ្វើឡើងតឹងតែងជាងនេះទៀត ដោយចរាចរណ៍នឹងត្រូវបិទទាំងស្រុងតែម្តង។
ប្រណាំងហែលទឹកក្នុងទន្លេសែន ដែលមានសារធាតុពុល?
បញ្ហាការប្រកួតហែលទឹក នៅក្នុងទឹកទន្លេសែននោះវិញ ក៏ជាចំណុចដែលបានរងការសើចចំអកខ្លាំងបំផុត កន្លងមក ទាក់ទិននឹងផែនការរៀបចំរបស់បារាំង។ កាលពីរដូវក្តៅឆ្នាំ២០២៣ គេបានរៀបចំការហែលទឹកសាកល្បងក្នុងទឹកទន្លេសែនរួចម្តងហើយ តែក៏ត្រូវលុបចោលវិញ ដោយសារតែគេធ្វើវិភាគទៅ ឃើញថាទឹកទន្លេសែនមានកម្រិតជាតិពុលបាក់តេរី ច្រើនលើសអ្វីដែលអាចទទួលយកបាន។
បើទឹកទន្លេសែនមានជាតិពុល អញ្ចឹងវិញ្ញាសារប្រកួតដែលគេគ្រោងធ្វើនៅក្នុងទន្លេនេះ នឹងលើកទៅធ្វើនៅឯណាវិញ? កាលពីថ្ងៃចន្ទ អង្គការមួយឈ្មោះ Surfrider Foundation បានចេញរបាយការណ៍ទាញសញ្ញាអាសន្ន អំពីគុណភាពទឹកទន្លេសែន។ អង្គការនេះបាន ស្រង់យកសំណាកទឹកទៅពិនិត្យចំនួន១៤លើក រវាងពីខែកញ្ញា២០២៣ ដល់ខែមីនា២០២៤ ត្រង់ក្រោមស្ពាន Alexandre-III និងស្ពាន Alma ជាទីតាំងដែលគេគ្រោងរៀបចំការប្រកួតវិញ្ញាសារ ទ្រីអាតឡុង និងកីឡាហែលទឹកសេរី។ ក្នុងចំណោមការវិភាគទាំង១៤នេះ គឺមាន១៣ដែលបង្ហាញថាទឹកទន្លេសែនមានកម្រិតជាតិពុលបាក់តេរី “ខ្ពស់ជាងឬខ្ពស់ជាងឆ្ងាយ” លើសពីកម្រិតកំណត់អតិបរមា។
ឆ្លើយតបនឹងរបាយការណ៍នេះ លោក Tony Estanguet ប្រធានគណកម្មធិការរៀបចំការប្រកួត Cojo បានលើកឡើងថា ការធ្វើតេស្តគុណភាពទឹកទន្លេសែនក្នុងរដូវរងារបែបនេះ គឺមិនអាចយកជាការបានទេ ព្រោះតាមទម្លាប់ ឲ្យតែដល់ខែត្រជាក់ គឺអាជ្ញាធរតែងតែហាមឃាត់មិនឲ្យមនុស្សចុះហែលទឹកក្នុងទន្លេឡើយ នរណាក៏ដឹងដែរ។ លោកបានអះអាងថា អាជ្ញាធរពាក់ព័ន្ធទាំងអស់ កំពុងប្រឹងប្រែងធ្វើការ យ៉ាងយកចិត្តទុកដាក់ និងដោយក្តីសង្ឃឹមបំផុត ដើម្បីសម្រេចកម្មវត្ថុ ធ្វើឲ្យទឹកទន្លេសែន ស្អាតបរិសុទ្ធមនុស្សអាចហែលបាន នៅរដូវក្តៅខាងមុខ។ លោកបានរំលឹកថា បច្ចុប្បន្ននេះ សាលាក្រុងប៉ារីស និងរដ្ឋបាលតំបន់ទាំងមូល បានចំណាយប្រាក់ ១៤០០លានដុល្លារ ដើម្បីធ្វើឲ្យទន្លេសែនក្លាយជាទន្លេ ដែលមនុស្សអាចចុះហែលបាន។
បណ្តាញដឹកជញ្ជូនសាធារណៈ រអាក់រអួលនិងកកស្ទះខ្លាំង
ចំណុចព្រួយបារម្ភធំមួយទៀត គឺបណ្តាញដឹកជញ្ជូនសាធារណៈក្នុងក្រុងប៉ារីស ដែលជួបបញ្ហារអាក់រអួលមិនស្វាងរួចទៅហើយ តើអាចដំណើរការដោយរលូនបានទេ នៅអំឡុងពេលប្រកួតកីឡាអូឡាំពិក ដែលមានមនុស្សរាប់សែននាក់មកកកកុញ?
ចំណុចនេះក៏មានការរិះគន់ សើចចំអកមិនស្ទើរដែរ ព្រោះថារាល់ថ្ងៃធម្មតា មិនទាំងមានកម្មវិធីអ្វីធំដុំផង បណ្តាញដឹកជញ្ជូនសាធារណៈនៅប៉ារីស គឺរអាក់រអួលខ្លាំងរួចទៅហើយ។ ចុះទម្រាំដល់ពេលប្រកួតកីឡាអូឡាំពិក ដែលមានអ្នកទស្សនារាប់ម៉ឺននាក់ មកពីបរទេសថែមទៀត? លោក Jean Castex អគ្គនាយកក្រុមហ៊ុនគ្រប់គ្រងបណ្តាញដឹកជញ្ជូនសាធារណៈប៉ារីស ហៅកាត់ថា RATP បានទទួលស្គាល់ថា បើមេត្រូក្រោមដី រថយន្តក្រុងដំណើរមិនល្អទេ គឺបារាំងប្រាកដជាបាក់មុខមិនខានទេ។
ដើម្បីដោះស្រាយបញ្ហាកកស្ទះ RATP បានសន្យាថានឹងបន្ថែម ចំនួនរថភ្លើងឲ្យបាន១៥%បន្ថែមទៀត លើសពីរដូវក្តៅសព្វមួយដង។ ហើយអំឡុងពេលបច្ចុប្បន្ននេះ គេកំពុងតែរើសមនុស្សចូលធ្វើការបន្ថែម ឲ្យបានច្រើនតាមតែអាចធ្វើបាន ដើម្បីបម្រើការងារជាអ្នកបើកបររថភ្លើង មេត្រូ រថយន្តក្រុង ភ្នាក់ងារនៅតាមស្ថានីយ៍ និងបុគ្គលិកជំនាញជួសជុលម៉ាស៊ីនជាដើម។ ទន្ទឹមគ្នានេះ ស្រីពេជ្រ អាជ្ញាធរបារាំង បានអំពាវនាវឲ្យអ្នកក្រុងប៉ារីស ដល់ពេលនោះ គួរនាំគ្នាដើរ ឬក៏ជិះកង់ឲ្យបានច្រើន ដើម្បីកុំឲ្យប្រច្រៀតគ្នាខ្លាំង នៅក្នុងបណ្តាញដឹកជញ្ជូនសាធារណៈ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ