អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ដំណើររឿង​នៃ​គ្រោះថ្នាក់​នុយក្លេអ៊ែរ​នៅ​ឈែរណូប៊ីល​កាលពី​៣០ឆ្នាំ​មុន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​អង្គារ ទី​២៦​មេសា​នេះ គឺ​ជា​ខួបគម្រប់ ៣០ឆ្នាំ​គត់ នៃ​គ្រោះថ្នាក់​នុយក្លេអ៊ែរ នៅ​ឈែរណូប៊ីល កាល​ពី​ឆ្នាំ​១៩៨៦។ ហេតុការណ៍​ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​គ្រោះថ្នាក់​នុយក្លេអ៊ែរ​ដ៏ធ្ងន់ធ្ងរ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត។ តើ​ហេតុការណ៍​នេះ​មាន​ដំណើរ​​រឿង​បែបណា​ខ្លះ?

មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ឈែរណូប៊ីល នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន
មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ឈែរណូប៊ីល នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន REUTERS/Gleb Garanich
ផ្សាយពាណិជ្ជកម្ម

មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ឈែរណូប៊ីល ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជាមួយរយគីឡូម៉ែត្រ​ពី​ទីក្រុង​គៀវ ប្រទេស​អ៊ុយក្រែន។ ក៏ប៉ុន្តែ នៅ​ក្នុង​ឆ្នាំ​១៩៨៦​នោះ អ៊ុយក្រែន​នៅ​ជា​រដ្ឋមួយ​របស់​សហភាព​សូវៀត​នៅឡើយ មិនទាន់​ក្លាយ​ជា​ប្រទេស​ឯករាជ្យ​នៅឡើយទេ។ ដូច្នេះ គេ​អាច​និយាយ​បាន​ថា គ្រោះថ្នាក់​នុយក្លេអ៊ែរ​នៅ​ឈែរណូប៊ីល គឺ​កើតឡើង នៅ​ក្នុង​ទឹកដី​របស់​សហភាព​សូវៀត។

នៅ​ក្នុង​អំឡុង​ពេលនោះ ដោយសារតែ​គេ​មិន​ទាន់​ធ្លាប់​ឃើញ​មាន​គ្រោះថ្នាក់​នុយក្លេអ៊ែរ​ធ្ងន់ធ្ងរ​កើតឡើង បទដ្ឋាន​នៃ​សុវត្ថិភាព​នុយក្លេអ៊ែរ​នៅមិនទាន់​ត្រូវ​បាន​គេ​ពង្រឹង​ឲ្យបាន​ម៉ត់ចត់​នៅឡើយ ហើយ​នៅ​សហភាព​សូវៀត ប្រព័ន្ធ​សុវត្ថិភាព​ក្នុង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ក៏​កាន់តែ​មាន​ភាព​ខ្វះចន្លោះ​ច្រើន​ទៅទៀត ដោយសារ​តែ​នៅពេលនោះ សូវៀត​មិនសូវ​ជា​មាន​លុយ ហើយ​មុខចំណាយ​យ៉ាងច្រើន​ផ្តោត​តែ​ទៅលើ​ការ​អភិវឌ្ឍ​គ្រឿង​សព្វាវុធនុយ​ក្លេអ៊ែរ​ឲ្យ​ដើរ​ទាន់​សហរដ្ឋ​អាមេរិក ដែល​ជា​គូប្រជែង។

នៅថ្ងៃ​ទី២៥​ខែមេសា មួយថ្ងៃ​មុន​ពេល​កើតហេតុ វិស្វករ​​មួយក្រុម​បាន​ធ្វើ​តេស្ត​ប្រព័ន្ធ​សុវត្ថិភាព​ទៅលើ​ម៉ាស៊ីន​ប្រតិករ​មួយ ក្នុង​ចំណោម​ម៉ាស៊ីន​ប្រតិករ​ទាំង ៤ នៅ​ឈែរណូប៊ីល។ វិស្វករ​ទាំងអស់​នេះ​មាន​ជំនាញ​តែ​ខាង​អគ្គិសនី​តែ​ប៉ុណ្ណោះ ដោយ​មិន​សូវ​ជា​មាន​ចំណេះ​ដឹង​ខាង​ផ្នែក​នុយក្លេអ៊ែរ​នោះទេ ហើយ​ដំណើរ​​ការ​ធ្វើ​តេស្ត​នេះ​ក៏​មិន​បាន​ធ្វើ​ទៅតាម​បែបបទ​សុវត្ថិភាព​នុយក្លេអ៊ែរ​ឲ្យ​បាន​ត្រឹមត្រូវ​នោះដែរ។ ហេតុដូច្នេះ​ហើយ​បាន​ជា​បង្ក​ឲ្យ​មាន​ប្រតិកម្ម​នុយក្លេអ៊ែរ​​​ខ្លាំង​​ទប់​មិនឈ្នះ​ រហូត​ដល់​ផ្ទុះ​ម៉ាស៊ីន​ប្រតិករ ​នៅ​ម៉ោង ១ និង​២៣នាទី រំលងអធ្រាត ឈានចូល​ថ្ងៃ​ទី២៦​មេសា។

ការផ្ទុះនេះ​មិនមាន​លក្ខណៈ​ដូចជា​ការ​ផ្ទុះ​គ្រាប់បែក​នុយក្លេអ៊ែរ​នោះទេ ពីព្រោះ​ថា សារធាតុ​នុយក្លេអ៊ែរ​ដែល​ប្រើ​នៅ​ក្នុង​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​នេះ មិន​ត្រូវ​បាន​បន្សុទ្ធ​ដល់​កម្រិតខ្ពស់ ដូច​សារធាតុ​នុយក្លេអ៊ែរ​ប្រើ​សម្រាប់​ផលិត​អាវុធ​នុយក្លេអ៊ែរ​នោះទេ។ ក៏ប៉ុន្តែ ថ្វីដ្បិត​តែ​កម្លាំង​ផ្ទុះ​មិនខ្លាំង​ដូច​គ្រាប់បែក​នុយក្លេអ៊ែរ តែ​វា​បាន​បំភាយ​ធាតុ​វិទ្យុសកម្ម​ដ៏​គ្រោះថ្នាក់​ទៅ​ក្នុង​បរិយាកាស។

យោងតាម​ការ​វាយតម្លៃ​របស់​អ្នក​ជំនាញ​អន្តរជាតិ ធាតុវិទ្យុសកម្ម​ដែល​ភាយចេញ​ទៅ​ក្នុង​បរិយាកាស ដោយសារ​ការ​ផ្ទុះ​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​នៅ​ឈែរណូប៊ីល មាន​បរិមាណ​ច្រើន​ជាង​ កាលពីនៅ​ហ៊ីរ៉ូស្ហ៊ីម៉ា​ទៅទៀត។

ហេតុការណ៍​ផ្ទុះ​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​នៅ​ឈែរណូប៊ីល​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស ៣២នាក់​ត្រូវ​ស្លាប់​ភ្លាមៗ និង​ជាច្រើន​នាក់​ផ្សេងទៀត​ត្រូវ​រងធាតុ​វិទ្យុសកម្ម។ ភ្លាមៗ​ក្រោយ​ហេតុការណ៍​នេះ ប្រជាជន​ប្រមាណ​ជា​ជាង ៣ម៉ឺននាក់ ដែល​រស់​នៅ​ជុំវិញ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​មិន​ត្រូវ​បាន​អាជ្ញាធរ​ជន្លៀសចេញ​នោះទេ ដោយសារ​តែ​នៅ​ពេលនោះ រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​បាន​ព្យាយាម​លាក់​បាំង​មិន​ឲ្យ​ដំណឹង​ស្តីពី​ការផ្ទុះ​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​នេះ​ត្រូវ​លេចឮ​ចេញ​ទៅ​ខាង​ក្រៅ។

រហូត​ទាល់តែ​ជាង ២៤ម៉ោងក្រោយ​មក គឺ​នៅរសៀល​ថ្ងៃ​ទី២៧ មេសា ទើប​អាជ្ញាធរ​ចាប់ផ្តើម​ជន្លៀស​ប្រជាជន​ចេញ​ពី​ជុំវិញ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ។ មកទល់​នឹង​ពេលនោះ ក៏​រដ្ឋាភិបាល​សូវៀត​នៅតែ​ព្យាយាម​លាក់​បាំង​ហេតុការណ៍​នេះ​ដែរ។ ទាល់តែ​ដល់​ថ្ងៃ​ទី២៨មេសា នៅ​ពេល​ដែល​ស្ថានីយ៍​តាមដាន​ធាតុវិទ្យុសកម្ម​របស់​ស៊ុយអែត​បាន​វាស់ស្ទង់ឃើញ​មាន​ធាតុវិទ្យុសកម្ម​ខ្ពស់​ខុសពី​ប្រក្រតី​នៅ​ជុំវិញ​ឈែរណូប៊ីល ហើយ​បាន​រាយការណ៍​អំពី​រឿងនេះ ទើប​អាជ្ញាធរ​ក្រុង​ម៉ូស្គូ​សុខចិត្ត​ប្រកាស​ទទួលស្គាល់​ថា​ពិតជា​មាន​គ្រោះថ្នាក់​នុយក្លេអ៊ែរ​កើតឡើង នៅ​ឈែរណូប៊ីល​ពិតមែន ហើយ​រហូត​ទាល់តែ​ដល់​ថ្ងៃ​ទី១៤ ខែ​ឧសភា ទើប​លោក​ហ្គ័របាឆូវ ប្រមុខដឹកនាំ​សូវៀត​ចេញមុខ​​ថ្លែង​ជា​សាធារណៈ ជុំវិញ​រឿងនេះ។

គិតរហូតមកទល់នឹង​ពេល​បច្ចុប្បន្ន​នេះ ចំនួន​អ្នក​ស្លាប់​ពិតប្រាកដ ដោយសារ​គ្រោះថ្នាក់​នុយក្លេអ៊ែរ​នៅតែ​ជា​ប្រធានបទ​ដ៏ចម្រូងចម្រាស​មួយ​នៅឡើយ​។ ក្រៅតែ​ពី​អ្នកស្លាប់​ភ្លាមៗ​ ជាង ៣០នាក់ ក្រោយ​ការ​ផ្ទុះម៉ាស៊ីន​ប្រតិករ ចំនួន​អ្នក​ស្លាប់​ដោយ​រងធាតុវិទ្យុសកម្ម​ត្រូវ​បាន​គេ​ធ្វើការ​វាយតម្លៃ​ខុសៗគ្នា ដោយ​ខ្លះ ដូចជា​របាយការណ៍​របស់​អ.ស.ប​កាល​ពី​ឆ្នាំ​២០០៥ លើកឡើង​ពី​ចំនួន​អ្នក​ស្លាប់​ត្រឹម ៤ពាន់នាក់ ចំណែកឯខ្លះ​ទៀត ដូចជា​របាយការណ៍​របស់​អង្គការ​​ Greenpeace អះអាង​ថា មាន​អ្នក​ស្លាប់​រហូតដល់​ទៅ ១០ម៉ឺននាក់។

តំបន់​ជុំវិញ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ឈែរណូប៊ីល​វិញ នៅតែ​ជាប់​មាន​ធាតុ​វិទ្យុសកម្ម​មិន​អាច​រស់នៅ​បាន រហូត​មកទល់​នឹង​ពេល​បច្ចុប្បន្ន។ លើសពីនេះ​ទៅទៀត គម្រប​បេតុង ដែល​គេ​សាងសង់​ឡើង​ដើម្បី​គ្រប់​ម៉ាស៊ីនប្រតិករ​ដែលផ្ទុះ​ក៏​មិនសូវ​ជា​មាន​គុណភាព​ ដែល​អាច​នឹង​ត្រូវ​ប្រេះបែក ឬ​រលំ នាំ​ឲ្យ​ធាតុវិទ្យុសកម្ម​ត្រូវ​ភាយចេញទៅ​ក្នុង​បរិយាកាស​សាជាថ្មី​ទៀត។

ហេតុដូច្នេះ​ហើយ​បាន​ជា មូលនិធិ​អន្តរជាតិ​មួយ​ត្រូវ​បាន​បង្កើតឡើង កាល​ពីឆ្នាំ​១៩៩៧ ដើម្បី​ប្រមូល​លុយ​មក​ចំណាយ​ក្នុងការ​សាងសង់​គម្របថ្មី​ដែល​រឹងមាំ​ជាងមុន​មក​ជំនួស​គម្របចាស់។ ការ​សាងសង់​គម្រប​ថ្មី​ដែល​ធ្វើ​ពីដែក​​​បាន​ចាប់ផ្តើម​ឡើង កាល​ពី​ឆ្នាំ​២០១០ ដោយ​ត្រូវ​ចំណាយ​លុយ​សរុប​ជាង ១ពាន់លាន​ដុល្លារ ហើយ​សាងសង់​ដោយ​ក្រុមហ៊ុនមក​ពី​បារាំង និង​អាមេរិក។ តាមគម្រោង គម្របថ្មី​នេះ​នឹង​ត្រូវ​សាងសង់​ចប់សព្វគ្រប់ នៅ​ចុង​ឆ្នាំ​២០១៧​ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ