អានតួអត្ថបទ
ហុងកុង

បាតុករហុងកុង​៥នាក់​ត្រូវ​ចាប់ឃុំខ្លួន​ក្រោយពី​ព្យាយាម​ស្ទាក់​ក្បួន​រថយន្ត​មេដឹកនាំ​ចិន

បាតុករហុងកុង​ចំនួន​៥នាក់ ក្នុងនោះ​រួមមាន​ទាំង​មេដឹកនាំ​ចលនា​និស្សិត​ដើម្បី​ប្រជាធិបតេយ្យ​ម្នាក់​ផង ត្រូវ​បាន​អាជ្ញាធរ​ចាប់ឃុំខ្លួន នៅថ្ងៃ​ព្រហស្បតិ៍​នេះ ក្រោយ​ពី​ពួកគេ​បាន​ព្យាយាម​រត់ចូល​ទៅ​ស្ទាក់​ក្បួនរថយន្ត​ដឹក​ប្រធាន​សភា​ចិន ដែល​កំពុង​បំពេញទស្សនកិច្ច​នៅ​ហុងកុង។

ចលនាបាតុកម្ម​ប្រឆាំង​នឹង​ដំណើរទស្សនកិច្ច​របស់​មេដឹនាំ​ចិន​នៅ​ហុងកុង
ចលនាបាតុកម្ម​ប្រឆាំង​នឹង​ដំណើរទស្សនកិច្ច​របស់​មេដឹនាំ​ចិន​នៅ​ហុងកុង Reuters
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​បាន​កើតឡើង នៅថ្ងៃ​ព្រហស្បតិ៍ ដែល​ជា​ថ្ងៃ​ទី៣​ និង​ជា​ថ្ងៃ​ចុងក្រោយ នៃ​ដំណើរទស្សនកិច្ច​​ប្រកប​ដោយ​ភាពតានតឹង របស់​លោក​ ចាង តឺជាំង (Zhang Dejiang) ប្រធាន​សភា​ប្រជាជន​ចិន ដែល​ជា​មេដឹកនាំ​ជាន់ខ្ពស់​លំដាប់ទី៣​របស់​ចិន។

Joshua Wong មេដឹកនាំ​ចលនា​និស្សិត​ដើម្បី​ប្រជាធិបតេយ្យ ព្រមទាំង​គូកន​ចំនួន ៤នាក់​ផ្សេងទៀត​បាន​រត់តាម​បណ្តោយ​ដងផ្លូវ​ដែល​ក្បួនរថយន្ត​លោក​ចាង តឺជាំង ឆ្លងកាត់ ដោយ​នៅ​ក្នុងដៃ​ពួកគេ​មាន​កាន់​បដា ដែល​សរសេរ​ទាមទារ “សិទ្ធិក្នុងការ​កំណត់ជោគវាសនា​ដោយ​ខ្លួនឯង”។ ក៏ប៉ុន្តែ បាតុករ​ទាំង​៥រូប​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​ ហើយ​យក​ចេញ​ពី​ផ្លូវ នៅមុនពេល​ដែល​ក្បួនរថយន្ត​មេដឹកនាំ​ចិន​ធ្វើ​ដំណើរ​មកដល់។

គួរបញ្ជាក់ថា ចលនា​និស្សិត​ដើម្បី​ប្រជាធិបតេយ្យ គឺ​ជា​ចលនា​ប្រឆាំង​ដ៏​ធំមួយ ដែល​ចាប់ផ្ទុះឡើង កាល​ពីឆ្នាំ​២០១៤ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​បង្កើន​អំណាច​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ទៅលើ​ដែនដី​ហុងកុង ដែល​ជា​ផ្នែកមួយ​នៃ​ប្រទេស​ចិន ប៉ុន្តែ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិ​តក្រោម​របបដឹកនាំ​ដាច់ដោយឡែក ទៅតាម​គោលការណ៍​ “ដែនដីមួយ​របបដឹកនាំពីរ”។ បច្ចុប្បន្ន​នេះ ចលនា​និស្សិត​ដើម្បី​ប្រជាធិបតេយ្យ​នេះ​បាន​ប្រែក្លាយ​ខ្លួន​​ទៅជា​គណបក្ស​នយោបាយ​មួយ ដែល​ដឹកនាំ​ដោយ Joshua Wong។

នៅ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច៣ថ្ងៃ​នៅ​ហុងកុង លោក​ចាង ទឺជាំង បាន​ព្យាយាម​រំងាប់​ក្តីបារម្ភ​អ្នក​ហុងកុង​ថា ដែនដី​ហុងកុង​នឹង​នៅតែ​ជា​ដែនដី​ស្វ័យ័ត ដោយ​នឹង​មិន​ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ចាត់ចែង​ដោយ​ផ្ទាល់​របស់​រដ្ឋាភិបាល​ចិនដីគោក​ដូចជា​ខេត្តក្រុង​ផ្សេងទៀត​នោះទេ។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា លោក​ប្រធានសភា​ប្រជាជន​ចិន​ក៏​បាន​រិះគន់​ផងដែរ​ដល់​សកម្មជន​ដែល​ទាមទារ​ស្វ័យភាព​បន្ថែម​​ពី​អ្វី​ដែល​មាន​បច្ចុប្បន្ន ដោយ​​ចាត់ទុក​ពួកគេ​ថា គឺ​ជា​ក្រុម​អ្នក​បះបោរ​ផ្តាច់ទឹកដី។

លោក​ចាង តឺជាំង បាន​បញ្ចប់​ទស្សនកិច្ច​នៅ​ហុងកុង ហើយ​បាន​ឡើងយន្តហោះ​ត្រឡប់​ទៅ​ចិនដីគោក​វិញ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ